
មន្ត្រីកម្ពុជា និងហុងគ្រីក្នុងថ្ងៃព្រឹត្តិការណ៍ ៣ វិច្ឆិកា។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញអង្គភាពក្រោមឱវាទចំនួន ១៩ អង្គភាពមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា ក្នុងនោះមាន មន្ទីរអប់រំខេត្តចំនួន ២ ក្លិបហាត់ការ៉ាតេដូចំនួន ១ គ្រឹះស្ថានសិក្សាសាធារណៈចំនួន ៦ និងគ្រឹះស្ថានសិក្សាឯកជនចំនួន ១ ប៉ុន្តែក្រសួងកំពុងផ្អាកសកម្មភាពស្ថាប័នទាំងនោះជាបណ្ដោះអាសន្ន។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាលោក រស់ សុវាចា បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ការរកឃើញស្ថាប័នជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា នេះ គឺគិតត្រឹមយប់ថ្ងៃទី ១០ ខែវិច្ឆិកា ប៉ុន្តែក្រសួងអប់រំ បានចាត់ចែងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន។
លោកបានថ្លែងថា៖ «ក្រសួងបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនជាបណ្តោះអាសន្នរយ:ពេល ២ សប្តាហ៍ និងបន្តការសិក្សាតាមអនឡាញនៅរាជធានីភ្នំពេញទីរួមខេត្តកណ្តាល និងទីតាំងគោលដៅ។...ផ្អាកដំណើរការជាបណ្តោះអាសន្ននៅពហុកីឡដ្ឋានជាតិអូឡាំពិករហូតដល់មានការជូនដំណឹងជាថ្មី»។
លោក រស់ សុវាចា បានបន្តថា សមាជិកមួយចំនួនមកពីគ្រឹះស្ថានសិក្សាសាធារណៈទាំង ៦ នោះបានទទួលទានអាហារ និងមួយចំនួនទៀតបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា។ ចំណែកគ្រឹះស្ថានសិក្សាឯកជនចំនួន ១០ គឺមាតាបិតាសិស្សដែលសិក្សានៅទីនោះ បានប៉ះពាល់ និងទទួលទានអាហារជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា។
ចំណែកក្លិបហាត់ការ៉ាតេដូ ១ នៅពហុកីឡដ្ឋានជាតិអូឡាំពិកមានគ្រូបង្ហាត់ជាអង្គរក្សជនជាតិខ្មែរដែលការពារផ្ទាល់អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា និងមន្ទីរអប់រំយុវជន និងកីឡានៅខេត្តចំនួន ២ មានបុគ្គលិក និងសមាជិកគ្រួសារមួយចំនួនបានទទួលទានអាហារជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា។ នេះបើតាមលោក រស់ សុវាចា។
លោក សុវាចា បញ្ជាក់ថា៖ «ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់អ្នកពាក់ព័ន្ធក្រោមឱវាទទាំងអស់ មេត្តាបន្តរាយការណ៍ជូនក្រសួងតាមរយ:លេខទូរស័ព្ទ ០១២៣៣៥៩៩។...គ្រប់ភាគីពាក់ព័ន្ធត្រូវបន្តការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាពតាមគោលការណ៍ប្រតិបត្តិស្តង់ដារបស់ក្រសួង និងតាមការណែនាំរបស់ក្រសួងសុខាភិបាល»។
គួរបញ្ជាក់ផងដែរថា ក្រសួងអប់រំបានរកឃើញមាតាបិតា និងអ្នកអាណាព្យាបាលប្រមាណជា ៩០០ នាក់បានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី។
ជាមួយគ្នានេះដែរកាលពីម្សិលមិញ ក្រសួងសុខាភិបាលបានជូនព័ត៌មានថា គិតត្រឹមថ្ងៃទី ១១ វិច្ឆិកា ការធ្វើតេស្តអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា មានសរុប ១៤៨១ វត្ថុសំណាក (ទាំងលើកទី ១ និងលើកទី ២) ហើយលទ្ធផលវិជ្ជមានវីរុសកូវីដ១៩មានចំនួន ៤ នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
កាលពីថ្ងៃម្សិលមិញនេះដែរក្រសួងសុខាភិបាលបានបង្ហាញពីការរកឃើញវិជ្ជមានកូវីដ ១៩ លើស្រី្តជនជាតិអាមេរិក អាយុ ៣៥ ឆ្នាំម្នាក់ ដែលបានធ្វើដំណើរពីអាមេរិកបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ៤ ខែវិច្ឆិកា។
ការរកឃើញនេះជាលទ្ធផលធ្វើតេស្តលើកទី២ កាលពីថ្ងៃទី ៧ វិច្ឆិកា និងបានឃើញវិជ្ជមានកូវីដនៅថ្ងៃ ១០ វិច្ឆិកា ក្នុងចំណោមអ្នករួមដំណើរសរុបចំនួន ៦៦ នាក់។ រីឯ ៦៥ នាក់ដែលធ្វើតេស្តអវិជ្ជមានលើកទី ១ ត្រូវបានដាក់ធ្វើចត្តាឡីស័កនៅតាមសណ្ឋាគារចំនួន ៥ ក្នុងទីក្រុងភ្នំពេញចំនួន ៤៧ នាក់នៅវិទ្យាល័យពោធិ៍ចិនតុងចំនួន ១៦ នាក់ និងនៅស្ថានទូតអាមេរិកចំនួន ៣ នាក់។
គិតត្រឹមថ្ងៃម្សិលមិញប្រទេសកម្ពុជា បានរកឃើញមានអ្នកផ្ទុកវីរុសកូវីដ ១៩ សរុប ៣០១ នាក់ (ស្ត្រី ៦១ នាក់) ក្នុងនោះអ្នកបានព្យាបាលជាសះស្បើយចំនួន ២៨៨ នាក់ស្មើនឹង ៩៥,៦៨% និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតចំនួន ១៣ នាក់។
លោក សួស យ៉ារ៉ា សមាជិករដ្ឋសភាដែលទើបរកឃើញឆ្លងជំងឺនេះបានបង្ហោះសារលើហ្វេសប៊ុកលោកពីម្សិលមិញថា សុខភាពរបស់លោកពេលនេះធម្មតាមិនមានការវិវឌ្ឍណាមួយគួរឱ្យបារម្ភទេ។
លោកសរសេរថា៖ «...ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យស្ថានភាពខ្ញុំនៅធម្មតាមិនទាន់មានការវិវឌ្ឍណាមួយដែលគួរបារម្ភទេ...»។
ដោយឡែក រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានណែនាំឱ្យអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងទៅក្នុងសហគមន៍នៅកម្ពុជា។
លោកថា៖ «ត្រូវរក្សាគម្លាតសុវត្ថិភាពពីម្នាក់ទៅម្នាក់ទៀតដូចជា អង្គុយ ឈរ ឬឈររង់ចាំ ឬឈរជជែកគ្នាឱ្យនៅគម្លាតពីគ្នាយ៉ាងតិច ១,៥ ម៉ែត្រ»។
លោក ម៉ម ប៊ុនហេង បន្តថា ការប្រជុំ ការបណ្តុះបណ្តាល និងសិក្ខាសាលា ត្រូវធ្វើតាមអនឡាញ តែក្នុងករណីចាំបាច់ខានមិនបានត្រូវធ្វើនៅទីតាំងណាមួយធំទូលាយមានខ្យល់ចេញចូល និងរៀបចំឲ្យមានការរក្សាគម្លាតសុវត្ថិភាពពីម្នាក់ទៅម្នាក់ទៀតយ៉ាងតិច ១,៥ ម៉ែត្រឡើងទៅ។
ទាក់ទងនឹងបញ្ហានេះដែរ កាលពីម្សិលមិញ រដ្ឋបាលខេត្តកណ្តាលបានប្រកាសឱ្យមន្ត្រីដែលបម្រើការនៅសាលាខេត្ត អង្គភាពជំនាញជុំវិញខេត្ត រដ្ឋបាលស្រុក-ក្រុងត្រូវប្រញាប់ធ្វើតេស្តជំងឺកូវីដ១៩ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបង្អែកជ័យជម្នះ ក្រុងតាខ្មៅ ដើម្បីបញ្ចៀសហានិភ័យស្មានមិនដល់។
រដ្ឋបាលបន្តថា៖ «ត្រូវនាំគ្នាមកធ្វើតេស្តឱ្យទាន់ពេលវេលាបំផុត និងត្រូវអនុវត្តនូវវិធានសុខាភិបាល ហើយចំពោះមន្ត្រីរាជការក្នុងខេត្តដែលបានប្រកាសមានទំនាក់ទំនងដោយប្រយោល និងបានកំពុងធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យ និងផ្ទះត្រូវអនុវត្តឱ្យបានជាប់លាប់នូវវិធានចត្តាឡីស័ក ១៤ ថ្ងៃ តាមគោលការណ៍របស់ក្រសួងសុខាភិបាល»។
ដោយឡែកកាលពីម្សិលមិញនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងសុខាភិបាលបញ្ចេញម៉ាស់ចំនួន ២ លានដល់សាលារាជធានីភ្នំពេញ ដើម្បីចែកជូនពលរដ្ឋខ្វះខាតនៅក្នុងសហគមន៍ក្រីក្រដែលជាផ្នែកមួយនៃការការពារការឆ្លងកូវីដ ១៩ នេះ៕
វីដេអូ៖