ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​សហការ​ជាមួយ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ និង​អង្គការ UNDP បាន​ធ្វើ​សន្និសីទ​ស្ដីពី «​យុវជន និង​បច្ចេកវិទ្យា​» នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ដើម្បី​បង្ហាញ​យុវជន​ឱ្យ​ត្រៀមខ្លួន​ក្នុង​យុគសម័យ​ឌីជីថល ដោយ​ត្រូវ​ខិតខំ​រៀនសូត្រ​ឲ្យ​មាន​ចំណេះ​ដឹង​ខ្ពស់ ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ប្រទេសជាតិ​។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថ្លែង​ក្នុងពេល​បើក​សន្និសីទ​នេះ​កាលពី​ម្សិលមិញ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​ឆ្នាំ​ ២០៣០ ដើម្បី​ប្រែក្លាយ​កម្ពុជា​ឱ្យ​ក្លាយ​ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម កម្រិត​ខ្ពស់ និង​ឆ្នាំ​ ២០៥០ ជា​ប្រទេស​មាន​ប្រាក់ចំណូល​កម្រិត​ខ្ពស់​។ ដូច្នេះ​ក្រសួង​អប់រំ​បាន​ដាក់​ចេញ​នូវ​របៀបវារៈ កំណែទម្រង់​វិស័យ​អប់រំ​ក្នុង​គោលដៅ​លើកកម្ពស់​គុណភាព​អប់រំ​ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​វិស័យ​អប់រំ​ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ឱ្យមាន​គុណភាព​ខ្ពស់ និង​ឆ្លើយតប​នឹង​ចក្ខុវិស័យ និង​បរិបទ​សេដ្ឋកិច្ច​ថ្មីៗ​នេះ​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​គោលដៅ​នៃ​សន្និសីទ​នេះ​គឺ​ដើម្បី​ត្រៀមខ្លួន​ថា តើ​យុវជន​យើង​នៅក្នុង​យុគសម័យ​ឌីជីថល​នេះ​ត្រូវ​ត្រៀមខ្លួន​យ៉ាង​ដូចម្ដេច​? ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​សាកលវិទ្យាល័យ ជាតិ​គ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ក៏ដូចជា​អង្គការ UNDP ដែល​បាន​សហការ​គ្នា​រៀបចំ​សន្និសីទ​នេះ​ឡើង​ ដើម្បី​ជម្រាបជូន​ដល់​យុវជន តើ​ថា​យុវជន​កម្ពុជា​សម័យ​ថ្មី​នេះ​ត្រូវ​មាន​គុណសម្បត្ដិ​យ៉ាងដូចម្ដេច និង​ត្រៀមលក្ខណៈ​យ៉ាងដូចម្ដេច ដើម្បី​ឆ្លើយតប​ទៅ​នឹង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​យុគសម័យ​ថ្មី​នេះ​»​។

លោក​រដ្ឋមន្ដ្រី​បន្ដថា​ក្នុង​រយៈពេល​ ៦ ​ឆ្នាំ​កន្លង​ទៅ​នេះ​ក្រសួង​ក៏បាន​ដាក់ចេញ​នូវ​របៀបវារៈ កំណែទម្រង់​វិស័យ​អប់រំ​គ្រប់​កម្រិត ទាំង​កម្រិត​បឋមសិក្សា មធ្យមសិក្សា តាមរយៈ​ការបង្កើត​សាលារៀន​ជំនាន់​ថ្មី និង​ការបណ្ដុះបណ្ដាល​ផ្នែក​បច្ចេកវិទ្យា ជាពិសេស​ផ្នែក​បង្រៀន​វិទ្យាសាស្ដ្រ​ និង​បច្ចេកវិទ្យា​។ ក្រសួង​ក៏បាន​វិនិយោគ​កាន់តែ​ច្រើន​ទៅលើ​សាកលវិទ្យាល័យ ដើម្បីឱ្យ​សាកលវិទ្យាល័យ​ត្រៀមខ្លួន​ផងដែរ​។ លោក​បន្តថា​៖ «​ការអប់រំ​តាមបែប​ឌីជីថល​នេះ​មាន​គោលដៅ​ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និង​សង្គម ជាពិសេស​ដើម្បី​ត្រៀមលក្ខណៈ​ក្នុង​ការបង្កើត​ទីក្រុង​វៃឆ្លាត និង​ការបង្កើត​អគារ​វៃឆ្លាត​»​។

លោក​រដ្ឋមន្ដ្រី​បាន​ណែនាំ​ថា យុវជន​ត្រូវ​ចេះ​ប្រើ​ទាំង​បច្ចេកវិទ្យា និង​ត្រូវមាន​ទាំង​ចំណេះដឹង​ទាំង​បំណិន​សម្រាប់​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ និង​ត្រូវមាន​ភាព​ជា​អ្នកដឹកនាំ​ផងដែរ​។ ការអប់រំ​តាមបែប​ឌីជីថល​នេះ​ទាមទារ​នូវ​បុគ្គលិក​លក្ខណៈ​របស់​យុវជន​ខ្លាំង​គឺ​ត្រូវ​ចេះ​ធ្វើ​ការងារ​ជា​ក្រុម ចេះ​ប្រើប្រាស់​ឧបករណ៍​ឌីជីថល មានដូចជា អ៊ែប (App) ផ្សេងៗ​ជាដើម​។ យុវជន​ត្រូវ​មាន​ការទទួល​ខុសត្រូវ​មាន​ការប្ដេជ្ញា​ចិត្ដ​ខ្ពស់ ហើយ​ត្រូវ​រៀន​ជាប់​ជានិច្ច​ពេញ​មួយជីវិត ដើម្បី​ចាប់​យក​ជា​ជំនាញ​ថ្មី និង​ចេះ​ផ្សុំា​ខ្លួន​ទៅនឹង​សភាពការណ៍​ដែល​ប្រែប្រួល​។

លោក​រដ្ឋមន្ដ្រី​បញ្ជាក់ថា​៖ «​កម្ពុជា​ត្រូវការ​ធនធាន​មនុស្ស​ដែល​មាន​គុណភាព​ខ្ពស់​អាច​ប្រកួតប្រជែង​បាន​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់​។ ដូច្នេះ​គោលដៅ​នៃ​ការអប់រំ​របស់​យើង​គឺ​ធ្វើយ៉ាងណា​ឱ្យ​យុវជន​អាច​ត្រៀមខ្លួន​មាន​ទាំង​វិជ្ជា​សម្បទា បំណិន​សម្បទា កាយសម្បទា ចរិយាសម្បទា និង​ជា​ពលរដ្ឋ​ល្អ​ចូលរួម​ចំណែក​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​»​។

លោក ហោ ប៉េង សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ថ្លែង​បញ្ជាក់ដែរ​ថា សន្និសីទ​នេះ​មាន​អ្នកចូលរួម​ជា​យុវជន និង​និស្សិត​ជិត​ ២ ​ពាន់​នាក់​ពី​គ្រឹះស្ថានឧត្ដមសិក្សា និង​អង្គការ​យុវជន​នៅ​តាម​ស្ថាប័នរដ្ឋ និង​ឯកជន​។

លោក​បន្ដថា សន្និសីទ​នេះ​មាន​គោលបំណង ចែករំលែក​ចំណេះដឹង បន្ថែម​ពី​និន្នាការ​ថ្មី​នៃ​ការវិវឌ្ឍ​បច្ចេកវិទ្យា​របស់​ពិភពលោក បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ ភាពជឿនលឿន​នៃ​បច្ចេកវិទ្យា​សេដ្ឋកិច្ច​ឌីជីថល និង​សក្ដានុពល​នៃ​ទីផ្សារ​ការងារ​ដែល​បង្កើតឡើង​ដោយ​បច្ចេកវិទ្យា​នេះ ដើម្បី​ឱ្យ​យុវជន​អាច​រៀបចំ​ខ្លួន និង​ត្រៀមខ្លួន​សម្រាប់​ការងារ​ថ្មីៗ​ក្នុង​ពេល​អនាគត​។

លោក​ថ្លែងថា​៖ «​សន្និសីទ​នេះ​ក៏​មាន​គោលបំណង ចែករំលែក​ព័ត៌មាន​ពាក់ព័ន្ធ​មួយ​ចំនួន និង​ចំណេះដឹង​ជាក់ស្ដែង​ផ្ដល់ជូន​ដល់​យុវជន​និស្សិត​ដែល​មាន​ចំណាប់អារម្មណ៍​ស្វែងយល់​ពី​របៀប​បង្កើត​កម្មវិធី​ឌីជីថល​ទាក់ទង​នឹង​ការងារ​យុវជន​ដែល​ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​យក​ចិត្ដ​ទុកដាក់​ក្នុង​ការរៀបចំ​បង្កើត​ឱ្យមាន​កម្មវិធីសិក្សា​ថ្មីៗ​បន្ថែមទៀត​»​។

លោក ហោ ប៉េង បង្ហាញ​ថា​សេដ្ឋកិច្ច​ពិភពលោក​កំពុង​មាន​ការផ្លាស់ប្ដូរ ដោយសារ​ការវិវឌ្ឍ​ដ៏ឆាប់រហ័ស និង​កំណើន​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​។ ទោះបី​ជា​សម្ទុះ​នៃ​ការផ្លាស់ប្ដូរ​ផ្នែក​ប្រព័ន្ធ​ឌីជីថល​មាន​ភាពខុសគ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត​ក្ដី​ក៏​បំផ្លាស់ប្ដូរ​នេះ​បាន​ជះឥទ្ធិពល​លើ​បណ្ដា​ប្រទេស​ទាំងអស់​លើ​ពិភពលោក​។ ការផ្លាស់ប្ដូរ​នេះ​អាច​ជា​ឱកាស​ផងដែរ និង​ជា​ការប្រឈម​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​៕