ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡាបាន​​​អំពាវនាវ​​ជា​ថ្មី​ទៀ​ត​ ឱ្យ​គ្រឹះ​ស្ថាន​សិក្សា​ទាំងអស់​ នៅ​​ទូទាំង​ប្រទេសត្រូវ​ហាម​ឃា​ត់​ កុំ​ឱ្យមាន​ការលក់​​ចំណី​អាហារ ​ដែល​ហួស​កាល​កំណត់ គ្រឿង ស្រវឹង ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ចំណី​អាហារ​​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់ នៅ​ក្នុង​សាលា​ ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​សិស្សខណៈ​​​សា​លា​ខ្លះ ​នៅ​ពុំទាន់​បាន​អនុវត្ត​តាម​សេច​​​​ក្ដី​ណែនាំស្ដីពី​សុវត្ថិ​​ភាព​ចំណី​អាហារ​របស់​ក្រសួង​នៅ​ឡើយ។

លោក រស់ សុ​វាចា អ្នក​​នាំពាក្យ​ក្រសួង​អប់រំ បានប្រាប់​​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ថា ក្រសួង​នៅ​តែ​ជំ​រុញឱ្យ​គ្រូបង្រៀន​តាម​សាលារៀន​ទាំង​​អស់ ត្រូវ​បន្ត​យក​ចិត្ត​ទុកដាក់​ខ្ព​ស់​ អំពី​បញ្ហា​សុខភាព​របស់​សិស្ស ដែលជា​កត្តា​ដ៏​សំខាន់​មួយ​អាច​​ជះ​ឥទ្ធិពល​ដល់​ការសិក្សា​របស់​សិស្ស។

លោក​បន្តថា វា​មិន​​មែន​ជា​រឿង​ថ្មី​ទេ​ ដែល​ក្រសួង​បាន​ហាម​គ្រឹះស្ថាន​សិក្សា​មិនឱ្យ​មាន​លក់​អាហារ​ដែល​គ្មាន​សុវត្ថិភាព ​សម្រាប់​សិស្ស ព្រោះ​​ក្រសួងបានធ្វើការ​ផ្ស​ព្វផ្សាយ​យ៉ាង​លម្អិត​អស់​ហើយនូវ​ខ្លឹម​​សារ​របស់​សេចក្ដី​ណែនាំ​នេះ ដូចជា​ការ​បញ្ចូល​​ទៅក្នុង​កម្មវិ​ធី​សិក្សា​នៅ​ថ្នាក់​បឋម និង​បាន​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ជាពិសេស​គណៈ​គ្រប់គ្រង​តាម​សាលា ត្រូ​វ​​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​ណែនាំ​របស់​ក្រសួង ​ឱ្យបាន​នៅ​ទូទាំង​ប្រទេស។

លោក​ថា៖​ «ការងារ​នេះ ក្រសួង​បាន​និង​កំពុង​ធ្វើ​តាំ​ង​ពី​អាណ​ត្តិ​មុន​មក ដើម្បី​លើ​ក​កម្ពស់​ការយល់​ដឹង ​ដើម្បី​ជា​បច្ច័​យ​ទ្រទ្រង់​សុខភាព​របស់​សិស្សានុសិស្ស»។

ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ​បាន​ផ្សាយ កាលពី​ថ្ងៃទី ១៧ មិថុនា​ ដោយ​បាន​​រំឭក​ឡើងវិញ​អំពី​សេច​ក្ដី​ណែនាំ​លេខ ១៨ អយក.សណន ចុះ​ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៩ ស្ដីពី​ការ​លើក​កម្ព​ស់​សុវត្ថិ​ភាព​ចំណី​អាហារ ​និង​អាហារ​ប្រកប​ដោយ​សុខ​ភាព ​នៅតាម​គ្រឹះ​ស្ថានសិក្សា​សា​ធារណៈ ​និង​ឯក​ជនដែលមាន​ការហាមឃាត់​កុំឱ្យ​លក់​អាហារ​ចំនួន ៦ ប្រភេទ​ទៅឱ្យ​សិស្ស ដូច​ជា ចំណី​អាហារ​ដែល​ហួស​កាលកំណត់ គ្រឿង​ស្រវឹង​ និង​ថ្នាំ​ជក់ ចំណីអាហារ​គ្មាន​ប្រភព​ច្បាស់លាស់ ភេសជ្ជៈ​ប៉ូវ​កម្លាំង ភេសជ្ជៈ​ផ្អែម កាហ្វេ ការ៉េម និង​ទឹក​ស៊ីរ៉ូ ស្ករ​សូកូឡា ស្ករ​គ្រាប់ និង​ស្ករ​កៅស៊ូ ចាហួយ នំដូណាត់ និង​នំ​ផ្អែម។

នៅក្នុង​សេចក្ដី​ណែនាំ​ដដែល ក្រសួង​ក៏បាន​ហាម​ការលក់​នូវ​អាហារ​មួយ​ចំនួន​ទៀត ដូចជា អាហារ​មាន​ជាតិ​ប្រៃ​ខ្លាំង ជាតិ​ខ្លាញ់​ និង​ជាតិ​ស្ករ​ច្រើន ចំណី​អាហារ​ប្រើ​មេ​ស្ករ ប្រើ​ល័ក្ត​ពណ៌ មេទឹក​ខ្មេះ រួមទាំង​អាហា​រ​​​ជា​គ្រឿង​ត្រាំ​ឬ​គ្រឿង​ជ្រលក់ ដែល​មាន ក​ន្ទូ​ត​ត្រាំ ស្វាយ​ត្រាំ និង​គ្រឿង​ម្ជូរ។ ផ្ទុយ​ទៅវិញ​ នៅ​​តាម​សាលា​ត្រូវ​យក​ចិត្ត​ទុក​ដា​​ក់ ​ឱ្យ​លក់​ចំណីអាហារ​ជា​មូលដ្ឋាន​ដែល​បម្រើ​ដល់​សុខ​​ភាព​សិស្ស ដូចជា​បាយ នំប៉័ង មី បបរ បង្អែមនិង​ផ្លែ​ឈើដែ​ល​មា​ន​​គុណភាព​និង​អនាម័យ​ខ្ពស់។

លោក ហែម ស៊ីណា​រ៉េត ប្រធា​​ន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញបាន​ប្រា​ប់​ភ្នំពេញ ​ប៉ុស្ដិ៍​ ពី​ម្សិលមិញ​​ថា ខាង​មន្ទីរ​របស់លោក​ តែង​ប្រជុំ​ជា​រៀងរាល់ឆ្នាំ​ដើម្បី​ណែនាំ​ឱ្យ​គ្រប់​គ្រឹះស្ថានសិក្សា កុំ​អនុ​ញ្ញា​ត​ឱ្យមាន​លក់​ប្រភេទ​ចំណី​អាហា​រ​​​ដែល​គ្មាន​សុវត្ថិភាព​នៅតាម​សាលា ប៉ុន្តែ​យ៉ាងណាក្ដី​ លោក​បញ្ជាក់ថា ការលក់​អាហារដែ​ល​គ្មាន​គុណភាព​នៅតាម​សាលា​ខ្លះ គឺ​ចៀស​មិន​ផុត​នោះ​ទេ។

លោក​បន្តថា ទោះជា​យ៉ាងណា ខាង​នាយក​សាលា​ នៅតែ​ខំ​​ប្រឹង​ណែនាំ​ជា​បន្តបន្ទាប់ ក្នុង​នោះ​​មាន​ទាំង​ការព្រមាន​ឈប់​ឱ្យ​លក់​នៅក្នុង​សាលា​ជាដើម ប្រសិនបើ​ពួកគេ​មិនបាន​គោរ​ព​តាម​សេចក្ដី​ណែនាំ​ទេ​នោះ។

លោក​ថា៖ «កន្លង​មក​យើង​មិនទាន់បាន​បញ្ឈប់​អ្នកលក់​ណា​​ម្នាក់​ទេ ព្រោះ​នៅពេល​យើង​ឃើញ​អ៊ីចឹង យើង​ណែនាំ​គាត់ គាត់​ក៏​មាន​ការកែលម្អ​អ៊ីចឹ​​​ង​​កន្លងមក​គាត់​លក់​ច្រើន​តែ​អារ​បស់​ត្រាំ ហើយ​រឿង​ធ្ងន់ធ្ងរ​ ដូច​​ជា​ទំនិញ​ចំណី​អាហារ​ហួស​គុណ​​ភាព​អីហ្នឹង យើង​ដូចជា​មិនទាន់​រកឃើញ​ទេ»។

លោក ឡេង វ​ន្នី គ្រូបង្រៀន​ភាសា​អង់គ្លេស​ នៅ​វិទ្យាល័យ​ហ៊ុនសែន​ពាមជីលាំង​ ក្នុង​​ខេត្ត​ត្បូងឃ្មុំ​បាន​លើក​ឡើង​ថា ខាង​ថ្នាក់​ដឹកនាំ​សាលា​របស់លោក​ ទើបតែ​ប្រជុំ​ជាមួយ​អ្នកលក់​ចំណីអាហារ​ក្នុង​សាលារៀន​កាលពី​ប៉ុន្មាន​ថ្ងៃមុន អំពី​ការហាមឃាត់​លក់​គ្រឿង​ត្រាំ​ឱ្យ​សិស្ស ប៉ុន្តែ​លោក​ថា គ្រឿង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយចំនួន ដូចជា បាកាស​ជាដើម ពុំ​បាន​ហាម​ឃាត់​នោះ​ទេ។

លោក​ថា​៖ «នៅក្នុង​សាលា​អត់​មាន​លក់​ជា​លក្ខណៈ​តូច​ឬ​ជា​រោង​មាន​ដំបូល​​ត្រឹម​ត្រូវ​អី​ទេ គេ​ដា​ក់លើ​គ្រែ​និង​មាន​តុ​ឱ្យ​សិស្ស​អង្គុយ​អ៊ីចឹងទៅ បើ​អនាម័យ វា​មាន​អនាម័យ​ដែរ ប៉ុន្តែ​វា​មិនសូវ​ស្អា​ត ព្រោះ​មិន​បាន​គ្រប​អី​ត្រឹមត្រូវ​ទេ នៅពេល​ដី​ហុយ​អ៊ីចឹង​ណា៎»។

សិស្ស​រៀន​ថ្នាក់​ទី ១២ នៃ​វិទ្យា​ល័យ​ហ៊ុនសែន​ពាម​ជីលាំ​ង​​ម្នាក់​បាន​និយាយ​ថា កន្លងមក​​នាង​តែង​ហូប​អាហារ​នៅពេល​ទៅ​រៀន ដូចជា​បាយ​ប្រអប់​ជាមួយ​ជ្រក់​និង​ផឹកទឹក​សាមូ​រ៉ៃ​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ដែល​ទិញ​នៅតាម​ភូមិ​មុន​ទៅដល់​សាលា ដោយ​កញ្ញា​តែង​ចង់​ញ៉ាំ​អាហារ​ទាំងនេះ ថ្វីដ្បិត​ដឹងថា​ អាច​ប៉ះពាល់​សុខភាព​តិចតួច​ក្ដី។ ប៉ុន្តែ​កញ្ញា​ថា ទើបតែ​រយៈពេល​ខ្លី​នេះ​នាង​​ឈប់​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​សាមូរ៉ៃ បន្ទាប់ពី​​លែង​មាន​អ្នកលក់​នៅ​ជិត​សាលា។

កញ្ញាថា៖ «ឥឡូវ​ហ្នឹង ទិញ​ទឹកសុទ្ធ​ញ៉ាំ​ជាមួយ​នំ​ខ្មែរ​ដែល​លក់​ក្នុង​សាលា​ដូចជាសារាយ ចេក​អាំង អន្សម​អាំង​អីហ្នឹង»។

ចំណែក​លោក ម៉េ​ត ធី ពលរ​ដ្ឋ​រស់នៅក្នុង​ឃុំ ២ ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ​និយាយថា លោក​តែង​ហាមឃាត់​កូន​របស់​លោក​ចំនួន ​២​ នាក់ ដែល​ម្នា​ក់រៀន​ថ្នា​ក់​ទី៣ និង​ម្នាក់​ទៀត​រៀន​ថ្នាក់​ទី៤ កុំឱ្យ​ទិញ​ចំណីអាហារ​មួយ​ចំនួ​ន ដូចជា ស្ករ​គ្រាប់ នំ ចាហួយ និ​ង​​ភេសជ្ជៈ​រួមទាំង​ទឹកក្រូច​ជាដើ​ម ព្រោះ​របស់​ទាំងនេះ សុទ្ធតែ​នាំ​ចូល​​ពី​ប្រទេស​វៀតណាម ដែល​លោក​សង្ស័យថា គ្មាន​គុណភា​ព​និង​មាន​ជាតិគីមី អាច​នាំ​ឱ្យ​ប៉ះពាល់​សុខភាព​កូន​របស់​លោក។

លោក​ថា៖ «ដូច​ស្ករ​គ្រាប់ តែ​មិន​ស្រួល បៀម​ទៅ ទៅជា​ជ័រ​កៅស៊ូ​ក៏មានដែរ។ ប៉ុន្តែ​ក្មេង​ៗ​នៅ​ខាង​ខ្ញុំ​វា​អត់​សូវ​មាន​ពុល​ទេ​​»។

លោក​បន្តថា ថ្វី​ដ្បិត​លោក​តែង​ឱ្យ​លុយ​កូន​សម្រាប់​ទៅ​រៀន​ក្នុង​ម្នាក់​ចំនួន ២ ពាន់​រៀល​ក្នុង​មួយថ្ងៃ​ក្ដីប៉ុន្តែ​ស្ទើរ​ជា​រៀង​​រាល់​ព្រឹកប្រពន្ធ​លោក​តែង​ដាំ​-បាយ​ម្ហូប​ឱ្យ​កូន​ញ៉ាំ​មុន​ចេញ​ទៅ​សាលារៀន។

​អង្គការ​សុខភាព​ពិភពលោក​ ធ្លាប់​បានចេញ​ការសិក្សា​ការ​ស្រាវជ្រាវ​ថា ភេសជ្ជៈ​ប៉ូវ​កម្លាំង​ បាន​បង្កក្ដី​ព្រួយ បារម្ភ​ដល់​សុខភាព​មនុស្ស​វ័យ​ក្មេង ស្របពេល​ប្រទេស​មួយចំនួន​នៅ​អឺរ៉ុប បានចេញ​ច្បាប់​ហាមឃាត់​ការ​លក់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ទៅឱ្យ​កុមារ ហើយ​ការសិក្សា​ថ្មី​មួយ​ទៀត​ចេញផ្សាយ​កាលពី​ខែ ​ឧសភា​ ឆ្នាំ ២០១៩ ​ដោយ​កាសែត Journal of the American Heart ​បញ្ជាក់ថា ជាតិ​កាហ្វេ​អុីន​ ដែលមាន​ក្នុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង គឺ​ធ្វើ ឱ្យមាន​ហានិភ័យ​សម្រាប់​សុខភាព ដូច​ជា​ ការធ្វើឱ្យ​សកម្មភាព​របស់​បេះដូង​ផ្លាស់ប្ដូរ​និង​ធ្វើឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់។

លោក រស់ សុ​វាចា ​​បញ្ជាក់​ដែរថា ចំពោះ​សិស្ស​សាលា​ដែលមាន​ទម្លាប់​ទិញ​អាហារ​នៅ​ខាងក្រៅ​សាលា គឺ​ក្រសួង​អំពាវនាវ​ឱ្យ​ឪពុកម្ដាយ​ដែល​​នៅ​ជិតកូនៗរបស់​ពួកគេ​ច្រើន​ជាង​សាលាត្រូវ​ចូលរួម​ដាស់​​តឿន​​កូន​ឱ្យមាន​ការ​យល់ដឹង​អំពី​ការ​ជ្រើស​រើស​ម្ហូបអាហារ​ត្រឹម​ត្រូវដែល​ផ្ដល់​ប្រយោ​ជន៍​វិជ្ជមាន​សម្រាប់​ជា​អាហា​រូបត្ថម្ភ​ទ្រទ្រង់​សុខភាព៕