ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសឱ្យបេក្ខជនដែលត្រូវបានឱ្យជាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះដោយស្វ័យប្រវត្តិទាំងអស់ ប្រញាប់រួសរាន់ទៅដាក់ពាក្យស្នើសុំអាហារូបករណ៍នៅតាមគ្រឹះស្ថានឧត្ដមសិក្សា ខណៈឆ្នាំនេះ គ្រឹះស្ថានឧត្ដមសិក្សារដ្ឋ និងឯកជនចំនួន ៣៩ គ្រឹះស្ថាន បានផ្ដល់អាហារូបករណ៍ ១០០ ភាគរយដល់សិស្សចំនួន ៩ ១៣០ នាក់។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំក្នុងចំណោមអាហារូបករណ៍ ១០០ ភាគរយ ចំនួន ៩ ១៣០ នាក់នោះ ក្រសួងបានបែងចែកជា ៤ អាទិភាពសំខាន់ៗក្នុងនោះបានផ្ដល់អាទិភាពដល់សិស្សនារីចំនួន ១ ៣២៤ នាក់ សិស្សក្រីក្រចំនួន ១ ៧៣៨ នាក់ សិស្សនៅតំបន់ដាច់ស្រយាលចំនួន ៥៧៨ នាក់ និងសិស្សទូទៅចំនួន ៥ ៤៩០ នាក់។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានថ្លែងពីម្សិលមិញថា៖ «សូមបេក្ខជនប្រញាប់រួសរាន់ទៅដាក់ពាក្យនៅតាមគ្រឹះស្ថានឧត្ដមសិក្សា ដើម្បីទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា ២០២០-២០២១ នៅតាមគ្រឹះស្ថានឧត្តមសិក្សាដែលប្អូនៗបានស្នើមុខជំនាញទី ១ កន្លងមក»។ លោកបញ្ជាក់ថា ក្នុងករណីបេក្ខជនមានការយឺតយ៉ាវ គ្រឹះស្ថានឧត្តមសិក្សានឹងពិនិត្យសំណើសុំអាហារូបករណ៍របស់បេក្ខជនបម្រុងផ្សេងទៀត។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ ចំពោះសិស្សដែលជាប់ចំណាត់ថ្នាក់សិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា រូបវិទ្យា និងអក្សរសាស្ដ្រខ្មែរដែលក៏ត្រូវបានឲ្យជាប់បាក់ឌុបដោយស្វ័យប្រវត្តិនៅក្នុងឆ្នាំ ២០២០ ដែរនោះមានសិទ្ធិទទួលបានអាហារូបករណ៍ដោយស្វ័យប្រវត្ថិចំនួន ១ មុខជំនាញប្រសិនបើពួកគេជ្រើសរើសយកមុខជំនាញដែលត្រូវនឹងមុខវិជ្ជាពូកែដែលពួកគេបានរៀន។
ចំពោះសិស្សក្រីក្រដែលមានឪពុក ឬម្ដាយស្លាប់ត្រូវភ្ជាប់សំបុត្រមរណភាពរបស់ឪពុក ឬម្ដាយ និងករណីឪពុកម្ដាយលែងលះគ្នាត្រូវភ្ជាប់សាលក្រមតុលាការស្ដីពីការផ្ដាច់សង្វាស។ ចំពោះសិស្សដែលមានពិការភាពហើយបានដាក់ពាក្យស្នើសុំអាហារូបករណ៍តាមវិទ្យាល័យដែលខ្លួនបានរៀនមានសិទ្ធិទទួលបានអាហារូបករណ៍ដោយស្វ័យប្រវត្ដិចំនួន ១ កន្លែងលើមុខជំនាញដែលមិនតម្រូវឲ្យមានការប្រឡង។
រដ្ឋមន្ដ្រីក្រសួងអប់រំលោក ហង់ជួន ណារ៉ុន កាលពីថ្ងៃទី ៣០ ខែធ្នូបានជូនដំណឹងដល់សិស្សដែលត្រូវបានកំណត់ឲ្យជាប់បាក់ឌុបទាំងអស់រួសរាន់ទៅដាក់ពាក្យនៅតាមគ្រឹះស្ថានឧត្តមសិក្សាដែលបេក្ខជនធ្លាប់បានជ្រើសរើសពេលកំពុងសិក្សានៅវិទ្យាល័យ ដើម្បីទទួលបានអាហារូបករណ៍។
បើតាមសេចក្ដីជូនដំណឹងបេក្ខជនដែលបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះដើម្បីទទួលបានអាហារូបករណ៍ចូលរៀន ថ្នាក់បរិញ្ញាបត្រ មិនបង់ថ្លៃសិក្សា ១០០ ភាគរយ នៅតាមគ្រឹះស្ថានឧត្តមសិក្សាដែលបេក្ខជនបានដាក់ពាក្យស្នើសុំកន្លងមក (ពេលកំពុងសិក្សានៅថ្នាក់ទី ១២) សូមបេក្ខជនប្រញាប់រួសរាន់ទៅដាក់ពាក្យនៅតាមគ្រឹះស្ថានឧត្តមសិក្សាដែលបេក្ខជនបានជ្រើសរើស «មុខជំនាញទី ១» កន្លងមក។
ក្រសួងអប់រំបានបញ្ជាក់ថា គ្រឹះស្ថានឧត្តមសិក្សានីមួយៗនឹងធ្វើការជ្រើសរើសទៅតាមចំនួន និងប្រភេទអាហារូបករណ៍មានសិស្សទូទៅ សិស្សជានារី សិស្សក្រីក្រ សិស្សមកពីតំបន់ជួបការលំបាក និងសិស្សមានពិការភាព (ជាប់ដោយស្វ័យប្រវត្តិ) ដូចបានកំណត់នៅក្នុងសៀវភៅកម្រង ព័ត៌មានសម្រាប់បេក្ខជនស្នើសុំអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា ១០០ ភាគរយ នៅតាមគ្រឹះស្ថានឧត្តមសិក្សាសម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ដែលបានផ្សព្វផ្សាយកន្លងមក។
ក្រសួងបញ្ជាក់ថា ក្នុងករណីបេក្ខជនមិនបានទៅដាក់ពាក្យទាន់ពេលវេលា នោះបេក្ខជននឹងបាត់បង់ឱកាសក្នុងការទទួលបានអាហារូបករណ៍។
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) លើកឡើងថា ក្រសួងអប់រំគួរផ្ដល់អាហារូបករណ៍ដល់សិស្សទៅតាមតម្រូវការផ្ទាល់របស់គ្រឹះស្ថានឧត្ដមសិក្សាដែលចង់បានសិស្សចូលរៀន។ លោកស្រីបញ្ជាក់ថា៖ «បើអនុវត្ដបែបនេះ សិស្សគាត់អាចមានភាពងាយស្រួលក្នុងការស្នើសុំ ឬជ្រើសរើសអាហារូបករណ៍នៅគ្រឹះស្ថានឧត្ដមសិក្សាដែលពួកគាត់ចង់រៀនបន្ត»៕
វីដេអូ៖