ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​អប់រំ សហភាពអឺរ៉ុប​ (EU) និង​យូនីសេហ្វ​បន្ត​ការប្ដេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការការពារ​សិទ្ធិ​ទទួល​បាន​ការអប់រំ​ដល់​កុមារ បើទោះ​ជា​មាន​បញ្ហា​ប្រឈម​ថ្មីៗ​ដ៏​សែនពិបាក​បង្ក​ដោយ​ជំងឺ​កូវីដ​១៩ យ៉ាងណា​ក៏ដោយ​។ សហភាព​អឺរ៉ុប​ក៏បានផ្ដល់​ថវិកា​ចំនួន ២ ​លាន​អឺរ៉ូ​ដល់​ដំណើរការ​បើក​សាលារៀន​ឡើងវិញ​នាពេល​ជួប​វិបត្ដិ​នេះ​។

នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួមគ្នា​របស់​ស្ថាប័ន​ទាំង​ ៣ ក្នុង​ពេល​ធ្វើដំណើរ​ទៅកាន់​ខេត្ត​សៀមរាប ដើម្បី​វាយតម្លៃ​ពី​វឌ្ឍនភាព​របស់​សាលារៀន​នៅ​កម្ពុជា​នៅក្នុង​ដំណើរការ​បើក​សាលារៀន​ឡើងវិញ​ប្រកប​ដោយ​សុវត្ថិភាព ក្រោម​អធិបតីភាព​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកអគ្គរដ្ឋទូត​សហភាព-អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​តំណាង​យូនីសេហ្វ​កាលពី​ម្សិលមិញ​។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លោក​ ហង់ជួន ណារ៉ុន បាន​ថ្លែង​ក្នុង​ដំណើរ​ទៅ​ខេត្ដ​សៀមរាប​នោះ​ថា​ក្រសួង​អប់រំ​សូម​ស្វាគមន៍​ចំពោះ​ការឧបត្ថម្ភ​បន្ថែម​ពី​សហភាព​អឺរ៉ុប​ដល់​សាលារៀន និង​សិស្សានុសិស្ស​នៅ​ទូទាំង​ប្រទេស​ក្នុងពេល​ដ៏​សែនពិបាក​នេះ​។

តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​លោក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​ការគាំទ្រ​នេះ​នឹង​ជួយ​ឱ្យ​យើង​ធានាថា កុមារ​នៅតែ​អាច​បន្ត​ទទួល​ឱកាស​រៀនសូត្រ បើទោះជា​កំពុង​ប្រឈម​នឹង​បញ្ហាលំបាកៗ​ដែល​បង្កឡើង​ដោយសារ​ជំងឺ​កូវីដ​១៩​ក៏ដោយ​»​។

លោក​ ហង់ជួន ណារ៉ុន បន្តថា​៖ «​ជំនួយ​គាំទ្រ​សម្រាប់​ការបើក​ទ្វារ​សាលារៀន​ឡើងវិញ​ប្រកប​ដោយ​សុវត្ថិភាព​ពី​សហភាព-អឺរ៉ុប និង​ដៃគូ​របស់​មូលនិធិ​ភាពជា​ដៃគូ​សម្រាប់​អភិវឌ្ឍ​សមត្ថភាព វិស័យ​អប់រំ (CDPF) ​ដទៃ​ទៀត​នឹង​ធ្វើឱ្យ​សហគមន៍​មាន​ទំនុកចិត្ត​ថា សិស្សានុសិស្ស​ដែល​ជា​កូនចៅ​របស់​ពួកគាត់​នឹង​អាច​វិលត្រឡប់​ទៅ​សាលារៀន​វិញ​ក្នុង​បរិយាកាស​សិក្សា​ប្រកបដោយ​សុវត្ថិភាព និង​មាន​ការគាំទ្រ​»​។

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​លោកស្រី ខាមិន ម៉ូរ៉េណូ ថ្លែង​ក្នុងឱកាស​នោះដែរ​ថា ការអប់រំ គឺជា​សិទ្ធិ​មនុស្ស​មូលដ្ឋាន និង​ជា​សសរគ្រឹះ​មួយ​សម្រាប់​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​។ ​នៅ​ទូទាំង​ពិភពលោក​ជំងឺ​កូវីដ​ ១៩ កំពុង​បង្អាក់​នូវ​ការទទួល​បាន​ឱកាស​អប់រំ​របស់​កុមារ ហើយ​កត្តា​នេះ​អាច​ក្លាយ​ជា​ឧបសគ្គ​សម្រាប់​ការស្តារ​ទ្បើង​វិញ​នាពេល​អនាគត​។

តាមរយៈ​សេចក្តី​ប្រកាស​រួម​លោកស្រី​បន្តថា​៖ «​អស់​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​មកហើយ​សហភាព​អឺរ៉ុប​គឺជា​ដៃគូ​ដ៏រឹងមាំ​របស់​ក្រសួង​អប់រំ ហើយ​យើង​មាន​មោទនភាព​ក្នុង​ការគាំទ្រ​យុទ្ធនាការ​របស់​ក្រសួង​ដើម្បី​បើក​សាលារៀន​ទ្បើង​វិញ​ប្រកប​ដោយ​សុវត្ថិភាព​នៅ​ទូទាំង​ប្រទេស​»​។

លោកស្រី​បញ្ជាក់ថា​៖ «​ជា​ផ្នែក​នៃ​ការគាំទ្រ​របស់​យើង​ឆ្លើយតប​នឹង​ជំងឺ​កូវីដ​ ១៩ និង​កម្មវិធី​ស្តារ​ទ្បើង​វិញ​យើង​នឹង​ចូលរួម​ចំណែក​បង្កើន​ចំនួន​អាហារូបករណ៍​សម្រាប់​កុមារ និង​គ្រួសារ​ងាយ​រងគ្រោះ​ជាងគេ​ដែល​ទទួល​រង​ប៉ះពាល់​ខ្លាំង​ពី​វិបត្តិ​នេះ​»​។

ជាមួយ​គ្នា​នេះ លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកា​យូនីសេហ្វ​ប្រចាំ​ប្រទេស​កម្ពុជា ថ្លែង​ថា គ្រប់​វិបត្តិ​ទាំងអស់​សុទ្ធ​តែមាន​កាលានុវត្តភាព​សម្រាប់​គិត​សាជាថ្មី​ និង​ស្ថាបនា​ឡើងវិញ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។ វា​មាន​សារៈសំខាន់​ណាស់​ដែល​វិធានការ​ឆ្លើយតប​ចំពោះ​ជំងឺ​កូវីដ​ ១៩ បាន​ក្លាយ​ជា​កាតាលីករ​សម្រាប់​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​ឱ្យ​រឹតតែ​ប្រសើរ​ជាង​មុន​ដើម្បី​ធ្វើឱ្យ​សាលារៀន​ក្លាយជា​កន្លែង​ដែល​មាន​បរិយាប័ន្ន និង​មាន​ភាពធន់​។

លោកស្រី​ថ្លែងថា​៖ «​គោលដៅ​នេះ​អាច​សម្រេច​ទៅបាន​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​គ្នា​របស់​ដៃគូ​អភិវឌ្ឍន៍ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ដដែល​បញ្ជាក់ថា សហភាព​អឺរ៉ុប​ក៏​កំពុង​ធ្វើការងារ​ជាមួយ​យូនីសេហ្វ និង​ក្រសួង​អប់រំ ដើម្បី​ពង្រឹង និង​ពង្រីក​កម្មវិធី​អាហារូបករណ៍​នៅ​ទូទាំង​ប្រទេស​ផងដែរ ដែល​កម្មវិធី​នេះ​គឺជា​សសរស្ដម្ភ​មួយ​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​គាំពារ​សង្គម​របស់​កម្ពុជា​។

កម្មវិធី​នេះ​មាន​សារៈសំខាន់​ក្នុង​ការជំរុញ​ឱ្យ​មាន​ការគោរព​នូវ​សិទ្ធិ​ទទួល​បាន​ការអប់រំ​របស់​កុមារ ដែល​ជួប​ការលំបាក​ជាងគេ​។ ពោលគឺ​កុមារ​ដែល​ប្រឈម​នឹង​ការបោះបង់​ចោលការ​សិក្សា ដោយសារ​តែ​ផលប៉ះពាល់​សង្គម​សេដ្ឋកិច្ច​បង្កដោយ​ជំងឺ​កូវីដ​១៩​មកលើ​ក្រុម​គ្រួសារ​របស់​ពួកគេ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​នេះ​បន្ថែមថា តាមរយៈ​ការគាំទ្រ​នេះ​យុទ្ធនាការ​ត្រឡប់​ចូលរៀន​វិញ​នៅ​ទូទាំង​ប្រទេស​ត្រូវបាន​អនុវត្ត​ដោយ​ក្រសួង​អប់រំ និង​យូនីសេហ្វ ដើម្បី​ផ្ដល់​ការណែនាំ​ដល់​កុមារ មាតាបិតា លោកគ្រូ​អ្នកគ្រូ និង​បុគ្គលិក​សាលារៀន​អំពី​របៀប​ធ្វើឱ្យ​សាលារៀន​មាន​សុវត្ថិភាព​បំផុត និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការចម្លង​ជំងឺ​កូវីដ​ ១៩​។

យុទ្ធនាការ​នេះ​នឹង​បន្ត​រហូតដល់​ឆ្នាំ​ ២០២១ និង​អាច​ពង្រីក​វិសាលភាព​បន្ថែមទៀត​ដើម្បី​បញ្ចូល​ព័ត៌មាន​ដ៏​មានតម្លៃ និង​ផ្ដល់​ការលើក​ទឹកចិត្ត​ផ្សេងៗ​មិន​ត្រឹមតែ​ដើម្បី​ធ្វើឱ្យ​សាលារៀន​មាន​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កើត​នូវ​បរិយាកាស​ដ៏ល្អប្រសើរ និង​ផ្ដល់​ការគាំទ្រ​ដល់​កុមារ​ដើម្បី​ឱ្យ​ពួកគេ​អាច​រៀនសូត្រ​បាន​ចេះដឹង និង​រីកចម្រើន​ផងដែរ​៕