ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​តាមរយៈ​ការណែនាំ​ពី​លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កំពុង​រៀបចំ​ដំណើរការ​បើក​សាលារៀន​ឡើងវិញ​ដោយ​ត្រូវ​ធ្វើ​ជា​ ៣ ​ដំណាក់កាល ក៏ប៉ុន្តែ​មិនទាន់​បាន​កំណត់ពេល​នៃ​ការចាប់ផ្ដើម​នៅឡើយ​ទេ​។ ​នេះ​បើតាម​អ្នក​នាំពាក្យ​ក្រសួង​អប់រំ​កាលពី​ម្សិលមិញ​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា តាម​អនុសាសន៍​ណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​លើ​ការបើក​ដំណើរការ​សាលារៀន​ទាំងអស់​ឡើង​វិញ​នេះ គឺ​ជំហរ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​តាម​ ៣ ​ដំណាក់កាល​គឺ​ដំណាក់កាល​ទី​ ១ បើក​សាលារៀន​មាន​ស្តង់ដា​សុវត្ថិភាព​ខ្ពស់ ដំណាក់កាល​ទី​ ២ បើក​សាលា​រៀនមាន​ស្តង់ដា​មធ្យម និង​ដំណាក់កាល​ទី​ ៣ បើក​សាលារៀន​មាន​ស្តង់ដា​អប្បបរមា​។

លោក​បាន​ថ្លែងថា​៖ «​សម្រាប់​ដំណាក់កាល​ទី​ ១ ក្រសួង​អប់រំ យុវជន និង​កីឡា បាននិង​កំពុង​សហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​សុខាភិបាល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដោយ​ពិភាក្សា​លើ​វិធានការ​សុខុមាលភាព និង​កត្តា​សង្គម​សេដ្ឋកិច្ច​»​។

លោក សុវាចា បាន​បញ្ជាក់ថា នាពេល​ខាងមុខ​នេះ​ក្រសួង​អប់រំ​នឹង​ជម្រាប​សាធារណជន​ពី​កាលបរិច្ឆេទ​ និង​វិធានការ​ចាំបាច់​នានា​សម្រាប់​ដំណាក់កាល​ទី​ ១​។ ចំណែក​ដំណាក់កាល​ទី​ ២ និង​ដំណាក់កាល​ទី​ ៣ ​គឺ​ចំណុះ​លើ​ដំណាក់កាល​ទី​ ១ ពោលគឺ​ក្រសួង​នឹង​ពិនិត្យ​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​លើ​ដំណាក់កាល​ទី​ ១ ​រួច​នឹង​បន្ត​ពិនិត្យ​ករណី​ដំណាក់កាល​ទី​ ២ និង​ដំណាក់កាល​ទី​ ៣ ដោយ​យោង​ទៅលើ​ផែនការ​ដែល​ក្រសួង​អប់រំ​បាន​រៀបចំ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​។

ទាក់ទង​នឹង​បញ្ហា​នេះ​កាលពី​ម្សិលមិញ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ដែលជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ រួមទាំង​ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល​ក៏​បាន​ប្រជុំពិភាក្សា​ជាមួយ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន​ និង​កីឡា​រួមទាំង​ក្រុម​ការងារ​​ផង​ដែរ ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ​ជា​បណ្តើរៗ​នេះ​។

យោងតាម​ហ្វេសប៊ុក​របស់​ក្រសួង​សុខាភិបាល​ដែល​បាន​​ផ្សព្វផ្សាយ​កាលពី​ម្សិលមិញ​ឱ្យ​ដឹងថា កិច្ចប្រជុំ​នេះ​គឺ​បាន​ពិនិត្យ​លទ្ធភាព​ក្នុង​ការបើក​ដំណើរការ​ឡើងវិញ​ជា​បណ្តើរៗ​នូវ​គ្រឹះស្ថាន​អប់រំ​អន្តរជាតិ​ស្តង់ដា​កម្រិត​ខ្ពស់​មួយចំនួន​។ ក៏ប៉ុន្តែ​ត្រូវ​គោរព​តាម​គោលការណ៍​សំខាន់ៗ​ស្រប​តាម​វិធានការ​សុខាភិបាល​ដើម្បី​ធានា​មិនឱ្យ​មាន​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដោយ​មាន​ការត្រួតពិនិត្យ និង​តាមដាន​ពី​ក្រុមការងារ​អន្តរក្រសួង​។

ជុំវិញ​ការងារ​នេះ​លោក ហង់ជួន ណារ៉ុន ធ្លាប់​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ពិធី​បើកការដ្ឋាន​ជួសជុល និង​កែលម្អ​អគារ​ «​មជ្ឈមណ្ឌល​សម្រាប់​ការអប់រំ​ឌីជីថល និង​ការអប់រំ​ពី​ចម្ងាយ​» ​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​កាលពី​ថ្ងៃ​ ២២ មិថុនា ថា​ក្រសួង​អប់រំ​បាន​រៀបចំ​យុទ្ធសាស្ត្រ​រួច​ហើយ​ក្នុង​ការរៀបចំ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​នេះ​។

លោក​ថា ការ​បើ​បើក​សាលារៀន​វិញ​គឺ​ចាប់ផ្ដើម​ដំណើរការ​​ពី​សាលា​ដែលមាន​ស្ដង់ដា​ខ្ពស់​។

ប៉ុន្ដែ​សាលា​ដែល​មាន​សិស្ស​កកកុញ​ដែល​មិនអាច​អនុវត្ត​បាន​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល​ ឬ​ក៏​អង្គការ​សុខភាព​ពិភពលោក​គឺ​មិន​ទាន់​អាច​អនុញ្ញាត​ឱ្យ​បើក​វិញ​ទេ​។

បើ​តាម​លោក ហង់ជួន ណារ៉ុន សិស្ស​ចំណេះដឹង​ទូទៅ​របស់​រដ្ឋ​ទាំងអស់​មាន ៣ លាន​នាក់​។

ប៉ុន្តែ​ក្នុង​ចំណោម​នោះ​មាន​សិស្ស​ប្រមាណ​តែ ១,៥ ​លាន​នាក់​ប៉ុណ្ណោះ​ដែល​ទទួល​បាន​សេវា​ការសិក្សា​តាម​ប្រព័ន្ធ​ឌីជីថល​ (​អនឡាញ​)​។ ចំណែក​សិស្ស​ ១,៥ ​លាន​នាក់​ទៀត​ត្រូវ​ពឹង​លើ​ការសិក្សា​តាម​សៀវភៅ​សិក្សា​គោល​របស់​ក្រសួង​អប់រំ​៕