ភ្នំពេញៈ អត្រា​ពិតប្រាកដ​នៃ​ការ​សិក្សារបស់សិស្ស​​នៅ​បឋម​សិក្សា​សាធារណៈ និងនៅ​គ្រឹះ​ស្ថាន​ឯកជន​ ​សិស្សមាន​ចំនួន​ ៩៨ ភាគរយ ដែលបានចូល​សិក្សា ​ដែល​ចំនួន​នេះ​ ស្ថិត​ក្នុង​ស្ដង់​ដា​និង​ក្នុង​កម្រិត​ប្រ​ហាក់​ប្រហែល​ប្រទេស​ក្នុង​តំបន់​។ នេះ​បើតាម​លោក​ ហង់ ជួនណារ៉ុន ​រដ្ឋ​មន្រ្ដី​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ ថ្លែង​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ កាល​ពី​ម្សិ មិញ។

ក្នុង​សន្និបាត​បូក​សរុប​ការងារ​អប់រំ ​យុវជន ​និងកីឡា ​ឆ្នាំសិក្សា​ ២០១៧-២០១៨ និង​លើកទិសដៅ​ការងារ​ឆ្នាំ ២០១៨-២០១៩​ ថ្ងៃទី ២៥ ​មីនា ​លោក​ ហង់ ជួនណារ៉ុន ​ថ្លែង​ថា ​តាម​រយៈ​ការ​ធ្វើ​យុទ្ធ​នាការ​ប្រ​មូល​​កុមារ​ដល់​វ័យ​សិក្សា​ ការ​សាងសង់​អគារ​សិក្សា ការ​ផ្ដល់​គ្រូ​ ជាពិសេស ការ​ផ្ដល់​ថវិកា​ដំណើរការ​សាលា​រៀន ការ​ផ្ដល់​អាហា​រូប​ករណ៍​ដល់​សិស្សមក​ពី​គ្រួ​សារ​ក្រីក្រ​ សិស្សនារី​ជាដើម បា​ន​បង្ក​លក្ខណៈ​ឲ្យ​កុមារ​មាន​លទ្ធ​ភាព​កាន់​តែ​ច្រើន​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ។

លោក​បាន​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន ​កុមារ​អាយុ​៥ឆ្នាំ​បាន​ចូល​រៀន​នៅ​មត្ដេយ្យ​សិក្សា​គ្រប់​រូបភាព​ ៦៣,១ ភាគ​រយ ​កុមារី ៦៨,៥ ភាគរយ»។

លោក​រដ្ឋ​មន្រ្ដី​បាន​បង្ហាញ​ថា ​សិស្ស​សរុប​នៅ​គ្រប់​ភូមិ​សិក្សា​សាធារណៈ និង​ឯកជន​ ពី​មត្ដេយ្យ​សិក្សា ដល់​មធ្យម​សិក្សា​មាន​ចំនួន​ ៣ ៥៦៧ ១០៥ នាក់ ស្រី ១ ៧៦៦ ៣៧៩ នាក់​ ស្មើនឹង​ ៤៩,៥ ភាគរយ។

ឯ​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ទូទាំង​ប្រទេស​ លោករដ្ឋ​មន្រ្ដី​បាន​បង្ហាញ​ថា​ មាន​ចំនួន​ ១២៥​ កន្លែង​ ក្នុង​នោះ​គ្រឹះ​ស្ថាន​ឧត្ដម​សិក្សា​រដ្ឋ​មាន ៤៨ កន្លែង​ និង​ឯកជន​ចំនួន ៧៧ គ្រឹះ​ស្ថាន​ឧត្ដម​សិក្សា​ផងដែរ​។ លោក​ឲ្យដឹងថា ​និស្សិត​កំពុង​សិក្សា​នៅ​ឧត្ដម​សិក្សា​មាន​ចំនួន ២១១ ៤៨៤ នាក់​ ស្រី ៩៨ ៦៣០ នាក់ ​ស្មើ​នឹង ៤៦,៦៣ ភាគរយ ​ក្នុង​នោះ​និស្សិត​បរទេស​អាហា​រូប​ករណ៍​ ១៥៨ នាក់​ ស្រី ៦០ នាក់​ ស្មើនឹង ៣៧,៩៧ ភាគ​រយ។

លោក ហង់ ជួនណារ៉ុន បាន​បញ្ជាក់ថា ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​អប់រំ និង​ការ​ឆ្លើយ​តប​ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុម័ត កម្មវិធី​សិក្សា​លម្អិត​គ្រប់​មុខ​វិជ្ជា​គ្រប់​ភូមិ​សិក្សា លើក​កម្ពស់​គុណវុឌ្ឍិគ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ឆ្ពោះ​ទៅ​បរិញ្ញា​បត្រ បញ្ជូន​គ្រូ​ឧទ្ទេស​​ចូលរួម​កម្មវិធី​អភិវឌ្ឍ​វិជ្ជាជីវៈ ផ្នែក​កម្មវិធី​សិក្សា សៀវភៅ​សិក្សា​គោល​ វិធីសាស្រ្ដ​បង្រៀន​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​​វិស្វ​កម្ម និង​គណិតវិទ្យា (STEM) និង​ការ​គ្រប់គ្រង​សាលា​ជាដើម។

ដោយឡែក​ ចំពោះ​ការ​អភិវឌ្ឍ​​យុវជន ​លោក​រដ្ឋ​មន្រ្ដី​បាន​លើកឡើងថា​ ក្រសួងអប់រំ ​បាន​ធ្វើ​បច្ចុប្បន្នភាព​ក្រុម​ប្រឹក្សា​កុមារ​កម្ពុជា ​និង​ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា​ ដើម្បី​ជំរុញ​ចលនា​បី​ល្អ​របស់​កុមារ ​ដែល​បាន​ជះ​ឥទ្ធិពល​ជាវិជ្ជមាន​ដល់​សិស្សា​នុសិស្ស ​គណៈ​គ្រប់​គ្រង​សាលា​ និង​គណៈ​កម្មការ​ទ្រទ្រង់​សាលា។

លោក​បានបញ្ជាក់ថា​៖ «ក្រុមប្រឹក្សា​យុវជន​បាន​ជួយ​ការងារ​ស្វ័យ​គ្រប់​គ្រង​សាលា គាំទ្រ​ក្លិប​ក្រុម​ប្រឹក្សា​យុវជន ក្លិប​សិក្សា​ និង​ជួយ​សិស្ស​ប្រឡង​ថ្នាក់​ទី ១២»។

លោក​បាន​លើក​ឡើងទៀត​ថា​ ក្រសួង​ក៏បាន​រៀប​ចំ​កម្មវិធី​បណ្ដុះ​បណ្ដាល​ជំនាញ​យុវជន​ផ្សា​រភ្ជាប់​នឹង​សង្គម ពង្រឹង​សកម្មភាព​​សមាគម​និស្សិត ​និង​លើក​ទឹក​ចិត្ដ​ឲ្យ​យុវជន​រៀប​ចំ​សណ្តាប់​ធ្នាប់​ចរាចរណ៍​តាម​ដង​ផ្លូវ ធ្វើអនាម័យ​បរិ​ស្ថាន​​តាម​សាលា​រៀន និង​ទី​សាធារណៈ ចូលរួម​ក្នុង​កម្មវិធី​មនុស្ស​ធម៌​ជួយ​ជន​រង​គ្រោះ​ដោយ​មហន្ដរាយ​ធម្មជាតិ​ផងដែរ។

លោក​ ប៊ិន ឈិន ​ឧប​នាយករដ្ឋ​មន្រ្ដី​ប្រចាំ​ការ រដ្ឋ​មន្រ្ដី​ទទួល​បន្ទុក​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្រ្ដី ​ដែលបាន​ចូលរួម​ក្នុង​អង្គ​សន្និ​បាត​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​​របស់​វិស័យ​អប់រំ ​យុវជន ​និង​កីឡា​ក្នុង​រយៈពេល​ ៥ ឆ្នាំ​កន្លង​មក​ ដែល​ក្រសួង ​និង​ដៃគូ​អភិវឌ្ឍន៍ បាន​រួម​គ្នា​សម្រេច​កិច្ច​ការ​ធំៗ​ដូចជា ​បន្ដ​បង្កើន​ការ​ចូល​រៀន​ប្រកប​ដោយ​សមធម៌​នៅ​គ្រប់​កម្រិត ​ជាពិ​សេស​ការ​អប់រំ​កម្រិត​មូលដ្ឋាន​របស់​សិស្ស​ ការពង្រីក​អភិបាល​កិច្ច​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ និង​ការ​បង្កើន​អាហា​រូបករណ៍​សម្រាប់​សិស្ស​ និស្សិត​ក្រីក្រ​ជាដើម។

លោក​បាន​បន្ដថា​៖ «ខ្ញុំ​គាំ​ទ្រ​កំណែ​ទម្រង់​នៅ​កម្រិត​សាលារៀន​ដោយ​ឈរ​លើ​ទស្ស​នាទាន ការ​គ្រប់​គ្រង​តាម​សា​លា​រៀន។ ប៉ុន្ដែ​យើង​ត្រូវរៀប​ចំ​ក្រប​ខ័ណ្ឌ​ច្បាប់​លិខិត​បទដ្ឋាន​ គោលនយោបាយ ​កម្មវិធី​សិក្សា​ស្ដង់​ដារ និង​រង្វាស់​គណនេយ្យភាព​ឲ្យ​បាន​សព្វ​គ្រប់ ​និង​ត្រូវ​អនុវត្ដ​នៅ​តាម​សាលា​រៀន​ ដែល​មាន​សក្ដានុពល​គ្រប់​គ្រាន់​ ព្រម​ទាំង​ពង្រីក​ជា​ជំហានៗ»។

លោក​បន្ថែមថា​៖ «គុណ​ភាព​អប់រំ​កើត​ចេញ​ពី​សមត្ថភាព​ និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សិស្ស-​និស្សិត ​និង​គ្រូ​បង្រៀន​។ ដូច្នេះ​ យើង​គួរ​ប​ន្ដ​យក​ចិត្ដ​ទុក​ដាក់​ លើក​​កម្ពស់​ និង​អភិវឌ្ឍ​សមត្ថភាព​របស់​គ្រូ​បង្រៀន​ តាម​រយៈ​ការងារ​បណ្ដុះ​បណ្ដាល ​និង​ពង្រាយ​គ្រូ​ឲ្យ​បាន​សម​ស្រប​តាម​ស្ថាន​ភាព​ជាក់​ស្ដែង​របស់​មូលដ្ឋាន​ ជាពិសេស​រក​មធ្យោ​បាយ​នានា ​លើក​ទឹក​ចិត្ដ​គ្រូបង្រៀន​នៅ​តំបន់​ដាច់​ស្រយាល​ និង​ជួប​ការ​លំបាក»។

លោក​ ប៊ិន ឈិន ​បាន​បន្ថែម​ថា ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​គួរ​បន្ដ​ខិត​ខំ ប្រមូល​កុមារ​ដល់​វ័យ​សិក្សា កុមារ​លើស​អាយុ​សិក្សា ​កុមារ ​និង​យុវជន​បោះ​បង់​ការ​សិក្សា​ និង​នៅ​ក្រៅ​សាលារៀន ​មក​ទទួល​សេវា​អប់រំ ​ឬការ​បណ្ដុះ​បណ្ដាល​ជំនាញ​ខ្លីៗ​ ប្រកប​ដោយ​សមធម៌ ​និង​គ្មាន​ការ​រើស​អើង ​ជាពិសេស​ការ​បំពាក់​បំប៉ន​ជំនាញ​តាម​គោល​នយោបាយ ​«យុវជន​ម្នាក់​ មាន​ជំនាញ​មួយ​យ៉ាង​តិច​ប្រចាំ​ជីវិត»។

គួរ​បញ្ជាក់​ថា​ សន្និ​បាត​បូកសរុប​ការងារ ក្នុងឆ្នាំចាស់ និង​លើកទិសដៅ​សម្រាប់​ឆ្នាំ​ថ្មីនេះ​ ធ្វើឡើង​ រយៈ​ពេល ៣ ​ថ្ងៃ ​ចាប់​ពីថ្ងៃ​ទី ២៥-២៧ ​ខែ មីនា​ ឆ្នាំ ​២០១៩ ​នៅ​វិទ្យា​ស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (សាលា​តិចណូ)​ រាជធានី​ភ្នំពេញ។

សន្និបាត​បូកសរុប​ការងារ​នេះ​ ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​ឡើង​វិញ ​អំពី​វឌ្ឍន​ភាព​ នៃការ​អនុវត្ត​សកម្ម​ភាព​នយោ​បាយ​យុទ្ធសាស្ត្រ​កម្មវិធី អនុវត្ត​កម្ម​វិធី របស់​ផែន​ការ​យុទ្ធ​សាស្ត្រ​វិស័យ​អប់រំ ការ​បំពេញ​ការងារ​របស់​អនុ​វិស័យ​ ការ​អនុ​វត្ត​កម្ម​វិធី​កំណែ​ទម្រង់​ ១៥ ចំណុច​ និង​ធ្វើ​ការ​ពិគ្រោះ​យោ​បល់​លើ​ប្រធានបទ ​និង​គោល​នយោ​បាយ​អាទិភាព​មួយ​ចំនួន​ ព្រម​ទាំង​ផ្តល់​អនុ​សាសន៍​គន្លឹះ ​សម្រាប់​ការ​រៀប​ចំផែន​ការ​ប្រតិ​បត្តិ​ប្រចាំ​ឆ្នាំ ​២០២០ ​របស់​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ៕