ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡានឹងបន្តពន្យារពេលការបើកសាលារៀន និងការប្រឡងបាក់ឌុបរហូតដល់ចុងឆ្នាំ ២០២០ ដើម្បីចូលរួមទប់ស្កាត់រលកទី ២ នៃការរីករាលដាលជំងឺកូវីដ ១៩ ខណៈបច្ចុប្បន្នសិស្សប្រហែល ៥០% ក្នុងចំណោមសិស្សសរុប ៣ លាននាក់ទូទាំងប្រទេសមិនទាន់ទទួលបានការសិក្សាពេញលេញតាមប្រព័ន្ធឌីជីថល។
នេះបើតាមលោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំថ្លែងក្នុងសន្និសីទសារព័ត៌មាននៃការបើកការដ្ឋានជួសជុល និងកែលម្អអគារ «មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ» កាលពីថ្ងៃម្សិលមិញនៅវិទ្យាល័យព្រះស៊ីសុវត្ថិ។
លោកថ្លែងថា ជំហររបស់រាជរដ្ឋាភិបាលគឺត្រូវបន្តប្រុងប្រយ័ត្ន ព្រោះមិនចង់ឱ្យសង្គ្រាមកូវីដ១៩ នេះផ្ទុះឡើងម្ដងទៀតនៅកម្ពុជាឡើយ។ លោកថា កម្ពុជាទើបតែទទួលបានសន្តិភាព ២០ ឆ្នាំ។ ដូច្នេះ ២០ ឆ្នាំនេះកម្ពុជាទទួលបានសមិទ្ធផលធំធេងណាស់។ បើសិនជាមានករណីផ្ទុះឡើងជំងឺកូវីដ ១៩ នឹងធ្វើឱ្យប្រទេសដើរថយក្រោយ ១០ ទៅ ២០ ឆ្នាំ។ «យើងចាំមើលបន្តិចទៀតថា តើស្ថានភាពវាយ៉ាងម៉េច។ យើងចាំមើលថា តើប្រទេសដែលគេបើកសាលាវាយ៉ាងម៉េច វាមានបញ្ហាអ្វីខ្លះ។ យើងចូលរៀនយឺត វាមិនអីទេ ជាជាងយើងធ្វើដោយប្រថុយប្រថាន។ នេះជាជំហររបស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី»។
បើតាមលោករដ្ឋមន្ដ្រី ក្រសួងអប់រំបានរៀបចំយុទ្ធសាស្ត្ររួចហើយ ចំពោះការរៀបចំបើកដំណើរការសាលារៀនឡើងវិញ។ លោកថា បើបើកសាលារៀនវិញ គឺចាប់ផ្ដើមដំណើរការពីសាលាដែលមានស្ដង់ដាខ្ពស់។ ប៉ុន្ដែសាលាដែលមានសិស្សកកកុញមិនអាចអនុវត្តបានទៅតាមវិធានការរបស់ក្រសួងសុខាភិបាល ឬក៏អង្គការសុខភាពពិភពលោកគឺមិនអាចអនុញ្ញាតឱ្យបើកវិញទេ។
លោកបញ្ជាក់ថា៖ «ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ២០២០ សល់ពេលប្រមាណ ៥ ខែ ដូច្នេះបើយើងចាំបន្តិច ហើយដំណើរការជាជំហានៗទាល់តែសាលារៀនអាចអនុវត្ដបាននូវស្ដង់ដាដូចនៅប្រទេសគេទៀត»។ លោកបន្ថែមថានៅពេលដែលក្រសួងអនុញ្ញាតឱ្យបើកដំណើរការសាលារៀនឡើងវិញ គឺត្រូវតែអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកនេះជាលក្ខខណ្ឌចាំបាច់។
លោកថ្លែងថា៖ «យើងនឹងបន្តឱ្យមានការបង្រៀនតាមបែបចម្រុះទាំងការរៀនតាមប្រព័ន្ធអនឡាញទាំងនៅរៀនក្នុងថ្នាក់រៀន។ នៅពេលដែលយើងឃើញថា ស្ថានភាពជំងឺកូវីដទៅជាធម្មតាវិញហើយ ទើបយើងឱ្យបង្រៀននៅក្នុងថ្នាក់រៀនឱ្យកាន់តែច្រើន»។
បើតាមលោករដ្ឋមន្ដ្រី សិស្សនៅតាមសាលារៀនចំណេះដឹងទូទៅរបស់រដ្ឋទាំងអស់មាន ៣ លាននាក់។ លោកបញ្ជាក់ថា៖ «ក្នុងចំណោមសិស្ស ៣ លាននាក់នេះសិស្សប្រមាណ ១,៥ លាននាក់ប៉ុណ្ណោះ ដែលទទួលបានសេវាការសិក្សាតាមប្រព័ន្ធឌីជីថល (អនឡាញ)។ ចំណែកសិស្ស ១,៥ លាននាក់ទៀត គាត់ត្រូវពឹងទៅលើការសិក្សាតាមសៀវភៅគោលសិក្សារបស់ក្រសួងអប់រំ»។
ក្រសួងអប់រំកាលពីថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២០ បានចេញសេចក្ដីណែនាំមួយស្ដីពីការពន្យារពេលការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ ១៩។
ក្រសួងបានណែនាំថា៖ «ពន្យារពេលរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិដែលក្រសួងគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ (ចន្លោះពីថ្ងៃ) ទី ៣ ខែសីហា ដល់ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២០ និងពន្យារពេលរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ (ចន្លោះពីថ្ងៃ) ទី ១៧ ខែ សីហា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២០»៕
វីដេអូ៖