ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​អំពាវនាវ​ដល់​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ពាក់ព័ន្ធ​ឱ្យ​ត្រៀមខ្លួន​រៀបចំ​គ្រឹះស្ថាន​សិក្សា​តាម​គោលការណ៍​ប្រតិបត្ដិ​ស្ដង់ដា សម្រាប់​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​ក្នុង​បរិបទ​កូវីដ​ ១៩​ ដំណាក់កាល​ទី​ ២ ​ក្នុង​នោះ​ក្រសួង​ក៏បាន​សម្រេច​ដាក់ចេញ​អភិក្រម​ចំនួន​ ២ ដោយ​តម្រូវឱ្យ​គ្រឹះស្ថានសិក្សា​អនុលោម​តាម​ដើម្បី​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​កាលពី​ថ្ងៃទី​ ២៤ ​ខែ​សីហា​ បាន​ដឹកនាំ​កិច្ចប្រជុំ​នៅ​ទីស្ដីការ​ក្រសួង​អប់រំ ដោយ​បាន​ពិភាក្សា​ស្ដីពី​ការបើក​ដំណើរការ​ឡើងវិញ គ្រឹះស្ថាន​មត្តេយ្យ​សិក្សា បឋមសិក្សា និង​មធ្យមសិក្សា​ក្នុង​ដំណាក់កាល​ទី​ ២ ​ដើម្បី​ត្រួតពិនិត្យ កែលម្អ និង​ដាក់ចេញ​ជា​វិធានការ​សម្រាប់​សាកល្បង​បើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថាន​មត្តេយ្យ​សិក្សា បឋមសិក្សា​ និង​មធ្យមសិក្សា​ក្នុងដំណាក់កាល​ទី​ ២​។

កិច្ចប្រជុំ​បាន​សម្រេច​ «​ដាក់ចេញ​នូវ​អភិក្រម​ចំនួន​ ២ ​ដែល​តម្រូវ​ឱ្យ​គ្រឹះស្ថានសិក្សា​ត្រូវ​អនុលោម​តាម​។ ក្នុងនោះ​រួមមាន​ ១- ​ការដាក់​សុវត្ថិភាព សុខុមាលភាព សុខភាព​អ្នកសិក្សា និង​បុគ្គលិក​អប់រំ​ជា​អាទិភាព និង​ទី​ ២- ​ការជំរុញ​ការអប់រំ​បែប​ចម្រុះ​រវាង​ការធ្វើ​ស្វ័យ​សិក្សា​ពី​ចម្ងាយ ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការសិក្សា​ពី​ចម្ងាយ​តាមបែប​ប្រពៃណី​»​។

លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួង​អប់រំ​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា រាជរដ្ឋាភិបាល​ទើប​បាន​ផ្ដល់​ការឯកភាព​លើ​យុទ្ធសាស្ដ្រ​ស្ដីពី​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ​ជា​ដំណាក់កាល​។ ក្រសួង​អប់រំ បាននិង​កំពុង​បន្ត​រៀបចំ​គោលការណ៍​ណែនាំ​ស្ដីពី​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ​ដំណាក់កាល​ទី​ ២​នេះ​។

លោក​ ហង់ជួន ណារ៉ុន នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ចន្ទ​។ រូបថត ក្រសួង​អប់រំ

លោក​ថ្លែងថា​៖ «​ក្រសួង​អប់រំ​នឹង​បន្ត​ជម្រាប​ព័ត៌មាន​អំពី​បច្ចុប្បន្នភាព​ជូន​សាធារណជន​នាពេល​ក្រោយ​។ ចំពោះមុខ​នេះ ក្រសួង​អប់រំ​សូម​អំពាវនាវ​ដល់​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ពាក់ព័ន្ធ​បន្ត​ត្រៀមខ្លួន​រៀបចំ​គ្រឹះស្ថាន​សិក្សា​តាម​គោលការណ៍​ប្រតិបត្ដិ​ស្ដង់ដា​សម្រាប់​ដំណើរការ​សាលារៀន​ឡើងវិញ​ក្នុង​បរិបទ​កូវីដ​១៩»​។

លោក​ ប៉ិច បូឡែន ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​ដែល​សហព័ន្ធ​នេះ​បច្ចុប្បន្ន​មាន​គ្រឹះស្ថានសិក្សា​ឯកជន​ជិត​ ១០០ ​ជា​សមាជិក​បាន​សាទរ​ចំពោះ​ផែនការ យុទ្ធសាស្ដ្រ​នៃ​ការរៀបចំ​បើក​ដំណើរការ​គ្រឹះស្ថាន​សិក្សា​ឡើងវិញ​របស់​ក្រសួង​អប់រំ​នេះ​។

លោក​ចាត់ទុក​ថា នេះ​គឺជា​ការយក​ចិត្ដ​ទុកដាក់​របស់​ក្រសួង​អប់រំ ចំពោះ​គ្រឹះស្ថានសិក្សា​ឯកជន​ពីព្រោះ​បើ​ក្រសួង​បន្ត​អូសបន្លាយ​មិន​អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​ឯកជន​បើក​ដំណើរការ​ឡើងវិញ គ្រឹះស្ថាន​ឯកជន​មួយចំនួន​អាច​ប្រឈម​នឹង​ការបិទ​អាជីវកម្ម​។

លោក​ថ្លែងថា​៖ «​បើ​ក្រសួង​អប់រំ​មិន​មាន​ផែនការ​យុទ្ធសាស្ដ្រ បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ​បែបនេះ​ទេ សាលា​ជាច្រើន​នឹង​បន្ត​បិទ​ (​បិទ​អាជីវកម្ម​)​។ ​គ្រឹះស្ថាន​សិក្សា​ឯកជន​របស់​យើង គឺ​នឹង​បន្ត​សហការ​ជាមួយ​ក្រសួង​អប់រំ និង​បន្ត​អនុវត្ដ​ឱ្យបាន​តាម​អភិក្រម និង​គោលការណ៍​ណែនាំ​ស្ដង់ដា​របស់​ក្រសួង​អប់រំ​។ ខ្ញុំ​ជឿជាក់​ថា គ្រឹះស្ថានសិក្សា​របស់​ពួកយើង​អាច​ធ្វើបាន​»​។

កត្ដា​ដែល​លោក ប៉ិច បូឡែន ជឿជាក់​ថា​ គ្រឹះស្ថានសិក្សា​ឯកជន​អាច​អនុវត្ដ​បាន​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​អប់រំ​បាន​នេះ​គឺ​ដោយសារ​គ្រឹះស្ថានសិក្សា​ឯកជន​មាន​បណ្ដាញ​អ៊ីនធឺណិត​ដំណើរការ​ល្អ​អំណោយផល​ដល់​ការបង្រៀន និង​ការរៀន​បែប Online Plus ជាដើម​។ ចំណែក​គ្រឹះស្ថានសិក្សា​ឯកជន​ខ្លះទៀត​អាច​អនុវត្ដ​ការបង្រៀន និង​រៀន​បាន​តាមបែប Online Plus បូក​នឹង​ការសិក្សា​ពី​ចម្ងាយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ស្ដីពី «​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម្រាប់​ឆ្នាំ​សិក្សា ២០១៩-២០២០» កាលពី​ថ្ងៃទី​ ១០ ខែសីហា​ បាន​ឱ្យ​ដឹងថា លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​អនុញ្ញាត​ឱ្យ​សិស្ស​ថ្នាក់​ទី​ ៩ ​និង​ទី ១២ ​នៃ​គ្រឹះស្ថានសិក្សា​សាធារណៈ​ចូលរៀន​នៅក្នុង​ដំណាក់កាល​ទី​ ២ ​នៅ​អំឡុង​ខែ​កញ្ញា​ខាង​មុខ​នេះ​ដើម្បី​ត្រៀមប្រឡង​បាក់ឌុប​នៅ​ខែធ្នូ​ខាងមុខ​។ ការអនុញ្ញាត​បើក​ឱ្យ​សិស្ស​ចូលរៀន​វិញ​នេះ គឺ​ស្ថិតក្នុង​ទ្រង់ទ្រាយ​តូច គឺ​ចំនួន​ ១៥ ​នាក់​ក្នុង​ ១ ​ថ្នាក់​ និង​ត្រូវគោរព​តាម​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​៕

វីដេអូ៖