The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​អប់រំ​ថ្កោល​ទោស​សង្គម​ស៊ីវិល​ពី​រឿង​អំពាវ​នាវ​ឲ្យ​ធ្វើ​បាតុកម្ម

ក្រសួង​អប់រំ​ថ្កោល​ទោស​សង្គម​ស៊ីវិល​ពី​រឿង​អំពាវ​នាវ​ឲ្យ​ធ្វើ​បាតុកម្ម

អ្នក​គាំទ្រ CNRP ស្ដាប់​ដំណឹង​ពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា នៅ​មុខ​ស្នាក់ការ​បក្ស។
អ្នក​គាំទ្រ CNRP ស្ដាប់​ដំណឹង​ពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា នៅ​មុខ​ស្នាក់ការ​បក្ស។ ហុង មិនា

ក្រសួង​អប់រំ​ថ្កោល​ទោស​សង្គម​ស៊ីវិល​ពី​រឿង​អំពាវ​នាវ​ឲ្យ​ធ្វើ​បាតុកម្ម

ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្កោលទោស​ដាច់​អហង្ការ​ចំពោះ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ដែល​បាន​អំពាវនាវ​ឱ្យ​គ្រូប​ង្រៀន​ទូទាំង​ប្រទេស​ចូល​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​ចាប់​ខ្លួន​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដោយ​ក្រសួង​ចាត់​ទុក​ថា​ជា​ទង្វើ​មិន​ឯករាជ្យ​ខណៈ​សមាគម​នេះ​យល់​ឃើញ​ថា​បើ​មាន​ការ​​ចាប់​ខ្លូន​ជា​រឿង​អយុត្តិធម៌​បំផុត។

សេចក្តី​ថ្លែងការណ៍​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​កាលពី​ថ្ងៃ​ទី​ ២៩ ខែ​ឧសភា​បាន​កត់​សម្គាល់​ថា​ក្នុង​ពេល​ចុង​ក្រោយ​នេះ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ​ពី​សំណាក់​អ្នក​កាន់​អំណាច​។

ក្នុង​ករណី​នេះ​សមាគម «អំពាវនាវ​ដល់​លោក​គ្រូ-អ្នក​គ្រូ​ចូលរួម​កូដកម្ម ឬ​បាតុកម្ម​អហិង្សា​ស្រប​ច្បាប់​ក្នុង​ករណី​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា អ្នក​តំណាងរាស្ត្រ​ដែល​កំពុង​មាន​អភ័យ​ឯកសិទ្ធិ​នៅ​ឡើយ​»។

បន្ទាប់​ពី​មាន​ការ​អំពាវនាវ​នេះ​ក្រសួង​អប់រំ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ពី​ថ្ងៃ​ទី ៣០ ឧសភា ដោយ​​បាន​​ថ្កោលទោស​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ថា​មិន​បាន​ដើរ​តួនាទី​ឯករាជ្យ​ពិតប្រាកដ​ផ្ទុយ​ទៅ​វិញ​បម្រើ​គណបក្ស​នយោបាយ​ប៉ុណ្ណោះ។

ក្រសួង​បន្ត​ថា៖ «ទង្វើ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា​សមាគម​គ្រូបង្រៀន​​កម្ពុជា​ឯករាជ្យ​មិនមែន​ជា​សហជីព​ឯករាជ្យ​ដែល​បម្រើ​ឱ្យ​ផលប្រយោជន៍​បុគ្គលិក​អប់រំ​ឡើយ​ហើយ​អង្គការ​មួយ​នេះ​គឺ​គ្រាន់​តែ​ជា​កូន​ជឹង​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​»។

ក្រសួង​សង្កត់​ធ្ងន់​ថា​នា​ពេល​កន្លង​មក​លោក រ៉ុង ឈុន អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ និង​ជា​សកម្មជន​របស់​បក្ស​សង្គ្រោះ​ជាតិ​ក៏​ធ្លាប់​រៀបចំ​បាតុកម្ម​ច្រើន​លើក​ច្រើន​សា​ដែរ​ ដែល​មាន​ចរិត​ជា​បាតុកម្ម​នយោបាយ​ពិសេស​បាតុកម្ម​ក្នុង​​​ខែ​មេសា​ឆ្នាំ ២០១៤ ក្នុង​គោលដៅ​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។

ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​មួយ​ទៀត​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​ស្តីទី​លោកស្រី អ៊ុក ឆាយ៉ាវី បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ប្រតិកម្ម​របស់​ក្រសួង​អប់រំ​ដែល​បាន​ថ្កោល​ទោស​មកលើ​សមាគម​របស់​ខ្លួន។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា៖ «សមាគម​គឺជា​អង្គការ​ឯករាជ្យ​លើក​កម្ពស់​សិទ្ធិ​សេរីភាព និង​បម្រើ​ផលប្រយោជន៍​គ្រូបង្រៀន​ក្នុង​ករណី​លោក កឹម សុខា គឺជា​រឿង​អយុត្តិធម៌​បំផុត​ប្រសិន​បើ​តុលាការ​ចាប់​ខ្លួន​គាត់​នោះ​ជា​ហេតុ​ធ្វើ​ឱ្យ​សមាគម​ត្រូវ​តែ​ចេញ​ការពារ​យុត្តិធម៌។ «ដូច្នេះ​ការ​អំពាវនាវ​នេះ​គឺជា​ការ​ប្រើ​សិទ្ធិ​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដើម្បី​ប្រឆាំង​នឹង​ភាព​អយុត្តិធម៌​គឺ​មិនមែន​បម្រើ​ឱ្យ​នយោបាយ​គណបក្ស​ប្រឆាំង ឬ​ការពារ​ជនទុច្ចរិត​ឡើយ»។

តាមរយៈ​សេចក្តី​ថ្លែងការណ៍​នេះ​បាន​ឆ្លើយតប​វិញ​ថា​ផ្ទុយ​ទៅ​វិញ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ទេ​ដែល​បាន​កំពុង​បម្រើ​ឱ្យ​គណបក្ស​កាន់​អំណាច​ទាំង​ផ្កាប់​មុខ​ខុស​ពី​គោលការណ៍​ទាំង​លក្ខណៈ​ជាតិ និង​អន្តរជាតិ។

សេចក្តី​ថ្លែងការណ៍​ឆ្លើយឆ្លង​គ្នា​នេះ​កើត​មាន​បន្ទាប់ពី​សមត្ថកិច្ច​ដែល​មាន​អាវុធ​ស្ទើរ​គ្រប់​ដៃ​បាន​ព្យាយាម​ចាប់​ខ្លួន​លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី ២៦ ខែ ឧសភា នៅ​ម្តុំ​ផ្លូវ​នរោត្តម​ជិត​ផ្សារ​បឹងកេងកង​ដោយ​រថយន្ត​លោក កឹម សុខា ត្រូវ​បាន​ឆែកឆេរ​តែ​មិន​មាន​វត្តមាន​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រថយន្ត​ឡើយ។ បន្ទាប់​មក​កាលពី​ថ្ងៃ​ចន្ទ​រដ្ឋសភា​ដែល​មាន​តែ​សមាជិក​មកពី​គណបក្ស​កាន់​អំណាច​ចំនួន ៦៨ រូប​បាន​បើក​កិច្ចប្រជុំ​មួយ​ដោយ​សម្រេច​បើក​ដៃ​​ឱ្យ​តុលាការ​បន្ត​នីតិវិធី​លើ​លោក កឹម សុខា តែ​មិន​បាន​ដក​អភ័យ​ឯកសិទ្ធិ​គាត់​ឡើយ​។

ជា​ការ​កត់សម្គាល់​មិន​ត្រឹម​តែ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នេះ​ទេ​ដែល​បាន​អំពាវ​ឱ្យ​គ្រូបង្រៀន​ចូល​ធ្វើ​បាតុកម្ម​ប្រសិន​បើ​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា នោះ​ក្រៅ​ពី​នោះ​ក៏​មាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា និង​លោក ជា មុនី ប្រធាន​សហជីព​សេរីកម្មករ​ក៏​បាន​អំពាវនាវ​ដូច​គ្នា​ដែរ។

បើ​ទោះ​ជា​ សមត្ថកិច្ច​ព្យាយាម​ចាប់​ខ្លួន​លោក កឹម សុខា ក្តី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​លោក អេង ឆៃអ៊ាង បាន​ចេញ​មុខ​ប្រកាស​ថា​លោក​ កឹម សុខា នឹង​ស្ថិត​នៅ​ទីស្នាក់ការ​គណៈបក្ស​ក្នុង​សង្កាត់​ចាក់​អង្រែ​ដោយ​មិន​មាន​ការ​ភ័យខ្លាច​ឡើយ៕

អត្ថបទគួរចាប់អារម្មណ៍