ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុង​ឆ្នាំ​សិក្សា​ ២០២១-២០២២ បានប្រកាស​ប្រឡង​ជ្រើសរើស​ និង​បណ្ដុះបណ្ដាល​គ្រូបង្រៀន​កម្រិត​ឧត្ដម​ចំនួន​ ១ ០០០ ​នាក់​ តាម​ប្រព័ន្ធ​បណ្ដុះបណ្ដាល​ «​បរិញ្ញា+១» ​និង​ចំនួន​ ១០០ ​នាក់​ទៀត​តាម​ប្រព័ន្ធ​បណ្ដុះបណ្ដាល​ «​បរិញ្ញា+២» ​សម្រាប់​បង្រៀន​សិស្ស​តាម​សាលា​រដ្ឋ​នានា ចាប់ពី​ថ្នាក់​ទី​ ១០ ​ដល់​ថ្នាក់​ទី​ ១២​។

ដោយឡែក​ក្រសួង​ក៏បាន​ប្រកាស​ប្រឡង​ជ្រើសរើស​គ្រូបង្រៀន​កម្រិត​ឧត្តមចំនួន​ ៨៥ ​នាក់​ទៀត សម្រាប់​បម្រើ​ការងារ​នៅតាម​គ្រឹះស្ថាន​ឧត្តមសិក្សា​សាធារណៈ និង​អង្គភាព​នានា​ក្រោម​ឱវាទ​ទីស្តីការក្រសួង​។ នេះ​បើ​យោងតាម​ក្រសួង​អប់រំ​។

យោងតាម​លិខិត​របស់​ក្រសួង​​អប់រំ​ជម្រាប​ទៅកាន់​ប្រធាន​អង្គភាព​ក្រោម​ឱវាទ និង​ប្រធាន​មន្ទីរអប់រំ​រាជធានី-ខេត្ដ​ចុះ​ថ្ងៃទី​ ២១ ខែឧសភា បានឱ្យដឹងថា ក្នុង​ឆ្នាំ​សិក្សា​ ២០២១-២០២២ ​នេះ ក្រសួង​អប់រំ​ត្រូវ​ការប្រឡង​ជ្រើសរើស និង​បណ្ដុះបណ្ដាល​គ្រូបង្រៀន​កម្រិត​ឧត្ដម​ចំនួន​ ១ ០០០ ​នាក់ តាម​ប្រព័ន្ធ​បណ្ដុះបណ្ដាល​ «​បរិញ្ញា+១» និង​ចំនួន​ ១០០ ​នាក់​តាម​ប្រព័ន្ធ​បណ្តុះបណ្តាល «​បរិញ្ញា+២» ដើម្បី​ចាប់ផ្ដើម​ទទួល​ការបណ្តុះបណ្តាល​នៅ​ថ្ងៃទី​ ១១ ខែតុលា ឆ្នាំ ២០២១ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ ​កាលបរិច្ឆេទ​ផុតកំណត់​ទទួល​ពាក្យ​បេក្ខជន​នៅ​ថ្ងៃទី​ ៩ ​ខែកក្កដា ឆ្នាំ​ ២០២១​។ ​រីឯ​សម័យ​​ប្រឡង ថ្ងៃទី​ ១៥ ខែសីហា ឆ្នាំ​ ២០២១​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ថ្លែង​ពី​ម្សិលមិញ​ថា ការប្រឡង​ជ្រើសរើស​ និង​បណ្ដុះបណ្ដាល​គ្រូបង្រៀន​កម្រិត «​បរិញ្ញា+១» និង​កម្រិត​ «​បរិញ្ញា+២» នេះ​ជា​ការប្រឡង​ជ្រើសរើស​វិលជុំ​ដែល​ក្រសួង​តែងតែ​ធ្វើជា​រៀងរាល់ឆ្នាំ​។ ប៉ុន្ដែ​កាលពី​ឆ្នាំ​ ២០២០ ដោយសារតែ​បញ្ហា​កូវីដ​ក្រសួង​ផ្អាក​ក្នុង​ការប្រឡង​ជ្រើសរើស​ ១ ​ឆ្នាំ​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​ឆ្នាំនេះ គឺ​ក្រសួង​មាន​តម្រូវការ​ជ្រើសរើស​។ ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​បានបញ្ជាក់​ហើយ​ថា ការប្រឡង​ជ្រើសរើស​ឆ្នាំនេះ ​ប្រសិន​បើ​ក្រសួង​អាច​ប្រឡង​ជ្រើសរើស​ដោយផ្ទាល់​បាន ក្រសួង​នឹងធ្វើ ប៉ុន្ដែ​បើ​មិនអាច​ប្រឡង​ដោយផ្ទាល់​បានទេ ក្រសួង​នឹងធ្វើ​តាម​អនឡាញ​»​។

លោក សុវាចា បាន​ពន្យល់​​ថា ភាពខុស​គ្នា​រវាង​គ្រូបង្រៀន​កម្រិត «​បរិញ្ញា+១» និង​កម្រិត «​បរិញ្ញា+២» គឺ​សម្រាប់​គ្រូបង្រៀន​កម្រិត​ «​បរិញ្ញា+១» ​គឺជា​គ្រូ​ដែល​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ហើយ​ទទួលបាន​ការបណ្ដុះបណ្ដាល​រយៈពេល​ ១ ​ឆ្នាំ​នៃ​ការបណ្ដុះបណ្ដាល​គរុកោសល្យ​ (​វិធីសាស្ដ្រ​នៃ​ការបង្រៀន​សិស្ស​)​។ ​ចំណែក​គ្រូបង្រៀន​កម្រិត​ «​បរិញ្ញា+២» ​គឺជា​គ្រូបង្រៀន​ដែលមាន​សញ្ញាបត្រ​កម្រិត​បរិញ្ញាបត្រ ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល​គរុកោសល្យ និង​ការបណ្ដុះបណ្ដាល​ឯកទេស​រយៈពេល​ ២ ​ឆ្នាំ កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់ (Master Degree)​។

ដោយឡែក​កាលពី​ថ្ងៃទី ៦ ខែឧសភា ក្រសួង​អប់រំ​ក៏​បាន​ប្រកាស​ប្រឡង​ជ្រើសរើស​គ្រូបង្រៀន​កម្រិត​ឧត្តមសិក្សា​ចំនួន ៨៥ ​នាក់​ផងដែរ សម្រាប់​បម្រើ​ការងារ​នៅតាម​គ្រឹះស្ថាន​ឧត្តមសិក្សា​សាធារណៈ និង​អង្គភាព​ក្រោម​ឱវាទ​ទីស្តីការក្រសួង​។ ​

បេក្ខជន​ដែលមាន​បំណង​ចូលរួម​ការប្រឡងប្រជែង​ត្រូវ​ទាញយក​សំណុំ​ឯកសារ​តាម​គេហទំព័រ​របស់​ក្រសួង Facebook.com/moeys.gov.kh ចាប់ពី​ថ្ងៃ​ជូនដំណឹង​រហូតដល់​ថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នាំ​ ២០២១ ​ជា​កំហិត​។ រីឯ​សម័យ​ប្រឡង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​ ២១ ខែ តុលា ឆ្នាំ​​ ២០២១​។

ក៏ប៉ុន្តែ​ក្រសួង​អប់រំ​បានបញ្ជាក់​​ថា បេក្ខជន​ណា​ដែល​មិនមាន​បណ្ណ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ​១៩ ឬ​លិខិតបញ្ជាក់​ជាផ្លូវការ​ពី​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ដ គឺ​មិន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រឡង​ឡើយ​។ ​លោក ​រស់ សុវាចា បាន​បញ្ជាក់ថា​៖ «​មូលហេតុ​ដែល​ក្រសួង​តម្រូវឱ្យ​បេក្ខជន​ប្រឡង​គឺជា​អ្នក​​ដែល​ទទួលបាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ​នេះ គឺ​ក្រសួង​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​នៅក្នុង​ការគ្រប់គ្រង​បង្ការ​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩»​។

ក្រសួង​អប់រំ​បានឱ្យ​ដឹងថា បេក្ខជន​ដែល​ចង់​ចូលរួម​ប្រឡង​គ្រូ​កម្រិត​ឧត្ដម កម្រិត «​បរិញ្ញា+១» និង​កម្រិត «​បរិញ្ញា+២» អាច​ទៅ​ដាក់ពាក្យ​នៅតាម​មន្ទីរ​អប់រំ​រាជធានី-ខេត្ត​។ ​ចំណែក​បេក្ខជន​នៅតាម​អង្គភាព​នានា​ក្រោម​​ឱវាទ​ក្រសួង​អប់រំ និង​នៅ​រាជធានី​ភ្នំពេញ​ត្រូវដាក់​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​ ​(CITA) បាន​ថ្លែងថា ការដែល​ក្រសួង​ប្រកាស​ជ្រើសរើស​គ្រូបង្រៀន​ក្នុង​ដំណាក់កាល​រីករាលដាល​ជំងឺ​កូវីដ ១៩ ​នេះ​អាចមាន​ភាពខ្វះ​ចន្លោះ​​នូវ​តម្លាភាព​សម្រាប់​បេក្ខជន​ដែល​ប្រឡង​ចូល​។

លោកស្រី​ថ្លែងថា​៖ «​វា​អាចជា​អំពើពុករលួយ​មួយ​ដែល​ក្រសួង​ប្រកាស​ជ្រើសរើស​គ្រូបង្រៀន​នៅក្នុង​សម័យ​កូវីដ ១៩ ​កំពុង​រីករាលដាល​នេះ ដោយសារ​ការប្រឡង​ជ្រើសរើស​គ្រូ​ពេលនេះ​វា​ងាយស្រួល​ដល់​ពួកគាត់​ (​ក្រសួង​) ​ក្នុង​ការជ្រើសរើស​បេក្ខជន​តាមតែ​ការចង់​បាន​បក្ខពួក​ខ្សែ​ពួកគាត់​»​។

យ៉ាងណា លោក រស់ សុវាចា បាន​បញ្ជាក់ថា​៖ «​គ្រប់​​ទម្រង់​នៃ​ការប្រឡង​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា បន្ត​អនុវត្ដ​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលការណ៍​ច្បាប់ យុត្ដិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួលយក​បាន​»​។

លោក ប៉ា ចន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​​បាន​ថ្លែងថា ការកំណត់​លក្ខខណ្ឌ​ចំពោះ​បេក្ខជន​ដែល​ត្រូវ​ប្រឡង​ដោយ​តម្រូវឱ្យ​ចាក់​គ្រប់​ចំនួន​ដូស​ជាមុន​នេះ គឺជា​ការល្អ​ដើម្បី​ធានា​នូវ​សុខ​សុវត្ថិភាព​សម្រាប់​បេក្ខជន​។

លោក​ថា​៖ «​ប៉ុន្ដែ​បើ​ការដាក់​កំហិត​ដោយ​មិនបាន​គិត​ពិចារណា​ទៅលើ​លក្ខខណ្ឌ​មួយ​​ចំនួន​ដូចជា ចំនួន​វ៉ាក់សាំង​នៅមាន​ចំនួន​កំណត់​នៅឡើយ​នាពេល​បច្ចុប្បន្ន ហើយ​ការស្វែងរក​ការចាក់​វ៉ាក់សាំង​របស់​បេក្ខជន​នោះ ត្រូវ​ចំណាយពេល​ច្រើន ហើយ​ទី​២ ​ប្រសិនបើ​បេក្ខជន​ប្រឡង​នោះ​មាន​បញ្ហា​សុខភាព​ដែល​មិនអាច​ទទួល​វ៉ាក់សាំង​បាន ប៉ុន្ដែ​បេក្ខជន​មាន​សមត្ថភាព​នោះ​ក៏​អាច​បង្ក​ឱ្យ​មាន​ការរើសអើង ឬ​ភាពអយុត្ដិធម៌​សម្រាប់​បេក្ខជន​ផងដែរ​»៕