ភ្នំពេញៈ ក្រសួង​អប់រំ​យុវជន​ និង​កីទ្បា និង​យូនីសេហ្វ​បាន​ចេញ​ផ្សាយ​នូវ​កម្មវិធី​និទានរឿង​ថ្មី​មួយ​មាន​ឈ្មោះថា​ «​តីតី និទានរឿង​» ដើម្បី​លើក​កម្ពស់​អក្ខរកម្ម និង​លើកទឹកចិត្ត​កុមារ​ឱ្យ​អាន​ដោយ​ក្រសួង​បញ្ជាក់ថា កម្មវិធី​និទានរឿង​ថ្មី​នេះ​នឹង​ផ្តល់​នូវ​ក្តីសង្ឃឹម និង​ក្តី​រីករាយ​ដល់​កុមារ​ និង​គ្រួសារ​នៅក្នុង​ដំណាក់កាល​នៃ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​កុមារ​ទាំងអស់​ត្រូវបាន​តម្រូវ​ឱ្យ​សិក្សា​នៅតាម​ផ្ទះ​។

នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​រវាង​ក្រសួង​អប់រំ​ និង​យូនីសេហ្វ​ដែល​បាន​ផ្សព្វផ្សាយ​កម្មវិធី​និទាន​រឿង​ថ្មី សម្រាប់​កុមារ​នេះ​កាលពី​ថ្ងៃទី​ ១៣ ខែមិថុនា​។ សេចក្ដី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា កម្មវិធី​និទានរឿង​ថ្មី​នេះ​ជា​ខ្សែ​វីដេអូ​ថត​ទុក​ជាមុន​មាន​ចំនួន ១២ វគ្គ​ដែល​មួយ​វគ្គ​មាន​រយៈពេល​ ៣០ នាទី ​ត្រូវ​បាន​ផលិត​ទ្បើង ដើម្បី​អប់រំ​រួមទាំង​ផ្តល់​ការកម្សាន្ត​ដល់​កុមារ និង​គ្រួសារ​។ ក្នុង​វគ្គ​នីមួយៗ​ក៏​មាន​បញ្ចូល​នូវ​កម្មវិធី​សំណួរ-ចម្លើយ​ជាមួយ​អ្នករៀបចំ​កម្មវិធី​របស់​យូនីសេហ្វ ដែល​ទស្សនិកជន​អាច​សួរ​សំណួរ​ទាក់ទង​នឹង​ការការពារ​ខ្លួន​ និង​វិធានការ​បង្ការ​ពី​ជំងឺ​កូវីដ​ ១៩​។ កម្មវិធី​នេះ​នឹង​មាន​ផ្សព្វផ្សាយ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍ ទទក​២ ទំព័រ​ហ្វេសប៊ុក ក្រសួង​អប់រំ គណៈកម្មាធិការ​ជាតិ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច និង​យូនីសេហ្វ​ផងដែរ​។

សេចក្ដី​ប្រកាស​ដដែល​ថា រឿងនិទាន​ត្រូវ​បាន​អាន​ដោយ​តួអង្គ​កំប្លុកកំប្លែង​ ២ ​រូប និង​ដកស្រង់​ចេញពី​សៀវភៅ​រឿង​ដែល​បោះពុម្ព​ដោយ​អង្គការ​ស៊ីប៉ា ដែល​ជា​អង្គការ​ធ្វើការ​ជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ​ និង​យូនីសេហ្វ​ដែល​បាននិង​កំពុង​ផលិត​នូវ​សៀវភៅ​អប់រំ​ល្អៗ​សម្រាប់​កុមារ​កម្ពុជា ដើម្បី​លើកកម្ពស់​សមត្ថភាព​អំណាន និង​ចំណេះដឹង​របស់​ពួកគេ​ផងដែរ​។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​ថ្លែង​ក្នុងពេល​ផ្សព្វផ្សាយ​កម្មវិធី​តីតី​និទាន​រឿងនេះ​ និង​បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ចំពោះ​ការផលិត​កម្មវិធី​ដែល​មាន​ភាពច្នៃប្រឌិត​ និង​លើកទឹកចិត្ត ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា​ក្នុង​ការរៀន​ពី​ចម្ងាយ​។

លោក​ថា​៖ «​ក្រសួង​របស់​យើងខ្ញុំ​មាន​សេចក្តី​សោមនស្ស នឹង​ធ្វើការ​ចាក់ផ្សាយ​នូវ​កម្មវិធី​និទាន​រឿង​ថ្មី​នេះ សម្រាប់​សេចក្តី​រីករាយ​របស់​កុមារ និង​គ្រួសារ​តាមរយៈ​ប្រព័ន្ធ​រៀនសូត្រ​អនទ្បាញ​របស់​យើង ក៏ដូចជា​តាមរយៈ​ប៉ុស្តិ៍​ទូរទស្សន៍ ទទក​២»​។ លោក​ឲ្យ​ដឹងថា ក្រសួង​អប់រំ​ជាមួយ​នឹង​ការគាំទ្រ​ពី​យូនីសេហ្វ​កំពុង​ផ្តល់​ឱកាស​សិក្សា​ពី​ចម្ងាយ​លើ​មុខវិជ្ជា​សំខាន់ៗ ទៅ​ដល់​សិស្សានុសិស្ស​ចាប់​តាំងពី​ថ្នាក់​មត្តេយ្យ​រហូត​ដល់​មធ្យមសិក្សា ដែល​នៅ​ក្នុង​នោះ​រួមមាន​ការសិក្សា​តាម​ប្រព័ន្ធ​អនទ្បាញ ទូរទស្សន៍ និង​វិទ្យុ​ជាដើម​។

ប្រធាន​ផ្នែក​អប់រំ យូនីសេហ្វ​កម្ពុជា​លោកស្រី ខេធឺរីន ប៊ឺនណេត ថ្លែង​ថា​៖ «​កម្មវិធី​តីតី​និទានរឿង ក៏ដូចជា​កម្មវិធី​រៀនសូត្រ​ពី​ចម្ងាយ​សំខាន់ៗ​ និង​មាន​លក្ខណៈ​ចម្រុះ​ដទៃទៀត​ដែល​យូនីសេហ្វ​កំពុង​គាំទ្រ​ក្រសួង​អប់រំ​គឺ​មាន​សារៈសំខាន់​ក្នុង​ការលើក​កម្ពស់​សមភាព និង​គណនេយ្យភាព​ក្នុង​ការផ្តល់សេវា​អប់រំ ដើម្បី​ឱ្យ​កុមារ​ដែល​ងាយ​រងគ្រោះ​បំផុត​នៅតែ​មាន​ឱកាស​បន្ត​រៀនសូត្រ​បាន​»​។ លោកស្រី​បន្តថា ដើម្បី​ធានា​ថា កុមារ​គ្រប់រូប និង​គ្រួសារ បាន​ដឹង​និង​អាច​រៀនសូត្រ​ពី​កម្មវិធី តីតី​និទាន​រឿងនេះ​យូនីសេហ្វ​សូម​លើក​ទឹកចិត្ត​ទស្សនិកជន​ឱ្យ​ចូលរួម​ចែករំលែក​អំពី​សៀវភៅ​ដែល​ខ្លួន​ពេញចិត្ត នៅតាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ដោយ​ប្រើប្រាស់ hashtag #TeyTeyNitean៕