ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​សម្រេច​ចំណាយ​លើ​ការធ្វើសិក្ខាសាលា និង​ការបណ្ដុះបណ្ដាល​តាម​អនឡាញ​ទៅ​ដល់​គ្រូឧទ្ទេស នៅតាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូបង្រៀន និង​ពិនិត្យ​គាំទ្រ​ថវិកា​ដល់​គ្រូ ព័ត៌មានវិទ្យា​ (IT) ​សម្រាប់​ការបង្រៀន​នៅនឹង​កន្លែង​ដោយ​ខ្លួនឯង​។

ការសម្រេច​នេះ​ធ្វើឡើង​ក្រោយពី​កិច្ច​ជុំ​តាម​ប្រព័ន្ធ​អនឡាញ​ស្ដីពី​ការគាំទ្រ​ការរៀន និង​បង្រៀន​ពី​ចម្ងាយ​ដែល​ស្របតាម​បរិបទ​បច្ចុប្បន្ន​ដឹកនាំ​ដោយ​លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ​កាលពី​ថ្ងៃទី​ ២ ខែមេសា​។ កិច្ចប្រជុំ​នេះ​ក៏មាន​ការចូលរួម​ពី​មន្ដ្រី​នៃ​អង្គភាព​ជំនាញ​ថ្នាក់កណ្ដាល​របស់​ក្រសួង​ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​ជាតិ​អប់រំ វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ និង​បាត់ដំបង​ព្រមទាំង​នាយក នាយិកាមជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ទាំង​ ៤ នាយក នាយិកា​សាលា​គរុកោសល្យ និង​វិក្រឹតការ​ខេត្ត​ទាំង​ ១៦ ​សាលា​គរុកោសល្យ​មត្តេយ្យ​មជ្ឈិម​ និង​វិទ្យាស្ថាន​អប់រំ​ពិសេស​។

តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​ក្រសួង​អប់រំ​បញ្ជាក់ថា អង្គប្រជុំ​បានសម្រេច​រៀបចំ​គោលការណ៍​ចំណាយ​លើ​ការធ្វើសិក្ខាសាលា និង​ការបណ្ដុះបណ្ដាល​អនឡាញ​សម្រាប់​ប្រើប្រាស់​ផ្ទៃក្នុង​របស់​ក្រសួង​អប់រំ​ដោយ​ត្រូវ​មាន​ការឯកភាព​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​។

អង្គប្រជុំ​បាន​សម្រេច​រៀបចំ​បញ្ជី​តម្រូវការ​លម្អិត​នូវ​សម្ភារ​បច្ចេកទេស សម្រាប់​ដំណើរ​ការរៀន និង​បង្រៀន​តាម​ប្រព័ន្ធ​អនឡាញ​។ រៀបចំ​បែងចែក​សម្ភារ​បច្ចេកទេស​ដែលមាន​នៅក្នុង​ឃ្លាំង​ជូនទៅ​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូបង្រៀន​ឱ្យបាន​ស្មើៗ​គ្នា​។ នៅក្នុង​ដំណាក់កាល​ទី​ ២ ក្រសួង​នឹង​រៀបចំ​ទិញ​បន្ថែម​ (​សម្ភារ​បច្ចេកទេស សម្រាប់​ដំណើរការ​រៀន និង​បង្រៀន​តាមប្រព័ន្ធ​អនឡាញ​) ដើម្បី​បំពេញ​តម្រូវការ​។

អង្គប្រជុំ​សម្រេច​ «​រៀបចំ​ការបណ្ដុះបណ្ដាល​អនឡាញ​ពី​ថ្នាក់កណ្តាល​ទៅ​គ្រូឧទ្ទេស​នៅតាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ និង​ពិនិត្យមើល​ការគាំទ្រ​ថវិកា​ដល់​គ្រូ​ព័ត៌មានវិទ្យា​ (IT) ​សម្រាប់​ការគាំទ្រ​ការបង្រៀន​នៅនឹង​កន្លែង​ដោយ​ខ្លួនឯង និង​ត្រូវ​រៀបចំ​ការប្រជុំ​ប្រចាំខែ សម្រាប់​ត្រួតពិនិត្យ​មើល​ការអនុវត្ត​ការរៀន និង​បង្រៀន​តាម​អនឡាញ​»​។

អង្គប្រជុំ​ក៏បាន​សម្រេច​ឱ្យប្រើប្រាស់​កញ្ចប់​ថវិកា​ដែល​មាន​ស្រាប់​សម្រាប់​សេវា​អ៊ីនធឺណិត និង​រៀបចំ​គម្រោង​ពិសេស​មួយ​គាំទ្រ​សេវា​អ៊ីនធឺណិត​នេះ​នឹង​ស្វែងរក​ការគាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍ សម្រាប់​គាំទ្រ​អាហារូបករណ៍​ដល់​គរុសិស្ស គរុនិស្សិត​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ថ្លែងថា កិច្ចប្រជុំ​នេះ​ជា​ការបន្ត​ចូលរួម​លើកកម្ពស់​ការអប់រំ​តាមបែប​ឌីជីថល​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​អប់រំ​ឆ្នាំ​ ២០១៩-២០២៣​។ យុទ្ធសាស្ត្រ​របស់​ក្រសួង​អប់រំ សម្រាប់​លើកកម្ពស់​ការអប់រំ​តាមបែប​ឌីជីថល​គឺ​បញ្ជ្រាប​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍​ (​ប.ព.ស) ​ឱ្យ​ក្លាយជា​ឧបករណ៍​សម្រាប់​បង្រៀន និង​រៀន និង​ចែករំលែក​ចំណេះដឹង​ក្នុង​វិស័យ​អប់រំ​ទាំងមូល សំដៅ​ឱ្យ​សិស្ស​និស្សិត​នូវ​ចំណេះដឹង និង​បំណិន ប.ព.ស ដើម្បី​ធ្វើ​អន្តរកាល​ទៅរក​ពិភព​ការងារ​ក្នុង​សតវត្សរ៍​ទី​២១​។

លោក​ថ្លែងថា​៖ «​យុទ្ធសាស្ត្រ​របស់​ក្រសួង​អប់រំ គឺ​ផ្ដល់​ធនធាន​ហិរញ្ញវត្ថុ​ចាំបាច់ ដើម្បី​គាំទ្រ​ដល់​ការប្រើប្រាស់ ប.ព.ស ក្នុង​វិស័យ​អប់រំ ដោយ​ប្រើប្រាស់​ថវិកា​របស់​រដ្ឋាភិបាល​ និង​ធ្វើការ​សម្របសម្រួល​ភាពជា​ដៃគូ​រវាង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ​ និង​ការគាំទ្រ​របស់​ដៃគូ​អភិវឌ្ឍន៍​នានា​សម្រាប់​រ៉ាប់រង​ចំណាយ​មូលធន និង​ចំណាយ​ចរន្ត​»​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បានលើកឡើង​ពី​ផលវិបាក​ជាច្រើន​សម្រាប់​គ្រូបង្រៀន ចំពោះ​ការបង្រៀន​សិស្ស​តាម​អនឡាញ ដូចជា​ខ្វះ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា កង្វះ​សម្ភារ និង​ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​សម្រាប់​ប្រើប្រាស់​សេវា​អ៊ីនធឺណិត​។

លោកស្រី​ថ្លែងថា​៖ «​យើង​ឃើញថា ក្រសួង​អប់រំ ខិតខំ​រក​វិធីសាស្ដ្រ​ជួយ​ដល់​គ្រូបង្រៀន​ហើយ​វិធីសាស្ដ្រ​របស់​ក្រសួង​ក៏​ល្អ​ដែរ ប៉ុន្ដែ​ការអនុវត្ដ​គឺ​មិនទាន់​បាន​លទ្ធផល​ល្អ ១០០% ទេ​»៕