ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានបង្ហាញគោលនយោបាយ ៩ ចំណុចចំពោះមុខសភាដើម្បីបង្កើនការលើកកម្ពស់គុណភាពគ្រូបង្រៀនគ្រប់កម្រិតក្នុងនោះក៏មានការទាក់ទាញអ្នកមានសមត្ថភាពឲ្យក្លាយខ្លួនជាគ្រូបង្រៀនតាមរយៈការដំឡើងប្រាក់បៀវត្សរ៍ខ្ពស់ ការបណ្តុះបណ្តាលជាប្រចាំឆ្នាំ និងការផ្តល់រង្វាន់។
ក្រោយជំនួបបំភ្លឺពាក់ព័ន្ធនឹងកំណែទម្រង់ប្រព័ន្ធអប់រំនៅមន្ទីររដ្ឋសភាជាង ២ ម៉ោងកាលពីរសៀលម្សិលមិញរវាងគណៈកម្មការទី ៧ នៃរដ្ឋសភាដែលដឹកនាំដោយប្រធានស្តីទីលោក ហែម ខន និងរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន មិនបានផ្តល់បទសម្ភាស ឬសន្និសីទកាសែតដល់អ្នកសារព័ត៌មានឡើយ។
យ៉ាងនេះក្តីអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន បានឲ្យដឹងតាមទូរស័ព្ទថាក្នុងកិច្ចពិភាក្សានេះរដ្ឋមន្ត្រីក្រសួងអប់រំបានប្រកាសនូវគោលនយោបាយ ៩ ចំណុចរបស់ខ្លួនក្នុងកិច្ចការបង្កើនគុណភាពគ្រូ និងការងារអធិការកិច្ចដើម្បីពង្រឹងនូវស្តង់ដារគ្រូបង្រៀននៅកម្ពុជា។
លោកថា គោលនយោបាយនោះរួមមានការរៀបចំបទដ្ឋានគតិយុត្តិស្តីពីការវាយតម្លៃគុណភាពគ្រូបង្រៀន, វិធីសាស្ត្រក្នុងការទាក់ទាញអ្នកមានសមត្ថភាពឲ្យក្លាយជាគ្រូបង្រៀន, ការបង្កើតវគ្គសិក្សា និងបណ្តុះបណ្តាលគ្រូ,ការអភិវឌ្ឍគ្រឹះស្ថានបណ្តុះបណ្តាល,យន្តការចែករំលែកបទពិសោធរវាងគ្រូថ្មី និងគ្រូមានបទពិសោធ, ការធ្វើនិទានកម្មកម្មវិធីបណ្តុះបណ្តាលគ្រូឆ្លើយតបនឹងតម្រូវការ, ការលើកទឹកចិត្ត និងរក្សាគ្រូតាមតម្លៃប្រាក់បៀវត្សរ៍, ការជ្រើសរើសគ្រូឆ្នើម និងផ្តល់មុខងារពិសេសគួបផ្សំនឹងការពិនិត្យតាមដានសមត្ថភាពគ្រូជាប្រចាំ។
លោកថា៖ «គោលនយោបាយទាំងនេះនឹងត្រូវអនុវត្តជាបន្តបន្ទាប់ហើយលោករដ្ឋមន្ត្រីសង្ឃឹមថាវានឹងជួយឲ្យប្រព័ន្ធអប់រំនៅកម្ពុជាអាចឈានទៅមុខដូចប្រទេសអភិវឌ្ឍន៍ផ្សេងៗ។ យើងឃើញថាក្រោយការបកស្រាយនូវរឿងទាំងនេះសមាជិកសភាក៏បានសម្តែងការគាំទ្រផងដែរ»។
ប្រធានគណៈកម្មការទី ៧ លោក យ៉ែម បុញ្ញឫទ្ធិ មិនអាចសុំការឆ្លើយតបបានឡើយកាលពីម្សិលមិញនេះ ប៉ុន្តែ លោក លឹម ប៊ុនស៊ីដារ៉េត លេខាធិការនៃគណៈកម្មការនេះបានឲ្យដឹងថា ក្រុមការងារគណបក្សសង្គ្រោះជាតិអវត្តមានកិច្ចប្រជុំនេះព្រោះត្រូវចូលរួមកិច្ចប្រជុំបន្ទាន់របស់បក្សពាក់ព័ន្ធនឹងករណីប្រធានគណបក្សលោក សម រង្ស៊ី។
ថ្វីបើកិច្ចប្រជុំនេះមិនមានសមាសភាពសមាជិកគណៈកម្មការទី ៧ មកពីគណបក្សសង្គ្រោះជាតិប៉ុន្តែតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ជា ប៉ូច ដែលមកពីគណៈកម្មការទី ១ នៃរដ្ឋសភាក៏បានចូលរួមស្តាប់ការសួរដេញដោលនេះផងដែរតែលោកបានបដិសេធក្នុងការផ្តល់សម្ភាសន៍។
បច្ចុប្បន្នគ្រូបង្រៀនកម្រិតបឋមសិក្សាទទួលបានប្រាក់បៀវត្សរ៍ចន្លោះពី ៦៥ ម៉ឺនរៀលដល់ ៨៦ ម៉ឺនរៀលកម្រិតអនុវិទ្យាល័យពី ៧៣ ម៉ឺនរៀលទៅ ៩៩ ម៉ឺនរៀលកម្រិតមធ្យមសិក្សាពី ៨០ ម៉ឺនរៀលទៅ ១ លាន ១ សែន ៦ ម៉ឺនរៀល និងកម្រិតឧត្តមសិក្សាពី ៩០ ម៉ឺនរៀលទៅ ១ លាន ២ សែន ៨ ម៉ឺនរៀល។ សម្រាប់ផែនការក្រសួងអប់រំនៅឆ្នាំ ២០១៦ ខាងមុខនេះបៀវត្សរ៍គ្រូបង្រៀនកម្រិតបឋមសិក្សានឹងត្រូវដំឡើងយ៉ាងតិចបំផុត ៨០ ម៉ឺនរៀល៕