
សកម្មភាពកុមារមកទទួលការអប់រំក្រៅប្រព័ន្ធ។ រូបថត Sipar Cambodia
ភ្នំពេញៈ សកម្មភាពអប់រំក្រៅប្រព័ន្ធនៅឆ្នាំ ២០២០ មានការធ្លាក់ចុះបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ដែលការធ្លាក់ចុះនេះបណ្ដាលមកពីបញ្ហានៃការរីករាលដាលជំងឺកូវីដ ១៩ នៅក្នុងសហគមន៍។ នេះបើតាមរបាយការណ៍ស្ដីពីការអប់រំក្រៅប្រព័ន្ធដែលក្រសួងអប់រំបានចេញផ្សាយកាលពីថ្ងៃទី ១៨ ខែមីនា។
របាយការណ៍ប្រចាំឆ្នាំរបស់នាយកដ្ឋានអប់រំក្រៅប្រព័ន្ធមានកម្រាស់ ១១៩ ទំព័រ បានរៀបរាប់លម្អិតអំពីសកម្មភាព សមិទ្ធផល និងបញ្ហាប្រឈមនានាដែលកើតមានក្នុងឆ្នាំ ២០២០។ បើតាមក្រសួងអប់រំ ការអប់រំក្រៅប្រព័ន្ធជាប្រព័ន្ធអប់រំមួយដែលផ្តល់នូវឱកាសរៀនសូត្រដល់កុមារ និងយុវជនក្រៅសាលា សិស្សបោះបង់ការសិក្សា និងអនក្ខរជនគ្រប់វ័យ គ្រប់ភេទ ដើម្បីជួយឱ្យពួកគេទទួលបានចំណេះដឹង ចំណេះធ្វើក្នុងការកែលម្អគុណភាពជីវភាពរស់នៅឱ្យប្រសើរឡើង។
ការអប់រំប្រភេទនេះរួមមាន កម្មវិធីអក្ខរកម្មវិជ្ជាជីវៈ កម្មវិធីក្រោយអក្ខរកម្ម កម្មវិធីបំពេញវិជ្ជា កម្មវិធីសមមូល កម្មវិធីចូលរៀនឡើងវិញ និងកម្មវិធីបង្កើតប្រាក់ចំណូល។
របាយការណ៍ក្រសួងអប់រំបានឱ្យដឹងថា នៅឆ្នាំ ២០២០ អត្រាអក្ខរជន ឬជនចេះអក្សរ ពេញវ័យចាប់ពី ១៥ ឆ្នាំឡើងទៅមានចំនួនសរុប ៨៧,៧ ភាគរយ ក្នុងនោះភេទប្រុស ៩០,៩ ភាគរយ និងស្ត្រី ៨៤,៨ ភាគរយ។ ចំណែកអនក្ខរជន ឬជនមិនចេះអក្សរពេញវ័យមានចំនួន ៩៤៩ ៥១៦ នាក់ ដែលជាង ៥១ ភាគរយជាស្ត្រី។
ខេត្តព្រៃវែងជាខេត្តមានអនក្ខរជនជាស្ត្រីច្រើនរហូតដល់ ៥៧,៣៦ ភាគរយ ខណៈដែលខេត្តឧត្តរមានជ័យមានទាបជាងគេត្រឹម ៤៤,៦០ ភាគប៉ុណ្ណោះ។
ក្នុងឆ្នាំ ២០២០ ថ្នាក់អក្ខរកម្មវិជ្ជាជីវៈ ឬការរៀនអក្សរភ្ជាប់ជាមួយនឹងជំនាញ ត្រូវបានមន្ទីរអប់រំអនុវត្តបានចំនួន ៨៩៤ ថ្នាក់មានសិស្សសរុប ១៧ ៦៩៤ នាក់។ ក្នុងចំណោមចំនួនថ្នាក់រៀនទាំងនេះ មន្ទីរអប់រំយុវជន និងកីឡាបានអនុវត្ត ៨៧៨ ថា្នក់ និងអង្គការដៃគូអភិវឌ្ឍន៍អនុវត្តបានចំនួន ១៦ ថ្នាក់។ ទាំងចំនួនថ្នាក់រៀន ចំនួនអ្នកចូលរៀនអក្ខរកម្ម និងចំនួនគ្រូបានថយចុះព្រមៗគ្នាបើប្រៀបធៀបនឹងឆ្នាំ ២០១៩។
ថ្នាក់អក្ខរកម្មនេះត្រូវបានអនុវត្តនៅក្នុងភូមិចំនួន ៨៣០ ក្នុងឃុំសង្កាត់ចំនួន ៥៥១ ក្នុង ១៨៦ ស្រុកនៃខេត្តក្រុងទាំង ២៥។
ថ្នាក់អក្ខរកម្មក៏មានធ្វើឡើងនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ និងនៅតាមរោងចក្រសហគ្រាសផងដែរ។ នៅឆ្នាំ ២០២០ ថ្នាក់រៀនអក្ខរកម្មចំនួន ៧ បានធ្វើឡើងនៅមណ្ឌលអប់រំកែប្រែមានសិស្សចូលរៀន ១៦០ នាក់នៅពន្ធនាគារចំនួន ៣៣ ថ្នាក់ មានសិស្សចូលរៀន ៧៤៥ នាក់។
ដោយឡែក កម្មវិធីចូលរៀនឡើងវិញ ដែលជាការបំប៉នដល់សិស្សដែលបោះបង់ការសិក្សានៅបឋមសិក្សាបានរងផលប៉ះពាល់ស្ទើរតែទាំងស្រុងនៅឆ្នាំ ២០២០ ដោយមានតែខេត្តចំនួន ៣ ប៉ុណ្ណោះដែលបានអនុវត្តកម្មវិធីនេះ រួមមានខេត្តកណ្ដាល ព្រះវិហារ និងតាកែវ។
ក្នុងខេត្តទាំង ៣ នេះមានថ្នាក់រៀនចំនួន ៩១ ថ្នាក់ បានដំណើរការដែលចំនួននេះថយចុះ ៥៧០ ថ្នាក់ និងមានសិស្សសរុប ១ ៧៤២ នាក់ថយចុះ ១០ ០៦៩ នាក់ធៀបនឹងឆ្នាំ ២០១៩។
កម្មវិធីបង្កើតប្រាក់ចំណូលដែលជាកម្មវិធីបណ្ដុះបណ្ដាលជំនាញ គួបផ្សំ និងការផ្ដល់ឥណទាន ដូចជាការបង្កើតក្រុមជួយគ្នា ធនាគារស្រូវ និងសហគមន៍នានា។ នៅឆ្នាំ ២០២០ មានថ្នាក់រៀនចំនួន ៥៨៤ ថ្នាក់បានដំណើរការមានសិស្សចូលរៀន ៨៦២២ នាក់។ កម្មវិធីនេះបង្រៀនជំនាញផ្សេងៗចំនួន ៤០ មុខ រាប់ចាប់ពីកាត់ដេរ ប្រើប្រាស់កុំព្យូទ័រ រហូតដល់ផលិតកម្មធ្វើលបត្រី។
កម្មវិធីសិក្សាក្រៅប្រព័ន្ធក៏រួមបញ្ចូលមជ្ឈមណ្ឌលសិក្សាសហគមន៍ផងដែរ ដែលបច្ចុប្បន្ននេះមានចំនួន ៣៤៩ កន្លែង ប៉ុន្តែមានតែ ៣២១ កន្លែងប៉ុណ្ណោះដែលដំណើរការ។ មណ្ឌលដែលមិនដំណើរការបណ្ដាលមកពីកត្តាមួយចំនួនដូចជា កម្មវិធីសិក្សាមិនទាន់ច្បាស់លាស់ មិនទាន់មានគ្រូ ការគាំទ្រមានការយឺតយ៉ាវជាដើម។
នៅស្ទើរតែគ្រប់ប្រភេទនៃកម្មវិធីអប់រំក្រៅប្រព័ន្ធ ការធ្លាក់ចុះទាំងចំនួនថ្នាក់រៀន ចំនួនសិស្ស និងចំនួនគ្រូពាក់ព័ន្ធនឹងបញ្ហាការឆ្លងរាលដាលនូវជំងឺកូវីដ១៩ចូលទៅក្នុងសហគមន៍។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងក្នុងបុព្វកថានៃរបាយការណ៍ថា៖ «នៅឆ្នាំ ២០២០ សកម្មភាពអប់រំក្រៅប្រព័ន្ធមួយចំនួនពុំអាចដំណើរការបានមួយចំនួនទៀតបានពន្យារពេល និងផ្លាស់ប្តូររូបភាពរៀនសូត្រផ្សេងៗគ្នា ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩។
លោកបន្តថា៖ «ក្រសួងអប់រំ យុវជន និងកីឡាបានរិះរកគ្រប់មធ្យោបាយដើម្បីផ្តល់ចំណេះដឹងដល់អ្នកសិក្សាទាំងអស់ តាមរយៈការរៀនសូត្រតាមបែបវិធីសាស្ត្រចម្រុះ រៀននៅតាមផ្ទះ តាមបណ្តុំតូចៗ តាមការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ដោយបានផលិតវីដេអូបង្រៀនសម្រាប់កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត កម្មវិធីអក្ខរកម្ម និងកម្មវិធីសមមូលបឋមសិក្សា»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានថ្លែងថា ការអប់រំក្រៅប្រព័ន្ធផ្ដោតសំខាន់ទៅលើប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ កុមារ និងយុវជនធ្វើពលកម្ម និងនៅក្រៅសាលា កុមារ និងយុវជន ជនជាតិ និងមនុស្សពេញវ័យ។ ក្នុងចំណោមមុខសញ្ញាទាំងនេះ ការយកចិត្តទុកដាក់ជាពិសេសគឺទៅលើកុមារ និងស្ត្រី៕