ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាបន្តសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក (WFP) ផ្ដល់អាហារដល់កុមារស្ថិតក្នុងគ្រួសារក្រីក្រ និងអ្នកចម្អិន នៅតាមសាលារៀននៃគម្រោងផ្ដល់អាហារតាមសាលារៀនប្រមាណ ៤១ ២៩៦ នាក់ នៃសាលាបឋមសិក្សាចំនួន ៩០៨ ក្នុងខេត្ដចំនួន ៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថាប័នទាំង ២ ពីម្សិលមិញ។
លោក ជួ ហុក ប្រធានការិយាល័យអាហារូបករណ៍នៃនាយកដ្ឋានបឋមសិក្សារបស់ក្រសួងអប់រំ ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ពីម្សិលមិញថា កម្មវិធីផ្ដល់ស្បៀងអាហារនេះធ្វើឡើងជាលើកទី ៣ ហើយ តាំងពីប្រទេសកម្ពុជាជួបវិបត្ដិជំងឺកូវីដ ១៩។ ចំពោះការអនុវត្ដកម្មវិធីផ្ដល់ស្បៀងអាហារដល់កុមារស្ថិតក្នុងគ្រួសារក្រីក្រក្នុងជុំទី ៣ នេះនឹងចាប់ផ្ដើមអនុវត្ដនៅសប្ដាហ៍ក្រោយចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែតុលា នេះ។
លោកថ្លែងថា៖ «តាមរយៈកិច្ចសហការជាមួយ WFP យើងបានបង្វែររបបអាហារសម្រាប់ផ្ដល់ដល់សិស្សនៅក្នុងគម្រោងផ្ដល់អាហារតាមសាលារៀនក្នុងខេត្ដគោលដៅនៃការផ្ដល់អាហារពេលព្រឹកដោយទិញស្បៀង និងយកស្បៀងដែលទទួលបានពីក្រៅប្រទេសចែកដល់គ្រួសារសិស្សដែលក្រីក្រ»។
លោក ហុក ឱ្យដឹងថា សាលាបឋមសិក្សាគោលដៅទាំង ៩០៨ នៃខេត្ដទាំង ៥ នោះ រួមមាន នៅខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ ឧត្តរមានជ័យ និងខេត្ដសៀមរាប។ ការផ្ដល់ស្បៀងអាហារនេះ កុមារមកពីគ្រួសារក្រីក្រ និងអ្នកចម្អិន នៅតាមសាលារៀនក្នុងគម្រោងផ្ដល់អាហារតាមសាលារៀនប្រមាណ ៤១ ២៩៦ នាក់ នឹងទទួលបានអង្ករ ២៥ គីឡូក្រាម ប្រេងឆា ១ លីត្រ និងត្រីខកំប៉ុង ២ គីឡូក្រាម ដើម្បីសម្រាលទុក្ខលំបាកក្នុងវិបត្ដិកូវីដ ១៩។
ក្រសួងអប់រំ និង WFP ពីម្សិលមិញចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការបន្តអនុវត្ដកម្មវិធីផ្ដល់ស្បៀងអាហារដល់កុមារស្ថិតក្នុងគ្រួសារក្រីក្រ ងាយរងគ្រោះ។ សេចក្តីប្រកាសបញ្ជាក់ថា ដើម្បីបន្តការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយ ផលប៉ះពាល់សេដ្ឋកិច្ចព្រោះវិបត្ដិជំងឺកូវីដ ១៩ ទៅលើគ្រួសារដែលងាយរងគ្រោះទើប WFP បន្តការផ្តល់ស្បៀងសម្រាប់ជុំទី៣ ដល់កុមារស្ថិតក្នុងគ្រួសារក្រីក្រតាមរយៈកម្មវិធីអាហារូបករណ៍ Take Home Rations (THR) នេះ។
តាមសេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា ក្នុងអំឡុងពេលវិបត្ដិកូវីដ ១៩ កុមារនៅតាមសាលាគោលដៅចំនួន ២៧៦ ១៣០ នាក់ នៃកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀនដែលគាំទ្រដោយរដ្ឋាភិបាល និង WFP មិនបានទទួលនូវអាហារពេលព្រឹកដែលមានជីវជាតិល្អទេ។
យោងតាមការសិក្សាគឺអាហារដែលមានជីវជាតិបានជួយបង្កើនការផ្តោតអារម្មណ៍របស់សិស្ស និងជួយពួកគេទទួលបានការសិក្សាកាន់តែមានប្រសិទ្ធភាព និងរួមចំណែកដល់លទ្ធផលអប់រំប្រសើរជាងមុន។ បន្ថែមពីនេះក៏បានបន្ធូរបន្ថយបន្ទុកសេដ្ឋកិច្ចដល់គ្រួសាររបស់កុមារផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល។
WFP និងក្រសួងអប់រំសហការគ្នាផ្ដល់ការឧបត្ថម្ភតាមរយៈកម្មវិធីអាហារូបករណ៍ដល់គ្រួសារកុមារងាយរងគ្រោះបែបនេះ ២ លើករួចមកហើយ ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ ១៩ កាលពីខែមេសា និងខែមិថុនា។ នៅដើមខែវិច្ឆិកា ខាងមុខក្រសួងអប់រំនឹងផ្ដល់អាហារូបករណ៍ដល់កុមារមកពីគ្រួសារក្រីក្រនៃសាលារៀនចំនួន ២០៥ បន្ថែមទៀតតាមរយៈកម្មវិធីផ្តល់អាហារតាមសាលាថ្នាក់ជាតិ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាថ្លែងពីម្សិលមិញថាក្រសួងអប់រំអាចវាយតម្លៃបានថាអាហារូបត្ថម្ភល្អ មានចំណែកសំខាន់ចូលរួមលើកកម្ពស់គុណភាពរៀន និងបង្រៀនថែមទាំងបណ្តាលឱ្យគុណភាពជីវិតរឹតតែប្រសើរ។
លោកថ្លែងថា៖ «ក្រសួងអប់រំបានបញ្ចូល ខ្លឹមសារអាហារូបត្ថម្ភ និងសុខភាពសិក្សាក្នុងកម្មវិធីសិក្សាសាលារៀន និងបន្តស្វាគមន៍កិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីលើកកម្ពស់អាហារូបត្ថម្ភ និងសុខភាពសិក្សារបស់អ្នកសិក្សា និងបុគ្គលិកអប់រំតាមរយៈគ្រប់រូបភាព។ ក្រសួងអប់រំសូមស្វាគមន៍ និងថ្លែងអំណរគុណជូនចំពោះអង្គការ WFP ដែលបានបន្តកិច្ចសហការលើការងារអាហារូបត្ថម្ភជូនសាលាគោលដៅនេះ»។
មន្ត្រីនាំពាក្យរូបនេះបញ្ជាក់ថា ក្រសួងអប់រំបន្តលើកកម្ពស់ជីវភាពមាតាបិតា និងកុមារតូច ជាពិសេសដើម្បីដោះស្រាយកង្វះអាហារូបត្ថម្ភកុមារតូចមួយចំនួនដោយធ្វើការអនុវត្តប្រកាសអន្តរក្រសួងស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ ឆ្នាំនៃគ្រួសារមានបណ្ណសមធម៌ ឬបណ្ណអាទិភាព៕