ភ្នំពេញៈ ក្រសួង​អប់រំ​យុវជន និង​កីឡា បានចេញ​ប្រកាស​កាល​ពី​ថ្ងៃ​ទី ៧ កក្កដា ថា ក្រសួង​នឹង​កាត់​បន្ថយ​មុខវិជ្ជា​ប្រឡង​ពី ១០ មុខវិជ្ជា​មក​នៅ​ត្រឹម ៧ មុខវិជ្ជា​ដដែល សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឬ​បាក់ឌុប​ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី ១៩ និង​ទី ២០ ខែ​សីហា​ខាងមុខនេះ​ដើម្បី​បន្ថយ​បន្ទុក​និង​ខ្វល់ខ្វាយ​របស់​បេក្ខជន​ពី​ការ​ប្រឡង ២ ថ្ងៃ​កន្លះ ​មក​នៅ​ត្រឹម ២ ថ្ងៃ។

ក្រសួង​អប់រំ​បានប្រកាស​ក្នុង​ហ្វេ​ស​ប៊ុ​កថា៖ «ចំណុច​នេះ​មិន​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​នៃ​ការសិក្សា​ទេ ដោយ​សិស្ស​ទាំង​អស់​បាន​ពង្រឹង​សមត្ថភាព​តាមរយៈ​ការ​ប្រឡង​ឆមាស​នូវ​គ្រប់​មុខវិជ្ជា​រួចហើយ»។

លោក​ រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រសួង​អប់រំ​យុវជន និង​កីឡា​មាន​ចេតនា​ពង្រឹង​គុណភាព​រៀន​និង​បង្រៀន ជាពិសេស​គឺ​ការ​ប្រឡង​បាក់ឌុប។ ការ​បន្ថយ​ចំនួន​មុខវិជ្ជា​ប្រឡង​នេះ​គឺ​នឹង​អាច [បន្ទន់] បរិយាកាស​សិក្សា និង​ការ​ត្រៀម​ខ្លួន​របស់​សិស្សា​នុសិស្ស។​គុណភាព​ប្រឡង​នឹង​នៅ​មាន​ទម្ងន់​អាស្រ័យ​លើ​ការ​ខំ​ប្រឹងរៀន​ និង​ការ​ត្រៀម​របស់​សិស្ស​ដោយ​ជឿ​លើ​សមត្ថភាព​ខ្លួន​ផ្ទាល់​ដោយ​មិន​ពឹង​លើ​បរិយាកាស​ក្រៅ។

លោក សុ​វាចា បាន​បញ្ជាក់ថា៖ «ស្វ័យ​សិក្សា​យើង​មាន​ទម្ងន់ក្នុង​ការរៀន​ត្រៀម​ ដើម្បី​យក​លទ្ធផល​វិជ្ជមាន​ទៅ​តាម​រៀងៗ​ខ្លួន​របស់​ពួកគាត់ (សិស្ស)»។

លោក​បាន​បន្ថែមថា តាំងពីកំណែទម្រង់​ក្នុង​ឆ្នាំ ២០១៤ មក​ការ​រៀន​គឺ​មាន ១០ មុខវិជ្ជា តែ​ការ​ប្រឡង​មាន​តែ ៧ មុខវិជ្ជា។

លោក​ថា៖ «មិនមែន​លើក​ទី១ ដែល​យើង​ទើបតែ​កាត់​ហ្នឹង​ទេ គឺ​តាំងពី​ឆ្នាំ ២០១៤ មក»។

បើតាម​ក្រសួង​នេះ​សម្រាប់​សិស្ស​ដែល​ប្រឡង​វិញ្ញាសា​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ៣ មុខវិជ្ជា​ នឹង​ត្រូវកាត់​ចេញ​ដែល​មាន ជីវវិទ្យា គីមីវិទ្យា និង​រូបវិទ្យា។ ចំពោះ​សិស្ស​ប្រឡង​វិញ្ញាសា​ថ្នាក់​វិទ្យាសាស្ត្រវិញ មុខវិជ្ជា ៣ ដែល​ត្រូវ​កាត់​ចេញ​មាន ភូមិវិទ្យា សីលធម៌ ពលរដ្ឋវិជ្ជា ផែនដី និង​បរិស្ថានវិទ្យា។

លោកស្រី អ៊ុក ឆា​យ៉ា​វី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​កាត់បន្ថយ​មុខវិជ្ជា​នេះ​ធ្វើ​ឱ្យ​គ្រូបង្រៀន​ដែល​មិន​មាន​មុខវិជ្ជា​ប្រឡង​មិន​ទទួល​បាន​ការ​គោរព​ពី​សិស្ស ហើយ​សិស្ស​ក៏​មិន​ចង់​រៀន​មុខវិជ្ជា​ដែល​មិន​ប្រឡង​ដែរ។

លោកស្រី បញ្ជាក់ថា៖ «នេះ​ជា​រឿង​មួយ​ដែល​សំខាន់។ ប៉ុន្តែ​ចំពោះ​សិស្សានុសិស្ស​គាត់​សប្បាយ​ចិត្ត​ទេ?​នៅ​ពេល​ដែល​ប្រឡង​តែ ៧ មុខ ព្រោះ​អី​ធ្វើឱ្យ​គាត់​ថា ងាយ​ស្រួល​ក្នុងការ​ទន្ទេញ​មេរៀន ឬក៏​ងាយ​ស្រួល​ក្នុងការ​ចាប់​យក​តែ ៧ មុខ។ ប្រសិនបើ​ក្រសួង​គិតថា ចង់ ៧ មុខ ត្រូវ​កាត់​បន្ថយ​នូវ​ម៉ោង​សិក្សា​ក៏មាន​តែ ៧ មុខ​ដែរ»។ អ៊ីចឹង​នេះ​ជា​អ្វី​ដែល​ជាសារ​លោកគ្រូ​អ្នកគ្រូ​យើង​កំពុងតែ​មិន​ពេញចិត្ត»។

លោក នៅ ចាន់​មុន្នី ជា​គ្រូបង្រៀន​មុខវិជ្ជា​គីមីវិទ្យា​នៅ​វិទ្យាល័យ ហ៊ុន សែន បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែងថា លោក​ចង់​ឱ្យ​មាន​ការ​ប្រឡង ១០ មុខវិជ្ជា​ដូច​មុន។ បើ​មិន​ដូច្នោះ​ទេ​សិស្ស​ត្រូវ​បោះបង់​ការរៀន​មុខវិជ្ជា​ខ្លះ។

លោក មុន្នី ថា៖ «អ៊ីចឹង​ឧ​ទាហរ​ណ៍ ថ្នាក់​វិទ្យាសាស្ត្រ​អ៊ីចឹង មុខវិជ្ជា​ភូមិ មុខវិជ្ជា​ផែនដី មុខ​វិជ្ជា​សីលធម៌ គេ​អត់​ប្រឡង។ អ៊ីចឹង​សិស្ស​វា​អត់​រៀន​ហ្មង​ម៉ោង​ហ្នឹង។ វា​គិត​អ៊ីចឹង។ ទី២ ដូចជា​មុខវិជ្ជា​សង្គម​អ៊ីចឹង វា​អត់​ប្រឡងគីមី អត់​ប្រឡង​រូបវិទ្យា អត់​ប្រឡង​ជីវៈ​អ៊ីចឹង។ អ៊ីចឹង វា​គិតថា​មិន​ដឹង​វា​រៀន​ធ្វើ​អី​ផង​មុខវិជ្ជា​ហ្នឹង។ អ៊ីចឹង​ដល់​ម៉ោង​វា​អត់​សូវ​ចង់​រៀន។ ទៅផ្ទះ​វិញ វា​អត់​សូវ​មើល អត់សូវ​អី​អ៊ីចឹង ហើយ​ការរៀន​របស់​សិស្ស​ខ្សោយ»។

ទោះយ៉ាងណា យុវ​សិស្ស ឆិលឆាយ​លាវ អាយុ ១៩ ឆ្នាំ រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង បាន​គាំទ្រ​ការបន្ថយ​មុខវិជ្ជា​ប្រឡង​នេះ​ព្រោះ​មិន​ផ្តោត​ខ្លាំង​លើ​មុខវិជ្ជា​ទាំង ១០ មុខ​ដូច​មុន។

យុវ​សិស្ស​រូបនេះ បញ្ជាក់ថា៖ «យើង​អត់​សូវ​គិត​ច្រើន ហើយ​យើង​ក៏​អត់​សូវ​ចំណាយ​ពេល​ច្រើន។​បើ​ប្រឡង ១០ មុខ ខ្ញុំ​ត្រូវ​រៀន​មុខវិជ្ជា​ច្រើន ប៉ុន្តែ​បើ​ប្រឡង ៧ មុខ​អ៊ីចឹង ខ្ញុំ​ត្រូវ​រៀន​មុខវិជ្ជា​ណា​គោល»។

បើតាម​ការប្រកាស​រប​ស់​ក្រសួង​អប់រំ​កាលពី​ថ្ងៃទី ៣ កក្កដា ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ មាន​បេក្ខជន​ដាក់​ពាក្យ​សរុប ១១៩ ២១៧ នាក់ (ស្រី ៦១ ០៣១នាក់)។ សំណើ​មណ្ឌល​ប្រឡង​មាន ២០២ មណ្ឌល និង​សំណើ​បន្ទប់​ប្រឡង​មាន ៤ ៨០៩ បន្ទប់។

នៅពេល​សួរ​ពី​ការចូលរួម​សង្កេតការណ៍​ការប្រឡង​បាក់ឌុប​ពី​អង្គភាព (ACU) លោក សុវាចា បាន​បញ្ជាក់​ថា ក្រសួង​អប់រំ​នឹង​ជម្រាប​ជូន​ខ្លឹមសារ​នៅ​ក្នុង​សន្និសីទ​កាសែត​នា​ពេល​ឆាប់ៗ​នេះ​ដូច​ដែល​ធ្លាប់​ធ្វើជារៀងរាល់​ឆ្នាំ​ដែរ។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព (ACU) មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ពី​ការ​ចូលរួម​សង្កេត​ការណ៍ការ​ប្រឡង​បាក់ឌុប​នៅ​ឆ្នាំ​នេះ​បាន​ទេ កាល​ពី​ម្សិលមិញ៕