ភ្នំពេញៈ អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបញ្ជូននាយនគរបាលជាតិដើម្បីចុះសិក្សាស្រាវជ្រាវការងារជំនាញ និងប្រមែប្រមូលព័ត៌មានពាក់ព័ន្ធការងារសន្តិសុខសង្គមនៅតាមអង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា សាលារៀន និងមន្ទីរអប់រំ យុវជន និងកីឡា។
នេះបើយោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ៩ ខែ ឧសភា ដែល ភ្នំពេញប៉ុស្តិ៍ទើបតែទទួលបានកាលពីថ្ងៃអាទិត្យ។ នៅក្នុងលិខិតនោះ ក្រសួងអប់រំ បានស្នើដល់អង្គភាពក្រោមឱវាទរបស់ខ្លួន រួមមានសាលារៀនរដ្ឋ និងឯកជន និងមន្ទីរអប់រំ ផ្តល់កិច្ចសហការជាមួយនាយនគរបាលជាតិឲ្យមានប្រសិទ្ធភាពក្នុងការចុះសហការស្រាវជ្រាវការងារជំនាញ និងប្រមូលព័ត៌មានការងារសន្តិសុខសង្គម។
លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ភ្នំពេញប៉ុស្តិ៍ ថា នេះគឺជាកិច្ចសហការជាប្រក្រតីដើម្បីពង្រឹងបន្ថែមក្នុងការធ្វើការងាររក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខសង្គមរវាងក្រសួងអប់រំ និងក្រសួងមហាផ្ទៃ។ កន្លងមកនៅក្នុងក្រសួងអប់រំ មិនដែលមានបញ្ហាអ្វីលើសពីការងារបច្ចេកទេសផ្នែកអប់រំទេ។
លោក ឌី ខាំបូលី បញ្ជាក់ថា៖ «ការអប់រំ មានវិសាលភាពធំនៅទូទាំងប្រទេស។ គ្រាន់តែសិស្សយើងជាង ៣ លាននាក់ នៅទូទាំងប្រទេស។ គ្រូបង្រៀនជាង ៩ ម៉ឺននាក់។ បុគ្គលិកអប់រំជាង ១២ ម៉ឺននាក់ សរុបទាំងបុគ្គលិកដែលបង្រៀន និងបុគ្គលិកដែលមិនបង្រៀន។ អ៊ីចឹងវិសាលភាពឃើញថាធំ។ព័ត៌មានទាំងឡាយដែលអាចផ្តល់ជូនក្រសួងមហាផ្ទៃបាន យើងនឹងធ្វើកិច្ចសហការពាក់ព័ន្ធទៅនឹងបញ្ហា ឧទាហរណ៍ គ្រឿងញៀន ក្រែងលោវាមាននៅកន្លែងណាដោយប្រការណាមួយក្តី យើងអាចផ្តល់ជាកិច្ចសហការជាមួយនឹងក្រសួងមហាផ្ទៃ»។
លោក ឌី ខាំបូលី បញ្ជាក់ទៀតថា នៅតាមសាលារៀនកន្លងមក មិនធ្លាប់មានអ្វីដែលមើលទៅឃើញថាលេចធ្លោគួរឲ្យចាប់អារម្មណ៍នោះទេទាក់ទងនឹងបញ្ហាអសន្តិសុខពីព្រោះសាលារៀនមានបទបញ្ជាផ្ទៃក្នុង និងមានស្វ័យភាពក្នុងការធ្វើកិច្ចការប្រចាំថ្ងៃរបស់ខ្លួនដើម្បីគ្រប់គ្រងសាលារៀនឲ្យបានល្អ។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការចុះប្រមូលព័ត៌មាននេះ គឺដើម្បីក្តាប់ព័ត៌មាននិងមានវិធានការបង្ការទុកជាមុន។
លោក គឹមខឿន ថ្លែងថា៖ «យើងមិនមែនទៅស៊ើបអង្កេតថា នរណានៅក្នុងហ្នឹងទេ»។
លោក ហោ សុខៈ នាយកកម្មវិធីអំណាននៃអង្គការ Room To Read បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា អង្គការរបស់លោកនឹងសហការជានិច្ចជាមួយរាជរដ្ឋាភិបាលក្នុងការងារសន្តិសុខមួយចំនួននៅតាមសាលារៀនដូចជាក្មេងទំនើង ប៉ុន្តែបើនិយាយពីបញ្ហាប្រឈម មិនទាន់ដល់ថ្នាក់កំពូលនោះទេ។
លោក ហោ សុខៈ បន្តថា៖ «ដូចជាកម្មវិធីកុមារីអ៊ីចឹង យើងជួយកុមារី វាទាក់ទងនឹងសន្តិសុខ សុវត្ថិភាពដែរ កន្លែងខ្លះហ្នឹងក៏វារាងនៅ តំបន់មួយចំនួនទៅជនបទឆ្ងាយ អាកន្លែងវាលឆ្ងាយៗហ្នឹងក៏គួរឲ្យបារម្ភចំពោះកុមារីខាងពួកខ្ញុំដែរ។អ៊ីចឹងខ្ញុំគិតថា ការងារនេះ ស្រាវជ្រាវនេះ វាល្អមួយដែរ។ ប្រហែលជាយើងរកវិធីអីដើម្បីធ្វើការងារហ្នឹងទាំងអស់គ្នាដែរ»។
លោក ហោ សុខៈ បញ្ជាក់ថា ចំពោះការងារទាក់ទងទៅនឹងសុវត្ថិភាពនេះ អង្គការ នាយកសាលា និងគ្រូបង្គោលដើរតួនាទីជាអ្នកផ្តល់ព័ត៌មាននៅក្នុងកម្មវិធីអង្គការរបស់លោក។
លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា មន្ទីរបានផ្សព្វផ្សាយទៅកាន់គ្រឹះស្ថានសិក្សាតាមស្រុករួចហើយ។ ប៉ុន្តែមិនទាន់បានឃើញនាយនគរបាលជាតិចុះមកស្រាវជ្រាវ និងប្រមូលព័ត៌មាននៅតាមសាលារៀន និងមន្ទីរនៅឡើយទេ។
លោក យី សុងគី បញ្ជាក់ថា៖ «ដោយសារយើងមានសេចក្តីណែនាំពីខាងក្រសួងអប់រំហើយ អ៊ីចឹងយើងអនុវត្តតាមសេចក្តីណែនាំ ត្រូវតែសហការជាមួយគាត់។ យើងត្រូវស្វាគមន៍គាត់ហើយ ព្រោះគាត់មកជួយទាក់ទងជាមួយសន្តិសុខរបស់សាលារៀន មានច្រើន មានទាំងពីចរាចរណ៍ មានទាំងពីគ្រឿងញៀន និងបញ្ហាផ្សេងៗ ទាក់ទងជាមួយនឹងបងធំ បងតូចអ៊ីចឹងណា។ ខ្ញុំគិតថាឱកាសល្អរបស់គ្រឹះស្ថានសិក្សាយើងដែលបានគាត់ចុះមក»។
លោក យី សុងគី បញ្ជាក់ថា ចំពោះការចុះស្រាវជ្រាវនេះ នាយនគរបាលជាតិនឹងអាចដឹងពីស្ថានភាពរបស់សាលារៀននីមួយៗ តាមរយៈការរាយការណ៍ពីនាយកសាលាអំពីបញ្ហាផ្សេងៗ ដែលកើតមានហើយនាយនគរបាលជាតិនៅពេលបានព័ត៌មានទាំងនេះហើយ នឹងចាត់វិធានការដើម្បីជួយសាលារៀនវិញ៕