ភ្នំពេញៈ មន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​យល់ព្រម​មិន​ឱ្យ​ធ្វើតេស្ដ​រក​ជំងឺ​កូវីដ​ ១៩​ លើ​សិស្ស​មុន​អនុញ្ញាត​ឱ្យ​សិស្ស​ចូលរៀន​ផ្ទាល់​នៅ​សាលា​នៅក្នុង​សាលារៀន​ចំនួន​ ២០ នៅក្នុង​រាជធានី​ភ្នំពេញ​ និង​បណ្ដា​ខេត្ត​មួយចំនួន ក្រោយពី​មាន​ការតវ៉ា​របស់​ឪពុកម្ដាយ​សិស្ស ថា​ការធ្វើ​តេស្ដ​លើ​សិស្ស គឺជា​រឿង​មិនចាំបាច់​។

លោក រស់ សុវាចា មន្ត្រី​នាំពាក្យ​ក្រសួង​អប់រំ​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​តាមរយៈ​តេឡេក្រាម​ថា ក្រសួង​បាន​ពិចារណា​ឡើងវិញ និង​បាន​ព្រមព្រៀង​គ្នា​ជាមួយ​ក្រសួង​សុខាភិបាល និង​ការយល់ព្រម​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​លើកលែង​ការតម្រូវ​ឱ្យ​សិស្ស​ត្រូវ​ធ្វើតេស្ដ​ជំងឺ​កូវីដ ​១៩ មុន​អនុញ្ញាត​ឱ្យ​ពួកគេ​ត្រឡប់​ចូលរៀន​នៅក្នុង​បរិវេណ​សាលា​ឡើងវិញ​។

លោក សុវាចា បាន​ឲ្យ​ដឹង​ទៀតថា​៖ «​ប្រសិនបើ​សិស្ស ឪពុកម្ដាយ​របស់​សិស្ស ឬ​សមាជិក​បុគ្គលិក​របស់​សាលារៀន​ទាំង​ ២០ បាន​ត្រឡប់​ពី​ក្រៅ​ប្រទេស​មក​កម្ពុជា​វិញ​មុន​ដើម​ខែ​មិថុនា ឬ​មិនបាន​ធ្វើដំណើរ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​។ ពួកគេ​មិន​តម្រូវ​ឱ្យ​ធ្វើតេស្ដ​ឡើយ​។ ក៏ប៉ុន្តែ​ប្រសិន​បើ​សិស្ស ឪពុកម្ដាយ​សិស្ស សមាជិក​បុគ្គលិក​របស់​សាលា​ទាំង​ ២០ បាន​ត្រឡប់​ពី​ក្រៅ​ប្រទេស​មក​កម្ពុជា​បន្ទាប់ពី​ដើមខែ​មិថុនា គឺ​ពួកគេ​ត្រូវតែ​ធ្វើតេស្ដ​រក​ជំងឺ​កូវីដ ​១៩»​។

ការកែសម្រួល​នេះ​បាន​កើតឡើង បន្ទាប់ពី​ក្រុម​ឪពុកម្ដាយ​ដែល​មាន​កូន​ត្រូវ​ចូលរៀន​នៅក្នុង​ការបើក​សាលារៀន​ដំណាក់កាល​ទី​ ១ ​នៅក្នុង​ខែសីហា​នេះ បាន​តវ៉ា​កាលពី​សប្ដាហ៍​មុន​មិន​ឱ្យ​សាលា​ធ្វើតេស្ដ​លើ​កូនៗ​របស់​ពួកគេ​ឡើយ ដោយ​ព្រួយបារម្ភ​ថា ការធ្វើ​តេស្ដ​នោះ​អាច​ធ្វើឱ្យ​កូនក្មេង​ឈឺច្រមុះ និង​មិន​ចាំបាច់​ដោយសារ​សិស្ស​នឹង​ត្រូវ​ធ្វើដំណើរ​ទៅវិញ​ទៅមក​ជា​រៀងរាល់​ថ្ងៃ​ពី​សាលា​មក​ផ្ទះ​វិញ​។

ការតវ៉ា​នេះ បន្ទាប់ពី​ក្រុម​ឪពុកម្ដាយ​បាន​ទទួល​លិខិត​ពី​ខាង​សាលា​ដែល​សាលា​អះអាង​ថា ក្រសួង​អប់រំ​បាន​តម្រូវ​ឱ្យ​ឪពុកម្ដាយ​ត្រូវ​យល់ព្រម​ឱ្យ​កូន​មក​ធ្វើតេស្ដ មុន​អនុញ្ញាត​ឱ្យ​ចូល​ទៅក្នុង​បរិវេណ​សាលារៀន ខណៈ​ខាង​សាលារៀន​បាន​តម្រូវ​ឱ្យ​ឪពុកម្ដាយ​ត្រូវ​បង់ថ្លៃ​ធ្វើតេស្ដ​ពី​ ១០០​ ​ដុល្លារ​ ទៅ​ ១១០ ​ដុល្លារ​ សម្រាប់​ការធ្វើ​តេស្ដ​លើ​សិស្ស​ម្នាក់​។

លោក សុវាចា ថ្លែងថា ជាទូទៅ​ក្រសួង​អប់រំ​តែង​ទទួលយក​មតិ​រិះគន់​ក្នុងន័យ​ស្ថាបនា​ពី​ក្រុម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ លិខិត​របស់​សាលារៀន​ឯកជន​អន្តរជាតិ​មួយ​ដែល​ភ្នំពេញប៉ុស្ដិ៍​ទទួលបាន​នៅ​ថ្ងៃ​ម្សិលមិញ​គឺ​បាន​ដកចេញ​លក្ខខណ្ឌ​ធ្វើតេស្ដ​។ ប៉ុន្តែ​មុន​បញ្ជូន​កូន​មក​សិក្សា​ផ្ទាល់​នៅ​សាលារៀន​ក្នុង​បរិបទ​កូវីដ ១៩ ឪពុកម្ដាយ​ត្រូវ​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ខ្លះ​ដូចជា​ត្រូវ​ពន្យល់​កូន​ឱ្យ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ពិធីសារ​អនាម័យ និង​ត្រូវ​បង់ថ្លៃ​សិក្សា​ពេញ​ទោះ​សិស្ស​ត្រូវ​ឆ្លាស់​វេន​ពេល​រៀន​នៅ​សាលា និង​តាម​អនឡាញ​ ១ ​សប្ដាហ៍​ម្ដង​ក៏ដោយ​៕