ភ្នំពេញ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំ យុវជននិងកីឡា កាលពីថ្ងៃទី ១៨ ខែឧសភា បានបើកវេទិកាស្ដីអំពីការប្រើប្រាស់ និងស្វែងរកមាតិកាអប់រំសម្រាប់បឋមសិក្សាដល់គណៈគ្រប់គ្រងគ្រូនៅសាលាបឋមសិក្សាទូទាំងប្រទេស តាមបែបឌីជីថលក្នុងវិស័យអប់រំបែបគន្លងថ្មី ជាការបន្តលើកកម្ពស់ការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដែលបានដើរតួនាទីជាស្នូលក្នុងវិស័យអប់រំបែបគន្លងថ្មី។
វេទិកានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងចែករំលែកមាតិការអប់រំឌីជីថលរបស់ក្រសួងអប់រំ ដូចជា គេហទំព័រ កម្មវិធីអប់រំ វីដេអូ និងឯកសារអប់រំនានា ជាដើម សម្រាប់បម្រើដល់ការបង្រៀន និងរៀន។
តាមរយៈវេទិកានេះនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានចែករំលែកនូវការប្រើប្រាស់ កម្មវិធី E-Learning របស់ក្រសួងអប់រំ ដល់គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ ដើម្បីជំនួយនិងលើកទឹកចិត្តដល់សិស្សានុស្សិសឲ្យចេះស្វ័យសិក្សាដោយខ្លួនឯង។ ចែករំលែកអំពីការទទួលនូវព័ត៌មានផ្សេងៗរបស់ក្រសួងអប់រំ តាមរយៈគេហទំព័រហ្វេសប៊ុក MoEYS និងបណ្ដាញ Telegram។
នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានក៏បានចែករំលែកអំពីការចូលទៅទាញយកមាតិការពីអនុគេហទំព័រ «Krou» គេហទំព័រ «OER» ទំព័រហ្វេសប៊ុក «Krou Cambodia» និងបណ្ដាញយូធូបរបស់ក្រសួង «MoEYS Cambodia»។ ក្រៅពីនេះក៏បានចែករំលែកអំពីការប្រើប្រាស់កម្មវិធីគេហទំព័រ E-Learning Platform ដើម្បីជំរុញការសិក្សាដោយខ្លួនឯងរបស់សិស្សនៅតាមផ្ទះក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ ១៩ នេះ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ថ្លែងពីម្សិលមិញថា៖ «វេទិកាស្ដីអំពីការប្រើប្រាស់និងស្វែងរកមាតិការអប់រំសម្រាប់បឋមសិក្សានេះជាផ្នែកមួយនៃការបន្តលើកកម្ពស់គុណវុឌ្ឍិ (continued professional development) គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈព្រមទាំងលោកគ្រូអ្នកគ្រូកម្រិតបឋមសិក្សា ដើម្បីចូលរួមជំរុញស្វ័យសិក្សារបស់សិស្សានុសិស្សតាមយន្តការរៀនអនឡាញនានារបស់ក្រសួងអប់រំយុវជននិងកីឡា»។
លោក សុវាចា បញ្ជាក់ថា ក្រសួងអប់រំបានផ្អាកដំណើរការ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិត ជាបណ្តោះអាសន្ននៅទូទាំងប្រទេសចាប់ពី ថ្ងៃ ២០ មីនា ២០២១ រហូតដល់មាន ការជូនដំណឹងជាថ្មី ដែលនៅចំពោះមុខនេះ សិស្សានុសិស្ស ទូទាំងប្រទេស អាចបន្តរៀនសូត្រតាមផ្ទះរៀងៗខ្លួន តាមរយៈវេទិកាឌីជីថលរបស់ក្រសួងអប់រំ។
លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងជាអគ្គនាយកបណ្តាញអប់រំ Westline Education Groupកាលពីថ្ងៃទី ១៩ ខែឧសភា បានលើកឡើងអំពី «បច្ចុប្បន្នភាពនិងអនាគតវិស័យអប់រំឯកជន» អស់រយៈកាលប្រហែល ២ ឆ្នាំមកនេះ សាលារៀនឯកជនទាំងអស់ ដូចវិស័យដទៃដែរ បានរងផលប៉ះពាល់ដូចគ្នាលើការផ្តល់សេវាកម្មនិងនិរន្តរភាពសេដ្ឋកិច្ច។
ជាការពិតមកដល់ពេលនេះ សាលារៀនឯកជន តាមខេត្តភាគច្រើន ជាពិសេសសាលាភាសា និងអប់រំកុមារតូចបានសម្រេចចិត្តផ្អាកសកម្មភាពបង្រៀនសិន។ ការផ្អាកនេះដោយសារកត្តាចម្បងៗ២គឺផលលំបាកនៃការបង្រៀនតាមអនឡាញ និងកង្វះថវិកាបន្ត។
លោកបានបញ្ជាក់ថា៖ «ក្នុងវិស័យអប់រំទោះបីកូវីដ ១៩ នឹងអាចគ្រប់គ្រងបានស្ថានការណ៍ធូរស្រាលជាងមុនក៏យើងនឹងរស់នៅជាមួយគន្លងថ្មីក្នុងវិស័យអប់រំ ដែលបច្ចេកវិទ្យានឹងដើរតួនាទីស្នូលសិស្សនឹងបន្តរៀនចម្រុះ (អនឡាញខ្លះស្វ័យសិក្សាតាមឌីជីថលខ្លះរៀនក្នុងថ្នាក់ខ្លះរៀនអនុវត្តជាក្រុមជាគម្រោង...ជាដើម)។ ដូចនេះ សាលារៀនអ្នកអាណាព្យាបាលគ្រូបង្រៀននិងសិស្សានុសិស្ស និស្សិតទាំងអស់នៅតែត្រូវបន្តស្វែងយល់ពីបច្ចេកវិទ្យានិងវិធីសាស្ត្រថ្មីក្នុងការងារអប់រំនេះ»។
លោកបានថ្លែងថា សាលារៀនដែលអាចនៅកំពុងដំណើរការបាន គឺការផ្តល់សេវាកម្មអប់រំតាមអនឡាញបានជាពិសេសសាលារៀនដែលផ្តល់សេវាអប់រំចំណេះទូទៅកម្រិតឧត្តមសិក្សា និងសាលារៀនដែលបម្រើឱ្យក្រុមគ្រួសារក្នុងកម្រិតជីវភាពបង្គួរ និងខ្ពស់។
លោកបន្តថា៖ «កូវីដ ១៩ ពិតជាចង្រៃ! តែកូវីដ ១៩ នេះក៏បាននិងកំពុងបង្រៀនយើងរំឭកយើងពីរឿងល្អជាច្រើន។ វាជួយឱ្យយើងរស់នៅក្នុងរបត់មួយដែលគិតពីអនាម័យនិងសុខភាពជាងមុន។ កូវីដ ១៩ បានជួយពន្លឿនល្បឿននៃការប្រើប្រាស់បច្ចេកវិទ្យានៅគ្រប់វិស័យហើយឱ្យប្រទេសកម្ពុជា យើងគិតដល់ភាពជាម្ចាស់ការនៃសេដ្ឋកិច្ច និងគំនិតច្នៃប្រឌិតជាងមុន»៕