ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រកាស​ឱ្យ​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន​បើក​ដំណើរការ​ឡើងវិញ​ចាប់ពី​ថ្ងៃ​ចន្ទ ទី​ ២៣ ខែ វិច្ឆិកា ឆ្នាំ​ ២០២០ ​តទៅ ហើយ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​ទុយិភូមិ (​បាក់​ឌុប​) ​គឺ​នៅតែ​ដំណើរការ​ដដែល​។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាលពី​ម្សិលមិញ​ថា ក្រសួង​បានស្នើ​សុំ​គោលការណ៍​ពី​នាយករដ្ឋមន្ត្រី​ដើម្បី​បើក​គ្រឹះស្ថានសិក្សា​រដ្ឋ​ និង​ឯកជន​ឡើងវិញ​ទាំងអស់​ក្នុង​រាជធានីភ្នំពេញ​ និង​ទី​រួម​ខេត្តកណ្តាល ដើម្បី​ឱ្យ​សិស្សានុសិស្ស​ចូលរៀន​ជា​ប្រក្រតី​ឡើងវិញ​ក្នុង​ដំណាក់កាល​ទី​៣ ​នេះ​។

ម្យ៉ាងវិញ​ទៀត​ក្រសួង​ក៏បាន​ប្រកាស​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​ពហុកីឡដ្ឋានជាតិ​អូឡាំពិក​ក៏ដូចជា​អនុញ្ញាត​ឱ្យមាន​ការលេង​កីឡា​ផ្សេងៗ​ដោយ​អនុវត្ត​ទៅតាម​គោលការណ៍​ស្តង់ដា ដែល​ក្រសួង​បានដាក់​ចេញ​ដោយ​ធានាបាន​នូវ​ការរក្សា​គម្លាត​សុវត្ថិភាព​ និង​ការរក្សា​នូវ​ស្តង់ដា​សុខភាព​អនាម័យ​ផងដែរ​។

លោក​ ហង់ជួន ណារ៉ុន បញ្ជាក់ថា​៖ «​ក្រសួង​អប់រំ សូម​ប្រកាស​ឱ្យ​សិស្សានុសិស្ស មាតាបិតា​អ្នកអាណាព្យាបាល លោកគ្រូ​អ្នកគ្រូ សូម​បើក​ដំណើរការ​គ្រឹះស្ថាន​សិក្សា​ឡើងវិញ​ទាំង​រដ្ឋ​ និង​ឯកជន​ចាប់ពី​ថ្ងៃទី​ ២៣ ខែវិច្ឆិកា ​តទៅ​»​។

លោក​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ឱ្យ​គ្រឹះស្ថាន​សិក្សា​ទូទាំង​ប្រទេស​កម្ពុជា​សុំ​បន្ត​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​គោលការណ៍​អនុវត្ត​ស្តង់ដា និង​សុវត្ថិភាពសិក្សា និង​អនាម័យ​នៅតាម​គ្រឹះស្ថានសិក្សា​ឱ្យបាន​ខ្ជាប់ខ្ជួន​ដើម្បី​បន្ត​ការពារ​កុំឱ្យ​មាន​កើត​ជំងឺ​កូវីដ​ ១៩ ​នេះ ជាពិសេស​ការពារ​កុំឱ្យ​មាន​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ចូល​ទៅ​ក្នុង​សហគមន៍​។

ក្រសួង​អប់រំ​ក៏​នឹង​រៀបចំ​ឱ្យ​មាន​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​នៅ​ថ្ងៃទី​ ៣០ ខែ​វិច្ឆិកា ហើយនឹង​រៀបចំ​ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ (​បាក់ឌុប​) ​នៅ​ថ្ងៃទី ២១-២២ ខែធ្នូ ឆ្នាំ​ ២០២០ ដដែល​នៅតាម​គ្រឹះស្ថានសិក្សា​។ លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​គ្រឹះស្ថាន​នីមួយៗ​ធ្វើការ​វាយតម្លៃ​ពី​ការអនុវត្ត​កម្មវិធីសិក្សា​ហើយ​ចេញ​វិញ្ញាសា​ទៅតាម​ការអនុវត្ត​កម្មវិធី​សិក្សា ដែល​ទាំងនេះ​មិន​មាន​បញ្ហា​អ្វី​ចោទ​នោះទេ​។

ចំពោះ​ការប្រឡង​បាក់ឌុប ក្រសួង​នឹង​សុំឱ្យ​គ្រឹះស្ថានសិក្សា​នីមួយៗ​វាយតម្លៃ​ថា តើ​ការអនុវត្ត​កម្មវិធីសិក្សា​នីមួយៗ​នោះ​បាន​ចប់ ឬ​មួយ​យ៉ាងណា​? ​ដូចនេះ​ក្រសួង​នឹង​ពិនិត្យមើល និង​ដាក់ចេញ​នូវ​វិញ្ញាសា​ទៅតាម​ការអនុវត្ត​កម្មវិធីសិក្សា​នោះ​តែម្តង​។

លោក​​ ជួនណារ៉ុន ​បញ្ជាក់ថា​៖ «​សូមឱ្យ​សិស្សានុសិស្ស​ទាំងអស់ ជាពិសេស​សិស្ស​នៅ​រាជធានី​ភ្នំពេញ​ដែល​អាក់ខាន​មិនបាន​រៀន​ក្នុង​ចំនួន​ ២ ​សប្តាហ៍​នេះ សូម​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ត្រៀម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​ទុតិយភូមិ ហើយ​សុំឱ្យ​គ្រឹះស្ថានសិក្សា​រៀបចំ​បង្រៀន​បន្ថែម​ដើម្បី​បំពេញ​នូវ​អ្វីដែល​ខ្វះខាត​»​។

ជាមួយ​គ្នា​នេះ​ផងដែរ លោក​រដ្ឋមន្ត្រី​ក៏បាន​ផ្តាំផ្ញើ​ទៅ​ដល់​សិស្សានុសិស្ស​ទាំងអស់​កុំ​ឱ្យ​មាន​ការរើសអើង​រវាង​សញ្ញាបត្រ​ដែល​ប្រឡង​ក្នុង​អំឡុងពេល​មាន​វិបត្តិ​កូវីដ និង​សញ្ញាបត្រ​កាលពី​មិនទាន់​មាន​កូវីដ ពីព្រោះ​ក្រសួង​នៅតែ​រក្សា​ស្តង់ដា​សិក្សា​ដដែល ដោយសារ​តែ​ចង់​ឱ្យ​សិស្សានុសិស្ស​មាន​សមត្ថភាព​ខ្ពស់​ចេញ​ទៅ​អាច​រក​ការងារ​ធ្វើបាន​អាច​រៀន​បន្តបាន​។

បើតាម​លោក​ ណារ៉ុន នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ​មិនបាន​ប្រឡង​ទេ ដោយ​គ្រាន់តែ​យកពិន្ទុ​ដែល​រៀន​ក្នុង​ថ្នាក់​ធ្វើជា​លទ្ធផល​ដើម្បី​ទទួលស្គាល់​សញ្ញាបត្រ​ទុតិយភូមិ​តែម្តង ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា​នៅតែ​បន្ត​ការប្រឡង​ដដែល​គឺ​ដោយសារ​លោក​មិន​ចង់ឱ្យ​មាន​ការរើសអើង​ទេ សម្រាប់​សិស្ស​ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩​នេះ ប៉ុន្តែ​ទោះបី​ជា​កូវីដ​ក្តី តែ​គាត់​ក៏​អាច​រៀន​ចប់​ប្រកប​ដោយ​គុណភាព​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ (CITA) ​ថ្លែងប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ជា​ការល្អ​ប្រសើរ​ដែល​ក្រសួង​បាន​បើក​ឱ្យមាន​ការសិក្សា​ជាធម្មតា​វិញ​តាម​គ្រឹះស្ថានសិក្សា​រដ្ឋ​ និង​ឯកជន ដោយសារ​ស្ថានភាព​នៃ​បញ្ហា​កូវីដ​១៩​ក្នុងប្រទេស​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ឡើងវិញ​។

លោកស្រី​ថា៖ «​នេះ​ជា​ការល្អ ដោយសារ​ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ជិត​មក​ដល់​ផងដែរ​ដែល​សិស្សានុសិស្ស​ត្រូវ​សិក្សា​សម្រាប់​ត្រៀម​ក្នុង​​ការប្រឡង​បញ្ចប់​ការសិក្សា​ជាពិសេស​កុមារ​តូចៗ​ក៏​បាន​ចូលរៀន​វិញ​ដែល​ជា​ការសម្រាល​បន្ទុក​របស់​ឪពុកម្តាយ​ផងដែរ​»​។ លោកស្រី​មាន​សុទ្ធិដ្ឋិនិយម​ថា ក្រសួង​នឹង​មាន​ការសម្រាល​ និង​បន្ធូរបន្ថយ​ទៅលើ​វិញ្ញាសា​ទៅដល់​សិស្សានុសិស្ស​ប្រឡង​សញ្ញាបត្រ​បាក់ឌុប​ក្នុង​ឆ្នាំ​សិក្សា​ដែលមាន​ការរីករាលដាល​ជំងឺ​កូវីដ​នេះ​៕

វីដេអូ៖