ភ្នំពេញ៖ តាមគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចាប់តាំងពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២១ ជូនបុគ្គលិកអប់រំសាធារណ: និងឯកជន ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបបានចំនួន ១៦៨ ០០០ នាក់ នៅទូទាំង ២៥ ខេត្ត-រាជធានី។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី ០៩ ខែមេសា នេះថា ចាប់តាំងពីថ្ងៃ ០១ ខែមេសា រហូតដល់ពេលនេះ ការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ដូសទី១ មានដំណើរការរលូន និងមិនមានហេតុការណ៍គួរឲ្យកត់សម្គាល់ទេ។
លោកបានបន្តថា ក្រសួងអប់រំ យុវជន និងកីឡា មានផែនការនៃការចាក់ដូសទី១ ប្រព្រឹត្តទៅពីថ្ងៃ ០១ ដល់ ថ្ងៃទី ១០ ខែមេសា នេះ។
លោក រស់ សុវាចា បានប្រាប់ថា៖ «ផែនការនៃការចាក់ដូសទី២ ប្រព្រឹត្តទៅពីថ្ងៃទី ១៥ ខែមេសា ដល់ ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២១ ខាងមុខ»។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនបុគ្គលិកអប់រំ ស្ថិតក្រោមគោលការណ៍ស្ម័គ្រចិត្តចូលរួមសហការរៀបចំដំណើរការចាក់វ៉ាក់សាំង រវាងក្រុមការងារក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពក្រោមឱវាទ រួមទាំងក្រុមការងារក្រសួងសុខាភិបាល ក្រុមការងារគ្រូពេទ្យ TYDA ក្រុមការងារគ្រូពេទ្យ ស.ស.យ.ក ក្រុមការងារអាជ្ញាធរមូលដ្ឋាន និងក្រុមការងារវិស័យឯកជន។
បើតាម លោក រស់ សុវាចា នៅរាជធានីភ្នំពេញមានបុគ្គលិកអប់រំស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួនប្រមាណ ៣ ម៉ឺននាក់។ គិតត្រឹមថ្ងៃទី ០៩ ខែមេសា នេះ អ្នកទទួលបានដូសទី១ មានចំនួនសរុបប្រមាណ ៩០% នៃចំនួន ៣ ម៉ឺននាក់នេះ។
គិតត្រឹមថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិបានចាក់វ៉ាក់សាំងការពារកូវីដ ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធសរុបនៅទូទាំងប្រទេសបានចំនួន ៨១៥ ៩៧៤ នាក់៕