ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​ ២៨ ខែឧសភា​នេះ​បាន​ចេញ​សេចក្តី​ណែនាំ​ដល់​គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ និង​គ្រឹះស្ថាន​បឋមសិក្សា​សាធារណៈ​ទាំងអស់​ឱ្យ​បន្ត​ការបង្រៀន និង​រៀន​ពី​ចម្ងាយ និង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សម្រាប់​ឆ្នាំ​សិក្សា​ ២០២០-២០២១ ខណៈ​ក្រសួង​បាន​កែសម្រួល​ប្រតិទិន​សិក្សា​។ នេះ​បើតាម​ក្រសួង​អប់រំ​។​

សេចក្តី​ណែនាំ​របស់​ក្រសួង​អប់រំ ស្តីពី​ការបង្រៀន និង​រៀន​ពី​ចម្ងាយ និង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក សម្រាប់​គ្រឹះស្ថាន​បឋមសិក្សា និង​មធ្យមសិក្សា​សាធារណៈ ឆ្នាំ​សិក្សា​ ២០២០-២០២១ បានឱ្យដឹងថា ដើម្បី​ធានាបាន​នូវ​ការបន្ត​ការសិក្សា​របស់​សិស្សានុសិស្ស​នៅ​មធ្យមសិក្សា ក្នុង​ពេល​ដែល​សាលារៀន​ផ្អាក​ដំណើរការ គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ​នៅ​ទូទាំង​ប្រទេស អាច​ពិនិត្យ​លទ្ធភាព​អនុវត្ត​ការបង្រៀន​ និង​រៀន​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​រៀន​តាម​បណ្ដុំ​តូចៗ អាស្រ័យ​លើ​ស្ថានភាព និង​ធនធាន ក្រោម​ការច្នៃប្រឌិត​របស់​លោកគ្រូ អ្នកគ្រូ​នៅតាម​មូលដ្ឋាន​។​

តាមរយៈ​សេចក្ដី​ណែនាំ​ក្រសួង​បញ្ជាក់​អំពី​ការ​បាន​កែសម្រួល​ប្រតិទិន​សិក្សា ឆ្នាំ​សិក្សា​ ២០២០-២០២១​។ ក្រសួង​បញ្ជាក់ថា បើ​យោង​សេចក្ដី​ណែនាំ​លេខ ៥៩ អយក.សណន ចុះ​ថ្ងៃទី​ ១១ ខែវិច្ឆិកា ឆ្នាំ​ ២០២០ ឆ្នាំ​សិក្សា​ ២០២០-២០២១ ត្រូវ​បើក​បវេសនកាល​នា​ថ្ងៃទី​ ១១ ខែមករា ឆ្នាំ​ ២០២១ និង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី​ ៣១ ខែតុលា ឆ្នាំ ២០២១​។ ប៉ុន្ដែ​ដើម្បី​ជា​ជំនួយ​ដល់​ការអនុវត្ត​ការសិក្សា ក្រសួង​បានធ្វើការ​កែសម្រួល​ប្រតិទិន​សិក្សា តាម​កម្មវិធីសិក្សា​សម្រាប់​ឆ្នាំ​សិក្សា​ ២០២០-២០២១ ត្រូវ​ចាប់ផ្ដើម​នៅ​ថ្ងៃទី​ ១១ ខែមករា និង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២១​។​

ក្រសួង​បញ្ជាក់ថា ឆមាស​ទី​ ១ គិត​ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ ​២០២១ និង​ឆមាស​ទី​ ២ គិត​ចាប់ពី​ខែសីហា ដល់​ខែ វិច្ឆិកា ឆ្នាំ​ ២០២១​។ ចំណែក វិស្សមកាល​ធំ ចាប់ពី​ថ្ងៃទី ​១ ដល់ ៣១ ខែធ្នូ ឆ្នាំ​ ២០២១​។​

ក្រសួង​អប់រំ បាន​បញ្ជាក់ថា មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត​អាច​ចេញ​សេចក្តីណែនាំ​បន្ថែម​ស្តីពី ការអនុវត្ត​សេចក្តីណែនាំ​រួម​នេះ ទៅតាម​ស្ថានភាព​ជាក់ស្តែង​។​

ក្រសួង​បាន​ណែនាំ​ទាក់ទង​នឹង​ការអនុវត្ត​កម្មវិធីសិក្សា​បង្រួញ​សម្រាប់​គ្រឹះស្ថាន​បឋមសិក្សា គឺ​គ្រប់​គ្រឹះស្ថាន​បឋមសិក្សា​សាធារណៈ ត្រូវ​បន្តដំណើរ​ការបង្រៀន​ និង​រៀន តាមរយៈ​ការអនុវត្ត​កម្មវិធី សិក្សា​បង្រួញ ដោយ​ផ្តោតលើ​មុខវិជ្ជា​កាតព្វកិច្ច​ចំនួន ២ គឺ ភាសា​ខ្មែរ និង​គណិតវិទ្យា​។

ចំណែក​គណៈ​គ្រប់គ្រង​សាលា និង លោកគ្រូ អ្នកគ្រូ ត្រូវអនុវត្ត រៀបចំ​ផែនការ​បង្រៀន​ប្រចាំ​សប្ដាហ៍ និង​ប្រចាំខែ​ឡើងវិញ ដោយ​ផ្តោតលើ​ខ្លឹមសារ​មេរៀន​សំខាន់ៗ ដែលជា​មូលដ្ឋានគ្រឹះ​ក្នុង​ការបន្ត​ការសិក្សា​នៅ​ថ្នាក់​បន្តបន្ទាប់​ទៀត​។ សង្ខេប​ខ្លឹមសារ​មេរៀន​ដោយ​ផ្តោតលើ​បញ្ញត្តិ ដែល​ធ្វើឱ្យ​សិស្ស​ងាយយល់ និង​អាច​យកទៅ​អនុវត្តបាន​។ លើកទឹកចិត្ត​និង​ជួយ​សិស្ស​ឱ្យ​អនុវត្ត​លំហាត់ ឬ ធ្វើការ​ហ្វឹកហាត់​នានា​បន្ថែមទៀត​នៅផ្ទះ​។ មុខវិជ្ជា​ផ្សេងទៀត​ត្រូវ​ព្យួរ​សិន ដោយ​នឹងត្រូវ​រៀន​បំពេញបន្ថែម នៅ​ដើមឆ្នាំ​សិក្សា​បន្ទាប់​។​

ចំណែក ការបង្រៀន និង​រៀន​ជា​ក្រុម​តូចៗ​នៅតាម​ផ្ទះ ឬ ទីកន្លែង​សមស្រប​ណាមួយ អាជ្ញាធរ​ដែនដី ជាពិសេស​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឬ​ក្រុង ស្រុក ត្រូវធ្វើ​ការកំណត់​តំបន់​ដែល មាន​ហានិភ័យ​ទាប (​ពណ៌​លឿង​) ហានិភ័យ​មធ្យម (​ពណ៌​លឿងទុំ​) និង​ហានិភ័យ​ខ្ពស់ (​ពណ៌​ក្រហម​) ទៅតាម​ទំហំ​នៃ​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

រីឯ​រាជធានី​ភ្នំពេញ និង​តំបន់ ដែល​ត្រូវ​បានកំណត់​ជា​តំបន់​មាន​ហានិភ័យ​ខ្ពស់ និង​មធ្យម (​ពណ៌​ក្រហម និង​ពណ៌​លឿងទុំ​) ត្រូវអនុវត្ត​ការបង្រៀន​ និង​រៀន​ពី​ចម្ងាយ និង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ទាំងស្រុង​។​

តំបន់​ដែលមាន​ហានិភ័យ​ទាប (​ពណ៌​លឿង​) គណៈ​គ្រប់គ្រង​សាលា​អាច​ពិនិត្យ​លទ្ធភាព​អនុវត្ត​ការបង្រៀន និង​រៀន​ជា​ក្រុម​តូចៗ (​សិស្ស​មិន​លើសពី​ ១០ នាក់ ក្នុង​ ១ ​បណ្ដុំ​) នៅតាម​ផ្ទះ ឬ​ទីតាំង​សមស្រប​ណាមួយ សម្រាប់​សិស្ស​ដែលមាន​លំនៅឋាន​នៅ​ជិតៗ​គ្នា និង​ធ្លាប់មាន​ទំនាក់ទំនង​គ្នា​ជាប្រចាំ​។ មន្ទីរអប់រំ យុវជន និង កីឡា​ខេត្ត ត្រូវ​រៀបចំ​សំណើ​ដាក់​ឆ្លង​យោបល់​សម្រេច​ពី​គណៈ​អភិបាលក្រុង ស្រុក និង​គណៈ​អភិបាលខេត្ត ព្រមទាំង​ផ្ញើមក​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

ការអនុវត្ត​កម្មវិធីសិក្សា​បង្រួញ​សម្រាប់​គ្រឹះស្ថាន​មធ្យមសិក្សា ក្រសួង​ណែនាំ​ឱ្យ​គ្រប់​គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ​ត្រូវ​បន្តដំណើរ​ការបង្រៀន​ និង​រៀន​តាមរយៈ​ការអនុវត្ត​កម្មវិធី សិក្សា​បង្រួញ ដោយ​ផ្តោតលើ​មុខវិជ្ជា​កាតព្វកិច្ច​ដូចជា សម្រាប់​ថ្នាក់​ទី​ ៧ និង​ថ្នាក់​ទី​ ៨ ផ្ដោត​ការសិក្សា​លើ ភាសា​ខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ប្រវត្តិវិទ្យា សីលធម៌ ពលរដ្ឋវិទ្យា និង​ភាសាបរទេស ដែល​មុខវិជ្ជា​ទាំង ៨ ​នេះ អនុវត្ត​ទាំងស្រុង​តាម​កម្មវិធីសិក្សា​គោល​របស់​ក្រសួង​។​

ចំពោះ​ថ្នាក់​ទី​ ១០ ផ្ដោត​ការសិក្សា​លើ ភាសា​ខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ប្រវត្តិវិទ្យា និង​សីលធម៌​-​ពលរដ្ឋ វិទ្យា និង​ភាសាបរទេស ដែល​មុខវិជ្ជា​ទាំង ៨ នេះ អនុវត្ត​ទាំងស្រុង​តាម​កម្មវិធីសិក្សា​គោល​របស់​ក្រសួង​។​

ចំណែក​ថ្នាក់​ទី ​១១ (​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​) អក្សរសាស្ត្រ​ខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដី​ និង​បរិស្ថានវិទ្យា ភាសាបរទេស និង​ព័ត៌មានវិទ្យា ដែល​មុខវិជ្ជា​ទាំង ៨ ​នេះ អនុវត្ត​ទាំងស្រុង​តាម​កម្មវិធីសិក្សា​គោល​របស់​ក្រសួង​។​

ថ្នាក់​ទី​ ៩ និង​ថ្នាក់​ទី​ ១២ (​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​) ត្រូវផ្ដោត​ការសិក្សា​ទៅលើ ភាសា​ខ្មែរ​/​អក្សរសាស្ត្រ​ខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដី​ និង​បរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា សីលធម៌-ពលរដ្ឋវិទ្យា និង​ភាសាបរទេស (​ព្រមទាំង​មុខវិជ្ជា​ព័ត៌មានវិទ្យា ប្រសិន​អាចមាន​លទ្ធភាព​)៕