ភ្នំពេញៈ ក្រសួងអប់រំ យុវជននឹងកីឡាបានសម្រេចលុបចេញ និងកែតម្រូវខ្សែឃ្លីបវីដេអូបង្រៀនរបស់លោកសាស្ត្រាចារ្យ ឡុង សារិន តាមអនឡាញដល់សិស្សានុសិស្សត្រង់ចំណុចប្រៀបធៀបរវាងព្រះសង្ឃគណៈមហានិកាយ និងព្រះសង្ឃគណៈធម្មយុត្តិកនិកាយ ដែលបង្កើតឲ្យមានអធិករណ៍ឡើង។
ការសម្រេចលុបចេញ និងកែតម្រូវនូវខ្លឹមសារនៃឃ្លីបវីដេអូបង្រៀននូវមេរៀននេះបានធ្វើឡើងបន្ទាប់ពីគណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាបានចេញលិខិត ១ ច្បាប់ជូនលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាស្តីពី «ការណែនាំដល់សាស្ត្រាចារ្យ ឡុង សារិន បង្រៀននៅក្រុមហ៊ុន E-School Cambodia ដែលការបង្រៀនរបស់លោកសាស្ត្រាចារ្យរូបនេះធ្វើឲ្យប៉ះពាល់ដល់តម្លៃព្រះសង្ឃគណៈមហានិកាយយ៉ាងធ្ងន់ធ្ងរ»។
ផ្នែកមួយនៃការពន្យល់របស់លោកសាស្ត្រាចារ្យ ឡុង សារិន នៅក្នុងឃ្លីបវីដេអូបង្រៀនមុខវិជ្ជាតែងសេចក្តីស្ដីពី «ទសជាតក» កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៩ ដែលទើបត្រូវបានយកមកផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកសាជាថ្មីឡើងវិញនោះបានលើកឡើងអំពីការប្រតិបត្តិវិន័យរបស់ព្រះសង្ឃគណៈមហានិកាយ និងព្រះសង្ឃគណៈធម្មយុត្តិកនិកាយមកធ្វើការប្រៀបធៀបគ្នា។
ក្នុងឃ្លីបវីដេអូនោះលោក សារិន បានលើកថា៖ «ព្រះសង្ឃគណៈមហានិកាយ ពាក់ស្បែកជើង ប្រើទូរស័ព្ទ X-plus និងមានអង្គរក្សទៀតដល់ព្រះសង្ឃគណៈធម្មយុត្តិកនិកាយ វិន័យតឹង សម័យមានលុយហើយកាន់លុយមិនបាន ដើរ [និមន្ត] លើផ្លូវកៅស៊ូ ផ្លូវស៊ីម៉ងត៍ ក៏មិនប្រើស្បែកជើងដែរ»។
លោកបានបន្តថា៖ «ព្រះសង្ឃគណៈធម្មយុត្តិកនិកាយ ពេលបិណ្ឌបាត និមន្តត្រង់ទៅមុខ បើយើងមានសទ្ធាដាក់បាត្រ និមន្តព្រះអង្គគង់ នោះទើបព្រះអង្គគង់ប្រោសសត្វ។ តែព្រះសង្ឃគណៈមហានិកាយសូមសម្ដេចសង្ឃព្រះអង្គជ្រាបផង មិនដឹងថាព្រះសង្ឃក្លែងក្លាយ ឬមិនក្លែងក្លាយទេ ទ្វារយើងមិនទាន់បើកផងទៅដល់មុខបន្ទប់ហើយ មិនប្រមាថទេ តែជាការពិតហ៊ានដាក់ជីវិត ព្រោះធ្លាប់ឃើញតែមិនដឹងទៅចាប់យ៉ាងម៉េច ហើយនេះខ្ញុំសូមនិយាយការពិតទូលដល់សម្ដេចព្រះសង្ឃរាជ ដើម្បីរក្សាសាសនា»។
ការពន្យល់របស់លោក សារិន ដោយលើកយកចំណុចអវិជ្ជមានរបស់ព្រះសង្ឃគណៈមហានិកាយតែម្ខាងមកប្រៀបធៀបបែបនេះអាចបង្កឲ្យមានការជះឥទ្ធិពលមិនល្អដល់ផ្នត់គំនិតរបស់ពុទ្ធបរិស័ទ ចំពោះការប្រតិបត្តិព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន និងអនាគត និងត្រូវបានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាចាត់ទុកថា ជាការបន្តុះបង្អាប់ដល់ព្រះសង្ឃគណៈមហានិកាយ «ដល់បាតាល» និងលើកតម្កើងដល់ព្រះសង្ឃគណៈធម្មយុត្តិកនិកាយ «ដល់កំពូល» ដែលផ្ទុយទៅនឹងភាពពិតជាក់ស្ដែងនាពេលបច្ចុប្បន្ន។ នេះបើយោងលិខិតរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាជូនចំពោះលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីព្រឹកម្សិលមិញ។
ក្នុងលិខិតនោះសម្ដេចព្រះសង្ឃនាយក នន្ទ ង៉ែត និង សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស បានគូសបញ្ជាក់ថា៖ «ការលើកឧទាហរណ៍របស់គាត់ [ឡុង សារិន] ថាព្រះសង្ឃគណៈធម្មយុត្តិកនិកាយប្រព្រឹត្តវិន័យតឹងរ៉ឹងដូចលោកធុតង្គមិនកាន់លុយទោះក្នុងសម័យគេមានលុយក៏ដោយ មិនប្រើទូរស័ព្ទ និងមិនពាក់ស្បែកជើងជាដើម ហើយប្រើសម្ដីឡកឡាយបន្តុះបង្អាប់នឹងដាក់បន្ទាបព្រះសង្ឃគណៈមហានិកាយស្មើដោយបព្វជិត គ្មានវិន័យ ប្រព្រឹត្តធូររលុងប្រាសចាកធម៌វិន័យរបស់ខ្លួនហាក់ដូចជាអាក្រក់ណាស់ពិបាកនឹងគោរព។
ការណ៍នេះគណៈសង្ឃពុទ្ធសាសនាកម្ពុជាយល់ឃើញថា ការបង្រៀនរបស់សាស្ត្រាចារ្យរូបនេះត្រង់ចំណុចប្រៀបធៀបព្រះសង្ឃទាំង ២ គណៈគឺគ្មានមូលដ្ឋាន និងពិតជាខ្វះសុចរិតភាព ខ្វះការស្រាវជ្រាវស៊ីជម្រៅ គ្មានវិជ្ជាជីវៈជាគ្រូបង្រៀនគ្មានយុត្តិធម៌ គ្មានសច្ចធម៌ ការសន្និដ្ឋានខុសស្ថានភាពពិត ផ្ទុយនឹងគោលការណ៍របស់រាជរដ្ឋាភិបាលស្ដីពីសុខដុមនីយកម្មសាសនាដែលគណៈសង្ឃមហានិកាយពុំអាចទទួលយកបានឡើយ»។
ជុំវិញករណីនេះលោក អ៊ុយ ប៊ុនតារា អគ្គនាយកក្រុមហ៊ុន E-School Cambodia បានឆ្លើយតបតាមលិខិតមួយច្បាប់ប្រគេនសម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០ ថា ក្រុមហ៊ុនមានការសោកស្ដាយចំពោះអ្វីដែលបានកើតឡើងនេះ។
ប៉ុន្តែលោក ប៊ុនតារា បានគូសបញ្ជាក់ថា៖ «ក្រុមហ៊ុនយើងបានមើលហើយមើលទៀត ស្ដាប់ហើយស្ដាប់ទៀតនូវអត្ថន័យវីដេអូនោះឃើញថា ការពន្យល់របស់លោកសាស្ត្រាចារ្យ [ឡុង សារិន] មិនបានបន្តុះបង្អាប់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនៃយើងនោះទេ។ ផ្ទុយទៅវិញលោកគ្រូចង់លើកតម្កើងក្រើនរំឭក ជ្រោមជ្រែងព្រះពុទ្ធសាសនាឲ្យបានរឹងមាំ និងទទួលបានការគោរប្រតិបត្តិពីសំណាក់ពុទ្ធសាសនិកជនទៅវិញទេ។ ជាងនេះទៅទៀតមុនពេលលើកឧទាហរណ៍មកប្រៀបធៀបលោកបានសូមអភ័យទោសដល់សម្ដេចព្រះសង្ឃរាជជាមុនផងដែរ»។?
យ៉ាងណាក៏ដោយការបកស្រាយរបស់អគ្គនាយកក្រុមហ៊ុននេះមិនត្រូវបានគណៈសង្ឃនាយកទទួលយកនោះឡើយ ដោយអះអាងខ្លឹមសារនៃការបកស្រាយនោះមិនបានឆ្លុះបញ្ចាំងពីភាពខុសឆ្គងរបស់លោក ឡុង សារិន និងស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាធ្វើការណែនាំដល់សាស្ត្រាចារ្យរូបនេះឲ្យកែតម្រូវនូវការបង្រៀនរបស់ខ្លួនត្រង់ចំណុចប្រៀបធៀបនេះ និងចេញសុំទោសព្រះសង្ឃ និងពុទ្ធបរិស័ទជាសាធារណៈ។
លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រោយពីទទួលបានលិខិតពីគណៈសង្ឃនាយកស្ដីពីសំណើខាងលើនេះក្រសួងបានសម្រេចលុបចោល និងកែតម្រូវឃ្លីបវីដេអូបង្រៀនរបស់លោកគ្រូ ឡុង សារិន លើចំណុចប្រៀបធៀបនោះជាថ្មីឡើងវិញ។
លោកថ្លែងថាលោក ឡុង សារិន ជាសាស្ត្រាចារ្យចូលនិវត្តន៍ម្នាក់ដែលកំពុងបង្រៀននៅតាមសាលាឯកជន និង ថតវីដេអូសម្រាប់ក្រុមហ៊ុន E-School Cambodia ដែលជាដៃគូរបស់ក្រសួងអប់រំ យុវជននិងកីឡាសម្រាប់កម្មវិធីសិក្សាពីចម្ងាយដែលជួយគាំទ្រដល់វិស័យអប់រំក្នុងការជួយពង្រឹងគុណភាពចំណេះដឹងដល់សិស្សក្នុងអំឡុងពេលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលសិស្សមិនអាចមករៀននៅតាមសាលាបាន។
លោក ខាំបូលី ថ្លែងថា៖ «ឃ្លីបវីដេអូបង្រៀននោះមិនបានឆ្លងកាត់ការត្រួតពិនិត្យពីក្រសួងអប់រំ យុវជន និងកីឡាឡើយជាហេតុធ្វើឲ្យមានអធិករណ៍នេះ។ ក្រសួងសូមសម្ដែងការសោកស្ដាយចំពោះខ្លឹមសារមួយផ្នែកនៃវីដេអូបង្រៀនរបស់លោកគ្រូ ឡុង សារិន ដែលចំណុចមួយចំនួននៃការបកស្រាយរបស់គាត់អាចជះឥទ្ធិពលដល់ផ្នត់គំនិតពុទ្ធបរិស័ទ និងយុវជនទូទៅដែលប្រណិប័តន៍ព្រះពុទ្ធសាសនា»។
លោក ខាំបូលី ថ្លែងទៀតថា៖ «ក្រសួងនឹងលុបចោល និងកែតម្រូវឃ្លីបវីដេអូបង្រៀនរបស់លោកគ្រូ ឡុង សារិន លើចំណុចប្រៀបធៀបនោះជាថ្មីឡើងវិញ ហើយខិតខំពិនិត្យពិច័យខ្លឹមសារវីដេអូបង្រៀនផ្សេងទៀតឲ្យបានល្អ ដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្ស និងសាធារណជនទូទៅ»។
ជាមួយគ្នានេះលោក ឈត ប៊ុនថង សាស្ត្រាចារ្យផ្នែកសង្គមវិជ្ជានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាបានថ្លែងថា ជាទូទៅការលើកយកតថភាពពិតនៅក្នុងសង្គមមកធ្វើការពន្យល់បកស្រាយរមែងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ និងសេចក្ដីថ្លៃថ្នូររបស់បុគ្គល ឬសហគមន៍ណាមួយជាក់ជាមិនខាន។ ទោះយ៉ាងណាកំហុសឆ្គងនោះមិនមានភាពធ្ងន់ធ្ងររហូតដល់មានចំណាត់ការផ្លូវច្បាប់ដែលនាំឲ្យមានការឈានដល់ការដាក់ទោសទណ្ឌនោះទេ។
លោក ប៊ុនថង បានបញ្ជាក់ថា៖ «កំហុសឆ្គងរបស់លោកសាស្ត្រាចារ្យ ឡុង សារិន អាចសុំទោសគណៈសង្ឃនាយកជាសាធារណៈ ឬជាលាយលក្ខណ៍អក្សរ និងធ្វើការកែតម្រូវដោយបង្រៀនមុខវិជ្ជានោះសាជាថ្មីដោយលើកយកចំណុចមួយចំនួនផ្សេងទៀតមកធ្វើការប្រៀបធៀប។ ប្រសិនបើករណីនេះ មានការដាក់ទោសទណ្ឌបង្ខំលើរូបកាយដាក់ពន្ធនាគារ ឬបញ្ចប់អាជីពវិជ្ជាជីវៈនោះវានឹងប៉ះពាល់ដល់ស្មារតីរបស់គ្រូបង្រៀនផ្សេងទៀត និងធ្វើឲ្យគ្រូបង្រៀនទាំងអស់មិនអាចបញ្ចេញសមត្ថភាព និងទេពកោសល្យក្នុងការបង្រៀនរបស់ខ្លួនឡើយ ហើយវានឹងធ្វើឲ្យប្រព័ន្ធអប់រំចុះខ្សោយ»៕