ភ្នំពេញៈ ​ក្រសួង​អប់រំ យុវជន និង​កីឡា​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​កំពុង​រៀបចំ​តាក់តែង​ឯកសារ​សម្រាប់​ការអប់រំ បង្ការ ទប់ស្កាត់ ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ នៅតាម​គ្រឹះស្ថានសិក្សា​ដែល​ឯកសារ​នេះ​គ្រោង​នឹងដាក់​ឲ្យ​ប្រើប្រាស់​តាម​សាលារៀន​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​ ២០២១​។

លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ​ និង​ជា​ប្រធាន​ក្រុមការងារ​អភិវឌ្ឍ​សម្ភារ​ឧបទេស​សម្រាប់​ការអប់រំ បង្ការ​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នៅ​តាម​គ្រឹះស្ថានសិក្សា​នៃ​ក្រសួង​អប់រំ​បាន​ថ្លែងប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ១៨ ​ឧសភា​ថា ឯកសារ​សម្រាប់​ការអប់រំ បង្ការ ទប់ស្កាត់ ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ដែល​កំពុង​រៀបចំ​តាក់តែង​នេះ​មាន​ ២ ​ផ្នែក​គឺ​ផ្នែក​បឋមសិក្សា​មាន​ ១៥ ​មេរៀន​ចែកចេញ​ជា​ ៤ ​ជំពូក និង​មធ្យមសិក្សា​មាន ១៥ ​មេរៀន​ចែក​ជា ៣ ជំពូក​។

លោកស្រី​ថ្លែងថា​៖ «​ការតាក់តែង​ឯកសារ​អប់រំ​នេះ​គឺ​យើង​យោង​ទៅ​តាម​គោលនយោបាយ​សុខភាព​សិក្សា​របស់​ក្រសួង​អប់រំ​។ យើង​បាន​ចាប់ផ្ដើម​រៀបចំ​តាក់តែង​ឯកសារ​អប់រំ​នេះ​តាំងពី​ដើម​ខែមីនា​រហូត​មក​ហើយ​បច្ចុប្បន្ន​យើង​កំពុង​កែសម្រួល​នូវ​អត្ថន័យ​មួយចំនួន​។ ឯកសារ​អប់រំ​នេះ​គឺជា​សៀវភៅ​អំណាន​សម្រាប់​ថ្នាក់​បឋមសិក្សា​ និង​មធ្យមសិក្សា​។ គោលដៅ​នៃ​ការតាក់តែង ឯកសារ​អប់រំ គឺ យើង​ចង់​ផ្ដល់​ចំណេះដឹង​ទាក់ទង​នឹង​បញ្ហា​គ្រឿងញៀន ល្បិចកល​របស់​ជនខិលខូច​ចំពោះ​សកម្មភាព​ជួញដូរ​គ្រឿងញៀន និង​គ្រោះថ្នាក់​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការប្រើប្រាស់​គ្រឿងញៀន​»​។

លោកស្រី​ថ្លែងថា​៖ «​ការរៀបចំ​តាក់តែង​ឯកសារ​អប់រំ​នេះ​ទាំង​ ២ ​ផ្នែក​គឺ​កម្រិត​បឋមសិក្សា និង​មធ្យមសិក្សា​យើង​សម្រេច​បាន​ ៧៥ ​ភាគរយ​ហើយ​។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ក្រុមការងារ​យើង​បាន​យក​មក​កែសម្រួល​សេចក្ដី​មួយ​ចំនួន​នៃ​មេរៀន​ក្នុង​ឯកសារ​អប់រំ​នេះ​»​។ លោកស្រី​បន្ថែម​ថា ឯកសារ​អប់រំ​នេះ​គឺ​រៀបចំ​ឡើង​ជា​ឯកសារ​សម្រាប់​ការរៀន និង​បង្រៀន​តែម្ដង​ដោយ​មាន​ភ្ជាប់​នូវ​ករណី​សិក្សា សម្រាប់​ការបណ្ដុះ​បំណិន​ត្រិះរិះ​ពិចារណា​របស់​សិស្ស និង​អាច​ឲ្យ​សិស្ស​អនុវត្ដ​សកម្មភាព​នៅពេល​សិក្សា​ផងដែរ​។

លោកស្រី​បន្តថា​៖ «​យើង​ចាប់ផ្ដើម​អនុវត្ដ​ការងារ​រៀបចំ​តាក់តែង​ឯកសារ​នេះ​ក្នុងអំឡុង​ខែ​មីនា និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​ ២០២១​។ ក្រោយ​បញ្ចប់​ការតាក់តែង​យើង​ក៏ត្រូវការ​ដៃគូ​សហការ​បន្ថែមទៀត​ក្នុង​ការបោះពុម្ព​ឯកសារ​អប់រំ​នេះ​»​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង អប់រំ បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា អវត្តមាន​គ្រឿងញៀន​ខុសច្បាប់​នៅ​គ្រឹះស្ថានសិក្សា​ជាការ​ចូលរួម​លើកកម្ពស់​គុណភាព​អប់រំ​នៃ​កម្ពុជា​។ ការអភិវឌ្ឍ​សម្ភារ​ឧបទេស​សម្រាប់​ការអប់រំ​បង្ការ​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នៅតាម​គ្រឹះស្ថានសិក្សា មាន​គោលដៅ​ធ្វើឲ្យ​លែងមាន​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នៅ​គ្រឹះស្ថានសិក្សា​ដោយ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការបង្ការ​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​តាមរយ:​ការពិនិត្យ​វឌ្ឍនភាព​ការងារ​តាក់តែង​ឯកសារ​មេរៀន​ដើម្បី​ឈាន​ទៅ​ដល់​ការបោះពុម្ព​ផ្សព្វផ្សាយ​នាពេល​ខាង​មុខ​។

លោក​ថ្លែងថា​៖ «​ការងារ​នេះ​ជា​កិច្ចសហការ​បន្ត​រវាង​ក្រសួង​អប់រំ អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​ដូចជា​អង្គការ​ប្លែន​អន្តរជាតិ កម្ពុជា និង​អង្គការ Cambodia ACTs​។ ជារួម​ការងារ​នេះ​ស្ថិត​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ ២០១៩-២០២៣ និង​ឆ្ពោះទៅ​ឆ្នាំ​ ២០៣០ ដែល​ក្រសួង​អប់រំ ប្តេជ្ញា​សម្រេច​ឲ្យ​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ទី​ ៤ ស្តីពី​ការអប់រំ​ដោយ​ឈរលើ​គោលការណ៍​គុណភាព សមធម៌ បរិយាប័ន្ន​ការសិក្សា​ពេញ​មួយជីវិត​សម្រាប់​ទាំងអស់​គ្នា​»​។

លោក​បន្តថា​ ឯកសារ​អប់រំ​នេះ​នឹង​ដើរតួនាទី​សំខាន់​ក្នុង​ការចូលរួម​អប់រំ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ឲ្យ​មានការ​យល់ដឹង​បន្ថែម​លើ​ហានិភ័យ​បង្កដោយ​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ដើម្បី​លើក​កម្ពស់​ការចូលរួម​បង្ការ​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​គ្រឹះស្ថានសិក្សា​។ នាពេល​ខាង​មុខ​ក្រសួង​អប់រំ និង​ដៃគូ​សហការ​នឹង​ពិនិត្យ​ខ្លឹមសារ​ឯកសារ​អប់រំ​ខាងលើ ដើម្បី​ពិចារណា​យក​ទៅ​ធ្វើតេស្ត​សាកល្បង​តាម​ទម្រង់​ផ្សេងៗ​ដូចជា​ក្នុង​ថ្នាក់រៀន​ករណី​សិក្សា ការត្រួតពិនិត្យ បណ្តាញ​មិត្ត​អប់រំ​មិត្ត សាលាគរុកោសល្យ​ភូមិភាគ​នៅ​រាជធានី-ខេត្ត​គោលដៅ​។

លោក លឹម តុងហួត ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តារនីតិសម្បទា​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ថ្លែង​កាលពី​ម្សិលមិញ​ដែរ​ថា​ការតាក់តែង​ឯកសារ​អប់រំ​នេះ​គឺ​ដើម្បី​សំដៅ ពង្រឹងគុណភាព បង្ការ ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋ និង​ឯកជន ព្រោះ​កន្លង​មក​មាន​ការរិះគន់​ថា ក្នុង​សាលារៀន​មិនមាន​ការប្រើប្រាស់​គ្រឿងញៀន​ទេ ប៉ុន្ដែ​នៅក្រៅ​សាលារៀន​មាន​ការប្រើប្រាស់​។ «​ការតាក់តែង​ឯកសារ​នេះ​គឺ​ដើម្បី​ឲ្យ​សិស្សានុសិស្ស និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​បាន​យល់ដឹង​កាន់តែ​ច្រើន​ថែមទៀត​ធ្វើ​យ៉ាងណា​ចូលរួម​បង្ការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​ទាំងអស់​គ្នា​ព្រោះ​គ្រួសារ​គ្មាន​គ្រឿងញៀន សហគមន៍​នឹងមាន​សុវត្ថិភាព​»៕