ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា​កាល ពី​ម្សិលមិញ​បាន​ចាត់វិធានការ​ដល់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​អប់រំ គ្រប់លំដាប់​ថ្នាក់​ផ្អាក​រាល់​បេសកកម្ម​ក្នុង​ប្រទេស ហើយ​កិច្ចប្រជុំ សិក្ខាសាលា វគ្គ​បំប៉ន និង​វគ្គបណ្ដុះបណ្ដាល​ទាំងអស់​ត្រូវ​ធ្វើតាម​អនឡាញ​រយៈពេល​ ២ ​សប្ដាហ៍​ ចាប់ពី​ថ្ងៃទី​ ២៤ ខែកុម្ភៈ ​តទៅ​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​តាមរយៈ​សេចក្ដី​ណែនាំ​ថា វិធានការ​នេះ​គឺ​ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ពី​អ្នក​ដែល​ពាក់ព័ន្ធ​ព្រឹត្ដិការណ៍​សហគមន៍ ២០ កុម្ភៈ​ ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ដ​កណ្ដាល​ទៅ​ខេត្ដ​ដទៃទៀត និង​អនុវត្តតាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល​។

លោក​រដ្ឋមន្ដ្រី​បញ្ជាក់ថា​៖ «​រាល់​បេសកកម្ម​ក្នុង​ប្រទេស​ត្រូវ​ផ្អាក​រយៈពេល​ ២ ​សប្ដាហ៍​ ចាប់ពី​ថ្ងៃ​ទទួលបាន​សេចក្ដី​ណែនាំ​នេះ​តទៅ (២០ កុម្ភៈ​) លើកលែង​តែ​ករណី​ចាំបាច់​បំផុត និង​ត្រូវមាន​ការយល់ព្រម​ពី​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​រដ្ឋមន្ដ្រី​។ រាល់​កិច្ចប្រជុំ សិក្ខាសាលា​វគ្គ​បំប៉ន និង​វគ្គ​បណ្ដុះបណ្ដាល​ទាំងអស់ ត្រូវ​អនុវត្ដ​តាម​អនឡាញ​ទាំងស្រុង​»​។

លោក​បាន​ណែនាំ​ថា អង្គភាព​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ​ទាំងអស់​ត្រូវ​តាមដាន និង​រាយការណ៍​ជាប្រចាំ​អំពី​ស្ថានភាព សុខភាព​មន្ដ្រី​របស់ខ្លួន​ក្នុង​ករណី​បុគ្គលិក​អប់រំ​ណា​មាន​ការសង្ស័យ ឬ​មាន​រោគសញ្ញា​ស្រដៀង​នឹង​ជំងឺ​កូវីដ​ ១៩ ត្រូវ​ទូរស័ព្ទ​ជាបន្ទាន់​ទៅ​លេខ ១១៥ ដើម្បី​ពិគ្រោះ​យោបល់ និង​ផ្ដល់ព័ត៌មាន​មក​អង្គភាព​ដើម្បី​រាយការណ៍​មក​ក្រុមការងារ​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ របស់​ក្រសួង​អប់រំ​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង អប់រំ យុវជន និង​កីឡា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ចំពោះមុខ​នេះ​ក្រសួង​អប់រំ បន្ត​តាមដាន និង​វាយតម្លៃ​ស្ថានការណ៍​ជាក់ស្តែង​នៃ​កូវីដ​ ១៩ ប្រកប​ដោយ​ការយក​ចិត្ត​ទុកដាក់​កម្រិត​ខ្ពស់បំផុត​ស្រប​នឹង​កិច្ចសហការ​ជាមួយ​ក្រសួង​សុខាភិបាល និង​ភាគី​ពាក់ព័ន្ធ​។

លោក​ថ្លែងថា​៖ «​ក្រសួង​នឹង​ជម្រាប​បន្ថែម​ជូន​សាធារណជន​នៅពេល​មាន​ការវិវត្ត​ថ្មី​។ ជារួម​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​អប់រំ​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ បាន​ចាត់ចែង​អនុវត្ត​វិធានការ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​យ៉ាង​ខ្ជាប់ខ្ជួន​។ លទ្ធផល តេស្ត​កូវីដ​១៩ របស់​អ្នក​ពាក់ព័ន្ធ​ស្ថិតក្នុង​ការផ្សព្វផ្សាយ​របស់​ក្រសួង​សុខាភិបាល​»​។

លោក​បាន​បញ្ជាក់ថា​៖ «​ចំពោះ​សាលារៀន​ពាក់ព័ន្ធ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ផ្អាក​ដំណើរការ​សិក្សា​ក្នុង​ថ្នាក់រៀន​ជា​បណ្តោះអាសន្ន និង​បន្ត​ការសិក្សា​តាម​អនឡាញ​តាម​ទិដ្ឋភាព​ជាក់ស្តែង​»​។

លោក ចាន់ ថា អភិបាលរង​ខេត្ដ​ព្រៃវែង​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ខេត្ដ​ព្រៃវែង​មាន​ការពាក់ព័ន្ធ​នឹង​ករណី​ព្រឹត្ដិការណ៍​ឆ្លង​កូវីដ ២០ កុម្ភៈ ដោយ​ប្រយោល​តាមរយៈ​ស្ដ្រី​ម្នាក់​នៅ​ភ្នំពេញ​បាន​ទៅ​ចូលរួម​ពិធីមង្គលការ​នៅ​ភូមិ​ទួលសង្កែ​ទទឹង ឃុំ​ជាច ស្រុក​កំចាយមារ កាលពី​ថ្ងៃ​ទី​ ១៧ ខែកុម្ភៈ ហើយ​ស្ដ្រី​រូបនេះ​មាន​ប្ដី​ជា​ជនជាតិ​ចិន​មាន​វិជ្ជមាន​កូវីដ ​១៩ និង​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​កូវីដ​ ១៩ នៅ​ថ្ងៃទី​ ២១ ខែកុម្ភៈ ។

លោក​ថ្លែងថា តាមរយៈ​ករណី​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​ស្ដ្រី​រូបនេះ​ក្នុង​ខេត្ដ​ព្រៃវែង​មាន​អ្នកពាក់ព័ន្ធ​ចំនួន ៤១ ​នាក់​ បាន​ត្រូវបាន​អាជ្ញាធរ​ខេត្ដ​ស្រាវជ្រាវ​រកឃើញ​ និង​យក​សំណាក​ទៅពិនិត្យ និង​នាំយក​ទៅធ្វើ​ចត្តាឡីស័ក​រួចហើយ​។

លោក​ថ្លែងថា​៖ «​អ្នកពាក់ព័ន្ធ​ដោយ​ប្រយោល​ម្នាក់​ជា​គ្រូបង្រៀន យើង​ក៏បាន​នាំយក​គាត់​មក​ធ្វើ​ចត្ដាឡីស័ក និង​យក​សំណាក​មក​ពិនិត្យ​រួចហើយ ប៉ុន្ដែ​លទ្ធផល​អវិជ្ជមាន សាលាបឋមសិក្សា​ដែល​ពាក់ព័ន្ធ​មួយ យើង​បាន​ផ្អាក​បណ្ដោះអាសន្ន​។ យើង​កំពុង​បន្តធ្វើ​ចត្ដាឡីស័ក​ចំពោះ​អ្នកពាក់ព័ន្ធ​ទាំងអស់ ហើយ​លទ្ធផល​តេស្ត​ជំហាន​ដំបូង​គឺ​អវិជ្ជមាន​ទាំងអស់​»​។

ក្រសួង​សុខាភិបាល​កាលពី​ម្សិលមិញ​បាន​ប្រកាស​ថា នៅ​ថ្ងៃទី​ ២៣ ខែកុម្ភៈ ស្ដ្រីជន​ជាតិចិន ២ ​នាក់​ ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូវីដ ​១៩ ពួកគេ​កំពុង​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ​ព្រះសីហនុ​។

ពាក់ព័ន្ធ​នឹង​ករណី​ស្ដ្រីជន​ជាតិចិន​ទាំង​ ២ ​នាក់​នេះ រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​កាលពី​ម្សិលមិញ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ដែល​ធ្លាប់​ចេញចូល​នៅ​សណ្ឋាគារ​ជីនប៉ី​ទាំង ៣ ​សាខា និង​អគារ​ស្នាក់នៅ​រួម​របស់​បុគ្គលិក​ក្រុមហ៊ុន​ជីនប៉ី​ចាប់ពី​យប់​ថ្ងៃទី​ ១៦ ខែកុម្ភៈ និង​សណ្ឋាគារ​ហ័ងហ្គ័នជាយី ក្នុង​ក្រុង​ព្រះសីហនុ ចាប់ពី​យប់​ថ្ងៃទី​ ២០ ខែកុម្ភៈ ដែរ ឬ​ដឹងថា បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូវីដ​១៩ ដែល​ជា​ជនជាតិ​ចិន​ទាំង​ ២ ​នាក់​នេះ​ត្រូវ​មក​ធ្វើតេស្ត​រក​មេរោគ​កូវីដ ​១៩​។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ថ្លែងថា​៖ «​ពាក់ព័ន្ធ​ជាមួយ​សាលារៀន និង​កន្លែង​ផ្សេងទៀត​គឺ​មិនទាន់មាន​គោលការណ៍​ទេ​។ ជាក់ស្ដែង​ចំពោះមុខ​អ្វី​ដែល​យើង​ត្រូវធ្វើ គឺ​យើង​ប្រមូល ស្វែងរក​អ្នក​ដែលមាន​ការប៉ះពាល់​ផ្ទាល់ និង​ប្រយោល​»៕