ភ្នំពេញៈ ក្រសួង​អភិវឌ្ឍន៍ជនបទ​ណែនាំ​ឱ្យ​អាជ្ញាធរ​ដែនដី ចូលរួម​ប្រមូល​ទិន្នន័យ​ស្ថិតិ​អំពី​ការកំណត់​តំបន់​ជនបទ និង​ស្ថានភាព​ជនបទ​ពិតប្រាកដ ដើម្បី​ធ្វើ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ អភិវឌ្ឍន៍​ជនបទ​ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ ២០៣០ សម្រាប់​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

កាលពី​ថ្ងៃទី​ ៨ កុម្ភៈ ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ការពិនិត្យ​លើ​វឌ្ឍនភាព​ និង​គុណភាព​នៃ​ការប្រមូល​ទិន្នន័យ​ស្ថិតិ​អំពី​ការកំណត់​តំបន់​ជនបទ ស្ថានភាព​ជនបទ និង​ប្រឹក្សា​ពី​គោលបំណង​គោលដៅ​សូចនាករ​នៃ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍ជនបទ​ពី​ឆ្នាំ​ ២០២១ ​ដល់​ឆ្នាំ​ ២០៣០​។ សិក្ខាសាលា​ដែល​ធ្វើឡើង​នៅ​ខេត្ត​ស្ទឹងត្រែង​នេះ​មាន​ការចូលរួម​ពី​គណៈប្រតិភូ​ក្រសួង​អភិវឌ្ឍន៍ជនបទ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ព្រមទាំង​អភិបាល អភិបាលរង​ស្រុក មេឃុំ ចៅសង្កាត់​មកពី​ខេត្ត​ចំនួន ៥​។

លោក​ សុខ សារាវុឌ្ឍ រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ដើម្បី​ពិនិត្យ​លើ​វឌ្ឍនភាព និង​គុណភាព​នៃ​ការប្រមូល​ទិន្នន័យ​ស្ថិតិ​អំពី​ការកំណត់​តំបន់​ជនបទ ឬ​ស្ថានភាព​ជនបទ​នានា​អាជ្ញាធរ​ដែនដី ត្រូវ​តែ​មាន​ការយល់ដឹង និង​កាតព្វកិច្ច​ចូលរួម​សហការ​។

នៅក្នុង​អំឡុង​ពេល​នេះ​ក្រសួង​កំពុង​បន្ត​ប្រឹក្សា​ពី​គោលបំណង​គោលដៅ និង​សូចនាករ​នានា ដើម្បី​បញ្ចូល​ទៅក្នុង​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​ជនបទ​នេះ​ ខណៈ​រាជរដ្ឋាភិបាល សម្រេច​ដាក់ចេញ​នូវ​គោលនយោបាយ​ក្នុង​ការលើកកម្ពស់​សុខុមាលភាព​សង្គម​ជនបទ​កម្ពុជា​ប្រកប​ដោយ​ជីវភាព​សមរម្យ សុវត្ថិភាព​ និង​សណ្ដាប់ធ្នាប់​សង្គម ផាសុកភាព ការគោរព​ច្បាប់ សីលធម៌​សង្គម និង​យុត្តិធម៌​សង្គម​ជា​មូលដ្ឋាន ក្នុង​គោលដៅ​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​ប្រជាជន​ជនបទ​។

លោក​បញ្ជាក់ថា​៖ «​ដំណាក់កាល​ដែល​ប្រទេស​កម្ពុជា​ យើង​កំពុង​អភិវឌ្ឍន៍ ពិសេស​ការរីកចម្រើន​នោះ គឺ​ត្រូវ​ទាមទារ​ឱ្យមាន​ការបង្កើត​សុខ​វឌ្ឍនភាព​ជនបទ ប្រកប​ដោយ​សុខដុម​នីយកម្ម សមធម៌ បរិយាប័ន្ន និង​ចីរភាព​ដែលជា​សសរស្ដម្ភ​ទី​ ២ និង​មាន​សារៈសំខាន់​ចាំបាច់​មិនអាច​ខ្វះ​បាន​ដើម្បី​ធានាឱ្យមាន​សុខ​វឌ្ឍនភាព​ជនបទ​កម្ពុជា​»​។

លោក​ សុខ សារាវុឌ្ឍ រំពឹង​ថា​នៅពេល​មានការ​ចូលរួម​ពី​អាជ្ញាធរ​ដែនដី ក្នុង​ការប្រមូល​ទិន្នន័យ​ស្ថិតិ​អំពី​ការកំណត់​តំបន់​ជនបទ ស្ថានភាព​ជនបទ​ពិតប្រាកដ ដើម្បី​ធ្វើ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍ជនបទ​ឆ្នាំ​ ២០២១-២០៣០ ​នឹង​អាច​អនុវត្តបាន​ដោយ​មាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ តាម​តំបន់​ជនបទ​នានា​ក្នុងប្រទេស​កម្ពុជា​។

លោក ព្រំ ចន្ថា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តស្ទឹងត្រែង បាន​លើកឡើង​ថា ខេត្ត​របស់លោក​បាន​អនុវត្ត​សកម្មភាព​ជាច្រើន​កន្លង​មក​ដែល​បាន​ចូលរួម​លើកស្ទួយ​គោលនយោបាយ​ជាតិ​របស់​រាជរដ្ឋាភិបាល​។

លោក​បន្តថា​៖ «​អ្វី​ទាំងនេះ គឺ​ដើម្បី​ឱ្យមាន​ការអភិវឌ្ឍ​តាម​ជនបទ ពិសេស​តម្រូវ​ការចាំបាច់​នានា​របស់​ប្រជាពលរដ្ឋ តាម​មូលដ្ឋាន តំបន់​ជនបទ និង​អនុវត្ត​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​បាន​ដាក់ចេញ​ឱ្យ​អនុវត្ត​»​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ការអភិវឌ្ឍ​ជនបទ​នេះ​គឺជា​ការអភិវឌ្ឍ​មួយ ដែល​ត្រូវឱ្យ​មានការ​ចូលរួម​ជា​អន្តរ​វិស័យ ដើម្បី​ដោះស្រាយ​បញ្ហា​ជាច្រើន​នៅតាម​ជនបទ​។ បន្ថែម​ពីនេះ រដ្ឋាភិបាល​ក៏ដូចជា​ក្រសួង ក៏​ត្រូវ​ធ្វើការ​បែងចែក​តំបន់​ជនបទ​នេះ​ជា​ ២ ​ផងដែរ ដែលមាន​តំបន់​ជនបទ​ជិត​ទីប្រជុំជន និង​តំបន់​ជនបទ​នៅ​ដាច់ស្រយាល​។

ការបែងចែក​ដូច្នេះ​ក្នុង​ន័យ​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​តំបន់​ជនបទ​ឱ្យចំ​គោលដៅ និង​ពេលវេលា​ពាក់ព័ន្ធ​នឹង​បញ្ហា​ទឹកស្អាត អនាម័យ សុខភាព និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​។

លោក​បញ្ជាក់ថា​៖ «​ជា​ទិសដៅ​រួម​ការបង្កើត​ការអភិវឌ្ឍ​មួយ​ដែលមាន​ទម្រង់​អន្តរ​វិស័យ​គឺ​ត្រូវតែ​ពង្រឹង ព្រោះ​កន្លងមក​យើង​ឮថា ក្រសួង​ខ្លះ ធ្វើការ​ទៅ ពុំ​សូវ​ស៊ីចង្វាក់​គ្នា នៅពេល​ដែល​ទៅ​ដោះស្រាយ​បញ្ហា​រួម​»​។ លោក​ថា បញ្ហា​មួយចំនួន​នៅឯ​ជនបទ​គឺ​ចាំបាច់​ណាស់​ត្រូវការ​មាន​គណនេយ្យភាព​ទៅវិញ​ទៅ​មក​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​រួមគ្នា​តែម្តង ដើម្បី​ឱ្យ​ការទទួលខុសត្រូវ​ទៅវិញ​ទៅមក​នេះ​បាន​ផលប្រយោជន៍​ទៅដល់​ក្រុម​ងាយ​រងគ្រោះ​ និង​ក្រុម​ដែល​ត្រូវការ​ការជួយ​បំផុត​៕