ភ្នំពេញៈ ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រកាស​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ឧត្តមសិក្សា​រដ្ឋ​អាច​រៀបចំ​ការប្រឡង​បញ្ចប់​ឆ្នាំ និង​អនុញ្ញាត​ឲ្យ​សាលា​ឯកជន អាច​​រៀបចំ​ការប្រឡង​ឌីប្លូម និង​បាក់ឌុប​រយៈពេល​ ២ ​ថ្ងៃ​នៅ​តាម​សាលារៀន ប៉ុន្តែ​គ្រឹះស្ថាន និង​សាលា​ឯកជន​ទាំងនោះ​ត្រូវតែ​អនុវត្តតាម​វិធានការ បង្ការ​ជំងឺ​កូវីដ​ ១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​។

លិខិត​មួយ​ចុះ​ថ្ងៃទី​ ៦ កក្កដា​របស់​ក្រសួង​អប់រំ​ដែល​ចេញផ្សាយ​កាលពី​ម្សិលមិញ​បញ្ជាក់ថា ដោយសារ​លក្ខណៈ​បច្ចេកទេស​មិន​អាច​រៀបចំ​ការប្រឡង​តាម​អនឡាញ​បាន ក្រសួង​អនុញ្ញាត​ឱ្យ​សាកលវិទ្យាល័យ ឬ​វិទ្យាស្ថាន​ដែលជា​គ្រឹះស្ថាន​ឧត្តមសិក្សា​របស់​រដ្ឋ​អាច​រៀបចំ​ការប្រឡង​បញ្ចប់​ឆ្នាំ​នៅ​តាម​សាលារៀន​គឺ​ក្នុង​ ១ ​បន្ទប់​ប្រឡង​ត្រូវ​មាន​សិស្ស​ត្រឹម​ពី ១៥ ទៅ​ ២០ ​នាក់​ប៉ុណ្ណោះ ហើយ​ត្រូវ​អនុវត្ត​តាម​វិធានការ សុវត្ថិភាព​សុខភាព​បង្ការ​ជំងឺ​កូវីដ​ ១៩​។

លិខិត​ដាច់​ដោយ​ឡែក​មួយទៀត​របស់​ក្រសួង​អប់រំ​ដែល​បាន​ផ្ញើ​ទៅកាន់​សមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា​បញ្ជាក់​ដែរថា​ក្រសួង​ក៏​អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​សិក្សា​ឯកជន​អាច​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​គ្រឹះស្ថាន​ឧត្តមសិក្សា​ឯកជន​អាច​ប្រឡង​បញ្ចប់​ឆ្នាំ​នៅ​តាម​សាលា​រៀងៗ​ខ្លួន​ចំនួន​ ២ ​ថ្ងៃ​ដែរ​។

ក្រសួង​អប់រំ​បញ្ជាក់ថា ចំពោះ​គ្រឹះស្ថានសិក្សា​ឯកជន​ណា​ដែល​ចង់​បន្ត​រៀបចំ​ការប្រឡង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ទៅ​តាម​ប្រតិទិន​គ្រឹះស្ថានសិក្សា​របស់​ខ្លួន តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​កន្លងមក គឺ​ក្រសួង​នឹង​ចូលរួម​សហការ ដើម្បី​ឱ្យ​ការប្រឡង​ទាំងនោះ​ទទួល​បាន​ស្ដង់ដា​គុណភាព​។

លិខិត​សរសេរ​ថា​៖ «​ចំពោះ​គ្រឹះស្ថានសិក្សា​ណា ដែល​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​​គ្រឹះស្ថាន​សិក្សា​នោះ​អាច​ចេញ​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដោយ​មាន​ការទទួល​ស្គាល់​ពី​ក្រសួង ប៉ុន្តែ​គ្រឹះស្ថាន​ឯកជន​នោះ​ត្រូវ​ចុះហត្ថលេខា​ដោយ​ខ្លួនឯង​។ ក្រសួង​នឹង​ចុះ​អធិការកិច្ច​តាម​ការចាំបាច់​ដើម្បី​ធានា​គុណភាព​នៃ​សញ្ញាបត្រ​»​។

ប៉ុន្តែ​សម្រាប់​គ្រឹះស្ថានសិក្សា​ឯកជន​ដែល​មិនអាច​រៀបចំ​ការប្រឡង​តាម​អនឡាញ​គឺ​ត្រូវ​អនុវត្ត​តាម​គោលការណ៍​មួយចំនួន នៅពេល​រៀបចំ​ការប្រឡង​សញ្ញាបត្រ​នៅ​តាម​គ្រឹះស្ថាន​របស់ខ្លួន ដូចជា​ការកែលម្អ​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ដំណើរការ​ប្រឡង និង​ការដាក់​ពាក្យស្នើសុំ​រៀបចំ​ប្រឡង​មក​ក្រសួង​ដើម្បី​ពិនិត្យ និង​ទទួលស្គាល់​ជាដើម​។

ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​ទុតិយភូមិ​គឺ​តែង​ធ្វើឡើង​នៅក្នុង​ខែសីហា​។

មន្ត្រី​ក្រសួង​អប់រំ​បញ្ជាក់​កាលពី​សប្ដាហ៍​មុន​ថា នៅក្នុង​សប្ដាហ៍​នេះ​ក្រសួង​នឹង​ប្រកាស​ព័ត៌មាន​បន្ថែម​អំពី​លទ្ធភាព​បើក​សាលារៀន​ឡើងវិញ សម្រាប់​សាលា​ដែល​បាន​អនុវត្ត​ស្ដង់ដា​សុវត្ថិភាព​ខ្ពស់​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ក្រសួង​អប់រំ និង​អង្គការ​សុខភាព​ពិភពលោក​។

ប៉ុន្តែ​ពី​ថ្ងៃ​ម្សិលមិញ ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​សុំ​ការបញ្ជាក់​បន្ថែម​ពី​លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ទេ ដោយ​លោក​​ជំរុញ​ឱ្យ​ដកស្រង់​ចេញ​តែ​ពី​លិខិត​របស់​ក្រសួង​ប៉ុណ្ណោះ​។

ចាប់តាំងពី​ថ្ងៃទី​ ២៩ មិថុនា មក​កម្ពុជា​ពុំបាន​រាយការណ៍​ករណី​ថ្មី​នៃ​ជំងឺ​កូវីដ​១៩​នោះ​ទេ​ ខណៈ​ករណី​ដែល​បាន​រកឃើញ​សរុប​ចំនួន ១៤១ នាក់​ គឺ​មាន​ ១៣១ ​នាក់​ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​។

កាលពី​ថ្ងៃ​ម្សិលមិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ជូនដំណឹង​ទៅ​ដល់​ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ​ទាំងអស់​អាច​បើក​អាជីវកម្ម​ឡើងវិញ​។ «​ដើម្បី​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច​ និង​ផ្ដល់​ការងារ​ឡើងវិញ រដ្ឋបាល​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឱ្យ​ម្ចាស់​អាជីវកម្ម​ក្លិបកម្សាន្ត និង​ខារ៉ាអូខេ​ទាំងអស់​នៅ​ភ្នំពេញ​បើក​ដំណើរការ ដោយ​ប្រែក្លាយ​ទៅ​ជា​ភោជនីយដ្ឋាន​»​។

សាលា​រាជធានី​បញ្ជាក់ថា ម្ចាស់​អាជីវកម្ម​ត្រូវ​គោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ និង​វិធានការ​សុវត្ថិភាព​របស់​ក្រសួង​ទេសចរណ៍​៕