ភ្នំពេញៈ ក្រសួង​អប់រំ យុវ​ជន និង​កីឡា បាន​ស្នើឱ្យ​គ្រឹះស្ថាន​សិក្សា​ទាំង​អស់​អនុវត្ត​ម៉ោង​​បង្រៀន​ និង​រៀន​នៅ​តាម​ពេល​វេលា​ធម្មតា​ឡើង​វិញ​ បន្ទាប់​ពី​ផ្លាស់​ប្ដូរ​​មួយ​រយៈ​ដើម្បី​ការ​ពារ​សុខ​ភាព​ ខណៈ​អាកាស​ធាតុ​ក្ដៅ​ខ្លាំង​នា​រដូវ​ប្រាំង​នា​ពេល​កន្លង​ទៅ។ នេះ​បើ​តាម​លិខិត​​ក្រសួង​អប់រំ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។

លិខិត​ក្រសួង​អប់រំ​ដែល​ចុះ​ហត្ថ​លេខា​ដោយ ​លោក​រដ្ឋ​មន្ត្រី​ ហង់ ជួនណារ៉ុន បាន​ប្រាប់​ដល់ប្រធាន​មន្ទីរ​អប់រំ​ យុវ​ជន​ និង​កីឡា​រាជធានី​-ខេត្ដ​ ទាំង​អស់​ឲ្យ​អនុវត្ដ​ម៉ោង​បង្រៀន​ និង​រៀន​ជា​ប្រ​ក្រតី​ឡើង​វិញ​ ដោយ​សំ​អាង​ថា​ លែងប្រ​ឈម​នឹង​អា​កាស​ធាតុ​ក្ដៅ​ទៀត​ហើយ​។

តាម​រយៈ​លិខិត​នេះ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​៖ «រដូវ​ប្រាំង​អាកាសធាតុ​ក្ដៅ​ហួត​ហែង​បាន​ក​ន្លង​ផុត​ទៅ​ រដូវ​វស្សា​បាន​ចូល​មក​ដល់ធ្វើ​ឱ្យ​អាកាសធាតុ​ផ្លាស់​ប្ដូរ​មក​ជា​ប្រក្រតី​ឡើង​វិញ។​ ដើម្បី​ឈាន​ទៅ​អនុវត្ដ​ម៉ោង​បង្រៀន​និង​រៀន​ឡើង​វិញ ក្រ​សួង​សូម​ណែ​នាំ​ដល់​គ្រប់​គ្រឹះ​ស្ថាន​សិក្សា​ទាំង​អស់​ត្រូវ​អនុ​វត្ដ​ម៉ោង​ពេល​ចូល​និង​ចេញ​ជា​ធម្មតា​វិញ»។

ក្រសួង​អប់រំ​បាន​បញ្ជាក់​ថា ពេល​ព្រឹក​ចូល​រៀន​នៅ​ម៉ោង​ ៧ ​ចេញ​នៅ​ម៉ោង ១១:៣០ និង​ពេល​សៀលចូល​រៀន​ម៉ោង ១៣ ​និង​ចេញ​ម៉ោង​ ១៧ វិញ។

​កាល​ពី​ថ្ងៃ​ទី ២៥ ខែ ​មេសា​ ក្រសួង​អប់​រំ បាន​ប្រកាស​កាត់បន្ថយ​ម៉ោង​សិក្សា​របស់​សិស្សដោយ​ឱ្យ​ចូល​រៀន​ពេល​ព្រឹក​នៅ​ម៉ោង ​៧ ចេញ​​នៅ​ម៉ោង​ ១០:​៣០ និង​ពេល​រសៀល​ចូល​រៀន​នៅ​ម៉ោង ១៣:​៣០ និង​ចេញ​នៅ​ម៉ោង​ ១៧ ​។

ការ​សម្រេច​កាត់​បន្ថយ​ម៉ោង​សិក្សា​របស់​ក្រសួង​អប់រំ​កាល​ពី​ខែ​មេសា​កន្លង​ទៅ​ គឺដើម្បី​បង្ការ​ទប់​ស្កាត់​ហានិភ័យ​ និង​ចៀស​វាង​ជំងឺ​ផ្សេងៗ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​សិស្ស​ និង​គ្រូ​បង្រៀនខណៈ​សីតុណ្ហភាព​នៅ​ពេល​នោះ​បាន​កើន​ឡើង​ខ្លាំង​​លើស​ពី ៤០ អង្សាសេ។​

លោក ពៅ សម្បត្ដិ ប្រធាន​មន្ទីរ​អប់រំ យុ​វជន និង​កីឡា ខេត្ដ​ត្បូង​ឃ្មុំ បាន​ថ្លែង​កាល​ពីម្សិល​មិញ​ថា លោក​បាន​ប្រាប់​ទៅ​នាយក​សា​លា​ទាំងអស់​ឱ្យ​អនុវត្ដ​ម៉ោង​ចូល​រៀន​និង​បង្រៀនតាម​ធម្មតា​វិញ​អស់​ហើយ។

លោក​បានប​ន្ដថា​៖​ «សម្រាប់​ខេត្ដ​ខ្ញុំ​មកទល់​ពេល​ឥឡូវ​នេះយើង​បានអនុវត្ដ​ម៉ោង​រៀននិង​បង្រៀន​ទៅ​តាម​ពេល​ធម្មតាវិញ​ហើយ​។ ក្នុង​អំឡុង​ឆ្លង​កាត់​រដូវ​ក្ដៅ​កន្លង​ទៅ​​នេះ​គ្រូនិង​សិស្ស​នៅ​ខេត្ដ​ខ្ញុំ​ មិន​មាន​រង​ផល​ប៉ះពាល់​អ្វី​ពី​បញ្ហា​អាកាស​ធាតុ​នេះ​ទេ»។

ប៉ុន្ដែ​ចំពោះ​បញ្ហា​អាកាសធាតុ​ប្រែ​ប្រួល​នេះ លោក សម្បត្ដិ បាន​ប្រាប់​ថា ទទួល​បាន​បទ​ពិសោធដើម្បី​​ត្រៀម​លក្ខណៈ​ប្រ​ឈម​នឹង​អាកាសធាតុ​ក្ដៅ​បែប​នេះ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត។

លោក​បាន​បន្ដ​ថា​៖ «សម្រាប់​ឆ្នាំ​ៗ​ក្រោយ​យើង​ណែនាំ​ដល់​សាលា​ទាំង​អស់ឱ្យ​ត្រៀម​បម្រុង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ ទាក់​ទង​នឹង​ការ​ថែទាំ​សុខ​ភាព​ដល់សិស្សានុ​សិស្ស​ដូច​ជា​ ការ​បរិភោគទឹ​ក​ឱ្យ​បាន​ច្រើន ​រៀប​ចំ​បន្ទប់​សិក្សា​ឱ្យ​មាន​បរិយា​កាស​ល្អ​​ឱ្យ​សិស្សា-​នុសិស្ស​រៀន​សូត្រ ជាពិសេស​យើង​នាំ​គ្នា​រៀប​ចំ​បរិស្ថាន​សាលា​រៀន​ឱ្យ​មាន​ទីតាំង​​ម្លប់ និង​មាន​ភាព​បៃតង​ដើម្បី​កាត់​បន្ថយ​បរិយាកាស​ក្ដៅ​ខ្លាំង»។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ​បា​នថ្លែង​កាល​ពីម្សិល​មិញ​ថា នៅក្នុង​រដូវ​ក្ដៅ​កន្លង​ទៅ​នេះ ​មិន​មាន​ប៉ះ​ពាល់​សុខភាពអ្វី​គួរ​ឱ្យ​គត់​សម្គាល់​ដល់​សិស្សា​នុ​សិស្ស លោក​គ្រូ អ្នក​គ្រូ និង​បុគ្គលិក​អប់រំ​​នោះ​ទេ។

លោក​បាន​បន្ត​ថា​៖ ​«ក្រសួង​អប់រំ​បាន​តាម​ដាន​លើក​រណី​នេះ​ ដោយ​ការ​យក​ចិត្ដ​ទុក​ដាក់​ខ្ពស់​ជា​ប្រចាំ។​ ជាពិសេស​​ក្រសួង​បាន​ប្រើ​យន្ដ​ការ​ដើម្បី​ដោះ​ស្រាយ​តាម​រយៈ​ក្រុម​ការងារ​ដោះ​ស្រាយ​គ្រោះ​មហន្ដរាយ​របស់​ក្រសួង​អប់រំ»៕