ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​រៀបចំ​កម្មវិធី​ប្រឡង​ប្រណាំង​សាលារៀន​ស្អាត​តាមរយៈ​រូបភាព ដែល​នឹង​ប្រព្រឹត្ត​ទៅ​ជា​រៀងរាល់ខែ​ចាប់ពី​ឆ្នាំ​ ២០២១ តទៅ​។ កម្មវិធី​នេះ​នឹង​ផ្តល់ឱកាស​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​នៅ​ទូទាំង​ប្រទេស​ចាប់ពី​កម្រិត​មត្តេយ្យ​សិក្សា​ដល់​ថ្នាក់​ទី​ ១២ ចូលរួម​ប្រជែង​បង្ហាញ​ស្នាដៃ​។

បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ការផ្តួចផ្តើម​បង្កើត​កម្មវិធី​នេះ​ឡើង គឺ​ក្នុង​គោលដៅ​លើក​ទឹកចិត្ត​គ្រឹះស្ថានសិក្សា​ទាំងអស់​ឱ្យ​យកចិត្ត​ទុកដាក់​រៀបចំ​បរិស្ថាន​សាលា​ឱ្យបាន​ស្អាត មាន​អនាម័យ​មាន​ខ្យល់អាកាស​ល្អ​បរិសុទ្ធ​។ ប៉ុន្តែ​ក្នុង​សេចក្តីប្រកាស​របស់​ក្រសួង​ក៏​មិនបាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់​នៃ​ការចាប់ផ្តើម​កម្មវិធី​ប្រកួតប្រជែង​នេះដែរ​។

ក្រសួង​បញ្ជាក់ថា​៖ «​បើ​បរិវេណ​សាលា​មាន​អំណោយផល​ល្អ​នោះ​ក៏​អំណោយផល​ដល់​ការសិក្សា​របស់​សិស្សានុសិស្ស ដែលជា​ចំណែក​មួយ​ក្នុងការ​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា​ផងដែរ​។ ក្រសួង​អប់រំ​អំពាវនាវ​ឱ្យ​គ្រឹះស្ថាន​សិក្សា​សាធារណៈ​នានា​ទូទាំង​ប្រទេស​ត្រៀម​ខ្លួន​ក្នុង​ការចូលរួម​កម្មវិធី​ប្រកួតប្រជែង​ខាងលើ​»​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា ដោយសារ​ការប្រកាស​ប្រឡង​ប្រណាំង​សាលារៀន​ស្អាត​នេះ​ក្រសួង​ទើប​ប្រកាសឡើង​ថ្មីៗ ដូច្នេះ​ព័ត៌មាន​លម្អិត​ និង​លក្ខខណ្ឌ​នៃ​កម្មវិធី​ប្រកួតប្រជែង​នឹង​ត្រូវ​ជម្រាបជូន​ពេល​ក្រោយ​។

លោក​ថា​៖ «​ចំពោះ​ជយលាភី​នឹង​ប្រកាស​ជា​រៀងរាល់​ខែ​ដោយ​សាលា​ដែលមាន​បរិស្ថាន​សាលារៀន​ស្អាត​ជាងគេ គោរព​តាម​លក្ខខណ្ឌ​ដែល​បានកំណត់​នឹង​ទទួល​បាន​លិខិតបញ្ជាក់​ជយលាភី​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​»​។

លោក​ ង៉ូវ ឈុនហាក់ នាយក​វិទ្យាល័យ​ចាក់អង្រែ រាជធានី​ភ្នំពេញ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ​ដែល​វិទ្យាល័យ​របស់​លោក​បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សាលារៀន​ឱ្យ​មាន​អនាម័យ​ល្អ និង​សោភណភាព​ស្អាត សម្រាប់​ការសិក្សា​របស់​សិស្សានុសិស្ស​។

លោក​បន្តថា បើទោះ​ជា​ច្រើន​ឆ្នាំ​មកនេះ វិទ្យាល័យ​របស់​លោក​មិនអាច​ជាប់​បាន​ពានរង្វាន់ ប៉ុន្តែ​ក៏បាន​ចូលរួម​ឱ្យ​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការរៀបចំ​សម្អាត​អនាម័យ​សាលា​ឱ្យបាន​ល្អប្រសើរ​។

លោក​ថ្លែងថា​៖ «​យើង​ត្រៀម​ជានិច្ច​ក្នុង​ការប្រឡងប្រណាំង​សាលារៀន​ស្អាត​នេះ​។ ឆ្នាំ​ថ្មី​នេះ យើង​រំពឹង​ថា ការប្រកួត​ក្នុងពេល​ខាងមុខ​យើង​នឹង​ឈ្នះ ព្រោះ​ការប្រកួត​នឹងធ្វើ​ឡើង​ជា​រៀងរាល់ខែ ហើយ​បើ​ទោះ​មិន​ឈ្នះ​ក៏​យើង​បាន​ស្អាត​សម្រាប់​ឱ្យ​សិស្ស​យើង​មាន​អារម្មណ៍​ល្អ​ក្នុង​ការសិក្សា​ដែរ​។ យើង​នឹង​ខិតខំ​ប្រឹងប្រែង​រៀបចំ​សាលា​របស់​យើង​បន្ថែមទៀត​»​។

សូម​ជម្រាបថា កន្លងទៅ​ក្រសួង អប់រំ យុវជន និង​កីឡា​បាន​បង្កើត​ការប្រឡងប្រណាំង​ជាច្រើន​ដោយ​រាប់​ចាប់ពី​ការប្រឡង​ប្រណាំង​សាលា​ស្អាត សាលា​ដែល​បាន​អនុវត្ត​អនាម័យ​បានល្អ រួមទាំង​ជយលាភី​ដល់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ដែល​មាន​គំនិត​ច្នៃប្រឌិត​បានល្អ​។ ការបង្កើត​កម្មវិធី​ទាំងនេះ ក្រសួង​អះអាង​ថា គឺ​ដើម្បី​ចូលរួម​លើកកម្ពស់​ការអប់រំ​នៅ​កម្ពុជា​។

ទោះយ៉ាងណា​លោកស្រី​ អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន កម្ពុជា​ឯករាជ្យ​លើក​ឡើង​ថា ការបង្កើត​ឱ្យ​មាន​ការប្រឡង​ប្រណាំង​នៅតាម​សាលារៀន​នេះ បើ​មើល​ ១ ​ជ្រុង គឺ​បង្ហាញថា​ល្អ និង​ផ្តល់​ភាព​ជា​គំរូ​។ ប៉ុន្តែ​លោកស្រី ថា​បើ​មើល​ ១ ​ជ្រុង​ទៀត គឺ​វា​បាន​បង្ក​ការលំបាក​ដល់​លោកគ្រូ អ្នកគ្រូ​នៅតាម​សាលា​ជាច្រើន​។ ព្រោះថា​នៅ​ពេល​មាន​ការប្រកាស​យ៉ាង​ដូច្នេះ គឺ​នៅតាម​សាលា​ទាំងអស់​តម្រូវ​ឱ្យ​លោកគ្រូ អ្នកគ្រូ ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន និង​ពេលវេលា ដើម្បី​ធ្វើ​យុទ្ធនាការ​នេះ​ដែល​ប៉ះពាល់​ដល់​ម៉ោង​សិក្សា និង​ជីវិត​ប្រចាំថ្ងៃ​។

លោកស្រី​អះអាង​ថា​៖ «​ខ្ញុំ​ឃើញ ផ្ទាល់​ភ្នែក​តែម្តង ទើប​ខ្ញុំ​មាន​អំណះអំណាង​បែបនេះ​។ ការដែល​ប្រកួត​យក​ស្នាដៃ​សាលា​ណាមួយ​ពាក់ព័ន្ធ​នឹង​សាលា​គំរូ សាលា​ស្អាត​ហ្នឹង​គឺ​អត់​ឃើញ​លទ្ធផល​បាន​ទៅដល់​អ្នកគ្រូ​លោកគ្រូ​ទេ គឺ​បានតែ​ទៅលើ​បុគ្គល​។ ឧទាហរណ៍​សាលា​ ១ បាន​លេខ​ ១ គឺ​លុយ​ថវិកា​នេះ​បានតែ​ទៅលើ​នាយក​សាលា មិន​បាន​ទៅលើ​អ្នក​ដែល​ខិតខំ​ឯណា​»​។

ជា​ដំណោះស្រាយ​លោកស្រី​ អ៊ុក ឆាយ៉ាវី ផ្តល់​ជា​យោបល់​ថា នៅពេល​មាន​ការប្រកាស​ឱ្យមាន​ការប្រឡង​ប្រណាំង​ដូច្នេះ ក្រសួង​គួរតែ​បញ្ចេញ​កញ្ចប់​ថវិកា​ដល់​សាលា​ទាំងនោះ ដើម្បី​ឱ្យ​ពួកគេ​អាច​ប្រើប្រាស់​ថវិកា​សម្រាប់​ប្រើប្រាស់​ក្នុងការ​អភិវឌ្ឍ​សាលា​។ ថ្នាក់ដឹកនាំ​សាលា​ក៏​គួរ​មាន​ការចូលរួម​ដឹកនាំ​ដោយ​ឆ្លាតវៃ មិនត្រូវ​មានការ​បង្ខិតបង្ខំ​ឱ្យ​លោកគ្រូ អ្នកគ្រូ ចំណាយ​ពេលវេលា និង​ថវិកា​ផ្ទាល់​នោះទេ ព្រោះ​ស្ថានភាព​គ្រូបង្រៀន​នៅពេលនេះ កំពុង​ជួប​ប្រទះ​នូវ​ការលំបាក​៕