ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាកំណត់យកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០ ជាកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ដោយបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីឲ្យការរៀបចំការប្រឡងនេះ ប្រព្រឹត្តទៅដោយរលូន មានគុណភាព និងក្នុងស្មារតីចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
សេចក្តីណែនាំដែលចុះហត្ថលេខាដោយលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំចេញផ្សាយកាលពីថ្ងៃទី ២ ខែកញ្ញាឲ្យដឹងថា ដោយសារតែជំងឺកូវីដ១៩ បានធ្វើឲ្យសាលារៀនទូទាំងប្រទេសសម្រេចបិទទ្វារបណ្តោះអាសន្ន ហើយការប្រឡងក៏ត្រូវបានពន្យារពេល។ ដោយមើលឃើញពីស្ថានភាពនៃការរីករាលដាលនៃជំងឺនេះស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន ហើយក៏ទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ក្រសួងអប់រំ សម្រេចកំណត់យកថ្ងៃទី ២១ ធ្នូ ជាកាលបរិច្ឆេទជាក់លាក់ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
សេចក្តីណែនាំបញ្ជាក់ថា៖ «នៅថ្ងៃទី ១៧ ខែធ្នូពេលរសៀលប្រជុំណែនាំគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស និងប្រធានមណ្ឌលសំណេររបស់ក្រសួងនៅរាជធានីភ្នំពេញ។ នៅថ្ងៃទី ១៨ ខែធ្នូ គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានីខេត្ត ប្រជុំណែនាំគណៈកម្មការអប្បមាទទូទាំងប្រទេស ដឹកហិបវិញ្ញាសាទៅផ្ញើនៅអាជ្ញាធរដែនដី តាមរាជធានី-ខេត្ត»។
ចំណែកបញ្ជីឈ្មោះបេក្ខជនប្រឡង តារាងប្រព្រឹត្តទៅនៃវិញ្ញាសាប្រឡង បទប្បញ្ញត្តិប្រឡង ប្លង់បន្ទប់ ស្លាកលេខបន្ទប់នៅតាមបន្ទប់ប្រឡង និងឯកសារផ្សេងៗទៀតនឹងត្រូវបិទនៅថ្ងៃទី ២០ ខែធ្នូ។ ក្រសួងអប់រំឲ្យដឹងទៀតថា ដំណើរការកំណែនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ ខែធ្នូ នៅតាមមណ្ឌលកំណែប្រមូលផ្តុំក្នុងរាជធានីភ្នំពេញហើយការផ្ទៀងផ្ទាត់កំណែវិញ្ញាសា និងការប្រកាសលទ្ធផលប្រឡងអាចនឹងត្រូវបន្តរហូតដល់ពាក់កណ្តាលខែ មករា ឆ្នាំ ២០២១។
លោក ហង់ជួន ណារ៉ុន បានធ្វើការណែនាំពីការប្រឡងយ៉ាងដូច្នេះថា មុនថ្ងៃប្រឡងមកដល់ប្រធានមន្ទីរអប់រំ រាជធានី -ខេត្ត ត្រូវធ្វើសំណើមកកាន់ក្រសួងអប់រំ ដើម្បីរៀបចំមណ្ឌលប្រឡងតែ ១ ក្នុងគ្រឹះស្ថានសិក្សាតែ ១ ហើយត្រូវធ្វើការបែងចែកឲ្យដាច់ពីគ្នារវាងមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រ និងមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រសង្គម។
លោកបន្តថា ក្រៅពីនេះនៅតាមមណ្ឌលប្រឡង គឺត្រូវរៀបចំបេក្ខជនប្រឡងចំនួន ២៥ នាក់ ក្នុង ១ បន្ទប់ ហើយ ១ មណ្ឌលត្រូវមានបន្ទប់ចាប់ពី ២០ ទៅ ២៥ បន្ទប់ លើកលែងតែខេត្តដែលមានចំនួនបេក្ខជនតិច ដែលអាស្រ័យទៅតាមស្ថានភាពជាក់ស្តែង។
លោកបញ្ជាក់ថា៖ «រៀបចំបន្ទប់ប្រឡងបម្រុងចំនួន ២ បន្ទប់បន្ថែមទៀតក្នុង ១ មណ្ឌលដោយ ១ បន្ទប់ សម្រាប់បេក្ខជនដែលមានកម្តៅលើសពី ៣៨ អង្សាសេ និង ១ បន្ទប់ទៀតសម្រាប់បំពាក់សម្ភារចាំបាច់សម្រាប់សង្គ្រោះបឋម។ ត្រូវសហការឲ្យបានជិតស្និទ្ធជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដើម្បីវាស់កម្តៅ និងផ្តល់វិញ្ញាបនបត្របញ្ជាក់សុខភាពជូនដល់បេក្ខជននៅពេលបេក្ខជនពិនិត្យឈ្មោះ មុនដំណើរការប្រឡង»។
លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ ខេត្តឧត្តរមានជ័យប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ខេត្តរបស់លោកបានប្រជុំត្រៀមរួចជាស្រេច ដើម្បីបើកដំណើរការសាលាទូទាំងខេត្តនៅថ្ងៃទី ៧ ខែកញ្ញា ដែលផ្តោតសំខាន់ទៅលើការសិក្សារបស់សិស្សានុសិស្សថ្នាក់ទី ៩ និងថ្នាក់ទី ១២។ ចំពោះការប្រឡងក៏ដូចគ្នាដោយខេត្តបានត្រៀមមណ្ឌលប្រឡងចំនួន ៣ រួចជាស្រេច ដែលមាន ២០ បន្ទប់ក្នុង ១ មណ្ឌល សម្រាប់បេក្ខជនប្រឡងថ្នាក់ទី ១២ ដែលមានបេក្ខជនប្រឡងជាង ១៤ ០០ នាក់។
លោកបញ្ជាក់ថា៖ «ក្នុងដំណាក់កាលនេះ យើងចាប់ផ្តើមរៀនរំឭកពីមេរៀនខ្លះៗពីឆមាសទី ២ ទៅឡើងវិញពីពេលនេះរហូតដល់ចុងឆ្នាំ ហើយយើងត្រៀមពីដើមខែធ្នូ ដល់ថ្ងៃទី ២១ ខែធ្នូដែលត្រូវប្រឡងនេះ ដើម្បីពង្រឹងស្មារតីសិស្ស»។
ដោយសារតែការសិក្សាក្នុងពេលនេះមានរយៈពេលខ្លីជាងឆ្នាំធម្មតាលោក ប៉ិច រតនា លើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់សូមឲ្យមានការខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត និងថែរក្សាសុខភាពជាចម្បងដោយចៀសវាងពីជំងឺឆ្លង ដោយលោកបានបញ្ជាក់ថា ការថែរក្សាសុខភាពបានល្អ នឹងអាចឲ្យសិស្សានុសិស្សឆ្លងផុតបានយ៉ាងងាយក្នុងការប្រឡងនាពេលខាងមុខនេះ៕