ភ្នំពេញៈ ​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​បានប្រកាស​បញ្ចប់​ការតវ៉ា​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ (​បាក់ឌុប​) ​ដោយ​រក្សា​លទ្ធផល​​នៅ​ដដែល​ក្រោយពី​ពិនិត្យ​លើ​បណ្ដឹង​របស់​បេក្ខជន​មួយ​ចំនួន​រក​មិនឃើញ​មាន​អ្វី​ប្រែប្រួល​ខុសពី​លទ្ធផល​ដែល​ធ្លាប់បាន​ប្រកាស​ជា​ផ្លូវការ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​នោះ​បាន​បញ្ជាក់ថា​៖ «​លទ្ធផល​ប្រឡង​ដែល​បាន​ប្រកាស​នៅ​ថ្ងៃទី​ ៩ និង​ទី​ ១០ ខែ​ កញ្ញា ឆ្នាំ​ ២០១៩ គឺជា​លទ្ធផល​ដែល​ឆ្លើយតប​ទៅ​នឹង​គោលការណ៍​ទាំង​ ៤ ​នៃ​ការប្រឡង​គឺ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព​ និង​លទ្ធផល​ទទួល​យក​បាន​»​។

ក្រសួង​បាន​ឲ្យ​ដឹងថា ការដោះស្រាយ​ពាក្យបណ្ដឹង​នេះ​គឺ​ក្រសួង​​បាន​ពិនិត្យ​ដោយ​បើក​ក្បាល​ដុំ​កិច្ចការ​ និង​រើ​ដុំ​កិច្ចការ​ពិនិត្យ និង​ដាក់ពិន្ទុ​ឡើងវិញ​។ បើតាម​ក្រសួង​អប់រំ​ក្នុង​ចំណោម​អ្នក​តវ៉ា​គឺ​មាន​អ្នក​ប្រឡង​ជាប់​តែ​មិន​ពេញចិត្ត​និទ្ទេស​តាម​មុខវិជ្ជា អ្នក​ជាប់ តែ​មិន​ពេញចិត្ត​និទ្ទេស​រួម និង​អ្នកធ្លាក់​ដែល​ទាមទារ​ឱ្យ​ពិនិត្យ​មុខវិជ្ជា​មួយចំនួន និង​គ្រប់​មុខវិជ្ជា​ឡើងវិញ​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ការសម្រេច​របស់​ក្រសួង​ទៅលើ​លទ្ធផល​នៃ​ដំណោះស្រាយ​នេះ​គឺ​ផ្អែក​លើ​ខ្លឹមសារ​លម្អិត​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​ដែលមាន​ ៤ ​ទំព័រ​។ លោក​ថ្លែងថា៖ «​ខ្ញុំ​នៅតែ​ស្នើ​ឲ្យ​បងប្អូន​សារព័ត៌មាន​ទាំងអស់​យោង​ទៅ​លើ​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​មាន​ជូន​»​។

កាលពី​ថ្ងៃទី​ ១១ ខែ​ កញ្ញា គឺ​ ១ ​ថ្ងៃ​បន្ទាប់ពី​ប្រកាស​លទ្ធផល​ប្រឡង​គឺ​មាន បេក្ខជន​ប្រមាណ​ជាង​ ១៥០ ​នាក់​បាន​មក​តវ៉ា​នៅ​ក្រសួង​អប់រំ​ដោយ​ស្នើ​ឲ្យ​ពិនិត្យ​លទ្ធផល​នេះ​ឡើង​វិញ​ដោយ​បេក្ខជន​ដែល​ប្រឡង​ជាប់​ខ្លះ​តវ៉ា​ឲ្យ​បាន​និទ្ទេស​កើនឡើង រីឯ​បេក្ខជន​ខ្លះ​ដែល​ប្រឡង​ធ្លាក់​តវ៉ា​ឱ្យបាន​លទ្ធផល​ជាប់​។

បេក្ខនារី លិន សូលក្ខបញ្ញា ដែល​ប្រឡង​ធ្លាក់ និង​បានដាក់​ពាក្យ​តវ៉ា​ដែរនោះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា បើ​កញ្ញា​បន្ត​តវ៉ា​ទៀត​ក៏​មិន​មាន​ប្រសិទ្ធភាព​ដែរ ពីព្រោះ​ក្រសួង​បាន​ប្រកាស​ថា​លទ្ធផល​នេះ​មិនមាន​ការប្រែប្រួល​ដូច​ឆ្នាំ​ ២០១៨ ​ទេ​។ ​កាលពី​ឆ្នាំ​ ២០១៤ ជា​ពេល​ដែល​ក្រសួង​រឹតបន្តឹង​ការប្រឡង​លើក​ដំបូង​មាន​ការប្រឡង​ដល់​ទៅ​ ២ ​លើក រីឯ​នៅ​ឆ្នាំ​ ២០១៨ មាន​ការ​ប្រកាស​លទ្ធផល​ដល់​ទៅ​ ២ ​លើក​។ តែ​ក្នុង​ការប្រឡង​ឆ្នាំ​ ២០១៩ ​នេះ​វិញ​ក្រសួង​មិន​ធ្វើ​ដូច្នេះ​ទៀត​ទេ​។

កញ្ញា​ថ្លែងថា​៖ «​ពួក​ខ្ញុំ​គ្រាន់តែ​ជា​បេក្ខជន​ទេ អត់​មាន​អី ដូចថា​ជា​សំឡេង ធំ​មួយ​ទៅ​និយាយ​ដាក់​គាត់​បានទេ​។ អ៊ីចឹង​ខ្ញុំ​មាន​តែ​ទទួល​ប៉ុណ្ណឹង​ទោះ​មិន​សប្បាយ​ចិត្ត​ក៏ដោយ​ក៏ត្រូវ​តែ​ទទួល​ដែរ​»​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា លោកស្រី​ក៏​មិន​ជំទាស់​នឹង​ការប្រកាស​របស់​ក្រសួង​ដែរ ពីព្រោះ​រដ្ឋមន្ត្រី​អប់រំ​លោក​ ហង់ជួន ណារ៉ុន ធ្លាប់បាន​ប្រកាស​ហើយ​ថា​ការប្រឡង​ឆ្នាំនេះ​មិន​មាន​បញ្ហា​បច្ចេកទេស​ទៀត​ទេ​។ ប៉ុន្តែ​ដោយសារ​មាន​ការមិន​សប្បាយចិត្ត​នឹង​លទ្ធផល​ទើប​ចង់ឱ្យ​ក្រសួង​ស្រាវជ្រាវ និង​ពិនិត្យមើល​ពិន្ទុ​ឡើងវិញ​។

លោកស្រី​ថ្លែង​ថា៖ «​ប្រសិនបើ​ក្រសួង​អះអាង​ថា ពិនិត្យ​ទៅ​ឃើញ​ថា​ប្រសើរ​ហើយ​គឺជា​ជោគជ័យ​របស់​ក្រសួង​ហើយ​។ ប៉ុន្តែ​សិស្សានុសិស្ស​គាត់​អត់​សប្បាយចិត្ត​ដោយសារ​តែ​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​ឃើញថា កំណែទម្រង់​កាន់តែ​ខុស​ទៅៗ​ធ្វើ​ឱ្យ​សិស្សានុសិស្ស​គាត់​មិន​អស់ចិត្ត​។ អ៊ីចឹង​គាត់​គិតថា តម្រិះ [​ចំណេះ​] របស់​គាត់​ប៉ុណ្ណឹង​ដែរ ហើយ​មិន​គួរណា​គាត់​ធ្លាក់​មុខវិជ្ជា​ដែល​គាត់​រៀន​ពូកែ​»​។

លោកស្រី​បន្ថែម​ថា​ក្រសួង​អប់រំ​គួរ​យកចិត្ត​ទុកដាក់​ចំពោះ​ការងារ​គ្រប់បែប​យ៉ាង​តាម​វិជ្ជាជីវៈ​គ្រូបង្រៀន​ដើម្បី​ចៀស​កំហុសឆ្គង​ដដែល​ដែល​ធ្វើឲ្យ​បាត់​ជំនឿ​លើ​វិស័យ​អប់រំ​ដោយ​លោកស្រី​ចង់​ឃើញ​ក្រសួង​ទទួល​ខុសត្រូវ​ខ្ពស់ជាង​នេះ​។

ការប្រឡង​បាក់ឌុប​នៅ​ឆ្នាំនេះ​មាន​បេក្ខជន​ជាង​ ១១៧ ០០០ នាក់ និង​មាន​មណ្ឌល​ប្រឡង ២០២​។ តាម​ការប្រកាស​លទ្ធផល​របស់​ក្រសួង​អប់រំ​គឺ​មាន​អ្នក​ជាប់​ជា​ស្ថាពរ​ជាង​ ៧៩ ០០០ ​នាក់​ ស្មើនឹង​ជាង​ ៦៨ ​ភាគរយ​ ដែល​កើន​ ១,៥ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​។ ក្នុងនោះ​បេក្ខជន​ជាប់​និទ្ទេស A មាន​ ៤៤៣ នាក់ កើនឡើង​ ៣៥ ​នាក់​ បើ​ធៀប​នឹង​ឆ្នាំ​​​ ២០១៨ ​ដែល​មាន​ ៤០៨ ​នាក់​។

កាលពី​ឆ្នាំ​ ២០១៨ ​ក្រសួង​បាន​ប្រកាស​ថា​ការ​បូក​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​មាន​បញ្ហា​បច្ចេកទេស​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​មុខវិជ្ជា​គណិតវិទ្យា​របស់​បេក្ខជន​ចំនួន​ ៧៤០ ​បន្ទប់។ ប៉ុន្តែ​ក្រសួង​បាន​សុំទោស​ចំពោះ​កំហុស​អចេតនា​នេះ ហើយ​បាន​ប្រកាស​លទ្ធផល​ជាថ្មី​ឃើញ​ថា មានការ​ប្រែប្រួល​៕