
មន្ត្រីអប់រំ នៅក្នុងសិក្ខាសាលាស្តីពីការរៀបចំការប្រឡងបាក់ឌុបកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា។ រូបថត ក្រសួងអប់រំ
ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាបានណែនាំ និងរៀបចំមន្ត្រីជំនាញពាក់ព័ន្ធរួចរាល់អស់ហើយ ដើម្បីរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១-២២ ខែធ្នូ ខណៈបេក្ខជនដែលនឹងចូលរួមប្រឡងឆ្នាំនេះមានចំនួន ១២១ ២០១ នាក់ កើនលើសឆ្នាំមុនរហូតដល់ជាង ៤ ០០០ នាក់។
សហការជាមួយនឹងភាគីពាក់ព័ន្ធមួយចំនួនដើម្បីចូលរួមអង្កេតការណ៍ក្នុងអំឡុងពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលសម័យប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១-២២ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ។
លោក រស់ សុវាចា អ្នកនាំពាក្យនៃក្រសួងអប់រំប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ក្រសួងអប់រំបានបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរក្សាគុណភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយមានការចូលរួមពីស្ថាប័នមួយចំនួនដូចជា ក្រសួងមហាផ្ទៃ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួងសុខាភិបាលជាដើម។
លោកថ្លែងថា៖ «ក្រសួងមហាផ្ទៃនឹងបន្តផ្តល់នូវកិច្ចសហការតាមរយៈអាជ្ញាធរមូលដ្ឋានដោយបន្តចូលរួមរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយគ្រប់ដំណាក់កាលនៃការប្រឡងបាក់ឌុបនាឆ្នាំនេះ។ ចំណែកអង្គភាពប្រឆាំងអំពើពុករលួយនឹងបន្តចូលរួមត្រួតពិនិត្យគ្រប់ដំណាក់កាលនៃការប្រឡងបាក់ឌុបដូចឆ្នាំកន្លងមកដែរ»។
ចំណែកសហភាពសហព័ន្ធយុវជនកម្ពុជាបានចូលរួមបង្រៀនបំប៉នបន្ថែមដល់សិស្សានុសិស្ស ដែលជាបេក្ខជនប្រឡងដូចឆ្នាំមុនៗកន្លងមកដែរ ហើយក្រសួងសុខាភិបាលផ្តល់កិច្ចសហការតាមរយៈការផ្តល់មន្ត្រីសុខាភិបាលនៅតាមមូលដ្ឋាន ឯក្រសួងអប់រំបន្តយន្តការជំនួយការអប្បមាទដូចឆ្នាំមុន។
កាលពីថ្ងៃទី ២៣ ខែវិច្ឆិកាថ្នាក់ដឹកនាំក្រសួងអប់រំបានបើកសិក្ខាសាលាធ្វើការផ្សព្វផ្សាយពីតួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទ និងជំនួយការអប្បមាទទូទាំងប្រទេសដើម្បីឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ គឺជាអ្នកដឹកនាំសិក្ខាសាលានេះដោយផ្ទាល់មានអ្នកចូលរួមសរុបចំនួន ៩៥ រូបដែលពួកគាត់ជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត។ ប្រធានគណៈមេប្រយោគទាំងនោះរួមមាន នាយកគ្រឹះស្ថានបណ្ដុះបណ្ដាលចំនួន ២៥ រូបគ្រូចំនួន ២៣ រូប ប្រធានមន្ទីរ អប់រំ រាជធានី-ខេត្តចំនួន ២៥ នាក់ និងក្រុមការងារស្នូលគ្រូឧទ្ទេស អ្នកសម្របសម្រួល និងជំនួយការចំនួន ២២ រូប។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានឱ្យដឹងថា ជំនួយការអប្បមាទទូទាំងប្រទេសមានតួនាទីជាសេនាធិការ ឱ្យប្រធានអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌលប្រឡងលើការត្រួតពិនិត្យ និងសង្កេតមើលដំណើរការប្រឡងប្រចាំមណ្ឌល។ ជំនួយការអប្បមាទទូទាំងប្រទេសត្រូវជ្រើសរើសចេញពីគរុសិស្ស និងគរុនិស្សិតដែលមានភាពហ្មត់ចត់ ស្មោះត្រង់ សុចរិតភាព ស្នាដៃល្អ វាងវៃ និងមានស្មារតីទទួលខុសត្រូវខ្ពស់។
លោក សុវាចា លើកឡើងថា៖ «ភារកិច្ចជំនួយការអប្បមាទទូទាំងប្រទេសក្នុងដំណើរការប្រឡង គោរពតាមច្បាប់ លិខិតបទដ្ឋាន និងគោលការណ៍ណែនាំរបស់ក្រសួងអប់រំ គោរពតាមការណែនាំរបស់ប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត និងប្រធានគណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌល»។
ជំនួយការអប្បមាទត្រូវត្រួតពិនិត្យមើល ស្ថានភាពជុំវិញមណ្ឌលប្រឡង ច្រកចេញចូលមណ្ឌលហើយក្នុងពេលដំណើរការសំណេរ ជំនួយការអប្បមាទ ត្រូវឈរនៅក្រៅបន្ទប់ មើលទៅក្នុងតាមទ្វារ និងបង្អួច។ ជំនួយការអប្បមាទទូទាំងប្រទេសមានសិទ្ធិរាយការណ៍ពីភាពមិនប្រក្រតី ដល់អ្នកមានសមត្ថកិច្ច ជាពិសេសប្រធានអប្បមាទប្រចាំមណ្ឌល ប្រធាន អនុប្រធានមណ្ឌល អនុរក្ស និងឃ្លាំមើលចំណាត់ការ ប៉ុន្តែពួកគេមិនមានសិទ្ធយកទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិក កាបូប ឬសំពៀតចូលក្នុងមណ្ឌលប្រឡងឡើយ។
គណៈមេប្រយោគ និងគណៈកម្មការនានានៅមណ្ឌលសំណេរសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចែកចេញជា ៧ គណៈកម្មការ គឺគណៈកម្មការកោសល្យវិច័យ គណៈមេប្រយោគទូទាំងប្រទេសមណ្ឌលសំណេរ គណៈកម្មការអប្បមាទទូទាំងប្រទេសមណ្ឌលសំណេរប្រធានអនុប្រធានមណ្ឌលសំណេរ គណៈកម្មការកណ្តាលមណ្ឌលសំណេរ, គណៈកម្មការត្រួតពិនិត្យតាមអគារ និងគណៈកម្មការអនុរក្ស។
បើតាមតួលេខបណ្តោះអាសន្នរបស់ក្រសួងអប់រំ បេក្ខជនដែលចូលរួមប្រឡងសរុបមានចំនួន ១២១ ២០១ នាក់ (កើន ៤ ១៥៨ នាក់) ស្រីចំនួន ៦៣ ៩៣៧ នាក់ ឯចំនួនមណ្ឌលប្រឡងមាន ២៣៧ មណ្ឌល (កើន ៣៥ មណ្ឌល) និងចំនួនបន្ទប់មាន ៤ ៨៩១ បន្ទប់ (កើន ១៦៧ បន្ទប់)៕