
ក្មេងស្រីអាយុ ៥ ឆ្នាំ កំពុងអានសៀវភៅថ្នាក់ទី ៤ នៅក្នុងទិវាអំណានកន្លងមក។ រូបថត សហការី
កំពង់ស្ពឺៈ ដោយសារភាពឈ្លាសវៃ និងមានទេពកោសល្យពីកំណើត កុមារី អាយុ ៥ ឆ្នាំម្នាក់ត្រូវបានក្រសួងអប់រំ ឯកភាពឲ្យចុះឈ្មោះនាងចូលរៀនថ្នាក់ទី ៤ នៃសាលាបឋមសិក្សាតានួនតាមការស្នើសុំរបស់មន្ទីរអប់រំខេត្តកំពង់ស្ពឺ ខណៈដែលនាងតូចម្នាក់នេះ ចេះអាន និងចេះសរសេរអក្សរយ៉ាងច្បាស់ថែមទាំងអាចធ្វើលំហាត់ថ្នាក់ទី ៥ បានទៀតផង។
នាងតូចម្នាក់នេះត្រូវបានឪពុកម្ដាយនាងយកនាងទៅផ្ញើឲ្យរៀនជាមួយលោកគ្រូម្នាក់ក្នុងសាលានោះនាថ្ងៃបើកបវេសនកាលឆ្នាំ ២០១៧-២០១៨។
យោងលិខិតជូនដំណឹងចុះថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៨ ដែលបានចុះហត្ថលេខា និងត្រាដោយលោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបានកាលពីម្សិលមិញ កុមារីដ៏អស្ចារ្យនោះឈ្មោះ ប៊ី បាន់លក្ស្មី មានអាយុ ៥ ឆ្នាំ និង ២០ ថ្ងៃ។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំបានឲ្យដឹងតាមរយៈសារអេឡិចត្រូនិកថា នាងចេះអានអក្សរថ្នាក់ទី ៣ រហូតដល់ថ្នាក់ទី ៦ និង អាចធ្វើលំហាត់គណិតវិទ្យាថ្នាក់ទី ៥ ព្រមទាំងចេះនិយាយ និងសរសេរភាសាអង់គ្លេសថ្នាក់ទី ៤។
លោកបញ្ជាក់ថា៖ «មុនការសម្រេចចិត្តឯកភាពឲ្យកុមារីខាងលើចុះឈ្មោះចូលរៀនជាផ្លូវការនៅថ្នាក់ទី ៤ នៅក្នុងសាលាបឋមសិក្សាតានួនតាមសំណើរបស់មន្ទីរអប់រំខេត្តកំពង់ស្ពឺ បន្ទាប់ពីក្រសួងបានបញ្ជូនក្រុមគណៈកម្មការបច្ចេកទេស ចុះអង្កេត និងសាកល្បងសមត្ថភាពរបស់កុមារីដ៏ឆ្នើមនោះ និងបានឃើញលទ្ធផលដ៏អស្ចារ្យគឺនាងអាចអានអំណានថ្នាក់ទី ៣ ទី ៤ ...និង ថ្នាក់ទី ៦ ចេះដោះស្រាយគណិតវិទ្យាថ្នាក់ទី ៥ និងចេះនិយាយ និងសរសេរភាសាអង់គ្លេសថ្នាក់ទី ៤ បានយ៉ាងល្អប្រសើរ»។
លក្ស្មី ជាកូនស្រីទោលរបស់លោក ប៊ី ទិត្យសាវង្ស ជាគ្រូបង្រៀនផ្នែករូបវិទ្យានៃវិទ្យាល័យបសេដ្ឋ និងអ្នកស្រី សៀក ស្រីល័ក្ខ ជាគិលានុបដ្ឋាយិកានៃមណ្ឌលសុខភាពស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ក្នុងបទសម្ភាសកាលពីម្សិលមិញលោក ប៊ី ទិត្យសាវង្ស បានរៀបរាប់អំពីភាពអស្ចារ្យរបស់កូនស្រីរបស់លោកគឺកុមារី ប៊ី បាន់លក្ស្មី ថានៅពេលនាងមានអាយុ ៣ ឆ្នាំនាងចូលចិត្តមកអង្គុយស្ដាប់លោកអានកាសែត និងឯកសារផ្សេងៗទៀតទាក់ទងមុខវិជ្ជាបច្ចេកទេស វិទ្យាសាស្ត្រ រូបវិទ្យា របស់លោក។
លោកថ្លែងថា៖ «នាងមានការចងចាំខុសពីកុមារធម្មតាដែលមានវ័យប្រហាក់ប្រហែលនាង។ ក្នុងរយៈពេល ៣ សប្ដាហ៍ប៉ុណ្ណោះ នាងចេះចាំ និងស្គាល់ច្បាស់អស់ព្យញ្ជនៈ និង ស្រៈព្រមទាំងលេខដែលខ្ញុំ និងភរិយាខ្ញុំបានបង្រៀននាង» ។
លោក សាវង្ស បានបន្តថាលុះដល់នាងមានអាយុ ៤ ឆ្នាំលោកបានយកនាងទៅចុះឈ្មោះចូលរៀនភាសាអង់គ្លេសនៅក្នុងសាលាឯកជនមួយក្នុងស្រុកបសេដ្ឋ ហើយនៅផ្ទះលោក និងភរិយាលោកបានបង្រៀននាងអាន និងសរសេរអក្សរតាមសៀវភៅផ្សេងៗ ដូចជាសៀវភៅរឿងនិទាន សៀវភៅរៀនអាន និងគណិតវិទ្យាថ្នាក់ទី ១ ។
លោកបន្ថែមថា៖ «ពួកខ្ញុំទាំងពីរនាក់ប្ដីប្រពន្ធ មានការរំភើបចិត្តផង និងព្រួយបារម្ភផងនៅពេលដែលឃើញនាងរៀនមានការចងចាំដ៏ចម្លែកគឺក្នុងរយៈពេល ៦ ខែនាងរៀនចេះអាន និងសរសេរអក្សរថ្នាក់ទី ៣ និង ចេះដោះស្រាយលំហាត់គណិតវិទ្យាថ្នាក់ទី ២»។
ដោយពិនិត្យឃើញភាពឆ្លាតវៃរបស់កូនស្រីនៅថ្ងៃបើកបវេសនកាលដំបូងសម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨ នេះលោក សាវង្ស ក៏សម្រេចនាំនាងដែលទើបមានអាយុ ៥ ឆ្នាំទៅចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សាតានួន ប៉ុន្តែសាលាមិនទទួលចុះឈ្មោះទេ ព្រោះនាងមិនគ្រប់អាយុចូលរៀន។ នៅពេលនោះលោកក៏បានសម្រេចចិត្តផ្ញើនាង និងលោកគ្រូម្នាក់នៅក្នុងសាលានោះឲ្យជួយបង្រៀននាង គឺពីថ្នាក់ទី ១ ទៅតែនាងបានបដិសេធថានាងមិនរៀនថ្នាក់ទី ១ ទៀតទេ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំបានប្រាប់លោកគ្រូម្នាក់ឲ្យជួយទទួលបង្រៀននាងពីថ្នាក់ទី ១ ឡើងវិញ តែនាងបដិសេធថាមិនរៀនទេ ហើយថានាងចេះអស់ហើយ។ នៅពេលសួរថាតើកូនចង់រៀនពីថ្នាក់ទីប៉ុន្មាន នាងប្រាប់ថាចង់រៀនពីថ្នាក់ទី ៤ ឡើងទៅ។ ពេលនោះខ្ញុំគិតថា នាងទំនងជាមានបញ្ហាជំងឺសរសៃប្រសាទ និយាយផ្ដេសផ្ដាស។ ខ្ញុំប្រាប់នាងថា កូនរៀនមិនទាន់គេទេ ព្រោះថ្នាក់ខ្ពស់ហើយ កូនគួរចូលរៀនពីថ្នាក់ទី ១ ឡើងវិញទើបល្អណាមួយអាយុកូន គេមិនឲ្យរៀនថ្នាក់ធំអ៊ីចឹងទេ។ តែនាងនៅតែថា នាងមិនរៀនអ្វីដែលនាងរៀនរួចហើយនោះទេ»។
ទីបំផុតលោកក៏សម្រេចចិត្តតាមនាងគឺយកនាងទៅផ្ញើលោកគ្រូ ប្រាក់ សុទ្ធ ដែលបង្រៀននៅថ្នាក់ទី ៤ ក្នុងសាលាបឋមសិក្សានោះ។ ការសិក្សាបានប៉ុន្មានខែក្រោយមកនាងបានបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់នាងឲ្យលោកគ្រូអ្នកគ្រូក្នុងសាលានោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពិសេសនៅក្នុងអំឡុងខែកុម្ភៈឆ្នាំ ២០១៨ កន្លងទៅនេះក្នុងកម្មវិធីប្រឡងអំណានដែលជាកម្មវិធីរបស់ក្រសួងអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹង និង ស្វែងរកសិស្សដែលមានទេពកោសល្យ និងចំណេះដឹងពិតប្រាកដនោះនាងត្រូវបានលោកគ្រូ ប្រាក់ សុទ្ធ ចុះឈ្មោះឲ្យនាងចូលរួមប្រឡងអំណានជាមួយសិស្សក្នុងសាលានោះ ហើយនាងបានចំណាត់ពិន្ទុខ្ពស់ជាងគេប្រចាំសាលា។
ជុំវិញករណីនេះលោក ប្រាក់ សុទ្ធ ដែលជាគ្រូរបស់នាងបាននិយាយថា៖ «ខ្ញុំរំភើបចិត្តជាខ្លាំងនៅពេលស្ដាប់នាងអាន អត្ថបទមេរៀនគឺនាងអានបានល្អឥតខ្ចោះ គឺមិនទាក់នោះទេ។ ខ្ញុំអាចនិយាយបានថា នាងពូកែ និងឆ្លាតវៃ ខ្លាំងណាស់ គឺឆ្លាតជាងកូនចៅខ្ញុំទៅទៀត ខណៈនាងទើបតែមានអាយុ ៥ ឆ្នាំប៉ុណ្ណោះ»។
ភាពអស្ចារ្យរបស់នាងត្រូវបានល្បីសុសសាយដល់ថ្នាក់ការិយាល័យអប់រំស្រុកបសេដ្ឋ ក្រោយពីនាងប្រឡងជាប់ផ្នែកអំណានថ្នាក់ស្រុកដែលនឹងត្រូវទៅចូលរួមប្រឡងប្រជែងបន្តនៅថ្នាក់ខេត្ត។ លោក សុទ្ធ បានបន្តថា ប៉ុន្តែដោយនាងជាសិស្សបញ្ញើ ដែលគ្មានឈ្មោះក្នុងបញ្ជីឈ្មោះសិស្សចូលរៀនថ្នាក់ទី ៤ សាលាក៏សម្រេចចិត្តមិនបញ្ជូននាងឲ្យចូលរួមការប្រកួតប្រជែងនោះទេ ព្រោះបារម្ភខ្លាចក្រសួងមិនអនុញ្ញាត។
លោក ប្រាក់ សុទ្ធ បានបន្ថែមថាដោយមើលឃើញពីទេពកោសល្យរបស់នាង លោកនាយកសាលាក៏បានសម្រេចសរសេរសំណើមួយតាមរយៈការិយាល័យអប់រំស្រុកបសេដ្ឋទៅកាន់មន្ទីរអប់រំខេត្តកំពង់ស្ពឺ ដើម្បីជួយអន្តរាគមន៍បន្តទៅលោករដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា ពិនិត្យ និងសម្រេចទៅលើសេចក្ដីស្នើសុំចុះឈ្មោះរបស់កុមារី ប៊ី បាន់លក្ស្មី ជាសិស្សរៀនថ្នាក់ទី ៤ នៅសាលាបឋមសិក្សាតានួន ហើយសំណើនេះត្រូវបានលោករដ្ឋមន្ត្រីចារឯកភាពជាគោលការណ៍រួចហើយកាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៨។
គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំមុន កុមារា អាយុ ១១ ឆ្នាំម្នាក់នៅខេត្តតាកែវ មានទេពកោសល្យខ្ពស់អាចដោះស្រាយលំហាត់គណិតវិទ្យាថ្នាក់ទី ១២ បានយ៉ាងល្អឥតខ្ចោះ ហើយត្រូវបានក្រសួងអប់រំ យុវជន និងកីឡាសម្រេចឲ្យចូលរៀននៅថ្នាក់ទី ៩ ក្រោយសាកល្បងពីសមត្ថភាពលើចំណេះដឹងទូទៅរបស់គេរួចមក។
ទាំងនេះជាសញ្ញាមួយដែលបង្ហាញថា កុមារកម្ពុជាមានចំណេះដឹង និង ទេពកោសល្យខ្ពស់មិនចាញ់កុមារក្នុងបណ្ដាប្រទេសជឿនលឿនដទៃទៀតក្នុងពិភពលោកនោះទេ៕