ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វសហការគ្នាធានាឱ្យកុមារគ្រប់រូប ជាពិសេសកុមារដែលជួបការលំបាក និងមានឱកាសតិចតួចបន្តទទួលបានការសិក្សាតាមរយៈកម្មវិធីអប់រំតាមវិទ្យុ ខណៈកម្មវិធីនេះអាចជួយឱ្យសិស្សជនជាតិដើមភាគតិចអាចបន្តការសិក្សាបានក្នុងអំឡុងពេលដែលសាលារៀនត្រូវបិទទ្វារដោយបញ្ហាកូវីដ ១៩។
សេចក្ដីប្រកាសព័ត៌មានរួមរបស់ស្ថាប័នទាំងនេះបានឱ្យដឹងពីថ្ងៃទី ៧ ខែមេសាថា ក្នុងអំឡុងពេលសាលារៀនត្រូវបិទទ្វារចំពេលមានការឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍ កុមារគ្រប់រូប ជាពិសេសកុមារដែលជួបការលំបាក និងមានឱកាសតិចតួចត្រូវតែធានាឱ្យបានថា ពួកគេអាចបន្តទទួលបានការសិក្សា។
សេចក្តីប្រកាសដដែលបានបន្តថា ដើម្បីធានាបានការសិក្សានេះក្រសួង អប់រំ និងយូនីសេហ្វបានទិញវិទ្យុចំនួន ១ ៦៤០ គ្រឿង សម្រាប់ផ្ដល់ជូនសិស្សជនជាតិដើមភាគតិចនៅខេត្តភូមិភាគឦសាន គឺមានខេត្តក្រចេះ រតនគិរី និងមណ្ឌលគិរី។
សេចក្តីប្រកាសបានបញ្ជាក់ថា៖ «សិស្សទាំងនេះកំពុងបន្តការសិក្សារបស់ពួកគេ តាមរយៈកម្មវិធីអប់រំពហុភាសាផ្សាយតាមវិទ្យុរបស់ក្រសួងអប់រំ យុវជន និងកីឡាដែលជាទម្រង់មួយក្នុងចំណោមទម្រង់នៃការសិក្សាពីចម្ងាយដែលក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្ដើមអនុវត្ត តាំងពីពេលមានការរាតត្បាតជាសកលនៃជំងឺនេះពីដំបូងៗមកម្ល៉េះ»។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា ក្នុងអំឡុងពេលដ៏សែនលំបាកនេះ ក្រសួងអប់រំ យុវជន និងកីឡាអាចសហការជាមួយយូនីសេហ្វ និងភាពជាដៃគូសកលសម្រាប់ការអប់រំដើម្បីផ្ដល់ឱកាសសិក្សាពីចម្ងាយ ដែលជាតម្រូវការចាំបាច់បំផុតរបស់កុមារជនជាតិដើមភាគតិចដែលកំពុងទទួលបានការអប់រំពហុភាសា។
លោកបន្តថា៖ «ដើម្បីសម្រេចបានលទ្ធផលពិតប្រាកដពីកម្មវិធីអប់រំពហុភាសាតាមវិទ្យុវាជាការសំខាន់ណាស់ដែលមាតាបិតាត្រូវជួយឱ្យកូនៗរបស់ពួកគេបន្តរៀនសូត្រ តាមរយៈការប្រើប្រាស់សេវាអប់រំដ៏មានតម្លៃនេះ»។
កម្មវិធីអប់រំពហុភាសាតាមវិទ្យុផ្ដល់ការបង្រៀនតាមវិទ្យុដល់សិស្សដែលកំពុងទទួលបានការអប់រំពហុភាសានៅកម្រិតមត្តេយ្យ និងបឋមសិក្សាជាភាសាគ្រឹង និងភាសាទំពួន ក្នុងខេត្តរតនគិរី និងភាសាព្នងក្នុងខេត្តមណ្ឌលគិរី។ មានសិស្សប្រមាណ ១ ៥២៧ នាក់ មកពីសាលាបឋមសិក្សាចំនួន ៧៩ ដែលបច្ចុប្បន្ននេះពុំមានវិទ្យុប្រើប្រាស់នឹងទទួលបានវិទ្យុ ១ គ្រឿងដែលធ្វើឱ្យពួកគេអាចនាំយកការបង្រៀននេះទៅដល់ក្នុងផ្ទះរបស់ពួកគេតែម្ដង។ នេះបើតាមការលើកឡើងរបស់អង្គការយូនីសេហ្វ។
អង្គការនេះបានបន្តថា លើសពីនេះគ្រូមត្តេយ្យសហគមន៍ពហុភាសាចំនួន ៣៤ នាក់ និងគ្រូបឋមសិក្សាពហុភាសា ៧០ នាក់ ក៏នឹងទទួលបានវិទ្យុសម្រាប់ប្រើប្រាស់ក្នុងការបង្រៀនរបស់ពួកគេក្នុងថ្នាក់រៀន ឬក្នុងអំឡុងពេលចុះអនុវត្តសកម្មភាពរៀន និងបង្រៀនពីចម្ងាយផងដែរ។ វិទ្យុទាំងនេះត្រូវចែកជូនពួកគេនៅដើមខែមេសា នេះ។
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជាបានលើកឡើងថា យូនីសេហ្វមានមោទនភាពដែលបានធ្វើការងារក្នុងភាពជាដៃគូជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងភាពជាដៃគូសកលសម្រាប់ការអប់រំក្នុងការអនុវត្តកម្មវិធីអប់រំពហុភាសាតាមវិទ្យុដែលកំពុងផ្តល់ប្រយោជន៍ទៅដល់កុមារដែលងាយរងគ្រោះជាងគេនៅកម្ពុជា និងជួយឱ្យពួកគេបានបន្តការសិក្សា។
លោកស្រីសង្កត់ធ្ងន់ថា៖ «ការផ្ដល់វិទ្យុដល់កុមារទាំងនេះនឹងជួយពង្រីកវិសាលភាពកម្មវិធីអប់រំពហុភាសាបន្ថែមទៀត ដែលមានសារៈសំខាន់ក្នុងអំឡុងពេលដែលសាលារៀនកំពុងបិទទ្វារ។ នេះគឺជាគំនិតផ្ដួចផ្ដើមដ៏សំខាន់មួយដែលជួយឆ្លើយតបចំពោះបញ្ហានៃការខកខានការរៀនសូត្រ ដោយសារតែផលប៉ះពាល់ដែលបង្កឡើងដោយសារជំងឺកូវីដ ១៩»។
សូមជម្រាបថាកម្មវិធីអប់រំពហុភាសាតាមវិទ្យុកំពុងអនុវត្តតាមរយៈកិច្ចខិតខំប្រឹងប្រែងឆ្លើយតប និងស្តារឡើងវិញពីជំងឺកូវីដ ១៩ នៅកម្ពុជាជាមួយនឹងការផ្ដល់មូលនិធិគាំទ្រពីភាពជាដៃគូសកលសម្រាប់ការអប់រំ។ យូនីសេហ្វគឺជាទីភ្នាក់ងារចាត់ចែងថវិកាសម្រាប់កម្មវិធីដែលមានទឹកប្រាក់ ៧ លានដុល្លារនេះ ដែលកំពុងផ្ដល់ការគាំទ្របន្ទាន់ដល់សាលារៀន និងសិស្សានុសិស្សក្នុងអំឡុងពេលដែលមានការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩៕