ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​តាមរយៈ​កិច្ចសហការ​ជាមួយ​អង្គការ JICA ជប៉ុន​ក្រោយពី​ការអនុវត្ដ​ជោគជ័យ​លើ​កម្មវិធី​បង្រៀន Think! Think! តាម​អនឡាញ​ដែល​បាន​អនុវត្ដ​សាកល្បង​តាំងពី​ឆ្នាំ​ ២០១៨ ​មក​នោះ​នឹង​បន្ត​ការបង្រៀន​នេះ​រយៈពេល ៣ ​ឆ្នាំ​ទៀត ២០២០-២០២២ ដល់​សាលារៀន​ចំនួន​ ៨ ក្នុង​ខេត្ដ​សៀមរាប កំពង់ចាម កណ្ដាល ស្វាយរៀង និង​ខេត្ដ​ព្រៃវែង​។

នេះ​បើ​យោង​តាម​លោក សុខ ថា ប្រធាន​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​ក្រសួង​អប់រំ​បាន​ថ្លែង​ក្នុងពេល​ប្រកាស​លទ្ធផល​ត្រីមាស​ទី​១ ​នៃ​ការស្ទង់មតិ​ផ្ទៀងផ្ទាត់​អំពី​ការប្រើប្រាស់​កម្មវិធី Think! Think! ក្រោម​គម្រោង​របស់ JICA និង​ការចុះ​ហត្ថលេខាភាព​ជា​ដៃគូ​រវាង​ក្រុមហ៊ុន KOOMPI និង​ក្រុមហ៊ុន Think! Think! កាលពី​ថ្ងៃទី​ ២៩ ខែកញ្ញា នៅ​រាជធានី​ភ្នំពេញ​។

លោក​ថ្លែងថា ក្រោយពី​ការអនុវត្ដ​សាកល្បង​នាពេល​កន្លងមក​នៃ​កម្មវិធី​សិក្សា​តាម​អនឡាញ កម្មវិធី Think! Think! គឺ​ទទួល​បាន​លទ្ធផល​ជោគជ័យ ហើយ​ភាគី​ពាក់ព័ន្ធ​នឹង​បន្ត​ពង្រីក​កម្មវិធីសិក្សា​នេះ​ឱ្យ​បាន​គ្រប់​ខេត្ដ​ទូទាំង​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​តាមរយៈ​ក្រុមហ៊ុន Think! Think! និង KOOMPI បាន​សហការ​គ្នា​នេះ គឺ​ចូលរួម​ជួយ​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា ហើយ​នឹង​អាច​នាំមក​នូវ​ការសិក្សា​តាមបែប​ឌីជីថល​នេះ រឹតតែ​ល្អប្រសើរ​ថែម​ទៀត​។ ក្រសួង​អប់រំ​គាំទ្រ​ចំពោះ​កិច្ចសហប្រតិបត្ដិការ និង​ការចាប់ផ្ដើម​ចំពោះ​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​បាន​ជួយ​ដល់​វិស័យ​អប់រំ​បែបនេះ​»​។

លោក​បន្តថា​៖ «​យើង​នឹងធ្វើ​ការពង្រីក​បន្ថែម​តាមរយៈ​កិច្ចសហប្រតិបត្ដិការ​នេះ​។ ក្រុមហ៊ុន Think! Think! និង KOOMPI នឹង​ប្រឹងប្រែង​គិត​បន្ត​ដើម្បី​ដាក់​កម្មវិធី​បង្រៀន Think! Think! ឱ្យបាន​គ្រប់​សាលារៀន​នៅ​ទូទាំង​ប្រទេស​»​។

លោក សុខ ថា អំពាវនាវ​ដល់​សហគមន៍ និង​អាណាព្យាបាល​នៅតាម​បណ្ដា​ខេត្ដ ចូលរួម​ជួយ​ដល់​សាលារៀន ព្រោះ​ការបំពាក់​សម្ភារ​បច្ចេកវិទ្យា​ដើម្បី​ឱ្យមាន​ការសិក្សា​តាមបែប​ឌីជីថល​នេះ​គឺ​ត្រូវការ​ការវិនិយោគ​មួយចំនួន ទាមទារ​ឱ្យ​មាន​ការចូលរួម​ពី​អាណាព្យាបាល និង​ឪពុកម្ដាយ​សិស្ស​ទាំងអស់​។

ក្រសួង​អប់រំ និង​អង្គការ JICA កាលពី​ថ្ងៃទី​ ២៩ ខែ​កញ្ញា​ បាន​ប្រកាស​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ចំនួន​ ២ Think! Think!​ និង KOOMPI ដើម្បី​ជំរុញ​ដល់​ការសិក្សា​តាម​អនឡាញ​ដល់​សិស្សានុសិស្ស​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការប្រកាស​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ទាំង​ ២ បាន​ឱ្យ​ដឹងថា កម្មវិធី Think! Think! ដែលជា​កម្មវិធី​រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​លេខ​ ១ របស់​ជប៉ុន​នឹង​ក្លាយជា​កម្មវិធី​ដំឡើង​ដំបូង​គេ​នៅក្នុង​កុំព្យូរទ័រ​យួរដៃ KOOMPI ម៉ូដែល​ថ្មី E11 ដែល​ត្រូវបាន​រចនា​ឡើង​ជាមួយ​នឹង​ការសិក្សា​សម្រាប់​សិស្ស និង​ផ្តល់ជូន​ទាំង​ជម្រើស ទាំង​ការឧបត្ថម្ភ និង​តម្លៃ​សមរម្យ​បំផុត ដើម្បី​ជា​ការផ្តួចផ្តើម​ដល់​ការសិក្សា​របស់​សិស្ស​ទាំងអស់​។

លោក ថុល រិទ្ធី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន KOOMPI បាន​ថ្លែងថា​៖ «​អ្នក​រាល់​គ្នា​អាចមាន​លទ្ធភាព​ទិញ​កុំព្យូទ័រ​របស់​យើង​ក្នុង​តម្លៃ​សមរម្យ​។ យើង​បង្កើត​ឱកាស​ស្មើគ្នា​សម្រាប់​អ្នក​រាល់គ្នា​ ដើម្បី​ទទួល​បាន​ការអប់រំ​ល្អបំផុត​»​។

លោក ដាយគិ វ៉ាតាណាប៊ិ អគ្គនាយក​ក្រុមហ៊ុន Think! Think! បាន​ថ្លែងថា​៖ «​ឥឡូវនេះ​យើង​មាន Think! Think! ជា​ក្រុមហ៊ុន software ដែល​ល្អ​បំផុត​មកពី​ប្រទេស​ជប៉ុន សហការ​រួមគ្នា​ផ្តល់នូវ​ផលិតផល​ថ្មី​នៃ KOOMPI OS ដែល​អាច​ប្រើប្រាស់ កម្មវិធី Think! Think!»​។

លោកស្រី ណៅកូ អ៊ីដិ តំណាង​អង្គការ JICA បាន​ថ្លែងថា​៖ «​គម្រោង​របស់ Think! Think! បាន​ជះឥទ្ធិពល​ជា​វិជ្ជមាន​យ៉ាងខ្លាំង​ដល់​សង្គម​កម្ពុជា ហើយ​​ទីស្នាក់ការ​ធំ​របស់ JICA ក៏​យកចិត្ត​ទុកដាក់​ខ្លាំង​ចំពោះ​គម្រោង​នេះដែរ​»​។ លោកស្រី​បន្តថា តាមរយៈ​គម្រោង​នេះ​អាច​ជំរុញ​លើក​ទឹកចិត្ត​សិស្ស​ឱ្យ​សិក្សា​នៅផ្ទះ​ក្នុង​អំឡុងពេល​វិបត្ដិ​កូវីដ​ ១៩​។ អង្គការ JICA បាន​សហការ​ជាមួយ MoYES ដើម្បី​ផ្តល់ជូន​មេរៀន Think!Think! តាម​អ៊ីនធឺណិត និង​ហ្វេសប៊ុក​របស់​ក្រសួង​អប់រំ ហើយ​ក៏​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ​ផងដែរ​។

បើ​តាម​លោកស្រី ណៅកូ អ៊ីដិ Think! Think! ជា​កម្មវិធីសិក្សា​ដ៏ល្អ​ជួយ​បង្កើន IQ ជំនួយ​ដល់​ការគិត​បាន​ស៊ីជម្រៅ និង​បំណិន​ផ្នែក​សង្គម​របស់​កុមារ​។ ជាពិសេស​ក្នុង​អំឡុងពេល​ដែល​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ជំងឺ​កូវីដ​ ១៩ កុមារ​អាច​រីករាយ​ក្នុង​ការសិក្សា​កម្មវិធី​នេះ​ដោយ​ខ្លួនឯង​ជាមួយ​សមាជិក​គ្រួសារ​នៅតាម​ផ្ទះ​៕