ភ្នំពេញៈ ក្រសួងអប់រំ និងក្រុមហ៊ុន Panasonic កាលពីថ្ងៃទី ៩ កញ្ញាបានប្រកាសពីកិច្ចសហការក្នុងការគាំទ្រចំពោះការសិក្សាតាមអេឡិចត្រូនិកដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ខណៈក្រសួងស្នើឲ្យមានការគាំទ្របន្ថែម ចំពោះសូឡាសម្រាប់គម្រោងបន្ទប់រៀនអនឡាញតាមសាលារៀនក្នុងជំហានបន្ទាប់។
ពិធីប្រកាសពីកិច្ចសហការគ្នានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ និងតំណាងក្រុមហ៊ុន Panasonic ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងមានការចូលរួមពីប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ខណៈក្នុងពិធីប្រកាសពីកិច្ចសហការ ក្រុមហ៊ុនក៏បានឧបត្ថម្ភម៉ាស៊ីនត្រជាក់ចំនួន ១០ គ្រឿង ជូនក្រសួងអប់រំសម្រាប់បំពាក់នៅក្នុងបន្ទប់ថតពហុផ្សព្វផ្សាយ ដើម្បីផ្ដល់បរិយាកាសអំណោយផលដល់ការផលិតវីដេអូមេរៀន។ នេះគឺជាការគាំទ្រដល់ការផលិតមាតិកាអប់រំអេឡិចត្រូនិក សម្រាប់ការអប់រំបែបឌីជីថល។
លោកស្រី សេដ្ឋានី ថ្លែងថា៖ «នៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ហើយក្រសួងអប់រំកំពុងផ្ដល់ការអប់រំតាមអនឡាញដល់សិស្សនៅទូទាំងប្រទេស សាលារៀនពិតជាត្រូវការចាំបាច់បំផុតគឺអគ្គិសនី ដើម្បីគាំទ្រដល់ការសិក្សាតាមអនឡាញ»។
លោកស្រីថា វាពិតជាការប្រសើរណាស់ប្រសិនបើក្រុមហ៊ុន Panasonic បន្តផ្ដល់ការគាំទ្រផ្ទាំងសូឡាសម្រាប់ផ្ដល់ជាអគ្គិសនីដល់គម្រោងបន្ទប់រៀនអនឡាញតាមសាលា ពិសេសនៅតាមសាលារៀននៅតាមទីជនបទនៃដំណាក់កាលការរីករាលដាលជំងឺកូវីដ ១៩ នេះ។
លោក អ៊ីជីម៉ា ប្រធានក្រុមហ៊ុន Panasonic (Iijima, Country Head of Panasonic) ថ្លែងថា ជាជំហានដំបូងនៃការសហការគ្នានេះក្រុមហ៊ុនបានសម្រេចបរិច្ចាគម៉ាស៊ីនត្រជាក់សម្រាប់ស្ទូឌីយោដែលក្រសួងមានបច្ចុប្បន្ន និងស្ទូឌីយោថ្មីទាំងអស់ដើម្បីបង្កើតបរិយាកាសប្រកបដោយផាសុកភាព ដោយរំពឹងថា អាចជាចំណែកមួយជួយឲ្យមានភាពងាយស្រួលឡើងក្នុងការធ្វើការប្រចាំថ្ងៃរបស់បុគ្គលិកអប់រំ និងការបង្រៀនយ៉ាងស្វិតស្វាញរបស់លោកគ្រូអ្នកគ្រូទាំងអស់ ព្រោះពួកគាត់មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការអប់រំនៅកម្ពុជា។
លោកថ្លែងថា៖ «យើងកំពុងពិចារណា ថាតើការគាំទ្របែបណាដែលល្អបំផុតសម្រាប់សង្គម និងក្រសួងអប់រំ ហើយយើងនឹងបន្តពិភាក្សាជាមួយក្រសួងអប់រំយុវជន និងកីឡាលើកិច្ចការនេះ»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ថ្លែងថា ក្រសួងអប់រំបានស្នើដល់ក្រុមហ៊ុនចំពោះកិច្ចសហប្រតិបត្ដិការជាបន្តទៀតដើម្បីពិនិត្យលទ្ធភាពផ្ដល់ជាផ្ទាំងសូឡាដល់សាលារៀននៅតាមទីជនបទក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ ១៩ ដែលក្រសួងអប់រំ គ្រោងរៀបចំបន្ទប់រៀនអនឡាញនៅតាមសាលារៀន។ «ការដាក់ផ្ទាំងសូឡានៅតាមសាលារៀននេះដើម្បីទាញយកប្រភពថាមពលមកប្រើប្រាស់នៅក្នុងតម្រូវការតាមបន្ទប់រៀនអនឡាញនៅតាមសាលារៀនផ្ទាល់ ពិសេសនៅទីជនបទ។ ក្រុមហ៊ុន Panasonic ពិចារណាទៅលើសំណើរបស់ក្រសួងនេះ»។
បើតាមលោក សុវាចា កន្លងមកក្រុមហ៊ុនបានចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា តាមរយៈការផ្ដល់អាហារូបករណ៍ដល់និស្សិតដែលសិក្សានៅសាកលវិទ្យាល័យ ព្រមទាំងផ្ទាំងសូឡាមួយចំនួន ដើម្បីផ្ដល់ការអប់រំដល់សិស្សក្នុងការធានាឲ្យបានថា ពួកគេនៅតែអាចសិក្សាបាន ទោះបីជាស្ថិតនៅក្នុងតំបន់ជនបទក្ដី៕