The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​អប់រំ​បាន​​ប្រកាស​ជ្រើសរើស​គ្រូបង្រៀន ៣ ៦០០ ​កន្លែង




ក្រសួង​អប់រំ​បាន​​ប្រកាស​ជ្រើសរើស​គ្រូបង្រៀន ៣ ៦០០ ​កន្លែង

Content image - Phnom Penh Post
ក្រសួង​អប់រំ​បាន​​ប្រកាស​ជ្រើសរើស​គ្រូបង្រៀន ៣ ៦០០ ​កន្លែង សម្រាប់​ឆ្នាំ​ ២០២១ នៅក្នុង​ក្របខ័ណ្ឌ​ជំនាញ មត្តេយ្យ បឋម និង​ឧត្តមសិក្សា។ រូបថត ភ្នំពេញ ប៉ុស្តិ៍

ក្រសួង​អប់រំ​បាន​​ប្រកាស​ជ្រើសរើស​គ្រូបង្រៀន ៣ ៦០០ ​កន្លែង

ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រកាស​ជ្រើសរើស​គ្រូបង្រៀន​ក្របខ័ណ្ឌ​ចំនួន​ ៣៦០០ ​កន្លែង​ សម្រាប់​ឆ្នាំ​ ២០២១ នៅក្នុង​ក្របខ័ណ្ឌ​ជំនាញ មត្តេយ្យ បឋម និង​ឧត្តមសិក្សា ដើម្បី​ធ្វើឱ្យ​មាន​សមាមាត្រ​សិស្ស និង​គ្រូ​ដែល​ត្រូវ​ការពង្រាយ​នៅតាម​ខេត្ត ស្រុក និង​ឃុំ​។ ​នេះ​បើតាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ​កាលពី​ថ្ងៃទី​ ១៨ ខែ​វិច្ឆិកា​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែងថា ចំពោះ​កាលបរិច្ឆេទ​ និង​ទីកន្លែង​នៃ​ការប្រឡង​មិនទាន់​បាន​កំណត់​នៅឡើយ ដោយ​រង់ចាំ​ទទួល​ការដាក់​ពាក្យ​ប្រឡង​របស់​បេក្ខជន​សិន​។

លោក សុវាចា បានឱ្យ​ដឹងថា ការជ្រើសរើស​គ្រូ​បន្ថែម​នេះ​គោលបំណង​ដើម្បី​ដោះស្រាយ​ករណី​លើស និង​ខ្វះ​គ្រូ​ផ្ដល់​ការឧបត្ថម្ភ​ដល់​សិស្ស​ក្រីក្រ ដើម្បី​បង្កើន​ការចូល​រៀន និង​បញ្ចប់​ការសិក្សា​នៅ​មធ្យមសិក្សា និង​តាម​តម្រូវការ​ជាក់ស្តែង​តាម​គ្រឹះស្ថាន​សិក្សា​នៃ​ទីតាំង​ភូមិសាស្ត្រ​នៅ​ ២៥ ​ខេត្ត-ក្រុង​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ថ្លែងថា ការជ្រើសរើស​គ្រូបង្រៀន​គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​ចំនួន​គ្រូបង្រៀន​នៅតែ​មាន​តម្រូវការ ប៉ុន្តែ​ការប្រឡង​ជ្រើសរើស​ត្រូវតែ​មាន​តម្លាភាព​តាមរយៈ​ការប្រឡង កុំឱ្យ​ជ្រើសរើស​តាម​ខ្សែ ឬ​តាម​បក្ខពួក​។

លោកស្រី​ថ្លែង​ថា​៖ «​យើង​ឃើញ​ថា ឥឡូវនេះ​គ្រូ​ចូលនិវត្តន៍​ក៏​ច្រើន​ដូច្នេះ​ត្រូវតែមាន​គ្រូ​មក​ជំនួស​។ កុំឱ្យ​គ្រូ​ដែល​គ្រប់​អាយុ​ចូលនិវត្តន៍​ហើយ ហើយ​ឱ្យ​គាត់​វារ​ទៅ​បង្រៀន​នោះ​ក៏​មិនល្អ​ដែរ​»​។

លោកស្រី​ក៏​បាន​អះអាង​ផងដែរ រឿង​ដែល​បាន​ចោទប្រកាន់​ដល់​គ្រូ​មួយចំនួន​ដែល​គិតតែ​យក​ប្រយោជន៍​ពី​សិស្ស​តាមរយៈ​ការបង្រៀន​គួរ​គឺ​នៅ​សល់​តិចតួច​បំផុត​។ លោក សុវាចា ថ្លែង​ថា​ក្រសួង​មិន​ហាម​ការបង្រៀន​គួរ​ដែល​មាន​ការយោគយល់​ព្រមព្រៀង​គ្នា​ទេ​។ ក្នុងន័យនេះ​ក្រសួង​មិន​បាន​ហាម​លោកគ្រូ អ្នកគ្រូ បង្រៀន​គួរ​នៅ​ថ្ងៃអាទិត្យ និង​ថ្ងៃបុណ្យ​នោះទេ តែ​មិនមែន​ក្នុង​ម៉ោង​សិក្សា​ឡើយ​៕

អត្ថបទគួរចាប់អារម្មណ៍