ភ្នំពេញៈ ក្នុង​គោលបំណង​ដើម្បី​ដោះស្រាយ​បញ្ហា​អនក្ខរកម្ម ក្រសួង​អប់រំ​បាន​យក​ចិត្ត​ទុកដាក់​រៀបចំ​គោលនយោបាយ​អប់រំ​ក្រៅ​ប្រព័ន្ធ និង​គោលនយោបាយ​សិក្សា​ពេញ​ ១ ​ជីវិត​ រៀបចំ​លិខិត​បទដ្ឋាន​គាំទ្រ​ដែល​មាន​អនុក្រឹត្យ ប្រកាស និង​សេចក្តី​ណែនាំ​ការអនុវត្ត​កម្មវិធី​អប់រំ​ក្រៅ​ប្រព័ន្ធ និង​ផែនការ​យុទ្ធសាស្ត្រ​ និង​បង្កើន​កិច្ចសហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ផ្នែក​ឯកជន​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រសួង​ក៏​បាន​យក​ចិត្តទុក​ដាក់​លើ​ការផ្សព្វផ្សាយ​រៀបចំ និង​កែលម្អ​កម្មវិធីសិក្សា ដែល​មាន​កម្មវិធី​អក្ខរកម្ម​ថ្នាក់ជាតិ និង​កម្មវិធី​អក្ខរកម្ម​សម្រាប់​កម្មករ​នៅ​តាម​រោងចក្រ​សហគ្រាស​។ លើស​ពី​នេះ​ក្រសួង​ក៏​ផ្តល់​ក្របខ័ណ្ឌ​គ្រូ​អក្ខរកម្ម​ជាប់​កិច្ចសន្យា​ជាមួយ​ប្រាក់ឧបត្ថម្ភ​ប្រចាំ​ខែ​ពី ៥០ ​ភាគរយ​ ទៅ ៦០ ​ភាគរយ ​នៃ​ប្រាក់បៀវត្សរ៍​គ្រូ​បឋមសិក្សា​ចេញ​ថ្មី​។

លោក​បន្ត​ថា​ក្រសួង​ក៏​យក​ចិត្ត​ទុកដាក់​ផ្តល់​សម្ភារ​សម្រាប់​ដំណើរការ​ថ្នាក់រៀន និង​រៀបចំ​ដំណើរការ​ថ្នាក់​នៅ​តំបន់​ដែលមាន​អនក្ខរជន​ច្រើន​នៅ​តាម​រាជធានី​ខេត្ត​ទាំង​ ២៥ ​តាម​មណ្ឌល​អប់រំ​កែប្រែ ពន្ធនាគារ រោងចក្រ និង​សហគ្រាស​។

លោក​ សុវាចា ថ្លែង​ថា​៖ «​អក្ខរកម្ម​ជា​ស្ពាន​ចម្លង​អក្ខរជន​ទៅកាន់​ភាពរឹត​តែ​ភ្លឺស្វាង ដើម្បី​អភិវឌ្ឍន៍​បុគ្គល ក្រុមគ្រួសារ និង​សង្គមជាតិ​។ ដោយសារ​អក្ខរជន​ជា​កាតាលីករ​សកម្ម​ក្នុង​ការចូលរួម​លើក​កម្ពស់​ការងារ​សង្គម វប្បធម៌ និង​សេដ្ឋកិច្ច ក្រសួង​អប់រំ យុវជន និង​កីឡា​ទទួល​អនុវត្ត​អនុសាសន៍​សម្តេច​តេជោ (​ហ៊ុន សែន​) ​ជាពិសេស​ដើរតួ​សម្របសម្រួល​យន្ត​ការពាក់ព័ន្ធ​»​។

បើ​តាម​លោក រស់ សុវាចា អត្រា​អក្ខរកម្ម​យុវជន​អាយុ​ពី ១៥ ឆ្នាំ​ ដល់​ ២៤ ​ឆ្នាំ​ មាន ៩៤,៦ ភាគរយ និង​អត្រា​អក្ខរកម្មជន​ពេញវ័យ​មាន ៨២,៥ ភាគរយ​ នៅ​ឆ្នាំ​ ២០១៧​។

ក្នុង​ទិវា​អក្ខរកម្ម​ជាតិ​ថ្ងៃទី​ ៨ ខែ​ កញ្ញា​ខាងមុខ​ តាមរយៈ​សារ​លិខិត​កាលពី​ថ្ងៃទី​ ១៩ សីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា​ក្នុង​អាណត្តិ​ទី ៦ ​របស់​រដ្ឋាភិបាល ក្រសួង​អប់រំ​បាន​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ​បាន​បើក​ថ្នាក់​អក្ខរកម្ម​បាន ២៥ ​ថ្នាក់​ដល់​អ្នក​ជាប់​ឃុំឃាំង​ចំនួន ៥៩២ ​នាក់​ នៅ​តាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី-ខេត្ត​។

លោក ហ៊ុន សែន បន្ត​ថា​ការបើក​ថ្នាក់រៀន​នេះ​គឺ​ដើម្បី​ផ្តល់​ឱ្យ​អ្នក​ជាប់ឃុំឃាំង​ទទួល​បាន​ចំណេះដឹង ជំនាញ មុខរបរ ការចេះ​អាន ចេះ​សរសេរ ចេះ​គិត​លេខ និង​ចេះ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​។

លោក​បញ្ជាក់​ថា​៖ «​ពួកគេ​ (​អ្នក​ជាប់ឃុំ​) ​នឹង​មាន​ឱកាស​រៀនសូត្រ​បន្ត​លើ​ជំនាញ​មុខរបរ​ដើម្បី​រកប្រាក់​ចំណូល បន្ទាប់ពី​ទទួលបាន​សិទ្ធិសេរីភាព និង​ការ​ធ្វើ​សហរណកម្ម​ទៅក្នុង​សង្គមជាតិ​ឡើងវិញ​»​។ ក្រៅ​ពី​នេះ​លោក ហ៊ុន សែន បញ្ជាក់​ទៀត​ថា​ក្រសួង​អប់រំ​បាន​សហការ​ជាមួយ​វិស័យ​ឯកជន​នៅតាម​រោងចក្រ​ចំនួន​ ១១ ​ដោយ​ឱ្យ​កម្មករ​បាន​ចូលរៀន​កម្មវិធី​អក្ខរកម្ម​ដើម្បី​ធ្វើឱ្យ​ការបំពេញ​ការងារ​របស់​ពួកគេ​ប្រសើរ​ជាង​មុន និង​ជា​មូលដ្ឋានគ្រឹះ​ក្នុងការ​ស្វែងរក​ការងារ​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​ជាង​មុន​។ ម្ចាស់​រោងចក្រ​ក៏បាន​ទទួល​បាន​ប្រយោជន៍​ពី​កម្មវិធី​អក្ខរកម្ម​នេះដែរ​។

លោកនាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ស្ថាប័ន​ជាតិ អន្តរជាតិ សហគមន៍ និង​ប្រជាពលរដ្ឋ​ឱ្យ​យកចិត្ត​ទុកដាក់​ខ្ពស់​ជា​បន្តទៀត​ដល់​ការងារ​អក្ខរកម្ម ក៏ដូចជា​ការងារ​អប់រំ​ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ ដើម្បី​បន្ត​ចូលរួម​លើកកម្ពស់​ការងារ​អក្ខរកម្ម​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា អនក្ខរជន​នេះ​ជា​ជន​ដែល​សំខាន់​ដែល​ត្រូវ​ជួយ​។ កាលណា​ពួកគាត់​មិន​សូវ​ចេះអក្សរ សមត្ថភាព​ក្នុង​ការប្រកប​របរ​រកស៊ី​រស់នៅ​ក្នុងសង្គម​មាន​ជួប​បញ្ហា​។ ពួកគាត់​ត្រូវ​ទទួល​បាន​ការគាំទ្រ​ក្នុង​ការទទួល​បាន​ព័ត៌មាន​ជាក់លាក់ និង​ការបណ្តុះបណ្តាល​ដើម្បី​ឲ្យ​មាន​សមត្ថភាព​រក​ចំណូល​។

លោក គិមអេង បាន​ថ្លែង​ថា​៖ «​បញ្ហា​ដែល​យើង​ផ្តល់​វិជ្ជាជីវៈ គួរតែ​ធ្វើ​យ៉ាងណា​កុំឱ្យ​គ្នា​មក​រៀន​ដល់ទី​ក្រុង​។ ឲ្យ​គ្នា​រៀន​មាន​សមត្ថភាព​ដែល​អាច​ទៅ​រៀន​នៅតាម​ថ្នាក់ឃុំ​ថ្នាក់​អីហ្នឹង រឿង​សំខាន់ ហើយ​ម្យ៉ាង​វិញ​ទៀត​គឺ​ត្រូវតែ​មាន​ទិន្នន័យ​ច្បាស់លាស់​ហើយ​និង​ការជួយ ជាពិសេស​ឃុំ សង្កាត់ អាច​យក​ថវិកា​ឃុំ​មួយ​ចំនួន ហើយ​យើង​បណ្តុះបណ្តាល កសាង​សមត្ថភាព​ឱ្យ​គាត់​ដែរ​»​។

បើ​តាម​លោក រស់ សុវាចា ក្រសួង​អប់រំ​បាន​សហការ​ជាមួយ​ដៃគូ​ជាច្រើន​ក្នុង​ការងារ​អក្ខរកម្ម​នេះ​ជាពិសេស​សហការ​ជាមួយ​អង្គការ​យូណេស្កូ (UNESCO)៕