ភ្នំពេញៈ បុគ្គល​ ៤ ​រូប ​ដែលមាន​បញ្ញា​ខ្ពស់ ឬ​ទេពកោសល្យ​ពិសេស​ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា កត់ត្រា​ចំណាំទុក​ដើម្បី​រៀបចំ​ការប្រកាស​ផ្តល់​ឱ្យ​នូវ​ការអប់រំ​ពិសេស​សម្រាប់​ពួកគេ ស្របពេល​លោកនាយករដ្ឋមន្ត្រី​ក៏បាន​ហៅ​យុវជន​ម្នាក់​ដែល​មាន​បញ្ញា​ខ្ពស់​ឱ្យមក​ជួប​លោក​នៅ​គេហដ្ឋាន ខណៈ​សង្គម​ស៊ីវិល​ក៏​ស្នើសុំ​ចង់​ឱ្យ​រដ្ឋ​ផ្តល់​ការគាំទ្រ​ផ្សេងៗ និង​ការយក​ចិត្តទុកដាក់​ពិសេស​ចំពោះ​បុគ្គល​ទាំងនោះ​។

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​ រស់ សុវាចា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៥ កញ្ញា​ ថា ចំពោះ​អ្នកសិក្សា​ពូកែ​ដែល​មាន​ទេពកោសល្យ ឬ​បញ្ញា​ខ្ពស់​មក​ដល់​ពេល​នេះ​យោង​ទៅ​លើ​របាយការណ៍​របស់​នាយកដ្ឋាន​អប់រំ​ពិសេស​របស់​ក្រសួង​អប់រំ គឺ​មាន​ការកត់ត្រា​ទៅលើ​បុគ្គល​​ ៤ ​រូប​។ ទី​១ កុមារា ​ហឺទៀង គឹមហុង អាយុ​ ៩ ​ឆ្នាំ ​ទី​២ កុមារី ប៊ីបាន់លក្ស្មី អាយុ​ ៥ ​ឆ្នាំ ទី​៣ កុមារា​ ធុច សាលិ អាយុ​ ១៥ ​ឆ្នាំ​ ដែល​ចេះ​ភាសាបរទេស​រហូត​ដល់​ ១៥ ​ភាសា ហើយ​និង​ថ្មីៗ​នេះ និស្សិត ហុង ភារិន អាយុ​ ២៣ ​ឆ្នាំ​។

លោក​ សុវាចា បញ្ជាក់ថា​៖ «​មក​ដល់​ពេល​នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​និង​កំពុង​រៀបចំ​ប្រកាស​ស្តីពី​ការអប់រំ​ពិសេស​សម្រាប់​អ្នកសិក្សា​ពូកែ ដែល​មាន​ទេពកោសល្យ និង​ឬ​បញ្ញា​ខ្ពស់ ​ដោយ​យើង​ពិនិត្យ​ទៅ​លើ​លទ្ធភាព​ជាក់ស្តែង ដែល​ក្រសួង​មាន​តួនាទី និង​ភារកិច្ច​ត្រូវបំពេញ​ជូន​ការអប់រំ​ពិសេស​សម្រាប់​ក្រុម​គោលដៅ​មួយ​នេះ​»​។

លោក​បន្តថា ខ្លឹមសារ​ប្រកាស​នេះ​មាន​គោលបំណង​លើកកម្ពស់​ការអប់រំ​សម្រាប់​អ្នកសិក្សា​ពូកែ ដែល​មាន​ទេពកោសល្យ និង​ឬ​បញ្ញា​ខ្ពស់ ឱ្យ​មាន​ប្រសិទ្ធភាព​ប្រកប​ដោយ​គុណភាព សមធម៌ និង​បរិយាប័ន្ន​។

លោក​បន្ថែម​ថា បើ​ក្រឡេកមើល​ទិដ្ឋភាព​សិស្ស​ពូកែ ក្រសួង​អប់រំ​បាន​ធ្វើ​ការងារ​សិស្ស​ពូកែ​ថ្នាក់ជាតិ​ជា​យូរ​មក​ហើយ​ដែល​មាន​ ៣ ​មុខវិជ្ជា ​គឺ​អក្សរសាស្ត្រ​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា​។ ក្នុង​ ១ ​ឆ្នាំ​ ក្រសួង​ជ្រើសរើស​យក​ ១០ ​នាក់​ក្នុង​មុខវិជ្ជា​នីមួយៗ ពី​លេខ​ ១ ​ដល់​លេខ​ ១០ សម្រាប់​ថ្នាក់​ទី​ ៩ និង​ថ្នាក់​ទី​ ១២​។ សរុបទៅ​មាន​ ៦០ ​នាក់​ ក្នុង​មួយឆ្នាំ​សិក្សា​។

ថ្មីៗ​នេះ និស្សិត​អាហារូបករណ៍​មួយរូប​ឈ្មោះ​ ហុង ភារិន វ័យ ​២៣ ​ឆ្នាំ ​ដែល​កំពុង​សិក្សា​នៅ​ប្រទេស ​ថៃ​ មាន​ទេពកោសល្យ​ជា​អច្ឆរិយ​ក្នុង​ការចងចាំ​។ យុវជន​រូបនេះ​អាច​ចងចាំ​តួលេខ​ ៣០ ​ខ្ទង់​តែ​ក្នុង​រយៈពេល​ ៣០ ​វិនាទី​។ ភារិន ​អាច​ចងចាំ​លេខ​រៀង​សន្លឹកបៀ​ទាំង​ ៥២ ​សន្លឹក និង​អាច​ចងចាំ​ប្រតិទិន​រហូត​ដល់​ទៅ​ ៧០០ ​ឆ្នាំ ខណៈ​យុវជន​រូបនេះ​បាន​ចូលរួម​បង្ហាញ​សមត្ថភាព​ក្នុង​កម្មវិធី “Super 100” របស់​ទូរទស្សន៍​ថៃ​មួយ​ឈ្មោះ Workpoint​។

ដោយ​ឃើញ​ភាព​ប៉ិនប្រសប់​របស់​ ហុង ភារិន កាលពី​ថ្ងៃ​សុក្រ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ហៅ​យុវជន​រូបនេះ និង​បងប្រុស​របស់​គាត់ ហុង ភារុន ឱ្យមក​ជួប​លោក​នៅ​គេហដ្ឋាន​។

លោក​ ហ៊ុន សែន បានប្រកាស​ក្នុង​ហ្វេសប៊ុក​ក្នុង​ថ្ងៃនោះ​ថា ការជួប​យុវជន​ ហុង ភារិន គឺ​ដើម្បី​ចង់​ឈ្វេងយល់​ពី​បំណង​ និង​គោលដៅ​របស់​ ហុង ភារិន ដើម្បី​ងាយស្រួល​ដល់​ការជួយ​របស់​លោក​ឱ្យស្រប​ជាមួយ​បំណង​ដែល​យុវជន​រូបនេះ​ចង់​ទៅ និង​ចង់​បាន​។

លោក​ ហ៊ុន សែន ប្រកាសថា​៖ «​ខ្ញុំ​ក៏បាន​ជួយ​ដល់​ ហុង ភារុន ដែល​រៀន​ចប់​បរិញ្ញាបត្រ និង​កំពុង​ធ្វើការ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផ្នែក​ពន្ធដារ​ឱ្យ​បន្ត​រៀន​យក​បរិញ្ញាបត្រ​ជាន់ខ្ពស់​តទៅ​ទៀត​។ ជូនពរ​កូនប្រុស​ទាំង​ ២ ​ជួប​តែ​សេចក្តីសុខ និង​សម្រេច​នូវ​បំណងប្រាថ្នា​ដែល​កូន​ចង់បាន​»​។

អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​លើកឡើង​ថា រដ្ឋ​គួរតែ​ផ្តល់​ការគាំទ្រ​ផ្សេងៗ​ដល់​មនុស្ស​ដែល​មាន​សមត្ថភាព​ និង​ទេពកោសល្យ​ពិសេស ទាំង​ការអភិវឌ្ឍ​ចំណេះដឹង​ដើម្បី​ឱ្យ​ពួកគាត់​មាន​លទ្ធភាព​ស្រាវជ្រាវ និង​បញ្ចេញ​គំនិត​ថ្មីៗ ការរកឃើញ​ថ្មីៗ ឬ​ការយល់​ឃើញ​ថ្មីៗ​។ បើ​មិន​ដូច្នេះ​ទេ សមត្ថភាព​របស់​អ្នក​ដែល​មាន​ទេពកោសល្យ​ពូកែៗ​ទាំងនេះ​នឹង​អាច​ចុះថយ​។

លោក​ យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និង​សន្តិភាព​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៥ កញ្ញា​ថា​ចំពោះ​យុវជន​ដែល​មាន​ទេពកោសល្យ​ខ្ពស់ មិន​ត្រឹមតែ​ក្រសួង​អប់រំ​នោះ​ទេ ដែល​គួរតែ​យកចិត្ត​ទុកដាក់ គឺ​រដ្ឋ​ទាំងមូល ពីព្រោះ​មនុស្ស​មាន​សមត្ថភាព​បែប​នេះ​មិន​ងាយ​រកបាន​នោះ​ទេ​។ លោក​ថា រដ្ឋ​មាន​ការខ្វះ​ចន្លោះ​ក្នុង​ការស្វែងរក ឬ​ក៏​មិនសូវ​ចាប់អារម្មណ៍​ទៅ​លើ​ចំណុច​ពិសេស​របស់​យុវជន​កម្ពុជា​ដែល​នេះ​គឺជា​បញ្ហា​។

លោក​បន្ត​ថា​សូម្បីតែ​ក្មេងប្រុស​ម្នាក់​ឈ្មោះ​ ធុច សាលិ នៅ​ខេត្ត​សៀមរាប ដែល​មាន​ទេពកោសល្យ​ចេះ​និយាយ​បាន​ច្រើន​ភាសា​កាលពី​ឆ្នាំ​ ២០១៨ ក៏​រដ្ឋ​មិន​បាន​ដឹង​នោះ​ដែរ​។ ប៉ុន្តែ​បែរជា​ត្រូវ​បាន​ចាប់អារម្មណ៍ ឬ​បាន​ដឹង​ចេញ​ពី​មគ្គុទេ្ទសក៍​ទេសចរណ៍​បរទេស​ទៅវិញ​។

លោក យង់ គិមអេង ថ្លែង​ថា​៖ «​នេះ​ជា​រឿង​សំខាន់​។ គួរតែ​រក្សា​គាត់​ដើម្បី​ឱ្យ​គាត់​បន្ត​ជំនាញ​ពិសេស​របស់​គាត់​បាន​វែងឆ្ងាយ​ទៅទៀត​។ ប្រសិន​បើ​គាត់​ជួប​ស្ថានការណ៍​ដែល​វា​តានតឹង ដែល​វា​ពិបាក អាហ្នឹង​អាច​ធ្វើ​ឱ្យ​គាត់​អាច​ថមថយ​នូវ​សមត្ថភាព​ពិសេស​របស់​គាត់​ហ្នឹង​ដែរ​។ អ៊ីចឹង​គួរតែ​មាន​ការយកចិត្ត​ទុកដាក់​ពិសេស​ទៅ​លើ​គាត់​»​។

លោក​បាន​បញ្ជាក់ថា ក្នុង​ការស្វែងរក​អ្នក​ដែល​មាន​ទេពកោសល្យ​គឺ​ត្រូវ​ពឹង​ផ្អែកលើ​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេងៗ​។ ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវតែ​មាន​ការចាប់អារម្មណ៍​ពី​បញ្ហា​នេះ ហើយ​រដ្ឋ​គួរ​តែ​ធ្វើយ៉ាងណា​ឱ្យ​បាន​ដឹង​ពី​បញ្ហា​នេះ​ផងដែរ​។

លោក ស ម៉ូរី អនុប្រធាន​បណ្តាញ​យុវជន​កម្ពុជា​ក៏​បាន​លើកឡើង​ថ្ងៃទី​ ៥ កញ្ញា ​ដែរ​ថា ដើម្បី​លើក​ទឹកចិត្ត​ដល់​យុវជន​ដែល​មាន​សមត្ថភាព​បែប​នេះ ក្រសួង​អប់រំ​គួរតែ​ធ្វើការ​ពិភាក្សា​ដោយផ្ទាល់​ជាមួយ​យុវជន​ណា​ដែលមាន​សមត្ថភាព​អច្ឆរិយ និង​លេចធ្លោ​។ ការធ្វើ​បែប​នេះ​គឺ​ដើម្បី​សិក្សា​បន្ថែម​ទៀត​អំពី​ទេពកោសល្យ ជំនាញ និង​អ្វី​ដែល​ជា​តម្រូវការ​របស់​ពួកគាត់ ដោយ​ជួយ​គាំទ្រ​ពួកគាត់​បន្ថែម​ដើម្បី​ពង្រីក​សមត្ថភាព និង​ជំនាញ​ពី​ធម្មជាតិ​ដែល​ពួកគាត់​មាន​ស្រាប់​សម្រាប់​បម្រើ​សង្គម​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ប្រសិនបើ​យើង​ឃើញ​មនុស្ស​ដែល​មាន​សមត្ថភាព​ពូកែៗ​ហើយ យើង​មិន​យក​ចិត្ត​ទុកដាក់​ដល់​គាត់ ខ្វះ​ការគាំទ្រ​ទៅ​ដល់​គាត់ បើសិន​ក្នុង​ស្ថានភាព​បែប​ហ្នឹង យើង​អត់​បាន​ពង្រឹង​ធនធាន​មនុស្ស​ដែល​មាន​ស្រាប់ ឬ​ក៏​មនុស្ស​ដែល​មាន​ទេពកោសល្យ​ស្រាប់​។ ខ្ញុំ​គិតថា វា​ជា​រឿង​មួយ​ដែល​គួរឱ្យ​សោកស្តាយ​»៕