ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​លោក ហង់ជួន ណារ៉ុន បាន​ថ្លែងថា ក្រសួង​នឹង​រៀបចំ​កន្លែង​លាងដៃ​ឱ្យបាន​យ៉ាងតិច​ ២០០ ​កន្លែង ​ក្នុង​ ១ ​ឆ្នាំ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យនៅ​តាម​គ្រឹះស្ថាន​ទាំងអស់​នៅ​ទូទាំង​ប្រទេស​មាន​កន្លែង​លាងដៃ​ចាប់ពី​​ពេល​នេះ​ដល់​ឆ្នាំ​ ២០២៥ ​ដើម្បី​លើកកម្ពស់​អនាម័យ​ដែលជា​ការចាំបាច់​ក្នុង​ការថែរក្សា​សុខភាព​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ដូចនេះ​នៅក្នុង​ទិវា​ពិភពលោក​លាង​សម្អាត​ដៃ និង​ទិវា​អនាម័យ​នៅ​តាម​គ្រឹះស្ថានសិក្សា​ក្នុង​បរិបទ​ជំងឺ​កូវីដ​ ១៩ ក្រោម​ប្រធានបទ​ «​លាង​សម្អាត​ដៃ​សម្រាប់​ទាំងអស់​គ្នា Washing Hands for All» ដែល​ប្រព្រឹត្ត​ពីថ្ងៃ​ទី​ ១៧ តុលា ឆ្នាំ​ ២០២០ ក្នុង​វិទ្យាល័យ​ពាមជីកង ស្រុក​កងមាស ខេត្ត​កំពង់ចាម ដែល​មាន​ការចូលរួម​ពី​មន្ត្រី​ក្រសួង មន្ទីរ តំណាង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​លោកគ្រូ អ្នកគ្រូ អាជ្ញាធរ និង​សិស្សានុសិស្ស​ជាច្រើន​រូប​។

លោក ហង់ជួន ណារ៉ុន បាន​លើកឡើង​ថា​៖ «​ធ្វើយ៉ាងណា​ត្រូវ​សាងសង់​កន្លែង​លាង​សម្អាត​ដៃ​យ៉ាងតិច​ ២០០ ​ក្នុង ១ ​ឆ្នាំ​ ដើម្បីឱ្យ​សាលា​ទាំងអស់​នៅ​​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​មាន​កន្លែង​លាងដៃ​ពី​ពេលនេះ​ដល់​ឆ្នាំ​ ២០២៥ ​ដើម្បីឱ្យ​យើង​មាន​កន្លែង​លាង​សម្អាត​ដៃ​​ហើយ​ដើម្បី​ធ្វើ​យ៉ាងណា​លើកកម្ពស់​សុខភាព​អនាម័យ​តាម​គ្រឹះស្ថានសិក្សា​។

ការលាង​សម្អាត​ដៃ​គឺជា​ការចាំបាច់​ក្នុង​ការថែរក្សា​សុខភាព​»​។

ទិវា​ពិភពលោក​លាង​សម្អាត​ដៃ​ (Global Hand Washing Day លើកដំបូង ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​ ១៥ ខែតុលា ឆ្នាំ​ ២០០៨ នៅ​ទូទាំង​ពិភពលោក​។ បច្ចុប្បន្ន​ត្រូវបាន​គេ​កំណត់​យក​ថ្ងៃទី​ ១៥ ខែតុលា ធ្វើជា​ថ្ងៃ​ប្រារព្ធ​ធ្វើ​ទិវា​នេះ​ជា​ផ្លូវការ​។

ទិវា​នេះ​ គឺជា​ថ្ងៃ​​ដ៏សំខាន់​មួយ ដើម្បី​គាំទ្រ និង​ក្រើនរំឭក​ដល់​សាធារណជន​ឱ្យ​ចូលរួម​លើកកម្ពស់​ការផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​អនាម័យ​ដៃ ជាពិសេស​តាមរយៈ​ការលាង​សម្អាត​ដៃ​នឹង​សាប៊ូ និង​ជា​ការបំផុស​ឱ្យ​មាន​ការផ្លាស់ប្តូរ​ចាប់ពី​កម្រិត​គោលនយោបាយ​រហូត​ដល់​កម្រិត​អ្នកអនុវត្ត​សកម្មភាព​នៅតាម​សហគមន៍​។

កុមារ​ពេល​លាងដៃ ក្រោយ​ចេញពី​បន្ទប់ទឹក​កាលពី​ថ្ងៃ​ ១៥ តុលា​។ រូបថត UNICEF

ប្រធានបទ​សម្រាប់​ទិវា​ពិភពលោក​លាង​សម្អាត​ដៃ​ឆ្នាំ​ ២០២០ ​នេះ​គឺ​ស្រប​​នឹង​បរិបទ​ថ្មី​ដែល​បាន​ដឹកនាំ​អនុវត្ត​ដោយ​ក្រសួងសុខាភិបាល អង្គការ​សុខភាព​ពិភពលោក (WHO) ​និង​អង្គការ​យូនីសេហ្វ (UNICEF) ​ក្នុង​បរិបទ​ជំងឺ​កូវីដ​១៩​នេះ​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា​៖ «​ការលាងដៃ​ជាមួយ​នឹង​សាប៊ូ ជា​វិធី​មួយ​ក្នុងចំណោម​វិធី​នានា​ដែល​មាន​ប្រសិទ្ធភាព​ និង​សាមញ្ញ​បំផុត ដើម្បី​បញ្ឈប់​ការរីក​រាលដាល​នៃ​វីរុស ពិសេស​ការរាតត្បាត​នៃ​មេរោគ​កូវីដ​១៩​។ ដូចនេះ​ការលាងដៃ​នឹង​សាប៊ូ​ត្រូវតែ​ជា​អាទិភាព​មួយ​នៅពេល​បច្ចុប្បន្ននេះ និង​ទៅ​អនាគត​។ យើង​លាង​សម្អាត​ដៃ​សម្រាប់​ទាំងអស់​​គ្នា ដើម្បី​ឱ្យ​សង្គម​ទាំងមូល​ចូលរួម​​រក្សា​អនាម័យ​ដៃ​ជា​សកល​»​។

បើតាម​លោក ហង់ជួន ណារ៉ុន ការលាងដៃ​នឹង​សាប៊ូ​ជួយ​កាត់បន្ថយ​ការឆ្លង​ជំងឺ​មួយ​ចំនួន​ដូចជា ជំងឺរាក​រូស​បាន​ ៥០ ​ភាគរយ ជំងឺ​ផ្លូវដង្ហើម​បាន​ ២៣ ​ភាគរយ និង​ជំងឺ​រាតត្បាត​ដែល​​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​ដូចជា ជំងឺ​អាសន្នរោគ អេបូឡា ជំងឺ​ស៊ីហ្ក័រឡូសស៊ីស​ (shigellosis) ​ជំងឺសារ​ (SARS) និង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ E ទៀតផង​។

លោក​បាន​បញ្ជាក់ថា​៖ «​ការប្រារព្ធ​ទិវា​ពិភពលោក​លាង​សម្អាត​ដៃ និង​អនាម័យ​នៅ​តាម​គ្រឹះស្ថានសិក្សា​នាពេល​នេះ​គឺជា​ការជួយ​ជំរុញ​បន្ថែមទៀត​សម្រាប់​ចូលរួម​ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​របស់​រាជរដ្ឋាភិបាល​ដែល​បានកំណត់​នៅ​ឆ្នាំ​ ២០២៥...​ការលាង​សម្អាត​ដៃ​នេះ​...​កាត់បន្ថយ​អត្រា​មរណភាព​របស់​កុមារ​ទាក់ទង​នឹង​ជំងឺ​រលាក​ផ្លូវដង្ហើម និង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ដែល​តែង​កើតឡើង​ចំពោះ​កុមារ​ដោយ​គ្រាន់តែ​លាងដៃ​នឹង​សាប៊ូ​»​។

ទន្ទឹម​នឹង​នេះ​លោក​រដ្ឋមន្ត្រី​បាន​ស្នើឱ្យ​គ្រឹះស្ថាន​ដែល​មិនទាន់​មាន​កន្លែង​លាង​សម្អាត​ដៃ​ត្រូវ​ចលនា​រក​ប្រភព​​ធនធាន​ដើម្បី​សាងសង់​ឱ្យបាន និង​ចាត់តាំង​ឱ្យ​សិស្ស​អនុវត្ត​ការលាង​សម្អាត​ដៃ​នៅ​គ្រប់​វេនសិក្សា​។

ទីប្រឹក្សា​គម្រោង​អនាម័យ​គំរូ​តាម​​សាលារៀន​អង្គការ​ GIZ លោក ម៉េង គឹមសាន បាន​ថ្លែង​ក្នុង​ទិវា​នេះ​ថា អត្រា​លាង​សម្អាត​ដៃ​ក្រោយ​ប្រើប្រាស់​បង្គន់​ទូទាំង​ពិភពលោក​មានតែ​ ១៩ ​ភាគរយ​​ ឬ​មាន​តែ​ម្នាក់​ក្នុងចំណោម​ ៥ ​នាក់​ប៉ុណ្ណោះ ដែល​បាន​លាងដៃ​ជាមួយ​សាប៊ូ​។

លោក​បាន​បន្តថា ប្រសិន​បើ​អត្រា​​លាង​សម្អាត​ដៃ​នៅតែ​មាន​កម្រិត​ទាប​​បែបនេះ នោះ​ករណី និង​ហានិភ័យ​នៃ​ការចម្លងរោគ​រាករូស និង​ជំងឺ​ផ្លូវដង្ហើម ជាពិសេស​ជំងឺ​កូវីដ​១៩​នឹង​​មាន​សភាព​ធ្ងន់ធ្ងរ​ទូទាំង​ពិភពលោក​ក្នុងនោះ​រួមទាំង​កម្ពុជា​ផងដែរ​។

លោក ម៉េង គឹមសាន បាន​បញ្ជាក់ថា​៖ «​ដើម្បី​រួមចំណែក​បង្ការ​ទប់ស្កាត់​ជំងឺ​​កូវីដ​១៩​តាម​សាលារៀន បច្ចុប្បន្ន​ក្រុម​ការងារ​គម្រោង​អនាម័យ​គំរូ​តាម​សាលារៀន​កំពុង​ខ្នះខ្នែង​រៀបចំ​ទម្លាក់​កញ្ចប់​​ថវិកា​បន្ថែម​ប្រមាណ​ ១២៥ ០០០ ​ដុល្លារ បន្ថែម​ទៀត​ទៅ​ខេត្ត​គោលដៅ​ទាំង​ ៥ ​របស់ខ្លួន​រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី តាមរយៈ​មន្ទីរអប់រំ ដើម្បី​សាងសង់​​បរិក្ខារ​លាង​សម្អាត​ដៃ និង​ផ្តល់នូវ​សម្ភារ​អនាម័យ​នានា​សម្រាប់​សាលារៀន ដែល​ពុំ​ទាន់​មាន​សម្ភារ​បរិក្ខារ​គ្រប់គ្រាន់​»​។

លោក​ថា ក្នុងនាម​ដៃគូ​អភិវឌ្ឍន៍​គម្រោង​អនាម័យ​គំរូ​តាម​សាលារៀន​នៃ​អង្គការ​ GIZ ​នៅតែ​ប្តេជ្ញា​បន្ត​ជួយ​គាំទ្រ​ទាំង​ស្មារតី បច្ចេកទេស និង​ហិរញ្ញវត្ថុ​តាម​លទ្ធភាព​របស់ខ្លួន ដើម្បី​លើកកម្ពស់​កម្មវិធី​ទឹកស្អាត និង​អនាម័យ​តាម​សាលារៀន​រហូតដល់​ចុងបញ្ចប់​នៃ​គម្រោង​។

បើ​តាម​លោក ម៉េង គឹមសាន ចាប់ពី​ឆ្នាំ​ ២០១៩-២០២០ នៃ​គោលការណ៍​​អនុវត្ត​លក្ខខណ្ឌ​អប្បបរមា​ស្តីពី​ទឹកស្អាត​​ និង​អនាម័យ​តាម​សាលារៀន​គឺមាន​​សាលារៀន​ចំនួន ៣ ៦៣២ មាន​បរិក្ខា​រលាង​សម្អាត​ដៃ​ទោល​ (​ឬ​ស្ថិត​នៅ​​កម្រិត​ផ្កាយ​ ១) ​និង​សាលារៀន​ចំនួន​ ២៣៦៧ មាន​បរិក្ខារ​លាង​សម្អាត​ដៃ​​ជា​ក្រុម​ (​ឬ​ស្ថិតនៅ​កម្រិត​ផ្កាយ​ ២ និង​​ផ្កាយ​ ៣)៕

វីដេអូ៖