ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការបើក​ដំណើរការ​សាលារៀន​ក្នុង​ដំណាក់កាល​ទី​ ៣ ​ដោយ​អះអាងថា បាន​ប្រព្រឹត្ត​ទៅ​ជា​ប្រក្រតី​ទៅតាម​ការគ្រោងទុក ខណៈ​ដែល​គ្រប់​សាលារៀន​ទាំងអស់​នៅ​ទូទាំង​ប្រទេស​បាន​ប្រតិបត្តិ​តាម​ស្តង់ដា​សុវត្ថិភាព ដែល​បាន​ដាក់​ចេញ​បានល្អ​ប្រសើរ​។

ក្នុង​ថ្ងៃ​ដំបូង​នៃ​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ដំណាក់កាល​ទី​ ៣ នា​ថ្ងៃទី​ ២ ខែវិច្ឆិកា ម្សិលមិញ​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​ចុះ​ពិនិត្យ​ការដំណើរ​ការបើក​សាលារៀន​ឡើងវិញ​នៅ​វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក និង​បានប្រគល់​សម្ភារ​មួយចំនួន​ដូចជា ម៉ាស់ អាល់កុល ដល់​សាលារៀន​ដើម្បី​ប្រើប្រាស់​ផងដែរ​។

ក្នុង​ឱកាស​នោះ​លោក ហង់ជួន ណារ៉ុន បាន​ថ្លែងថា គ្រប់​សាលា​ទាំងអស់​ត្រូវតែ​អនុវត្ត​ឱ្យបាន​នូវ​ការអនុវត្ត​តាម​ស្តង់ដា​អនាម័យ SOP របស់​ក្រសួង​សុខាភិបាល បន្ទាប់ពី​ទទួល​បាន​នូវ​ការអនុញ្ញាត​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​បញ្ចៀស​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែង​ថា​៖ «​សូម​ថ្លែងអំណរគុណ​ចំពោះ​លោកគ្រូ អ្នកគ្រូ មន្ទីរអប់រំ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដែល​បាន​រួមចំណែក​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​។ ទោះបី​ស្ថានភាព​ជំងឺ​នេះ​មាន​ភាពធូរស្រាល​តែ​ទាមទារ​នូវ​ការប្រុងប្រយ័ត្ន​ដើម្បី​ឱ្យ​ការសិក្សា​ដំណើរការ​ទៅ​ប្រកប​ដោយ​សុវត្ថិភាព​»​។

ការបើក​ដំណើរការ​សាលារៀន​ក្នុងដំណាក់កាល​ទី ៣ នេះ​គឺ​ក្រសួង​អប់រំ បានអនុញ្ញាត​ឱ្យ​គ្រប់​សាលា​រដ្ឋ និង​ឯកជន​ទាំងអស់​ចាប់ពី​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់ មធ្យមសិក្សា អាច​ដំណើរ​ការសិក្សា​ជាធម្មតា​ដោយ​កំណត់​ចំនួន​សិស្ស​ក្នុង​ ១ ​ថ្នាក់ ២៥ នាក់ និង​កំណត់​ពេលវេលា​ឱ្យបាន​ជាក់លាក់​ទៅតាម​កាលវិភាគ​ដែល​បានកំណត់​។

ជាមួយ​គ្នា​នេះ​ចំពោះ​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ទាំងអស់​ក៏​អាច​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា សកម្មភាព​សិស្បៈ និង​សេវា​អាហារដ្ឋាន​ផងដែរ ដោយ​គ្រាន់តែ​ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​ក្នុង​បរិបទ​ជំងឺ​កូវីដ​ ១៩​។

លោក​ ហង់ ជួន ណារ៉ុន​ (​ពាក់​ក្រវាត់ ក​) ​ពី​ម្សិលមិញ​។ រូបថត ក្រសួង​អប់រំ

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​កាលពី​ម្សិលមិញ​ថា ក្រសួង​អប់រំ​អាច​វាយតម្លៃ​បឋម​ថា ថ្ងៃ​ចូលរៀន​ដំបូង​នៃ​ការបើក​ដំណើរការ​សាលារៀន​ក្នុង​ដំណាក់កាល​ទី​ ៣ ​នេះ​មាន​ដំណើរការ​ជា​ប្រក្រតី តាម​ការគ្រោងទុក​។

លោក​បន្តថា ជា​រួម​ក្រសួង​បាន​សង្កេតឃើញ​ថា សាលារៀន​ទាំងអស់​ទាំង​សាលា​រដ្ឋ និង​សាលា​ឯកជន​អាច​អនុវត្ត​ទៅតាម​ការប្រតិបត្តិ​ស្តង់ដា​ដែល​បាន​ដាក់ចេញ​។

លោក​បញ្ជាក់ថា​៖ «​សាលារៀន​ទាំងអស់​បាន​រៀបចំ​បរិស្ថាន​សាលារៀន និង​ថ្នាក់រៀន​បាន​សមរម្យ​ដើម្បី​ធានា​សុវត្ថិភាព​ក្នុង​ការសិក្សា និង​បង្រៀន​។ សាលារៀន​ទាំងអស់​បាន​បែងចែក​វេន​សិក្សា​ទៅ​តាម​ការកំណត់​របស់​ក្រសួង​»​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា តាម​ការចុះ​អង្កេត​របស់​លោកស្រី​មើលឃើញ​ថា សិស្សានុសិស្ស បង្ហាញ​ក្តីសប្បាយ​រីករាយ​ដែល​បាន​វិល​ត្រឡប់មក​ថ្នាក់រៀន​វិញ បើទោះបី​នៅតាម​សាលា​មួយចំនួន​នៅ​មាន​ខ្វះខាត​សម្ភារ​ប្រើប្រាស់​សម្រាប់​ការពារ​ជំងឺ​កូវីដ​ ១៩ យ៉ាងណាក្តី​។

លោកស្រី ឆាយ៉ាវី បាន​សង្កត់ធ្ងន់​ថា​៖ «​អ្វីដែល​ខ្ញុំ​ឃើញ​សាលា​មួយចំនួន​គឺ​គាត់​មាន​ឧបករណ៍​គ្រប់គ្រាន់ ម៉ាស៊ីន​វាស់​កម្តៅ​ត្រឹមត្រូវ ខណៈ​សាលា​មួយចំនួន​តូច​មិនទាន់​មាន​គ្រប់​ស្តង់ដា​ទេ​។ ប៉ុន្តែ​ដោយសារ​តែ​កង្វះខាត ដូច្នេះ​ការខ្វះខាត​បន្តិចបន្តួច​នេះ គឺ​មិនមែន​ជា​បញ្ហា​នោះទេ ព្រោះ​អ្នកគ្រូ-លោកគ្រូ​យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ការពារ​ហានិភ័យ​ទាំងនេះ​»​។

ខណៈ​ដែល​នៅតាម​តំបន់​មួយចំនួន​នៅ​កំពុង​ប្រឈម​នឹង​បញ្ហា​ទឹកជំនន់​នៅឡើយ លោកស្រី ឆាយ៉ាវី បាន​ស្នើឱ្យ​សាលារៀន​នៅតាម​តំបន់​រងគ្រោះ​ទាំងនោះ​គួរតែ​ពិចារណា បន្ធូរបន្ថយ​អវត្តមាន​សិស្ស និង​ផ្តល់​ភាពងាយស្រួល​ដល់​សិស្សានុសិស្ស​ក្នុង​អំឡុង​ពេល​នេះ​ផងដែរ​៕

វីដេអូ៖