ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​ប្រកាស​ឲ្យ​មន្ទីរអប់រំ ឬ​អង្គភាព​ក្រោម​ឱវាទ​ទីស្តីការ​ក្រសួង​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ផ្អាក​ការផ្លាស់ប្តូរ​ទីកន្លែង​បម្រើ​ការងារ​របស់​បុគ្គលិក​អប់រំ​ក្នុង​ឆ្នាំ​នេះ ដើម្បី​ពិនិត្យ និង​ដោះស្រាយ​ស្ថានភាព​លើស-ខ្វះ​គ្រូបង្រៀន​នៅ​តាម​គ្រឹះស្ថានសិក្សា​។

សេចក្តី​ជម្រាប​ជូន​ចេញ​ថ្ងៃទី​ ៥ មិថុនា ចុះហត្ថលេខា​ដោយ​លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឲ្យ​ដឹងថា ការសម្រេច​នេះ​គឺ​ដើម្បី​ឲ្យ​ក្រសួង​អប់រំ​មាន​មូលដ្ឋាន​ក្នុង​ការបន្ត​ពិនិត្យ និង​ដោះស្រាយ​ស្ថានភាព​លើស-ខ្វះ​គ្រូបង្រៀន ជាពិសេស​គ្រូបង្រៀន​កម្រិត​ឧត្តម​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ​។

ក្រសួង​អប់រំ​បាន​បញ្ជាក់ថា​៖ «​ក្រសួង​សម្រេច​ផ្អាក​ការផ្លាស់ប្តូរ​ទីកន្លែង​បម្រើ​ការងារ​របស់​បុគ្គលិក​អប់រំ​ទាំង​ការផ្លាស់ប្តូរ​ក្នុង​រាជធានី-ខេត្ត និង​ការផ្លាស់ប្តូរ​ឆ្លង​រាជធានី-ខេត្ត​សម្រាប់​ឆ្នាំ​ ២០២០​។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​នេះ​សូម​ឯកឧត្តម លោកជំទាវ លោក លោកស្រី ចាត់ចែង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ និង​មាន​ចំណាត់​ការបន្ត​តាម​ការគួរ​»​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ដោយសារ​តែ​កម្ពុជា​នៅ​មាន​បញ្ហា​ខ្វះ​គ្រូបង្រៀន​ទើប​តម្រូវ​ឲ្យ​ក្រសួង​ត្រូវ​រៀបចំ​ផែនការ​ក្នុង​ពេល​ខាងមុខ ដើម្បី​ជ្រើសរើស​គ្រូបង្រៀន​បន្ថែម​សម្រាប់​បំពេញ​កន្លែង​ខ្វះខាត​។ លោក​បន្តថា ការជ្រើសរើស​គ្រូ​បន្ថែម​នេះ​ក៏​ដើម្បី​ឆ្លើយតប​ទៅនឹង​ចំនួន​សិស្សានុសិស្ស​បច្ចុប្បន្ន និង​អនាគត បើទោះ​ជា​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩ មិនទាន់​មាន​ការចុះថយ​ក៏ដោយ​។

លោក​បញ្ជាក់ថា​៖ «​ការផ្អាក​ការផ្លាស់ប្តូរ​ទីកន្លែង​បម្រើ​ការងារ​របស់​បុគ្គលិក​អប់រំ​ក្នុង​ឆ្នាំ​នេះ គឺជា​ករណី​ថ្មី ដោយសារ​ក្រសួង​អប់រំ យុវជន និង​កីឡា​មាន​ផែនការ​ជ្រើសរើស​គ្រូបង្រៀន​កម្រិត​ឧត្ដម បង្រៀន​នៅ​វិទ្យាល័យ​ឱ្យ​គ្រប់​តាម​តម្រូវការ​នាពេល​ខាង​មុខ​។

បើ​តាម​លោក​ រស់ សុវាចា បាន​ឲ្យ​ដឹង​​ថា​នៅ​ឆ្នាំ​ ២០២០ ​នេះ​គ្រូបង្រៀន​គ្រប់​កម្រិត​នៅ​ទូទាំង​ប្រទេស​មាន​ប្រមាណ​ ១២ ​ម៉ឺន​នាក់​។ តាម​ផែនការ ក្រសួង​ត្រូវការ​ជ្រើសរើស​គ្រូបង្រៀន​កម្រិត​ឧត្ដម​បន្ថែម ដើម្បី​បំពេញ​ការខ្វះ​គ្រូ​ប្រមាណ​ ៣ ០០០ ​នាក់​។

លោកស្រី​ អ៊ុក ឆាយ៉ា​វី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លើកឡើង​ថា​ក្នុង​អំឡុង​ពេលនេះ​បើ​ពិតជា​មាន​ការជ្រើសរើស​គ្រូបង្រៀន​បន្ថែម​មែន​នោះ គឺ​គ្រាន់តែ​ជា​ការខ្ជះខ្ជាយ​ថវិការដ្ឋ​ប៉ុណ្ណោះ​។ ព្រោះ​អំឡុង​ពេល​កូវីដ​នេះ សូម្បី​តែ​គ្រូបង្រៀន ក៏​មិន​អាច​បំពេញ​ការងារ​របស់​ខ្លួន​បាន​ផង​។

លោកស្រី​បន្តថា​ផែនការ​ជ្រើសរើស​គ្រូបង្រៀន​ថ្មី​នេះ​អាច​គ្រាន់តែ​ជា​ការជ្រើសរើស បក្ខពួក​ ឬ​បុគ្គល​ដែលមាន​សែស្រឡាយ​របស់​ខ្លួន​តែប៉ុណ្ណោះ​។

លោកស្រី​បញ្ចាក់​ថា​៖ «​យើង​មើល​ចំពោះ​គ្រូបង្រៀន​ដែល​ថា​ខ្វះ​ហ្នឹង គឺ​ឃើញ​ថា​ដូចជា​មិន​ខ្វះ​ទេ​។ ព្រោះ​អី​គ្រូ​ច្រើន​ណាស់ ដែល​គាត់​បង្រៀន​អត់​គិត​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ ព្រោះ​អី អ្នកគ្រូ​លោកគ្រូ​យើង ដោយសារ​តែ​ប្រាក់ខែ​គាត់​តិច គាត់​ព្យួរ​កន្លែង​មួយ គាត់​ទៅ​បម្រើ​កន្លែង​មួយ​។ កន្លងមក​ប្រាក់ខែ​តិច​នៅ​សាលា​រដ្ឋ ពួកគាត់​នាំគ្នា​ទៅ​បង្រៀន​នៅ​សាលា​ឯកជន​។ គ្រាន់តែ​មាន​ឈ្មោះ​កូនខ្មោច​ [​មាន​ឈ្មោះ​អត់​បង្រៀន​] ​គឺ​មាន​ច្រើន​គួរសម​ដែរ ប៉ុន្តែ​គ្រាន់តែ​គេ​ធ្វើ​មិនដឹង​មិនឮ​»៕

វីដេអូ៖