ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការផ្តល់ជំនួយគាំទ្រថវិកាពីរដ្ឋាភិបាលចិនកំពុងរៀបចំបង្កើតបណ្ណាល័យឌីជីថល ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពង្រីកការផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀនឱ្យបានទូលំទូលាយតាមប្រព័ន្ធបច្ចេកវិទ្យាដល់សិស្សានុសិស្ស និងយុវជនកម្ពុជា។
លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទានៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រាប់ភ្នំពេញប៉ុស្តិ៍ ពីថ្ងៃទី ២៧ តុលា ថា ការបង្កើតបណ្ណាល័យឌីជីថលនេះធ្វើឡើងតាមរយៈគំនិតផ្ដួចផ្ដើមក្នុងជំនួបរវាងថ្នាក់ដឹកនាំចិនជាមួយលោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក។
លោកថ្លែងថា៖ «តាមរយៈជំនួបជាមួយថ្នាក់ដឹកនាំយើង ភាគីចិនបានឯកភាពជួយផ្តល់ការគាំទ្រដល់ការបង្កើតបណ្ណាល័យឌីជីថលដ៏មានសារ:សំខាន់នេះជាថវិកាប្រមាណជា ៥ ម៉ឺនដុល្លារ។ យើងក៏បានស្នើឲ្យមានការផ្ដល់ជំនួយគាំទ្រទៅលើបច្ចេកទេសដូចជាការប្រតិបត្ដិការលើបណ្ណាល័យឌីជីថលនេះពីភាគីចិនផងដែរ»។
បើតាមលោក លឹម តុងហួត តួនាទីសំខាន់នៃបណ្ណាល័យឌីជីថលនេះគឺផ្ទុកឯកសារ និងព័ត៌មានទាក់ទងនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីឱ្យសិស្សានុសិស្ស និងសាធារណជនអាចចូលទៅទាញយកឯកសារ និងអាន ស្វែងយល់ពីបញ្ហាគ្រឿងញៀនបាន។
លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ និងជាប្រធានក្រុមការងារអភិវឌ្ឍន៍សម្ភារឧបទេសសម្រាប់ការអប់រំ បង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅតាមគ្រឹះស្ថានសិក្សាថ្លែងពីថ្ងៃទី ២៧ តុលា ដែរថា បណ្ណាល័យឌីជីថលនេះក្នុងជំហានដំបូងនឹងធ្វើនៅទីតាំងបណ្ដាល័យសម្ដេច ហ៊ុន សែន នៅវិទ្យាល័យបឹងត្របែក។
ដំណាក់កាលបន្តបន្ទាប់ទៀតនឹងធ្វើការពង្រីកបណ្ណាល័យឌីជីថលនេះឱ្យមានទីតាំងនៅតាមខេត្ដគោលដៅចំនួន ៩ ទៀត។ បើតាមគម្រោង បណ្ណាល័យឌីជីថលនៅតាមខេត្ដ គឺធ្វើនៅតាមវិទ្យាល័យធនធាន ដែលក្រសួងអប់រំបានកំណត់។
លោកស្រីថ្លែងថា៖ «ជំហានដំបូងនេះយើងធ្វើនៅបណ្ណាល័យសម្ដេច ហ៊ុន សែន នៅវិទ្យាល័យបឹងត្របែកជាគម្រោងទី ១ សិន ដើម្បីយកលទ្ធផលមកធ្វើការសិក្សាទើបឈានទៅបន្តពង្រីកបន្ថែមទៀតនៅតាមបណ្ដាខេត្ដគោលដៅ»។
បើតាមលោកស្រី សឿ សុជាតា ភាគីចិនផ្ដល់ជំនួយថវិកា ៥ ម៉ឺនដុល្លារក្នុងការរៀបចំបង្កើតបណ្ណាល័យនេះ។ ប៉ុន្ដែនឹងមានការឧបត្ថម្ភបន្ថែមសម្រាប់ការរៀបចំផ្នែកប្រព័ន្ធបច្ចេកទេសនៃការដំណើរការបណ្ណាល័យឌីជីថលនៅលើវេបសាយបន្ថែមទៀត។ ក្នុងនោះភាគីចិននឹងផ្ដល់ថវិកាឧបត្ថម្ភបន្ថែមក្នុង ១ ខែប្រមាណជិត ១ ពាន់ដុល្លារលើការងារនេះ។
លោកស្រីថា បណ្ណាល័យនេះមិនត្រឹមតែមានវេបសាយសម្រាប់សិស្សានុសិស្សអាចចូលទៅមើល និងទាញយកឯកសារបានទេ ប៉ុន្ដែក៏មានការបង្កើតបន្ទប់នៅតាមវិទ្យាល័យធនធានបន្ថែមទៀតដើម្បីឱ្យសិស្ស និងយុវជនចូលទៅសិក្សាស្រាវជ្រាវបន្ថែមផងដែរ។
បើតាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី ២៦ តុលា លោកស្រី សឿ សុជាតា និងលោក លឹម តុងហួត បានជួបពិភាក្សាជាមួយតំណាងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានៅស្ថានឯកអគ្គរដ្ឋទូតចិនផងដែរ។ ក្នុងជំនួបនោះភាគីទាំង ២ បានឯកភាពបន្តការងារបច្ចេកទេសដើម្បីបង្កើតបណ្ណាល័យឌីជីថលនេះ៕