ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​រៀបចំ​យុទ្ធសាស្ដ្រ​ដើម្បី​ពង្រឹង​វិស័យ​អប់រំ​រយៈពេល ៥ ឆ្នាំ (២០១៩-២០២៣) ដើម្បី​ធានា​លទ្ធភាព​ទទួល​បាន​ការអប់រំ​ប្រកប​ដោយ​គុណភាព សមធម៌ បរិយាប័ន្ន និង​លើក​កម្ពស់​ឱកាស​សិក្សា​ពេញ​មួយជីវិត សម្រាប់​អ្នក​ទាំងអស់​គ្នា ខណៈ​ដែល​ក្នុង​ឆ្នាំ ២០១៧-២០១៨ អត្រា​សិស្ស​បោះបង់​ការសិក្សា​នៅ​មធ្យមសិក្សា​បឋមភូមិ​មាន ១៦,៦ ភាគរយ​។ នេះ​បើ​តាម​លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​។

ជាមួយ​គ្នា​នេះ​បើ​តាម​របាយការណ៍​ពិនិត្យ​តាមដាន​ការអប់រំ​ជា​សកល​ឆ្នាំ ២០១៧-២០១៨ បាន​បង្ហាញ​ថា​កុមារ​ និង​យុវជន កម្ពុជា បាន​ចុះឈ្មោះ​ចូលរៀន​កម្រិត​អប់រំ​ចំណេះ​ទូទៅ​មាន ៣១៤៣ ២៥២ នាក់ ស្រី ១ ៥៥១ ៩៩០ នាក់​។

លោក រស់ សុវាចា បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា បើ​តាម​ទិន្នន័យ​ទូទាំង​ប្រទេស​នៅក្នុង​ឆ្នាំ ២០១៧-២០១៨ អត្រា​សិស្ស​បោះបង់​ការសិក្សា​នៅ​មធ្យមសិក្សា​បឋមភូមិ​មាន ១៦,៦ ​ភាគរយ ស្រី​មាន ១៤,២ ភាគរយ​។ ចំណែក​អត្រា​បោះបង់​ការសិក្សា​នៅ​មធ្យមសិក្សា​ទុតិយភូមិ​មាន​ ១៩,៧ ភាគរយ ស្រី​មាន ១៧ ភាគរយ​ហើយ​អត្រា​បោះបង់​ការសិក្សា​របស់​សិស្ស​នៅ​កម្រិត​បឋមសិក្សា មាន ៤,៧ ភាគរយ ស្រី​មាន ៣,៥ ភាគរយ​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ទិន្នន័យ​ទូទាំង​ប្រទេស​ឆ្នាំ ២០១៧-២០១៨ ក៏​បាន​បញ្ជាក់​ផងដែរ​ថា អត្រា​បញ្ចប់​ការសិក្សា​នៅ​បឋមសិក្សា​មាន ៧៩,០៦ ភាគរយ ស្រី​មាន ៨២,៦៥ ភាគរយ ហើយ​ចំនួន​សិស្ស​ចុះឈ្មោះ​ចូលរៀន​កម្រិត​អប់រំ​ចំណេះ​ទូទៅ​មាន ៣- ១៤៣ ២៥២ នាក់​ក្នុង​នោះ ស្រី ១ ៥៥១ ៩៩០ នាក់​។

លោក សុវាចា បាន​រំឭក​ថា​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​បាន​ការអប់រំ​យ៉ាង​តិច​ ៩ ​ឆ្នាំ​ប្រកប​ដោយ​គុណភាព​ដោយ​ឥត​បង់ថ្លៃ​នៅ​សាលារៀន​សាធារណៈ​។ ដូច្នេះ​ក្រសួង​អប់រំ​បាន​រៀបចំ​គោលនយោបាយ និង​វិធានការ​ជា​ជំហានៗ​តាំងពី​អាណត្ដិ​មុនៗ​រហូត​មក​ដល់​អាណត្ដិ​ថ្មី​នៃ​រាជរដ្ឋាភិបាល ដើម្បី​បន្ដ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ទទួល​បាន​ការអប់រំ​ប្រកប​ដោយ​គុណភាព ស្រប​តាម​បទប្បញ្ញត្ដិ​ដែល​មាន​ចែង​ក្នុង​ច្បាប់​អប់រំ​ប្រទេស​កម្ពុជា​។

លោក​បាន​ថ្លែង​ថា​៖ «​ក្រសួង​អប់រំ​កំពុង​រៀបចំ​យុទ្ធសាស្ដ្រ​វិស័យ​អប់រំ​រយៈពេល ៥ ឆ្នាំ​តទៅ​មុខ​ទៀត​ (២០១៩-២០២៣) ដើម្បី​ធានា​លទ្ធភាព​ទទួល​បាន​ការអប់រំ​ប្រកប​ដោយ​សមធម៌​។ ជាពិសេស​ក្រសួង​បាន​កំណត់​ជាគោលការណ៍​ធំៗ​ ២ ​នៅក្នុង​នោះ គោលនយោបាយ​អប់រំ​ទី​ ១ ​ធានា​ការអប់រំ​ប្រកប​ដោយ​គុណភាព​សមធម៌ បរិយាប័ន្ន​ និង​លើកកម្ពស់​ឱកាស​សិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​អ្នក​ទាំងអស់​គ្នា​»​។

លោក សុវាចា បញ្ជាក់​ថា​ក្រសួង​ក៏បាន​រៀបចំ​គោលនយោបាយ​គ្រូបង្រៀន ដោយ​បាន​រៀបចំ​កំណែទម្រង់​ធំៗ​រួមមាន​កំណែទម្រង់​ការ​គ្រប់គ្រង​ការសិក្សា​កំណែទម្រង់​ការគ្រប់គ្រង​រដ្ឋបាល កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​កំណែទម្រង់ ការគ្រប់គ្រង​ធនធាន​មនុស្ស​សម្រាប់​រយៈពេល​ ៥ ​ឆ្នាំ​ទៅ​មុខ​ទៀត​។

លោក សុវាចា បញ្ជាក់​ថា​៖ «​អ៊ីចឹង​សរុប​ជារួម​ក្រសួង​អប់រំ​បាន​បន្ដ​ពង្រឹង និង​ពង្រីក​ទៅ​លើ​សេវា​អប់រំ​ដោយ​ផ្ដោត​ទៅ​លើ​គុណភាព និង​គុណសម្បត្ដិ សិស្ស និង​របស់​គ្រូ​ទាំងឡាយ​ដែល​បាន​ខិតខំ​យក​ចិត្ដ​ទុកដាក់​នៅក្នុង​សេវា​អប់រំ​»​។

លោក ហោ សុខៈ នាយក​កម្មវិធី​អំណាន និង​ជា​អ្នក​ជំនាញ​ខាង​អំណាន​នៃ​អង្គការ Room to Read ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​ថា​ការរៀនសូត្រ​របស់​កុមារ និង​យុវជន​នៅ​ក្នុង​ប្រទេស​ដែល​ជឿនលឿន​មាន​ចំណេះដឹង​លើស​ពី​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​រហូត​ដល់ ១០ ដង​ដែល​មិនមែន​មាន​តែ​ប្រទេស​កម្ពុជា​ទេ​។ លោក​បន្ដ​ថា​៖ «​សម្រាប់​ប្រទេស​កម្ពុជា​យើង​តាម​របាយការណ៍​ថ្មីៗ​នេះ​មិន​ទាន់​ស្ថិត​ដល់​ការចង់​បាន​របស់​យើង​នៅ​ឡើយ​ទេ ចំពោះ​ចំណេះដឹង​ការសិក្សា​របស់​កុមារ និង​យុវជន​»​។

លោក​លើក​ឡើង​ថា​៖ «​ក្រសួង​ត្រូវ​បែងចែក​កញ្ចប់​ថវិកា​នៅ​តាម​សាលារៀន​ជនបទ​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​ទិញ​សៀវភៅ​ដាក់​ឲ្យ​បាន​គ្រប់​កម្រិត​ទាំង​កម្រិត​បឋម និង​មធ្យមសិក្សា​ឲ្យ​មាន​សៀវភៅ​ថ្មីៗ​ជានិច្ច​»​។

ចំណែក​លោកស្រី​ អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ (CITA) បាន​មើល​ឃើញ​ថា​ការសិក្សារ​រៀនសូត្រ​របស់​កុមារ និង​យុវវ័យ នៅក្នុង​ប្រទេស​កម្ពុជា​មាន​ការប្រែប្រួល​ផ្ទុយ​គ្នា​ពី​កម្រិត​បឋម និង​កម្រិត​មធ្យម​។

លោកស្រី​បាន​លើក​ឡើង​ថា «​ចំពោះ​ការអាន និង​សរសេរ​របស់​កុមារ​តូចៗ​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ការ​ខិតខំ​ប្រឹងប្រែង​ច្រើន ប៉ុន្ដែ​បើ​យើង​និយាយ​ពី​កម្រិត​អនុវិទ្យាល័យ​ទៅ​ដល់​កម្រិត វិទ្យាល័យ ការអាន និង​សរសេរ​របស់​សិស្ស​នៅ​មាន​កម្រិត​នៅ​ឡើយ​ដែល​មាន​សិស្ស​ខ្លះ​គាត់​រៀន​ដល់​ថ្នាក់​ទី​ ១២ ទៅ​ហើយ​តែ​គាត់​នៅ​មិនទាន់​ចេះ​សរសេរ ឬ​ក៏​ចេះ​អាន​បាន​ច្បាស់លាស់​នៅឡើយ​ទេ​» ដែល​នេះ​បង្ហាញ​ថា​គុណភាព​នៃ​ការអប់រំ​ដល់​ពួកគេ​នៅ​មាន​កម្រិត​។

ទោះ​យ៉ាងណា​បើ​តាម​លោក សុវាចា ក្រៅពី​វិធានការ​ខាងលើ​នៅ​ក្នុង​អាណត្ដិ​ទី ៦ នេះ​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ ​ដោយ​បាន​ចាត់ទុក​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ជា​អាទិភាព​ទី​ ១ ​។

លោក​ សុវាចា បន្ត​ថា​ដើម្បី​ឆ្លើយតប​ទៅ​នឹង​គោលការណ៍​នេះ​ក្រសួង​អប់រំ​ប្ដេជ្ញា​សម្រេច​ឲ្យ​បាន​ចំពោះ​ការពង្រឹង​គុណភាព​អប់រំ វិទ្យាសាស្ដ្រ​ និង​បច្ចេកវិទ្យា​ដោយ​ផ្ដល់​អាទិភាព​ទី​ ១ ចំពោះ​ការយក​ចិត្ដ​ទុកដាក់​លើ​គ្រូបង្រៀន ការពង្រីក​វិសាលភាព​សាលារៀន​គ្រប់​កម្រិត និង​ការពង្រឹង​អធិការកិច្ច​គ្រប់​ជ្រុងជ្រោយ​លើ​ការគ្រប់គ្រង​សាលារៀន​៕