
ក្រសួងអប់រំ បានណែនាំទៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ឲ្យមានវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីរបស់សិស្សានុសិស្សក្នុងថ្ងៃទិវាបុណ្យនៃក្ដីស្រឡាញ់។ ហុង មិនា
ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំទៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ឲ្យមានវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីរបស់សិស្សានុសិស្សក្នុងថ្ងៃទិវាបុណ្យនៃក្ដីស្រឡាញ់ (Valentines Day) ដែលនឹងមកដល់នៅថ្ងៃទី ១៤ ខែកុម្ភៈនេះ។
សេចក្ដីណែនាំនេះបានប្រកាសកាលថ្ងៃទី ៧ កុម្ភៈបានសរសេរថា ក្រសួងអប់រំ បានសង្កេតឃើញជារៀងរាល់ឆ្នាំនៅថ្ងៃទី ១៤ ខែកុម្ភៈ ដែលជាទិវាបុណ្យនៃក្ដីស្រឡាញ់ (Valentines Day) គឺជាឱកាសមួយដែលធ្វើឲ្យសិស្សានុសិស្សមួយចំនួនយល់ច្រឡំថា បុណ្យនេះ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។
សេចក្ដីណែនាំដដែលបញ្ជាក់ថា៖ «ទិវានេះ ពុំមែនជាពិធីបុណ្យប្រពៃណីរបស់ជនជាតិខ្មែរយើងទេ ហើយនៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទិវាបុណ្យនៃក្ដីស្រឡាញ់ កាន់តែមានឥទ្ធិពលធំឡើងៗ ធ្វើឲ្យយុវជនភ្លើតភ្លើនភ្លេចការសិក្សាបាត់បង់សេចក្ដីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិដ៏ផូរផង់របស់ខ្មែរទៀតផង»។
ដើម្បីពង្រឹងការអនុវត្ដបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានសាធារណៈ និងឯកជន ក្រសួងបានធ្វើការណែនាំស្ដីពីការចាត់វិធានការ ទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវាបុណ្យនៃក្ដីស្រឡាញ់ ដោយប្រាប់ឲ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឲ្យមានការយល់ខុសអំពីអត្ថន័យនៃទិវានៃក្ដីស្រឡាញ់នេះទៀត។
-ត្រូវពង្រឹងការ អនុវត្ដបទបញ្ជាផ្ទៃក្នុង របស់គ្រឹះស្ថានសិក្សាសាធារណៈឲ្យបានម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រង សីលធម៌ និងវិន័យ ដោយតាមដានអវត្ដមានរបស់សិស្សា-នុសិស្សជាប្រចាំ។
-គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលាដោយអនុវត្ដសកម្មភាព «មិត្ដអប់រំមិត្ដ»។
-ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អាណាព្យាបាលសិស្ស សហគមន៍ដើម្បីផ្ដល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតីដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការគ្នាអប់រំណែនាំកែលម្អសិស្សានុសិស្សឲ្យបានទាន់ពេលវេលា។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់កាលពីម្សិលមិញថា យុវជនគួរចាត់ទុកថ្ងៃ ១៤ កុម្ភ: ជាថ្ងៃមួយដូចធម្មតា សម្រាប់បំពេញការងារ និងការសិក្សា។ បើឆ្លៀតឱកាសបាន យុវជន គួរធ្វើការងារសង្គមដែលមានប្រយោជន៍ជាវិជ្ជមានដល់ខ្លួនឯង និងអ្នកដទៃ។
ជាក់ស្តែង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ តែងតែឆ្លៀតឱកាសប្រារព្ធពិធីសប្បុរសធម៌ ក្នុងអំឡុងពេលថ្ងៃ ១៤ កុម្ភ:នេះ។ ចំណែកឯសាកលវិទ្យាល័យស្វាយរៀងនឹងប្រារព្ធពិធីបរិច្ចាគឈាមលើកទី ៤ ក្នុងអំឡុងពេលថ្ងៃ ១៤ កុម្ភ: ឆ្នាំ ២០១៩ នេះដែរ។
លោក សុវាចា ថ្លែងថា៖ «ដូចឆ្នាំកន្លងមកដែរ គ្រឹះស្ថានសិក្សាក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាបានបំពេញការងារតាមស្មារតីនៃសេចក្តីប្រកាសរបស់ក្រសួងប្រកបដោយការយកចិត្តទុកដាក់និងភាពទទួលខុសត្រូវខ្ពស់»។
លោកបានបង្ហាញថា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមមានសិស្សា-នុសិស្ស និងមាតាបិតា ជាពិសេស ពីសំណាក់បណ្តាញសារព័ត៌មានទាំងអស់ ក្រសួងសង្កេតឃើញថា ការយល់ច្រឡំពិន័យរបស់ថ្ងៃ ១៤ កុម្ភ:របស់យុវជននេះ មានការថយចុះគួរឲ្យកត់សម្គាល់។ ក្រសួងជឿជាក់ថា គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់នឹងបន្តចូលរួមអប់រំសិស្សានុសិស្ស។
លោក សុវាចា ថ្លែងថា៖ «សិស្សានុសិស្ស និងយុវជនគួរចាំថា អនាគតរបស់គាត់ស្ថិតនៅក្នុងកណ្តាប់ដៃរបស់គាត់ផ្ទាល់។ ដូចនេះ គាត់ត្រូវសម្រេចចិត្តប្រកបដោយការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើអ្វីមួយ»។
លោក ឃឹម ផុន នាយកប្រតិបត្តិ NTC GROUP ដែលមានសាលារៀនសុវណ្ណភូមិ បច្ចុប្បន្នមាន ២៧ សាខាទូទាំងប្រទេសកម្ពុជា និងមានសិស្សកំពុងសិក្សាជិត ៤ ម៉ឺននាក់ និងមានសាលារៀនកម្រិតជាតិ និងអន្តរជាតិជាច្រើនទៀតជាសម្ព័ន្ធនោះ បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ជាទូទៅកាលពីមុនមកសិស្សតែងមានការយល់ច្រឡំថា ថ្ងៃ ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ប៉ុន្ដែប្រហែលជា ៣ ឆ្នាំចុងក្រោយនេះ ក្រោយពីមានការប្រកាសរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំ ឲ្យមានវិធានការផ្សព្វផ្សាយទៅយុវជនកុំឲ្យគិតថាថ្ងៃ ១៤ កុម្ភៈជាថ្ងៃដែលប្រព្រឹត្ដសកម្មភាពផ្ដេសផ្ដាសនោះសាលារៀនរបស់លោកតែងតែយកថ្ងៃ ១៤ កុម្ភៈ នេះ ជាថ្ងៃផ្សព្វផ្សាយណែនាំដល់យុវជនរហូតមក។
លោក ថ្លែងថា៖ «យើងអត់ចង់ឲ្យសិស្សគាត់យល់ថា ជាថ្ងៃដែលគាត់មានសង្សារមានអីនោះទេ។ យើងឲ្យនាយកតាមសាលាផ្ទាល់គាត់ផ្សព្វផ្សាយទៅសិស្សថា ថ្ងៃ ១៤ កុម្ភៈនេះមិនមែនជាថ្ងៃដែលគាត់យល់ខុសនោះទេ។ យើងផ្សព្វផ្សាយបែបនេះ ឲ្យទៅជាវប្បធម៌រួមមួយ ឥឡូវវប្បធម៌ហ្នឹងពួកគាត់ស៊ាំលែងមានការយល់ខុសទៀតហើយ សិស្សនៅសាលាយើង»។
លោក អុឹម សុធី នាយកប្រតិបត្ដិ ក្រុមប្រឹក្សាយុវជនកម្ពុជា (Youth Council of Cambodia) បានលើកឡើងថា សិស្សានុ-សិស្សមានការយល់ដឹងពីទិវាបុណ្យនៃក្ដីស្រឡាញ់បានច្រើនជាងមុន មិនបានយល់ច្រឡំថា ជាថ្ងៃបុណ្យសង្សារដូចមុនទេ។
លោកបន្ដថា៖ «យើងមើលទៅពួកគាត់ មិនមានរូបភាព ឬសកម្មភាពដូចកាលពីមុនៗទេ។ ខ្ញុំបានជួបពួកគាត់ច្រើនហើយសួរទៅពួកគាត់ តែពួកគាត់ប្រាប់ថា ពួកគាត់មិនដែលយកចិត្ដទុកដាក់ចំពោះថ្ងៃទិវាបុណ្យនៃក្ដីស្រឡាញ់នេះទេ»៕