ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ស្នើឱ្យ​លោក ឃួងស្រេង អភិបាល​រាជធានី​ភ្នំពេញ​ជួយ​អន្តរាគមន៍ និង​ដោះស្រាយ​ចំពោះ​ម្ចាស់​ផ្ទះល្វែង​ និង​សំណង់​មិន​រៀបរយ​នៅ​ជាប់​របង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ដែល​បាន​បង្ហូរ​កាកសំណល់​ចូលក្នុង​លូ​រំដោះ​ទឹកភ្លៀង បង្ក​ឱ្យ​មាន​ក្លិនស្អុយ​ដល់​ពហុកីឡដ្ឋាន​ជាតិ​។

យោងតាម​លិខិត​ចុះហត្ថលេខា​ដោយ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​កាលពី​ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ​ ២០២១ ផ្ញើជូន លោក ឃួង ស្រេង ​បាន​សរសេរ​រៀបរាប់ថា នៅ​ឆ្នាំ​ ២០១៨ រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​ចេញ​លិខិត​អន្តរាគមន៍​ចំនួន​ ២ ​លើក​ដាច់ដោយ​ឡែក​ពីគ្នា ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិនទាន់​ឃើញ​មាន​អាជ្ញាធរ​មូលដ្ឋាន​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ចុះជួយ​អន្តរាគមន៍​សមស្រប​ណាមួយ​នៅឡើយ​។

លោក ស សុខា ថា អនុលោម​តាម​គោលនយោបាយ​រាជរដ្ឋាភិបាល​ក្នុង​ការយក​ចិត្ត​ទុកដាក់​លើ​ការលើកកម្ពស់ សុខុមាលភាព​ប្រជាជន និង​ដើម្បី​ត្រៀមលក្ខណៈ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡាជាតិ​ និង​អន្តរជាតិ​ផ្សេងៗ​ក្រសួង​អប់រំ​មាន​ភារកិច្ច​ធ្វើការ​រៀបចំ​សណ្តាប់​ធ្លាប់ និង​អនាម័យ​នៅក្នុង​បរិវេណ​ពហុកីឡដ្ឋាន​ជាតិ​ទាំងមូល​។

«​បច្ចុប្បន្ននេះ​នៅ​ជាប់របង ពហុកីឡដ្ឋាន​ជាតិ​ត្រូវបាន​ម្ចាស់ផ្ទះ​ល្វែង​ជុំវិញ​បាន​បង្ហូរ​កាកសំណល់​បន្ទប់ទឹក​ និង​កាកសំណល់​ផ្សេងៗ រំលោភ​ចូល​ក្នុង​លូ​រំដោះ​ទឹកភ្លៀង​ធ្វើឱ្យ​ជះក្លិន​មិនល្អ​ដល់​បរិស្ថាន​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​ ជាពិសេស​មកលើ​សាធារណជន ដើរ​ហាត់ប្រាណ និង​លេង​កីឡា​»​។

លោក​ ឃួង ស្រេង ​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ថា លោក​មិនទាន់​ទទួលបាន​លិខិត​ពី​លោក ស សុខា នៅឡើយ​ទេ​ព្រោះ​ពេលនេះ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ​ ១៩ ហេតុដូច្នេះ​លិខិត​នេះ​អាច​ថា យឺត​បន្តិច​។ ទោះជា​យ៉ាងណា លោក ឃួង ស្រេង បាន​គូសបញ្ជាក់​យ៉ាងខ្លី​ថា លោក​នឹង​ដោះស្រាយ​បញ្ហា​នេះ​។

លោក​ រស់ សុវាចា​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​ក៏​បាន​អំពាវនាវ​សុំ​អន្តរាគមន៍​ពី​សំណាក់​គណ:អភិបាល​រាជធានី​ភ្នំពេញ​សូមឱ្យ​ដោះស្រាយ​ករណី​ខាងលើ​នេះ ឱ្យ​បាន​លឿន​ផងដែរ​ដើម្បី​បន្ត​ចូលរួម​លើកកម្ពស់​បរិស្ថាន សុខភាព​ផ្លូវកាយ ផ្លូវចិត្ត របស់​ពលរដ្ឋ​៕