The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​អប់រំ​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ភាព​ជា​អ្នក​ដឹកនាំ​សាលារៀន និង​ការ​គ្រប់គ្រង​ការ​អប់រំ​នា​សតវត្សរ៍​ទី២១




ក្រសួង​អប់រំ​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ភាព​ជា​អ្នក​ដឹកនាំ​សាលារៀន និង​ការ​គ្រប់គ្រង​ការ​អប់រំ​នា​សតវត្សរ៍​ទី២១

Content image - Phnom Penh Post
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​សិក្ខា​សាលា​បណ្តុះបណ្តាល​នេះ​តាមរយៈ​ប្រព័ន្ធ ZOOM កាលពីព្រឹកមិញ។ រូបថត MoEYS Cambodia

ក្រសួង​អប់រំ​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ភាព​ជា​អ្នក​ដឹកនាំ​សាលារៀន និង​ការ​គ្រប់គ្រង​ការ​អប់រំ​នា​សតវត្សរ៍​ទី២១

ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន​ និង​កីឡា និង​វិទ្យាស្ថាន​ជាតិ​អប់រំ​អន្តរជាតិ នៃ​ប្រទេស​សិង្ហបុរី បាន​សហការ​រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល ស្ដីពី​ភាព​ជា​អ្នក​ដឹកនាំ​សាលារៀន និង​ការ​គ្រប់គ្រង​ការ​អប់រំ​នាសតវត្សរ៍​ទី​២១ ដល់​គណៈ​គ្រប់គ្រង​សាលារៀន មន្រ្តី​ជំនាញ​អធិការកិច្ច និង​គ្រូ​បង្គោល​ថ្នាក់​ជាតិ សរុប​ចំនួន ១២៨ នាក់ តាម​ប្រព័ន្ធ​អនឡាញ​សម្រាប់​រយៈពេល ៥ ខែ ចាប់​ពី​ថ្ងៃទី ៤ ខែ​ឧសភា ដល់​ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​សិក្ខា​សាលា​បណ្តុះបណ្តាល​នេះ​តាមរយៈ​ប្រព័ន្ធ ZOOM នា​ថ្ងៃទី ៤ ខែ​ឧសភា​នេះ។

វគ្គ​សិក្ខា​សាលា​នេះ បាន​ធ្វើ​ឡើង​ក្រោម​ប្រធានបទ «កិច្ចការ​ក្នុង​ការ​ដឹកនាំ​គ្រប់គ្រង​សាលារៀន​សតវត្សរ៍​ទី២១» និង «គោល​វិធី​ក្នុង​ការ​ដឹកនាំ​គ្រប់គ្រង​សាលារៀន​សតវត្សរ៍​ទី២១» ដល់​គណៈ​គ្រប់គ្រង​សាលារៀន មន្រ្តី​ជំនាញ​អធិការកិច្ច និង​គ្រូ​បង្គោល​ថ្នាក់​ជាតិ​ទាំង ១២៨ នាក់។

លោក ហង់ជួន ណារ៉ុន បាន​ថ្លែង​ក្នុង​ពេល​ធ្វើ​អធិបតី​បើក​សិក្ខាសាលា​នេះ​ថា សិក្ខា​សាលា​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​អភិវឌ្ឍ​សមត្ថភាព​ក្រុម​គោលដៅ​ទាំង​នេះ ក្នុង​ការ​ដឹកនាំ​សាលារៀន ចង​ក្រង​ឯកសារ សម្រាប់​ការ​បន្ត​បណ្តុះបណ្តាល​ដល់​គណៈគ្រប់​គ្រង​សាលា​ដទៃ​ទៀត និង​បន្ត​និរន្តរភាព​ក្នុង​ក្របខ័ណ្ឌ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

លោក​រដ្ឋមន្រ្ដី​ថ្លែង​ថា៖ «ប្រសិទ្ធភាព​របស់​សាលារៀន គឺ​អាស្រ័យ​លើ​ការ​ដឹកនាំ​គ្រប់គ្រង​ដោយ​ផ្ដោត​លើ ១ ទំនួល​ខុសត្រូវ ២ ស្វ័យភាព ៣ ការ​ធ្វើ​ការ​វាយ​តម្លៃ ៤ ការ​ចូលរួម​ពី​មាតាបិតា​សិស្ស និង​សហគមន៍ ៥ ការ​គ្រប់គ្រង និង​ដឹកនាំ​របស់​គណៈគ្រប់គ្រង​សាលា ៦ ការ​បន្ត​អភិវឌ្ឍ​ធនធាន​មនុស្ស ៧ សម្ភារ​បង្រៀន ៨ ហេដ្ឋារចនាសម្ព័ន្ធ និង៩ ធនធាន​ហិរញ្ញវត្ថុ»។

លោក​រដ្ឋមន្រ្តី​បាន​ថ្លែង​អំណរគុណ​ដល់​វិទ្យាស្ថាន​ជាតិ​អប់រំ​អន្តរជាតិ​នៃ​ប្រទេស​សិង្ហបុរី និង​មូលនិធិ​តេម៉ាសេក ដែល​បាន​សហការ​ក្នុង​ការ​បណ្ដុះបណ្ដាល​ដល់​គណៈ​គ្រប់គ្រង​សាលា​រៀន មន្រ្តី​ជំនាញ​អធិការកិច្ច និង​គ្រូបង្គោល​ថ្នាក់​ជាតិ ទោះបី​ស្ថិត​ក្នុង​វិបត្តិ​កូវីដ ១៩ ក៏​ដោយ។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ថ្លែង​ថា ជា​ទូទៅ​ក្រសួង​អប់រំ​ស្វាគមន៍​កិច្ច​សហការ​វិជ្ជមាន​ពី​សំណាក់​ក្រសួង-ស្ថាប័ន និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​លើក​កម្ពស់​ការ​អប់រំ​តាម​បែប​ឌីជីថល​ដែល​ស្រប​នឹង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ ២០១៩-២០២៣ ដើម្បី​ឆ្លើយ​តប​នឹង​សេដ្ឋកិច្ច​ឌីជីថល​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ដំណាក់​កាល​បន្ទាប់​ឆ្នាំ ២០១៩-២០២៣ និង​ឆ្ពោះ​ទៅ​ឆ្នាំ ២០៣០ ក្រសួង​អប់រំ ប្តេជ្ញា​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ទី៤ ស្តីពី​ការ​អប់រំ ដោយ​ឈរ​លើ​គោលការណ៍ គុណភាព សមធម៌ បរិយាបន្ន ការ​សិក្សា​ពេញ​មួយ​ជីវិត និង​ទាំង​អស់​គ្នា។

លោក​បាន​បន្ត​ថា៖ «ឈរ​លើ​មូលដ្ឋាន​នេះ ក្រសួង​អប់រំ បាន​កំណត់​គោល​នយោបាយ ២ គឺ ១ ធានា​ឱ្យ​ការ​អប់រំ​មាន​គុណភាព​ប្រកប​ដោយ​សមធម៌ បរិយាបន្ន និង​លើក​កម្ពស់​ឱកាស​ក្នុង​ការ​សិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ទាំង​អស់​គ្នា និង ២ ធានា​ភាព​ស័ក្តិសិទ្ធិ​នៃ​ភាព​ជា​អ្នក​ដឹកនាំ​ និង​ការ​គ្រប់គ្រង​របស់​មន្រ្តី​អប់រំ​គ្រប់​លំដាប់​ថ្នាក់»៕

អត្ថបទគួរចាប់អារម្មណ៍