ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ១៤ ខែមីនានេះ បានចេញសេចក្ដីប្រកាសមួយ ឱ្យបិទសាលារៀន រដ្ឋ និង ឯក ជន ទាំងអស់នៅរាជធានីភ្នំពេញនិងក្រុងសៀមរាប ជា​បណ្តោះ​អាសន្ន ដើម្បីអនុវត្តជាវិធានការការពារទប់ស្កាត់បន្ទាន់មួយ ក្រោយ កម្ពុជា បានរកឃើញករណីវីរុសកូវីដ១៩ជាបន្តបន្ទាប់។

វិធានការ នេះ បានធ្វើឡើង បន្ទាប់ពីមានការរកឃើញការ នាំ ចូល ករណីវីរុសកូវីដ១៩ នៅលើជនបរទេសចំនួន៥ នាក់ មកកម្ពុជា គិតត្រឹមតែរយៈពេល៤ថ្ងៃចុងក្រោយនេះ។

ក្រសួងអប់រំបញ្ជាក់ថា គ្រឹះស្ថានអប់រំរដ្ឋនិងឯកជនទាំងអស់ ត្រូវតែចាប់អនុវត្តវិស្សមកាលតូចមុនកាលកំណត់ រហូតដល់ពេលត្រូវចូលរៀនឡើងវិញ។ នៅក្នុងអំឡុងវិស្សមកាលតូច ឪពុកម្ដាយ ត្រូវជំរុញឱ្យកូន ធ្វើស្វ័យ សិក្សា នៅតាមផ្ទះ និងត្រូវឱ្យកូនចៀសវាងនៅកន្លែងមួយចំនួន ដែលប្រឈមនឹងការឆ្លងវីរុសខ្ពស់ ដូចជាកន្លែង ហែល ទឹកសាធារណៈ កន្លែងហាត់ប្រាណ សួនកុមារ និងកន្លែងផ្សេងៗទៀត។

សេចក្ដីប្រកាសសរសេរថា៖«ចំពោះគ្រឹះស្ថានសិក្សាអន្តរជាតិ គណៈគ្រប់គ្រងត្រូវពិគ្រោះយោបល់ជាមួយ មាតា បិតា អ្នកអាណាព្យាបាលសិស្ស ដើម្បីចាត់វិធានការទប់ស្កាត់ និងអនុវត្តតាមវិធានការបង្ការនិងទប់ស្កាត់របស់ អង្គការ សុខភាពពិភពលោក (WHO)»។

ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញវិធានការផ្អាកបណ្ដោះអាសន្ន មិនឱ្យអ្នកដំណើរ ជន បរ ទេស មកពី ប្រទេស ចំនួន៥ និងបានសម្រេចហាមឃាត់នារាទេសចរណ៍បរទេសទាំងអស់ចូល ចតក្នុងទឹក ដី កម្ពុជា ។

សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៤មីនា បានបញ្ជាក់ថា ក្រសួងបានចេញវិធានការដាក់បម្រាមផ្អាកមិនឱ្យ ជន បរទេស ដែលមកពី អ៊ីតាលី អាល្លឺម៉ង់អេស្ប៉ាញ បារាំង និងអាមេរិក ចូលទឹកដីកម្ពុជាក្នុងរយៈពេល ៣០ ថ្ងៃ ដែលវិធានការនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១៧ខែមីនានេះតទៅ។

ចំណែកក្រសួងសាធារណការនិងដឹកជញ្ជូនក៏បានសម្រេចផ្អាកមិនអនុញ្ញាតឱ្យនាវាដឹកអ្នកដំណើរឬទេសចរទាំងអស់ចូលមកក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៣ រហូតទាល់មានសេចក្ដីសម្រេចថ្មី រួមទាំងបិទច្រកព្រំដែនទឹកក្អម សំណរ ជាមួយវៀតណាម។

វិធានទាំងនេះបានកើតឡើង ក្រោយពីមានជនជាតិបរទេសចំនួន៥នាក់ ដែលក្នុងនោះមាន៣នាក់ជាអ្នកទេសចរ ជនជាតិ អង់គ្លេស លើនាវា Viking Cruise Journey ដែលចូលចតនៅក្រុងកំពង់ចាម ត្រូវបានរកឃើញវិជ្ជមាន កាល ពី ថ្ងៃទី១០និងថ្ងៃទី១២ខែមីនា និង២នាក់ទៀតជាជនជាតិកាណាដាអាយុ៤៩ឆ្នាំ និងប៊ែលហ្ស៊ិក អាយុ ៣៣ ឆ្នាំ ត្រូវបានរកឃើញវិជ្ជមាននៅថ្ងៃទី១៣មីនា។

លោកស្រី ឱ វណ្ឌឌីន មន្រ្តីនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា ជនជាតិអង់គ្លេសទាំង៣នាក់នៅលើនាវា Viking Cruise Journey ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យខេត្តកំពង់ចាមមកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្ត ភាព ខ្មែរ-សូវៀតក្នុងរាជធានីភ្នំពេញ តាមការស្នើសុំពីស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។

លោកស្រីបន្តថា ចំណែកជនជាតិកាណាដា គឺជាអ្នកបម្រើការងារនៅសាលាCISសាខានៅកោះពេជ្រ ហើយបានធ្វើតេស្ដវិជ្ជមានជាមួយមេរោគកូវីដ១៩ បន្ទាប់ពីធ្វើដំណើរត្រឡប់ពីប្រទេសថៃកាលពីថ្ងៃទី០៩ ខែ មីនា ។ ជនបរទេសរូបនេះ ត្រូវបានក្រសួងអនុញ្ញាតឱ្យសម្រាកព្យាបាលនៅផ្ទះ តាមការទទូចស្នើសុំដោយសារ ត្រូវ នៅ មើលការខុសត្រូវកូនចំនួន២នាក់។ ឯជនជាតិប៊ែលហ្ស៊ិកវិញ គឺជាបុគ្គលិកបម្រើការងារនៅអង្គការអន្តរជាតិ ដែលស្នើសុំ ក្រសួងសុខាភិបាលមិនឱ្យបញ្ចេញឈ្មោះអង្គការនោះ បន្ទាប់ពីជននេះ ទើបវិលត្រឡប់មកពីតំបន់អឺរ៉ុបវិញ។

លោកស្រីថា៖«ដោយសារ រូបគាត់(ជនជាតិកាណាដា)មិនមានអ្នកដែលជួយមើលការខុសត្រូវកូនរបស់គាត់ ដោយ សារភរិយារបស់គាត់នៅក្រៅប្រទេស ហើយមិនមានអ្នកបម្រើការមើលការខុសត្រូវក្នុងផ្ទះ។ គាត់បានស្នើសុំ ដ៏ ទទូច ដើម្បីដាក់ខ្លួនគាត់ឱ្យនៅដាច់ដោយឡែកនៅក្នុងផ្ទះតែម្ដង ដែលជាផ្ទះនៅដាច់ដោយឡែក និងមានគម្លាត ឆ្ងាយ ពីផ្ទះមួយទៅផ្ទះមួយទៀត»។

លោកស្រីបានបញ្ជាក់ថា មន្រ្តីក្រសួងកំពុងប្រឹងប្រែងស្វែងរកអ្នកប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយជនជាតិ កា ណាដានិងប៊ែលហ្ស៊ិក ខណៈសាលាCIS ត្រូវបានសម្រេចឱ្យបិទទ្វារ ហើយគ្រូបង្រៀននិងសិស្សសាលាត្រូវ បាន ណែនាំ ឱ្យតាមដានសុខភាពរយៈពេល១៤ថ្ងៃ។

នៅរសៀលថ្ងៃទីសៅរ៍នេះ ក្រសួងសុខាភិបាលបានប្រកាសថា កូនទាំង២នាក់របស់ជនជាតិកាណាដា គឺត្រូវបាន ធ្វើ តេស្ដ អវិជ្ជមានជាមួយកូវីដ១៩។

គិតចាប់តាំងពីខែកុម្ភៈ កម្ពុជាបានរកឃើញការឆ្លងកូវីដចំនួន៧ករណី គឺជនជាតិចិនម្នាក់ បុរសជនជាតិខ្មែរនៅ ក្រុង សៀមរាប ម្នាក់ ជនជាតិអង់គ្លេសចំនួន ៣ នាក់ កាណាដាម្នាក់ និងប៊ែលហ្សិកម្នាក់។ ជាមួយគ្នានេះ អ្នកប៉ះ ពាល់ ជាមួយ អ្នកឆ្លងកូវីដ១៩ ត្រូវបានធ្វើតេស្ដអវិជ្ជមាន ខណៈអ្នកដំណើរលើនាវាViking Cruise Journey ចំនួន ៦១នាក់ផ្សេង កំពុងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនៅក្នុងសណ្ឋាគារមួយក្នុងទីក្រុងកំពង់ចាម៕