ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទាំងអស់អាចប្រើប្រាស់មូលនិធិដំណើរការសាលារៀនវិញ ដើម្បីជួសជុលការខូចខាតជាទ្រង់ទ្រាយតូច ខណៈការបើកដំណើរការសាលាក្នុងដំណាក់កាលទី៣ ត្រូវធ្វើនៅដើមខែវិច្ឆិកាខាងមុខ។
សេចក្តីណែនាំស្តីពីការបើកដំណើរការសាលារៀនរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ចំពោះគ្រឹះស្ថានសិក្សាដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ត្រូវចាត់វិធានការជាបន្ទាន់ដោយអាចប្រើប្រាស់មូលនិធិដំណើរការសាលារៀនដើម្បីជួសជុលផ្នែកនៃសាលាដែលមានការខូចខាតទ្រង់ទ្រាយតូច។កន្ថែមពីនេះក្រសួងបានណែនាំថាចំពោះថវិកានេះក៏អាចប្រើប្រាស់ដើម្បីទិញសម្ភារចាំបាច់ សម្រាប់ធ្វើការសម្អាត ការលើកកម្ពស់អនាម័យ សុខភាពសិក្សានិងសុវត្ថិភាពនៅតាមសាលា។
ក្រសួងអប់រំបានបញ្ជាក់ថា៖ «ផ្តល់បន្ថែមសៀវភៅសិក្សាគោល និងកញ្ចប់សង្រ្គោះបឋម ដល់សាលា រួមទាំងអាចកៀរគរធនធានពីដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីគាំទ្របន្ថែមដល់សាលារៀន ក្នុងការរៀបចំហេដ្ឋារចនាម្ព័ន្ធដែលខូចខាត»។
ក្រៅពីណែនាំឲ្យសាលាទាំងអស់ អាចបើកដំណើរការឡើងវិញ តាមរយៈការគោរពតាមបទដ្ឋានសុវត្ថិភាព ចំពោះគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ក៏អាចចាប់ផ្តើមដំណើរការឡើងវិញនូវសេវារថយន្តដឹកសិស្ស បណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា សកម្មភាពសិស្បៈ និងសេវាអាហារដ្ឋានផងដែរ។ ប៉ុន្តែត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវគោលការណ៍
ប្រតិបត្តិស្តង់ដាក្នុងបរិបទជំងឺកូវីដ ១៩។
យោងតាមទិន្នន័យផលប៉ះពាល់ខូចខាតដោយទឹកជំនន់ទឹកភ្លៀង គិតពីថ្ងៃ ១ កញ្ញា ដល់ថ្ងៃទី ២៦ តុលា របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា សាលារៀនជិត ១ ០០០ កន្លែង នៅក្នុងរាជធានីខេត្តចំនួន ១៦ ទូទាំងប្រទេស ត្រូវបានរងផលប៉ះពាល់ដោយទឹកលិច។
លោក ហង់ជួន ណារ៉ុន រដ្ឋសមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃទី ២៨ តុលា នេះថា គោលការណ៍នេះ គឺទទួលបានអនុញ្ញាតពីថ្នាក់ដឹកនាំដើម្បីឲ្យប្រាកដថា សាលាដែលរងផលប៉ះពាល់ អាចមានលទ្ធភាពក្នុងការដំណើរការសាលារៀនឡើងវិញ ប្រកបដោយសុវត្ថិភាព។
លោកបន្ថែមថា៖ «សាលាក៏អាចកៀរគរថវិកា ដើម្បីធ្វើការជួសជុល បើក្នុងករណីដែលការខូចខាតមានលក្ខណៈធ្ងន់ធ្ងរ ជាពិសេសសាលាដែលប៉ះពាល់ដោយទឹកជំនន់។ យើងដឹងហើយទឹកជំនន់ ក៏ស្រកដែរ ក្រសួងនឹងបន្តចុះត្រួតពិនិត្យ នៅតាមសាលាទាំងអស់ ហើយចាប់ពីខែវិច្ឆិកាទៅ យើងឃើញថា សាលាភាគច្រើន នឹងអាចបើកដំណើរឡើងវិញ»។
លោក ហង់ជួន ណារ៉ុន ក៏បញ្ជាក់ដល់អាណាព្យាបាល សូមកុំមានការបារម្ភចំពោះការប្រកាសបើកដំណើរការសាលារួមទាំងកម្មវិធីនានាដែលនៅក្នុងសាលាឡើងវិញ ដោយងាកមកចូលរួមអនុវត្តវិធានការអនាម័យឲ្យបានគ្រប់ៗគ្នា ខណៈសាលាដែលបានប្រកាសឲ្យបើក គឺបានឆ្លងកាត់ការត្រួតពិនិត្យលក្ខណៈស្តងដាជាទៀងទាត់។
មូលនិធិដំណើរការសាលារៀនគឺជាមូលនិធិមួយដែលត្រូវបានក្រសួងសេដ្ឋកិច្ច អនុម័យកាលពីឆ្នាំ២០១៨ ដើម្បីផ្តល់ទៅដល់គ្រឹះស្ថានអប់រំទាំងឡាយណាដែលទទួលរងគ្រោះជាយថាហេតុដែលអាចស្នើប្រើប្រាស់កញ្ចប់ថវិការដ្ឋដើម្បីយកមកប្រើប្រាស់ក្នុងករណីចាំបាច់។
លោក ឈូ ប៊ុនរឿន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យដែលសាលាទូទាំងខេត្តត្រូវបានជនលិចជាង ២០០ កន្លែង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៨ តុលា នេះថា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតបើមិនមានទឹកភ្លៀងធ្លាក់នោះ នៅតំបន់មួយចំនួនអាចនឹងស្រក ហើយសាលាដែលរងផលប៉ះពាល់ ក៏អាចបើកដំណើរឡើងវិញជាធម្មតា តាមការណែនាំរបស់ក្រសួងអប់រំ ក្នុងដំណាក់កាលទី៣ នេះដែរ។
លោកបន្តថា គិតត្រឹមថ្ងៃទី ២៨ តុលា នេះ នៅសល់តែសាលារៀនចំនួន ១១២ កន្លែងទៀតប៉ុណ្ណោះ ក្នុងចំណោម ៥០០ នៅទូទាំងខេត្តដែលនៅបន្តលិចដូចជាសាលានៅស្រុកព្រះនេត្រព្រះ ស្រុកមង្គលបុរី និងស្រុកអូជ្រៅជាដើម ខណៈលោកអះអាងថា សាលាដែលមិនទាន់បើកដំណើរការនេះ គឺប៉ះពាល់សិស្សជាង ១ ម៉ឺននាក់។
លោកបញ្ជាក់ថា៖ «២ ទៅ ៣ ថ្ងៃទៀត បើអត់មានភ្លៀងទេ សាលារៀនទាំងអស់ហ្នឹង នឹងដំណើរការស្ទើរតែចូលរៀនវិញបានទាំងអស់ ព្រោះទឹកវានៅលិចតិចៗទេ។ នៅសប្តាហ៍ក្រោយ ឬថ្ងៃចន្ទនេះ [ដើម ខែវិច្ឆិកា] នឹងបើកដំណើរការតាមការប្រកាសរបស់ក្រសួង»៕